Sunday, 3 June 2018

ការបង្កើតវិស័យពុទ្ធិកសិក្សា


ការបង្កើតវិស័យពុទ្ធិកសិក្សា
        ក្រោយមកក្នុងរជ្ជកាលទី៨១គ្រប់គ្រងដោយព្រះបាទស៊ីសុវត្ថិទ្រង់បានបង្កើតសាលាបាលីដំបូងនៅអង្គរវត្ត(ព.ស ២៤៥២ គ.ស១៩០៤) ក្រោយមកទ្រង់បានលើកទៅដាក់ នៅក្រុងភ្នំពេញ(ព.ស ២៤៥៨ គ.ស ១៩១៥) និងព្រះរាជ បណ្ណាល័យកម្ពុជា ទ្រង់ក៏បានបង្កើតឱ្យមានផងដែរ (ព.ស ២៤៦៨ គ.ស១៩២៥) ហើយព្រះអង្គទ្រង់ ក៏ជាអ្នកទំនុក បម្រុងដែរ។
រជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ទ្រង់បន្តវេនបាន បង្កើតក្រុមជំនុំព្រះត្រៃបិដក(ព.ស ២៤៧២ គ.ស ១៩២៩) និងបង្កើតពុទ្ធសាសនបណ្ឌិត្យ(ព.ស២៤៧៣ គ.ស១៩៣០) ហើយនិងសាលាបាលីរង(ព.ស ១៤៧៥ គ.ស ១៩៣២) ។
រជ្ជកាលព្រះបាទ នរោត្តម សីហនុ ទ្រង់បានជ្រះថ្លា និងព្រះពុទ្ធសាសនា បានបួសជាឧបសម្ប័ទ ជាភិក្ខុរយៈ ពេលបីខែ(ព.ស២៤៩០ គ.ស១៩៤៧) ហើយទ្រង់បើកឱ្យ មាន សាលាធម្មវិន័យ ដែលជាអាយុជីវិតព្រះពុទ្ធសាសនា ទូទៅគ្រប់វត្ត(ព.ស ២៤៩៣ គ.ស ១៩៥០) និងបង្កើតពុទ្ធិក មហាវិទ្យាល័យព្រះសីហនុរាជ(ព.ស២៤៩៧ គ.ស ១៩៥៤) ដែលទ្រង់ប្រទាន ដីសួនផ្សារចាស់ និងទ្រព្យផ្ទាល់របស់ព្រះ អង្គចំនួន១៦០,០០០រៀល និងសង់មន្ទីរពុទ្ធិកមហាវិទ្យាល័យ ព្រះសីហនុរាជផងដែរ។
រជ្ជកាលព្រះបាទ សុរាម្រឹត ទ្រង់បានកែប្រែសាលា បាលីជាន់ខ្ពស់ មកជាសាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងសាលាបាលីរង ផ្លាស់ទៅជាពុទ្ធិកបឋមសិក្សា និងរៀប ចំកម្មវិធីសិក្សាបង្រៀនថ្មី សម្រាប់សាលាទាំងពីរផងដែរ     ( ព.ស ២៤៩៨ គ.ស ១៩៥៥)។នៅក្នុងរជ្ជកាលនេះផងដែរ ព្រះត្រៃបិដកបានបកប្រែជាភាសាខ្មែររួចរាល់ ពួកបរទេស មួយចំនួន ដូចជា ភូមា ឥណ្ឌា បានខ្ចីយក ទៅធ្វើជាគំរូ ដែលជាហេតុធ្វើឱ្យព្រះត្រៃបិដកខ្មែរ មានភាពល្បីល្បាញ ចាប់តាំងពីពេលនោះមក តែគួរឱ្យសោកស្តាយ ដែលស្លាប់ បាត់បង់អ្នកប្រាជ្ញជាច្រើនដោយសារតែប្រឹងប្រែងប្រែព្រះត្រៃបិដកមួយនេះ។
ស្រាវជ្រាវសង្ខេបដោយ  គិន ធារ៉ា
ប្រភពឯកសារ
ប្រវត្តិព្រះពុទ្ធសាសសនា
រៀបរៀងដោយលោក
សម ញាណ
ឆ្នាំ១៩៥៧

No comments:

Post a Comment