កំណាព្យ
អានហើយយល់ដល់គិត
(បទពាក្យ៧)
១/
ពាក្យកាព្យមួយនេះអានហើយយល់
ពីរឿងត្រូវឆ្ងល់ប្រុងសរសេរ
រៀបរាប់សេចក្តីតាមការស្មេរ
ក្រោយពេលទំនេរអានផងណា។
២/
មានឃ្លាបីម៉ាត់គិតឲ្យដល់
នោះអ្នកនឹងយល់ថាយ៉ាងណា
អានហើយនឹងយល់ដោយពិចា
រណាសិក្សាបីឃ្លានេះ។
៣/
ភាពមនុស្សល្ងង់គេតែងស្អប់
តែបើប្រសប់មានតម្រិះ
គេប្រើវិលមុខយកចំណេះ
ដែលយើងបានចេះពីបុព្វេ។
៤/
មនុស្សប៊ុិនប្រសប់គេតែងប្រើ
រាល់គ្រប់ទង្វើគ្មានទំនេរ
គេប្រើវិលក្បុងគ្មានពេលល្ហែ
រកពេលទំនេរសុខមិនមាន។
៥/
បើមនុស្សល្ងីល្ងើតែងជេរស្តី
ទោះចាស់ប្រុសស្រីស្តីព្រមាន
ប្រមាថកាតទានគ្រប់ជំហ៊ាន
ហេតុមិនបានរៀនវាយ៉ាងហ្នឹង។
៦/
ល្ងង់គេស្អប់ប្រសប់គេប្រើ
បើមនុស្សល្ងីល្ងើស្តីកុំខឹង
ខ្ញុំស្មេររៀបរាប់បានតែប៉ុណ្ណឹង
ចារជាដំណឹងកុំខឹងណា។
No comments:
Post a Comment