សំណួរ-ចម្លើយនៃអក្សរសិល្ប៍ខ្មែរ
១/ តើអក្សរសាស្ត្រ និងអក្សរសិល្ប៍ មានលក្ខណៈខុសគ្នាយ៉ាងណា?
អក្សរសាស្រ្ត សម្តៅលើកម្រងវិជ្ជា ក្បួនគម្ពីរ ឬការសិក្សាអំពីអ្វី ដែលអធិប្បាយផ្សាយឡើងដោយអក្សរ ដូចជា ប្រវត្តិសាស្រ្ត ភូមិវិទ្យា ប្រវត្តិវិទ្យា សង្គមវិទ្យា ទស្សនវិជ្ជា ភាសា វេយ្យាករណ៍ រឿងកម្សាន្ត…។
អក្សរសិល្ប៍ ជាអត្ថបទទាំងឡាយណា ដែលអ្នកនិពន្ធ សរសេរ ហើយលើកយកបញ្ហាមនុស្សគ្រប់បែបយ៉ាង មកចោទនិងដោះស្រាយ ផ្សាយតាមរយៈសិល្ប៍វិធី ដែលសមស្របទៅតាមផលប្រយោជន៍ ឋានៈ វត្ថុបំណងណាមួយរបស់សង្គមជាដរាប។
ដូចនេះយើងឃើញថា អក្សរជាផ្នែកមួយនៃអក្សរសាស្រ្តព្រោះវា ក៏ជាកម្រងវិជ្ជាដែលសិក្សាអំពីសង្គមតាមរយៈអក្សរដែរ។
២/ តើការសិក្សាអក្សរសិល្ប៍ គេសិក្សាអំពីអ្វី? ដើម្បីអ្វី? ចូរបង្ហាញតាម រយៈរឿងណាមួយដែលលោកអ្នកចេះចាំ។
ការសិក្សាអក្សរសិល្ប៍ គឺគេសិក្សាអំពីមនុស្ស ដើម្បីមនុស្ស។
ការសិក្សាអំពីមនុស្ស មានន័យថា សិក្សាពីបញ្ហារបស់មនុស្ស ដែលបញ្ហាទាំងនោះមាន៖
- បញ្ហាស្នេហាដូចជារឿងសូផាត ទុំទាវ ផ្កាស្រពោន កុលាបប៉ៃលិន
- បញ្ហាជំនឿ ប្រពៃណី ទំនៀមទម្លាប់ ដូចជារឿង ឪពុកក្មេករើស កូនប្រសា ចៅផ្កាប់ត្រឡោក ភ្នំប្រុសភ្នំស្រី
- បញ្ហាសិទ្ធិសេរីភាព អធិតេយ្យភាព ដូចជារឿងកូលីកំណែន រឿង ភូមិតិរច្ឆាន ព្រះអាទិត្យថ្មីរះលើដែកនដីចាស់
- បញ្ហាអយុត្តិធម៌ក្នុងសង្គម ដូចជារឿងបុរសពីរនាក់នៅផ្ទះជិតគ្នា ថៅកែចិត្តចោរ
- បញ្ហាអសីលធម៌ក្នុងការរស់នៅដូចជារឿងល្បើកជុចនិងត្រី ច្បាប់ ផ្សេងៗជាដើម។
ដើម្បីមនុស្ស មានន័យថា ដើម្បីអប់រំមនុស្ស ការអប់រំមនុស្សនៅ ក្នុងស្នាដៃអក្សរសិល្ប៍ កើតឡើងតាមរយៈតួអង្គគំរូ ឬតាមដំណើររឿង។ ការបង្ហាញក្នុងស្នាដៃអក្សរសិល្ប៍ ធ្វើឱ្យយើងត្រាប់តាម ការធ្វើអំពើល្អ ឬ អាក្រក់ ឱ្យធ្វើតាមឬវៀរចាក។
ការអប់រំក្នុងស្នាដៃអក្សរសិល្ប៍នេះ ក៏អាចស្តែងឡើងតាមទម្រងនៃ គោលនិយមក្នុងស្នាដៃនីមួយៗដូចជា៖
- អក្សរសិល្ប៍បែបព្រាហ្មណ៍និយម អប់រំយើងឱ្យប្រកាន់ពាក្យសច្ច ឱ្យជឿលើអាទិទេពទាំងបី
- អក្សរសិល្ប៍បែបពុទ្ធនិយម អប់រំយើងឱ្យចេះស្រលាញ់សន្តិភាព ខន្តី អហិង្សា សាមគ្គីភាព ឱ្យជឿជាក់លើខ្លួនឯង ឱ្យវៀរចាកអំពើ អាក្រក់គ្រប់បែបយ៉ាង
- អក្សរសិល្ប៍បែបខេមរនិយម អប់រំយើងឱ្យមានគំនិតស្នេហាជាតិ ឱ្យស្រលាញប្រពៃណី ទំនៀមទម្លាប់របស់ខ្លួន ឱ្យមានសេខក្តីក្លា ហាន ឱ្យមានការជឿជាក់លើខ្លួនឯង
- ស្នាដៃច្បាប់ ឧបទ្ទេសទាំងឡាយ អប់រំមនុស្សឱ្យមានសីលធម៌ល្អ គុណធម៌ល្អ ចរិយាធម៌ល្អ ប្រពៃណីប្រកាន់ភ្ជាប់។
៣/ គេថា សង្គមបែបណា អក្សរសិល្ប៍បែបនោះ ចូរបង្ហាញត្រួសៗ?
អ្នកនិពន្ធដែលជាអ្នកចេះបង្កើតស្នាដៃត្រូវចេះជ្រើសរើសយកព្រឹត្តិ ការណ៍ជាក់ស្តែងក្នុងសង្គមមកបង្ហាញដោយមិនមានការភូតភរកុហក បំភ្លើសពីការពិត។អ្នកនិព្ធតែងតែខិតខំបង្ហាញនូវអ្វីដែលការពិតដូចជា ធម្មជាតិ វណ្ណៈ ព្រឹត្តិការណ៍ផ្សេងៗ ទោះបីល្អក៏ដោយអាក្រក់ក៏ដោយ ក៏ អ្នកនិពន្ធត្រូវតែយកមកបង្ហាញដោយមិនមានការលាក់ឡើយ។
ការធ្វើបែបនេះមានលក្ខណៈតថ ប៉ុន្តែបើអ្នកនិពន្ធនិយាយខុសពី ការពិត គឺប្រាសចាក ស្នាដៃនោះគឺមានលក្ខណៈបដិតថ។ ឧទាហរណ៍ ដូចជារឿងទុំទាវ អ្នកនិពន្ធ លោកបានបង្ហាញពីប្រពៃណីទំនៀមទម្លាប់ ជំនឿ ជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាជនតាំងពីវណ្ណៈថ្នាក់ទាបរហូត មកដល់វណ្ណៈថ្នាក់ស្តេចព្រះរាជា។
៤/ គេថា អក្សរសិល្ប៍ជាឃ្លាំងផ្ទុកនៅពុទ្ធិរបស់ខ្មែរគ្រប់បែបយ៉ាង ចូរឱ្យឧទាហរណ៍?
អក្សរសិល្ប៍ប្រជាប្រិយ ជាស្នាដៃអក្សរសិល្ប៍ទាំងឡាយណាដែល កើតឡើងនិងមានអត្ថិភាព ដោយមានការនិយាយតៗគ្នា ពីមនុស្សម្នាក់ មកមនុស្សម្នាក់ពីតំបន់មួយមកតំបន់មួយពុំស្គាល់ឈ្មោះអ្នកនិពន្ធកាល កំណត់តែងមិនច្បាស់លាស់។ ខ្លឹមសាររបស់វាលើកឡើងពីជីវភាពរបស់ ប្រជាជនដែលផ្ទុកទៅដោយការពិត តាមការប្រែប្រួលសង្គមដែល ប្រជា ជន លោករស់នៅ។
ដូច្នេះទើបយើងឃើញថា ស្នាដៃនោះមានផ្ទុកទៅដោយពុទ្ធិរបស់ ខ្មែរដូចជា៖
- ពុទ្ធិទាក់ទងនឹងការពន្យល់អំពីធម្មជាតិ ដូចជារឿងក្នុងទេវកថា និងនិទានកថាជាដើមដូចជា រឿងអ្នកតាទឹកអ្នកតាភ្នំ កំណើត រន្ទះ ព្រះចន្ទ្រ តាដក់ជាន់កូនក្រូច ភ្នំប្រុសភ្នំស្រី
- ពុទ្ធិទាក់ទងនឹងការពន្យល់អំពីនាមឋាន ប្រពៃណី ទំនាក់ទំនង ប្រវត្តិសាស្ត្រ ដូចជាក្នុងរឿងព្រេង ភ្នំនាងកង្រី ភ្នំសំពៅ ភ្នំតាម៉ៅ
- ពុទ្ធិទាក់ទងនឹងការពន្យល់អំពីដើមកំណើត ជនជាតិ ទឹកដី រឿង ព្រះថោងនាងនាគ
- ពុទ្ធិទាក់ទងនឹងការពន្យល់អំពី បទពិសោធន៍និងជីវភាពសង្គម រឿងនាយខ្វាក់នាយខ្វិន សុភាសិត៣០តម្លឹង ចៅផ្កាប់ត្រឡោក
- ពុទ្ធិទាក់ទងនឹងការពន្យល់អំពីជំនឿប្រពៃណីទំនៀមទម្លាប់រឿង ឪពុកក្មេករើសកូនប្រសា ចៅផ្កាប់ត្រឡោក
- ពុទ្ធិទាក់ទងនឹងការពន្យល់អំពីការដឹកនាំសង្គម រឿងគង់ហ៊ាន ធនញ្ជ័យ សង្គ្រាមគីង្គក់និងតាមព្រហ្ម។
៥/ តើអក្សរសិល្ប៍មានគោលនិយមអ្វីខ្លះ?
អក្សរសិល្ប៍ខ្មែរ ត្រូវបានអ្នកនិពន្ធ សរសេរចងក្រងឡើងទៅតាម លោកទស្សនៈ ដែលទទួលឥទ្ធិពលពីមជ្ឈដ្ឋានសង្គម។ ការទទួលឥទ្ធិពល នេះ អ្នកនិពន្ធអាចទទួលគោលនិយមពីសាសនា ឬមនោគន៍វិជ្ជាណា មួយ។ ឆ្លងតាមន័យខាងលើនេះ អក្សរសិល្ប៍ខ្មែរមានគោលនិយមដូចជា
- អក្សរសិល្ប៍ខ្មែរបែបព្រាហ្មណ៍និយម
- អក្សរសិល្ប៍ខ្មែរបែបពុទ្ធិនិយម
- អក្សរសិល្ប៍ខ្មែរបែបខេមរនិយម
- អក្សរសិល្ប៍ខ្មែរបែបបរទេសនិយម
៦/ តើអក្សរសិល្ប៍ខ្មែរបែបព្រាហ្មណ៍និយមមានលក្ខណៈសម្គាល់ដូចម្តេច?
អក្សរសិល្ប៍ខ្មែរបែបព្រាហ្មណ៍និយម គឺជាស្នាដៃដែលអ្នកនិពន្ធ សរសេរឡើងនេះដោយទទួលឥទ្ធិពលពីទស្សននៃលទ្ធិសាសនាព្រាហ្មណ៍ ដើម្បីផ្សព្វផ្សាយនៃលទ្ធិសាសនាព្រាហ្មណ៍នោះវិញ។ ជាទូទៅស្នាដៃនេះ ច្រើនពោលដល់អាទិទេពទាំងបីអង្គ មានព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវ។ អត្ថ បទច្រើនសរសេរជាភាសាសំស្ក្រឹត ក្នុងដំណើររឿងអក្សរសិល្ប៍ខ្មែរបែប ព្រាហ្មណ៍និយមនេះ មានលក្ខណៈជាខ្មែរ ដោយអ្នកនិពន្ធ លោកបាន បញ្ចូលនូវឧត្តមគតិ មនោសាស្រ្ត និន្នាការរបស់ខ្មែរ ប្រកបដោយហេតុ ភេទ សិល្ប៍សាស្រ្តប្លែកៗ ដែលខ្លួនធ្លាប់មានពីមុនមក។
លក្ខណៈសម្គាល់នៃអក្សរសិល្ប៍ខ្មែរបែបព្រាហ្មណ៍និយម៖
ក/ ការផ្តើមរឿង
អ្នកនិពន្ធផ្តើមរឿងដោយបង្ហាញពីឥទ្ធិពលរបស់អាទិទេពណាមួយ ក្នុងចំណោមអាទិទេពទាំងបីធំៗ។
ខ/ តួរឿង
តួអង្គ: តួអង្គឯកជាអាទិទេព តួអង្គព្រះវិស្ណុចាប់កំណើតជាមនុស្ស បើកើតជាមនុស្សប្រុស ជាមនុស្សអស្ចារ្យ តួអង្គផ្សេងទៀតមានដូចជា ឥសី យក្ស សត្វ ជាដើម។
ដំណើររឿង: វែងអន្លាយ ចម្បាំងដោយប្រើយុទ្ធសាស្រ្តអស្ចារ្យ
ទីកន្លែង: ជាកន្លែងអស្ចារ្យដូចជា ក្រុងព្ធយុធ្យា ព្រៃហេមពាន្ត ឋាន បាតាល កន្លែងជាច្រើនទៀតដែលទាក់ទងទៅនឹងទីឋានប្រទេសឥណ្ឌា។
ចំណោទបញ្ហា: ទំនាស់វិបត្តិរវាងសភាវល្អនិងអាក្រក់
សម្រាយបញ្ហា: ដោះស្រាយដោយធ្វើសង្រ្គាម សងសឹកគ្នា ដោយ ប្រើសិល្ប៍សាស្រ្តអស្ចារ្យ ដោយមានអន្តរាគមន៍ពីកម្លាំងក្រៅខ្លួន ករណី បញ្ហានោះ ដោះស្រាយមិនចេញ។
ស្នេហា:មកពីឥទ្ធិពលអាទិទេពជាអ្នកឈ្នះបានទទួលស្នេហាៗច្រើន ជាហេតុនាំឱ្យមានបញ្ហាទំនាស់វិបត្តិ។
កម្សត់: កើតឡើងដោយទំនាស់វិបត្តិ រវាងសភាវល្អនិងអាក្រក់ ច្បាំង ទាស់ទែងគ្នា ធ្វើឱ្យមានទារុណទាំងសងខាង ទាំងផ្លូវកាយនិងចិត្ត។
ឧត្តមគតិរឿង: អប់រំមនុស្សឱ្យជឿលើអាទោទេព កម្លាំងក្រៅខ្លួន បណ្តុះគំនិតសងសឹកគ្នា ហើយជឿថាទុក្ខសោក ល្អ អាក្រក់ របស់យើង អាទិទេពជាអ្នកផ្តល់ឱ្យ និងឱ្យប្រកាន់ពាក្យសច្ចៈ។
គ/ បញ្ចប់រឿង
អ្នកនិពន្ធបានបញ្ចប់រឿងដោយ ឱ្យតួអង្គតំណាងសភាវល្អជាអ្នក ឈ្នះសភាវអាក្រក់ ដូចរឿងរាមកេរ្តិ៍ព្រះរាមជាសភាវល្អជាដើម។
៧/ ចូរបង្ហាញពីឥទ្ធិពលព្រាហ្មណ៍មកលើជីវភាពសង្គមខ្មែរ?
លទ្ធិសាសនាមានឥទ្ធិពលមកលើសង្គមខ្មែរ យ៉ាងជ្រាលជ្រៅបំផុត សាសនានេះ បានហូរជ្រាបចូលក្នុងជីវភាពសង្គមខ្មែរ តាមរយៈប្រពៃណី ទំនៀមទម្លាប់ ធ្វើឱ្យប្រជាជនប្រតិបត្តិលាយឡំគ្នានិងជំនឿខ្មែរសុទ្ធសាធ រហូតមកដល់បច្ចុប្បន្ននេះដូចជា៖
- ពិធីបង្កក់ប្រសិទ្ធិពរជ័យ ជញ្ជត់ព្រលឹង អន្ទងព្រលឹង
- ពិធីសែនព្រេន មង្គលការ បង្វិលពពិល ស្លាធម៌ បាយសី
- ពិធីសែនព្រេនមានរានទេវតាជាច្រើនថ្នាក់
- ពិធីរំលាយសព ផ្គុំរូប ព្យាបាលជំងឺ ប្រើមន្តអាគមន៍ ស្រោចទឹក សកតោះផ្លុំ រំដោះគ្រោះ លើករាសី
- ប្រើប្រាស់ភាសាសំស្ក្រឹត តាមរយៈសិលាចរឹក។
៨/ តើអក្សរសិល្ប៍ខ្មែរបែបពុទ្ធនិយមមានលក្ខណៈសម្គាល់ដូចម្តេចខ្លះ?
អក្សរសិល្ប៍ខ្មែរបែបពុទ្ធនិយម ជារឿងរ៉ាវផ្សេងៗដែលទាក់ទងទៅ នឹងការលើកយកទ្រឹស្តីពុទ្ធសាសនាមកធ្វើជាគោល ដែលទ្រឹស្តីទាំងនោះ ស្ថិតនៅក្នុងគម្ពីរព្រះត្រៃបិដក មានលក្ខណៈជាពុទ្ធវចនៈសុទ្ធសាធសរសេរ ជាភាសាបាលី។ តាមរយៈអ្នកនិពន្ធបានលើកយកទស្សនកម្មផល បញ្ហា បុណ្យបាប ផលល្អអាក្រក់ មកចោទនិងដោះស្រាយជាដើម។
អក្សរសិល្ប៍ខ្មែរបែបពុទ្ធនិយមមានលក្ខណៈសម្គាល់ដូចជា៖
ក/ ការផ្តើមរឿង
អ្នកនិពន្ធផ្តើមរឿងដោយធ្វើបទនមស្ការ និងមានតំណាលថាព្រះ អង្គទ្រង់គង់ក្នុងទីអារាមណាមួយ ហើយទ្រង់សម្តែងអតីតជាតិរបស់ព្រះ អង្គទៅកាន់ពុទ្ធបរិស័ទ។
ខ/ តួរឿង
តួអង្គ: តួអង្គឯកប្រុសជាពោធិសត្វ តួអង្គឯកស្រីជាកន្សៃសារពេជ្ញ និងមានតួអង្គផ្សេងៗទៀតជាមនុស្ស ទេវតា យក្ស សត្វ ជាដើម។
ទីកន្លែង: ជាកន្លែងអស្ចារ្យ នគរពារាណសី នគរតក្កសីលា នគរសិម្ពិលី ព្រៃហេមពាន្ត ព្រៃគិរីវង្គត់…។
ចំណោទបញ្ហា: ទំនាស់វិបត្តិពោធិសត្វ និងសង្គមមនុស្ស ទំនៀម ទម្លាប់ កម្មពៀរ …។
ដោះស្រាយបញ្ហា: តាមបែបសីលធម៌ អប់រំមនុស្ស ឱ្យមានចិត្ត សន្តិភាព ខន្តី អហិង្សា…។
ស្នេហា:ក្នុងរឿងពុទ្ធនិយមសុទ្ធសាធជាស្នេហាបរិសុទ្ធ គូអតីតជាតិ
កម្សត់: កើតឡើងដោយការព្រាត់ប្រាស់តាមរយៈសង្គមមនុស្ស កម្ម ពៀរ ឬទំនៀមទម្លាប់…។
ឧត្តមគតិ: ដំណើររឿងបានអប់រំមនុស្ស ឱ្យស្គាល់បុណ្យបាប ស្រលាញ់សន្តិភាព ធ្វើអំពើល្អវៀរចាកអំពើអាក្រក់ ខំប្រឹងតស៊ូព្យាយាម ជឿជាក់លើកម្លាំងឬសមត្ថភាពខ្លួនឯង។
គ/ បញ្ចប់រឿង
អ្នកនិពន្ធ លោកបានបញ្ចប់រឿងដោយមានការសជាតិតួអង្គល្អជា ព្រះពោធិសត្វនិងកន្សៃសារពេជ្ញ តួអង្គអាក្រក់ជាទេវទត្តនិងនាងចិញ្ចា។
៨/ តើអក្សរសិល្ប៍ខ្មែរបែបខេមរនិយម មានលក្ខណៈសម្គាល់ដូចម្តេច?
អក្សរសិល្ប៍ខ្មែរបែបខេមរនិយម ជាអត្ថបទអក្សរសិល្ប៍ដែលបង្ហាញ ពីជីវភាពជាក់ស្តែងរបស់ខ្មែរ ស្របទៅតាមវប្បធម៌ សង្គមធម៌ អក្សរសិល្ប៍ ខ្មែរជារបស់ខ្មែរពិតៗ។ វាជារឿងតថមួយ ដែលឆ្លុះបញ្ចាំង ពីសង្គមបរិយា កាស ប្រពៃណី ទំនៀមទម្លាប់ ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត និងការប្រកប អាជីវកម្មរបស់ខ្មែរពិតៗ។
អត្ថបទខ្មែរច្រើនសរសរជារឿងប្រលោមលោកពាក្យរាយ តែក៏អាច មានពាក្យកាព្យខ្លះដែរ រឿងនោះសម្រាប់អានកម្សាន្តផង និងសម្រាប់អប់រំ ទូន្មានប្រៀបប្រដៅផងដែរ។ អត្ថបទសរសេរជាភាសាខ្មែរទំនើប ពាក្យសម្តី របស់អ្នកស្រុកថ្នាក់ខ្ពស់ កណ្តាល ទាប ពុំសូវមានប្រើភាសាសំស្រ្កឹត បាលី ដែលពិបាកអាននោះទេ។
លក្ខណៈសម្គាល់នៃអក្សរសិល្ប៍ខ្មែរបែបខេមរនិយមដូចជា៖
ក/ ការផ្តើមរឿង: អ្នកនិពន្ធផ្តើមរឿងទៅតាមតថភាពជាក់ស្តែង។
ខ/ តួរឿង
តួអង្គ: មានតួអង្គជាមនុស្ស ចាប់ពីមនុស្សជាន់ទាបបំផុតក្នុងសង្គម រហូតដល់អភិជន តួអង្គអមនុស្សមាន ខ្មោច ព្រាយ បិសាច អ្នកតា ទេវតា និងតួអង្គ យក្ស សត្វ ជាដើម ដែលតួអង្គទាំងនោះតំណាងឱ្យមនុស្ស ឬ ជីវភាព ក្នុងសង្គមមនុស្ស…។
ទីកន្លែង: ដំណើររឿងប្រព្រឹត្តទៅនៅក្នុងភូមិស្ថាននៃស្រុកខ្មែរ តែក៏ មានទីកន្លែងអច្ឆរិយខ្លះៗដែរ។
ចំណោទបញ្ហា: ជាទំនាស់វិបត្តិដែលកើតក្នុងជីវភាពរបស់មនុស្សប្រ ចាំថ្ងៃ ដូចភាពអយុត្តិធម៌ ជំនឿ ប្រពៃណី ការរំលោភសិទ្ធិ សេរីភាព និយាយរួមទំនាស់អ្នកខ្លាំង និងអ្នកខ្សោយ។
ដោះស្រាយបញ្ហា: ការដោះស្រាយដោយតួអង្គ ពឹងផ្អែកទៅលើ សមត្ថភាពផ្ទាល់ខ្លួន គឺដោយគ្មានអន្តរាគមន៍ពីកម្លាំងក្រៅខ្លួន។ វិធីដោះ ស្រាយអាចមានសន្តិវិធីដោយប្រើប្រាជ្ញាជាមូលដ្ឋាន ដោយកម្លាំងសាមគ្គី ជាដើម។
ស្នេហា:ស្នេហារវាងមនុស្សនិងមនុស្សកើតឡើងទៅតាមបែបទម្លាប់ ជាតិ។
កម្សត់: កើតឡើងដោយការធ្វើទារុណកម្ម ការបំបិទសិទ្ធិសេរីនៃតួ អង្គមានអំណាច ទៅលើតួអង្គដែលទន់ខ្សោយ។
ឧត្តមគតិ:បានលើកយកបញ្ហាលោកិយសច្ចមកចោទនិងដោះស្រាយដូចនេះជម្រើសនៃរឿងបានអប់រំឱ្យមនុស្ស៖
មានសីលធម៌ល្អ ស្រលាញ់ភាពយុត្តិធម៌ ធ្វើអំពើល្អ
ស្អប់ខ្ពើមអំពើអយុត្តិធម៌ ជឿជាក់លើខ្លួនឯង
ខំប្រឹងតស៊ូព្យាយាម រស់នៅឱ្យមានអធិបតេយ្យភាពស្មើគ្នា
គ/ បញ្ចប់រឿង
ការបញ្ចប់រឿង គឺអប់រំ អ្នកអាន អ្នកស្តាប់ អ្នកសិក្សា តាមបែប គតិបណ្ឌិត ។ ការបញ្ចប់តាមបែបប្រលោមទំនើប មានឈ្នះចាញ់ទៅ តាមការពិតជាក់ស្តែងនៃបញ្ហាដែលអ្នកនិពន្ធ បានឆ្លុះបញ្ចាំងជាទូទៅ អំពើល្អឈ្នះអំពើអាក្រក…។
៩/ ហេតុអ្វីអក្សរសិល្ប៍ត្រូវមានលក្ខណៈជាតិ?
អក្សរសិល្ប៍ជា មុខវិជ្ជាមួយ ដែលមានមុខងារស្វែងរកសេចក្តីសុខ ឱ្យមនុស្សជាតិ ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត តាមរយៈការកម្សាន្តសប្បាយ និងការអប់រំ។ ម្យ៉ាងវិញទៀតជាមុខវិជ្ជាអក្សរសិល្ប៍នេះជាផ្នែកមួយនៃ វប្បធម៌ ដែលស្នាដៃនីមួយៗ លើកយកបញ្ហាសង្គមមកចោទនិងដោះ ស្រាយដូចនេះតាមរយៈនៃការឆ្លុះបញ្ចាំងក្នុងស្នាដៃ ដើម្បីរួមចំណែកនៃ ការអប់រំ អ្នកអាន អ្នកស្តាប់ អ្នកសិក្សា អ្នកនិពន្ធត្រូវតែបញ្ច្រៀបអំពី ទស្សនជាតិ ចិត្តគំនិតជាតិ ប្រពៃណី ទំនៀមទម្លាប់ជាតិ ឱ្យអ្នកអាន អ្នកស្តាប់ អ្នកសិក្សា បានយល់បានស្គាល់ និងមានចិត្តស្រលាញ់លើ វប្បធម៌ជាតិខ្លួន។
យ៉ាងនេះដើម្បីឱ្យខ្លឹមសារនៃស្នាដៃរឹងមាំ អ្នកនិពន្ធត្រូវចាំបាច់ តែ បញ្ចូលលក្ខណៈជាតិឱ្យបានច្រើនបំផុត។
១០/ តើលក្ខណៈជាតិក្នុងអក្សរសិល្ប៍ស្តែងឡើងយ៉ាងដូចម្តេច?
អក្សរសិល្ប៍មានលក្ខណៈជាតិជាស្នាដៃដែលបានបង្ហាញលក្ខណៈ ពិសេសរបស់ជាតិមួយខុសប្លែកពីបរទេស តាំងពីជំនឿ ប្រពៃណី ទំនៀមទម្លាប់ ទស្សនសង្គមព្រលឹងជាតិឱ្យមានភាបស្ថិតស្ថេរជាអមត។
លក្ខណៈជាតិក្នុងអក្សរសិល្ប៍ស្តែងឡើងតាមរយៈអត្ថន័យនិងអត្ថរូប មានខ្លឹមសារទាំងនេះ បានលើកឡើងពីប្រវត្តិសាស្រ្ត ភូមិសាស្រ្ត វប្ប ធម៌ ធម្មជាតិ…ធ្វើជាកម្មវត្ថុឆ្លុះបញ្ចាំងក្នុងក្របខ័ណ្ឌជាប្រធានបទជាតិ ទោះជាស្តែងឡើងតាមរយៈ កំណាព្យក្តី ចម្រៀងក្តី សិល្បៈផ្សេងៗក្តី ឬ បែបណាក៏ដោយ។
លក្ខណៈជាតិដែលជ្រាលជ្រៅជាងនេះទៅទៀតគឺការបង្ហាញនៅ រូបារម្មណ៍តាមរយៈវិធីតែងនិពន្ធ ដែលបង្កប់នូវខ្លឹមសារជាតិផ្ទាល់។
១១/ ចូរបង្ហាញលក្ខណៈជាតិតាមរយៈរឿងទុំទាវ?
រឿងទុំទាវ បានបង្ហាញលក្ខណៈជាតិដូចតទៅ៖
តាមរយៈរឿងនេះ អ្នកនិពន្ធបានបង្ហាញពីស្នេហានិងប្រពៃណី នំមិនធំជាងនាឡិ។
មូលបញ្ហារឿង បញ្ហាសំខាន់នៅក្នុងរឿង គឺបង្ហាញពីការតស៊ូទាម ទារសិទ្ធិសេរីភាព ស្នេហារបស់អ្នកទាំងពីរដែលមានលក្ខណៈជាបុគ្គល ស្ថិតនៅ ក្រោមឥទ្ធិលពលអំណាចគ្រួសារ យ៉ាងតឹងរឹង។ បញ្ហាសំខាន់ មួយ ទៀតគឺ ការគ្រប់គ្រងសង្គមនិងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
ការបង្ហាញតួអង្គ មានតួអង្គបង្កប់នូវលក្ខណៈជាតិ
- ទុំ ពេញវ័យចូលបួស រៀនធម៌ រៀនអក្សរ រៀនវិជ្ជាជិវ ដែល មានព្រះសង្ឃជាគ្រូ
- នាងទាវ ពេញវ័យចូលម្លប់ ដើម្បីរៀបចំចិត្តគំនិត វិជ្ជាមេផ្ទះ ត្រៀមខ្លួនទៅអនាគត
- ម្តាយទាវតំណាងឱ្យចិត្តគំនិតអ្នកគ្រប់គ្រងគ្រួសារខ្មែរទាំងឡាយ ចង់ឱ្យកូនខ្ពស់មុខខ្ពស់មាត់ មានទ្រព្យសម្បត្តិ បុណ្យស័ក្តិ តាម ការយកចិត្តទុកដាក់កូនចៅមានគូស្រករ
- អរជូន តំណាងឱ្យមន្ត្រីមានអំណាចលើសលុបធ្វើអ្វីក៏បាន
- រាមាជើងព្រៃ តំណាងឱ្យរបបសង្គមខ្មែរដែលគោរពរបបរាជា និយម
ប្រពៃណីទំនៀមទម្លាប់
-មានពិធីចូលម្លប់
-ពិធីចូលស្តីដណ្តឹង
-ការនិមន្តព្រះសង្ឃសូត្រធម៌តាមគេហដ្ឋាន
-ទាំងរាស្រ្ត ទាំងមន្ត្រី ចូលចិត្តសិល្បៈដូចគ្នា។
ជំនឿសាសនា
-ជឿលើហោរាទស្សទាយ៍
-ម្តាយទាវកាន់សីលទៅវត្ត តាមជំនឿព្រះពុទ្ធសាសនា
-ជឿលើមន្តអាគមន៍ ទុំបានសេពមន្តសារិកាលិនថោងដាក់ នាងទាវឱ្យស្រលាញ់ខ្លួន។
ធម្មជាតិ ធម្មជាតិអ្នកនិពន្ធ បានបង្ហាញពីទិដ្ឋភាពធម្មជាតិដែល មាននៅក្នុងប្រទេសខ្មែរទាក់ទងនឹងព្រៃព្រឹក្សាបក្សាបក្សីមច្ឆាជាតិ។
ភូមិសាស្រ្ត ដំណើររឿង បានកើតឡើងនៅក្នុងប្រទេសខ្មែរដូចជា បាភ្នំត្បូងឃ្មុំ លង្វែកជាដើម។
ភាសា អ្នកនិពន្ធប្រើភាសាជាតិ ជាភាសាមូលដ្ឋាន ដូចជាឈ្មោះ ទុំ ទាវ នោ ពេជ្រ ។ ដំណើររឿងទាំងមូល អ្នកសរសេរជាពាក្យកាព្យ បទពាក្យពាក្យប្រាំពីរដែលគេបានយកមកប្រើជាស្មូត្រក៏បានច្រៀង ក៏បាន អានក៏បាន…។
លក្ខណៈព្រលឹងជាតិ ភក្តីភាពរបស់តួអង្គទុំទាវដែលតំណាងឱ្យចរឹក ខ្មែរពិតៗ។
១២/តើទសបារមីជាអ្វី? ទសបារមីក្នុងរឿងទសជាតកមានអ្វីខ្លះ? តាម រយៈទសបារមីទាំងនេះបានផ្តល់ទស្សនាទានយ៉ាងណាខ្លះ ក្នុងការគ្រប់ គ្រងនិងអភិវឌ្ឍសង្គម?
ទសបារមី មានន័យថាគឺជាបារមីទាំង១០ គឺជាករិយាដ៏លើលន់ ឬ ជាគុណជាតិដ៏ប្រពៃប្រសើរដែលអង្គពោធិសត្វបានបំពេញដើម្បីត្រាស់ ជាព្រះពុទ្ធអង្គ។
ទសបារមីក្នុងរឿងជាតកមានដូចជា៖
- នេក្ខម្មបារមី(ការចេញចាកបួស)រឿងតេមិយ
- វិរិយបារមី(ការព្យាយាម)រឿងមហាជនក
- មេត្តាបារមី(ការរាប់អានមិនរើសមុខ)រឿងសុវណ្ណសាម
- អធិដ្ឋានបារមី(ការតាំងចិត្តស៊ុបទៅលើជំនឿអ្វីមួយជាការប្រសើរបរិសុទ្ធ)រឿងនេមរាជ
- បញ្ញាបារមី(ការដឹងច្បាស់នៃសេចក្តីពិត)រឿងមហោសថ
- សីលបារមី(ការរក្សាកាយវាចាចិត្តឱ្យល្អបរិសុទ្ធ)រឿងភូរិទត្ត
- ខន្តីបារមី(ការអត់ធ្មត់)រឿងចន្ទកុមារ
- ឧបេក្ខាបារមី(ការតាំងចិត្តជាកណ្តាលស្មើគ្នា)រឿងនារទ
- សច្ចបារមី(ការកាន់សេចក្តីពិត)រឿងវិធុរបណ្ឌិត
- ទានបារមី(ការដាក់ទានជាអំណោយផ្សេងៗ)រឿងវេស្សន្តរ
បារមីទាំង១០នៃរឿងទសជាតកនេះ គឺបានផ្តល់ជាទស្សនាទាន សម្រាប់ការគ្រប់គ្រងនិងការអភិវឌ្ឍសង្គមដូចតទៅ៖
- អប់រំមនុស្សឱ្យកាន់ភ្ជាប់នូវសីលធម៌
- អប់រំមនុស្សឱ្យចេះយកបញ្ញាមកប្រើក្នុងការដោះស្រាយបញ្ហា
- អប់រំមនុស្សឱ្យមានសច្ចធម៌ អាណិតអាសូរ ដល់មនុស្សផងគ្នា
- អប់រំមនុស្សឱ្យមនុស្សមានចិត្តទូលំទូលាយ ចេះធ្វើអំណោយ ទានដល់អ្នកទន់ខ្សោយទាំងឡាយ
- អប់រំមនុស្សឱ្យមានការតស៊ូព្យាយាមក្នុការងារ មានការតាំង ចិត្តមុតមាំខន្តី ប្រកាន់ចិត្តជាកណ្តាល។
ខ្លឹមសារទាំងនេះ យើងអាចចាត់ទុកជាគោលវិធីមួយសម្រាប់ថ្នាក់ ដឹកនាំយកមកធ្វើជាបទពិសោធន៍ក្នុងការគ្រប់គ្រងនិងការអភិវឌ្ឍសង្គម។ ជាងនេះទៅទៀតសកម្មភាពបារមីទាំង១០នេះ ក៏អាចឱ្យយើងយល់បាន ដែលថាការអភិវឌ្ឍសង្គមមួយទៅបានដោយភាពរឹងមាំជោគជ័យទៅល្អ ត្រូវចាប់ផ្តើមពីចំណុចអភិវឌ្ឍផ្នែកបញ្ញាស្មារតីមុនការឱ្យទាន។
១២/ ចូរឱ្យនិយមន័យ ស្នេហាជាតិ និង ជាតិនិយម ? ពាក្យទាំងពីរនេះ មានលក្ខណៈដូចគ្នាដែរឬទេ? ចូរបង្ហាញតាមរយៈសកម្មភាពរបស់តួ អង្គ នៃរឿងណាមួយក្នុងអក្សរសិល្ប៍ខ្មែរ។
- ស្នេហាជាតិ មានន័យថា ការស្រលាញ់ជាតិខ្លួនឯង ដោយហ៊ាន លះបង់តស៊ូអាយុជីវិត ដើម្បីការពារជាតិ ការពារទ្រព្យសម្បត្តិ មិនឱ្យបាត់បង់ ទោះបីជាខ្លួនត្រូវពាលីជីវិត យ៉ាងណាក៏ដោយ។ ឧទាហរណ៍ សកម្មភាពរបស់តួអង្គក្រុងខ មហារីក កុម្ភការណ៍ ក្នុងរឿងរាមកេរ្តិ៍ តួអង្គទាំងនេះ ហ៊ានលះបង់អាយុជីវិត ដើម្បី ការពារកិត្តិយសជាតិយក្ស ផលប្រយោជន៍ជាតិយក្ស ដែលត្រូវ ពួកបរទេសបំផ្លាញ។
- ជាតិនិយម មានន័យថាការដែលមានគំនិតស្រលាញ់ជាតិដែរ តែគំនិតទាំងឡាយនោះលិចឡើងតាមរយៈការរក្សាអត្តសញ្ញាណ ជាតិ ការយកលក្ខណៈជាធំ ដោយមិនចម្លងពីលក្ខណៈបរទេស មិនចង់ឱ្យមានជាតិសាសន៍ផ្សេង ធ្វើអ្វីក្រៅពីលក្ខណៈជាតិនោះ ឡើយ។ ទោះបីបុគ្គលណាមួយទៅសល់ទីណាក៏ដោយ បើគេមាន គំនិតជាតិនិយម គេតែងតែបង្ហាញលក្ខណៈនោះ ឱ្យបរទេសបាន ស្គាល់ជានិច្ច។ ឧទាហរណ៍ រឿងធនញ្ជ័យ បានការពារកិត្តិយស ស្តេចខ្មែរ នៅស្រុកចិន ការបង្ហាញអត្តសញ្ញាណខ្មែរតាមរយៈការ ធ្វើនំបញ្ចុក ការធ្វើខ្លែងឯកជាដើម។
សរុបសេចក្តី ពាក្យទាំងពីរនេះ មិនមានន័យដូចគ្នាទេ ប៉ុន្តែក៏មិន អាចដាច់ពីគ្នាទាំងស្រុងបានដែរ បើគ្មានគំនិតជាតិនិយម ស្មារតីជាតិ និយម ក៏ស្ថិតនៅក្នុងគំនិតមួយមិនជ្រាលជ្រៅដែរ។
១៣/ ដើម្បីឱ្យអក្សរសាស្រ្តជាតិ មានការរីកចម្រើន តើអ្នកត្រូវចូលរួមចំ ណែកយ៉ាងដូចម្តេចខ្លះ?
ក្នុងនាមជាកូនខ្មែរ ដើម្បីទ្រង់អក្សរសាស្រ្តជាតិ ឱ្យរីកចម្រើន៖
- រក្សាទម្រង់អក្សរសាស្រ្តជាតិ ឱ្យបានគង់វង្សបន្តយន្តការសិក្សា ស្រាវជ្រាវនិងអភិវឌ្ឍន៍ពាក្យប្រើប្រាស់ឱ្យបានត្រូវតាមក្បួនខ្នាត ដោយរក្សានូវគោលការណ៍ឯកភាពក្នុងសំណេរ(អក្ខរាវិរុទ្ធ)ការ បង្កើតកម្ចីពាក្យនិងអំណាន។
- ការបណ្តុះបណ្តាល និងផ្សព្វផ្សាយ ក្នុងមជ្ឈដ្ឋានជាតិ ទូលាយ ពិសេសបានត្រឹមគ្រឹះស្ថានសិក្សា ក្នុងប្រទេស និងបន្តឈានទៅ ដល់ការផ្សព្វផ្សាយបន្តនៅបរទេសថែមទៀត។
- ប្រើប្រាស់ភាសាជាតិជាយាន តាមការងាររដ្ឋបាលក៏ដូចជាការងារ ផ្សេងៗឱ្យបានត្រឹមត្រូវ តាមគោលការណ៍ឯកភាពមកខាងលើ។
- លើកស្ទួយតម្លៃភាសាជាតិ តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម ផ្សេងៗគឺត្រូវធ្វើឱ្យតួអក្សរខ្មែរធំជាងតួអក្សរបរទេស។
- លើកស្ទួយតម្លៃភាសាជាតិក្នុងការបង្កើតស្នាដៃអក្សរសាស្រ្តជាតិ ឱ្យបានច្រើន ឯកសារនានាត្រូវសរសេរជាភាសាជាតិ ដូចជាអត្ថ បទអក្សរសិល្ប៍ អត្ថបទវិទ្យាសាស្រ្ត ច្បាប់ បច្ចេកទេស ជាដើម។ ដូច្នេះយើងត្រូវរួបរួមគ្នា ថែរក្សាព្រលឹង ពង្រីកអក្សរសាស្រ្តជាតិ ឱ្យបានរីកចម្រើន និងខិតខំសិក្សាភាសាបរទេសថែមទៀតផងដែរ ដើម្បីងាយស្រួលក្នុងការស្វែងយល់អំពីព័ត៌មានពិភពលោក។
១៤/ តើលទ្ធិប្រជាធិបតេយ្យមានន័យដូចម្តេច? តើមានគោលការណ៍ សំខាន់ អ្វីខ្លះ? ចូរបង្ហាញសញ្ញាណប្រជាធិបតេយ្យ ក្នុងអក្សរសិល្ប៍ខ្មែរ?
- លទ្ធិប្រជាធិបតេយ្យ គឺជាការផ្តល់អំណាច ដល់ប្រជាពលរដ្ឋ មានន័យថាប្រជាពលរដ្ឋជាម្ចាស់អំណាចក្នុងការជ្រើសរើស អ្នកដឹកនាំ របស់ខ្លួនឬការសម្រេចកិច្ចការអ្វីមួយ។
- លទ្ធិប្រជាធិបតេយ្យត្រូវមានការបែងចែកអំណាចជាបី ដាច់ ពីគ្នាដែលមានតុល្យភាពលើការត្រួតពិនិត្យគ្នាទៅវិញទៅមកអំណាច ទាំងបីនោះគឺ៖
- អំណាចនីតិបញ្ញត្តិ(សភា)
- អំណាចនីតិប្រតិបត្តិ(រដ្ឋាភិបាល)
- អំណាចតុលាការ(តុលាការ)
គោលការណ៍ទាំងប្រាំបីសំខាន់ៗមានដូចជា៖
· ពលរដ្ឋទាំងអស់មានសិទ្ធិចំពោះមុខច្បាប់ ការអប់រំ។
· ពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការនិយាយស្តី ការបង្កើត សមាគម និងមានសិទ្ធិពេញទីខាងជំនឿសាសនា។
· ពលរដ្ឋមានសិទ្ធិចូលរួមប្រជុំធ្វើបាតុកម្មឬញាតិដោយសន្តិវិធី
· ពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់របស់ ខ្លួន សេរីភាពសារព័ត៌មាន និងសេរីភាពបោះពុម្ពផ្សាយ។
· ការគ្រប់គ្រងត្រូវផ្អែកតាមផ្នែកច្បាប់ ដែលត្រូវអនុវត្តន៍ ប្រជា ពលរដ្ឋ រដ្ឋាភិបាល និងស្ថាប័នរដ្ឋ។
· រដ្ឋសភា និង រដ្ឋាភិបាល ត្រូវកើតឡើងដោយ ការបោះឆ្នោត ទៀត ត្រូវមានបក្សនយោបាយចូលរួមច្រើន ត្រូវបោះឆ្នោត ដោយសេរីត្រឹមត្រូវយុត្តិធម៌និងសម្ងាត់។
· ពលរដ្ឋទាំងពីរភេទមានសិទ្ធិឈរឈ្មោះបោះឆ្នោតនិងឈរជា តំណាងរាស្រ្ត។
· អំណាចតុលាការត្រូវឯករាជ្យពោលគឺជម្រះក្តីដោយយុត្តិធម៌។
កត្តាទាំងប៉ុន្មានខាងលើនេះ ជាគោលការណ៍នៃលទ្ធិប្រជាធិប តេយ្យដែលប្រទេសស្នេហាលទ្ធិប្រជាធិបតេយ្យលើលោក ទទួលយកនិង ធ្វើឱ្យភាពរីកចម្រើនទូទាំងពិភពលោក។ ឮ
ឧទាហរណ៍ តាមរយៈអក្សរសិល្ប៍ខ្មែរ តាមខ្លឹមសារលទ្ធិប្រជាធិប តេយ្យដោយបានលើកឡើងនេះ អក្សរសិល្ប៍ខ្មែរ ពុំមានលក្ខណៈមួយ បំពេញគ្រប់គោលការណ៍ទាំងនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ គំនិតទាំងឡាយក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរ វាបានស្តែងចេញនូវសញ្ញាណ ប្រជាធិបតេយ្យតាមរយៈគំនិតមួយចំនួន ក៏ដូចជាសកម្មភាពរបស់តួអង្គ មួយចំនួនជាក់ស្តែង រឿងប្រាសាទអង្គរវត្ត ព្រះអាទិត្យថ្មីរះនៅលើដែន ចាស់ ព្រះវេស្សន្តរ សង្រ្គាមគីង្គក់និងតាព្រហ្ម…។
១៥/ អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងតថសង្គម។ តាមន័យនេះ តើរឿង ភូមិតិរច្ឆានបានឆ្លុះបញ្ចាំងទិដ្ឋភាពខ្មែរយ៉ាងដូចម្តេច?
អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គមខ្មែរ មានន័យ ថាតាមរយៈស្នាដៃអក្សរសិល្ប៍ណាមួយ យើងអាចស្គាល់ អាចដឹង នូវ ព្រឹត្តិការណ៍អាចមើលឃើញនូវរាល់បញ្ហាសង្គម ដែលអ្នកនិពន្ធលើក យកមកបង្ហាញ ក្នុងស្នាដៃរបស់ខ្លួនដូចជា រឿងភូមិតិរច្ឆាន យើងអាច ស្គាល់ ដឹង នូវព្រឹត្តិការណ៍សង្គមសំខាន់ៗដូចជា៖
-នយោបាយប្រទេសខ្មែរមិនមានអធិបតេយ្យភាពនិងឯករាជ្យទេ ប្រទេសស្ថិតនៅក្រោមអំណាចបារាំង សូម្បីព្រះរាជាក៏ពុំមានសិទ្ធិអ្វី ដែលអាចជួយប្រទេសជាតិបានដែរ។
-ជីវភាពប្រជាជន ប្រជាជនរស់នៅមានការលំបាកវេទនា បារាំង ជំរឹតទារពន្ធក្នុងមួយឆ្នាំមនុស្សម្នាក់បង់ពន្ធ៥រៀល តម្លៃទំនិញឡើងខ្ពស់ ហួសពីសមត្ថភាពប្រជាជន។ ប្រជាជនជាប់កំណែនកម្មករបារាំងធ្វើជា ទាហានច្បាំងជាមួយពួកអាឡឺម៉ុងសង្គ្រាមលោក។
-ជំនឿសាសនា ប្រជាជនជឿលើព្រះពុទ្ធសាសនា ធ្វើបុណ្យសព លោកបាដេស តាមទម្លាប់អ្នកកាន់ពុទ្ធសាសនា។ ក្រៅពីនេះប្រជាជន នូវមានជំនឿលើការបន់ស្រន់ ជឿលើបាតុភូតផ្កាយដុះកន្ទុយ។
-ការតស៊ូរបស់ប្រជជន ដើម្បីសេរីភាពក្នុងការរស់នៅ លោកជួន និងនៅ ព្រមទាំងអ្នកក្លាហានទាំង២០នាក់ បានក្រោកឈរឡើងតតាំង សម្លាប់បារាំងបាដេស ដែលគាត់ប្រើអំណាចឃោរឃៅមកលើខ្មែរ។
-កីឡា មានហាត់ក្បាច់គុនខ្មែរ សាកល្បងគុនគ្នាពីភូមិមួយទៅទី ភូមិមួយទៀត។
-ពិធីសែនព្រេន លោកសុវណ្ណនិងនាងតន់ យកគ្នាជាប្តីប្រពន្ធបាន ត្រឹមធ្វើពិធីសែនព្រេន។
-ទណ្ឌកម្មរបស់បារាំង បារាំងបានប្តូរឈ្មោះភូមិក្រាំងឡាវ ទៅជា ភូមិតិរច្ឆាន ហើយបង្គាប់ឱ្យប្រជាជន ធ្វើពិធីបុណ្យរំលឹកវិញ្ញាខ័ន្ធលោក បាដេសរាល់ថ្ងៃ១៨មេសារៀងរាល់ឆ្នាំ។
១៦/ ចូរប្រៀបធៀបស្នេហាព្រះរាមនិងក្រុងរាពណ៍ចំពោះនាងសីតា?
ព្រះរាមនិងក្រុងរាពណ៍ជាតួអង្គខ្លាំងពូកែដូចគ្នា តួអង្គទាំងពីរនេះ បានស្រលាញ់នាងសីតាទោះបីជាយ៉ាងណាក៏ដោយយើងឃើញថាការ ស្រលាញ់របស់អ្នកទាំងពីរនេះចំពោះនាងសីតាមានលក្ខណៈដូចគ្នានិងខុសគ្នាដូចមានតទៅ៖
លក្ខណៈដូចគ្នា
- ស្រលាញ់នាងសីតាដូចគ្នា
- ព្រះរាមតស៊ូយកនាងសីតារហូតដល់ក្រុងលង្ការ ទោះបីជាមាន ឧបសគ្គយ៉ាងណាក៏ដោយ ក្រុងរាពណ៍ខំរកគ្រប់មធ្យោបាយ គ្រប់បែបយ៉ាងទុកនាងសីតាធ្វើជាមហេសី។
- ព្រះរាមក្រុងរាពណ៍មានបំណងរួមរស់ជាមួយនាងសីតា
- នៅទីបញ្ចប់នៃរឿងអ្នកទាំងពីរពុំបាននាងសីតាដូចគ្នា។
លក្ខណៈខុសគ្នា
ព្រះរាម
- ព្រះរាមស្រលាញ់នាងសីតា នាងក៏ស្រលាញ់ព្រះរាមវិញ
- ព្រះរាមបាននាងសីតាដោយការបង្ហាញសមត្ថភាពលើកធ្នូ
- ព្រះរាមចេះស្រលាញ់នាងសីតា តែមិនចេះសរសើរនាង
- ព្រះរាមស្រលាញ់នាងសីតាដោយបានរៀបអភិសេកត្រឹមត្រូវ
- ព្រះរាមនាងសីតាស្រលាញ់គ្នាតាំងពីកំលោះក្រមុំ
ក្រុងរាពណ៍
- ក្រុងរាពណ៍ស្រលាញ់នាងសីតាតែម្នាក់ឯង
- ក្រុងរាពណ៍ចេះសរសើរលម្អនាងសីតា
- ក្រុងរាពណ៍ស្រលាញ់នាងដោយចង់សងសឹកឱ្យនាងសូរបនខា
- ក្រុងរាពណ៍ស្រលាញ់នាងដោយការលួចឆក់ខុសប្រពៃណី
- ក្រុងរាពណ៍ ស្រលាញស្រីច្រើនតែស្នេហាប្រពន្ធគេ។
១៧/ តើសិល្បៈរឿងរាមកេរ្តិ៍ ស្ថិតក្នុងចិត្តគំនិត សតិអារម្មណ៍ជីវភាព របស់ខ្មែរយ៉ាងណាខ្លះ?
សិល្បៈរឿងរាមកេរ្តិ៍ រហូតមកដល់បច្ចប្បន្ននេះ នៅតែមានប្រជាប្រិ យភាពនិងបានដក់ជាប់នៅក្នុងចិត្តគំនិត សតិអារម្មណ៍ ជីវភាពខ្មែរជា និច្ច។ អ្វីៗទាំងនោះបានលេចឡើង តាមរយៈចំណេះដឹង និងចំណេះធ្វើ ការប្រតិបត្តិក្នុងសង្គមដូចជា៖
- ការប្រើប្រាស់ភាសាសំស្ក្រឹត ពាក្យមួយចំនួនរបស់ខ្មែរប្រើសព្វ ថ្ងៃមានប្រភពចេញពីភាសាសំស្រ្កឹត។
- ការសម្តែងសិល្បៈខ្មែរ រឿងរាមកេរ្តិ៍ បានធ្វើឱ្យសិល្បៈករខ្មែររៀប ចំសម្តែងជារបាំ រាមលក្ម្សណ៍ជបលក្ម្សណ៍ ឆាកក្រសាលព្រៃ ឆាកស្នេហាព្រះរាម និងនាងសីតា ឆាកសង្គ្រាមរវាងកងទ័ពក្រុង រាពណ៍និងកងទ័ពព្រះរាម…។
- ចម្លាក់រូបសំណាក សិល្បៈចម្លាក់ខ្មែរមួយចំនួនបានយកដំណើរ រឿងរាមកេរ្តិ៍មកឆ្លាក់ដូចជា ហនុមានប្រយុទ្ធជាមួយក្រុងរាពណ៍ ទូភីប្រយុទ្ធជាមួយពាលីជាដើម។
- កីឡាខ្មែរក្បាច់គុនខ្មែរមួយចំនួនបានយកក្បាច់ប្រយុទ្ធតាមរឿងរាមកេរ្តិ៍ដូចជាគុនគ្រូនៃកីឡាប្រដាល់ គុនតាមបែបព្រះរាមព័ទ្ធ សីមា ព្រះរាមថ្លែងសរ។
- គម្ពីរហោរា ក្បួនហោបានយកដំណើររឿងរាមកេរ្តិ៍មកទាយជា ដើមបង្ហាញពីជោគវាសនារបស់សត្វលោក។
- មន្តអាគមន៍ មានគាថាបាលី យកលំនាំតាមកម្លាំងទុភី ជាគាថា
- ឈ្មោះមុខម្ហូបខ្មែរ ដូចជាឈ្មោះម្ហូបព្រះរាមស្រង់ទឹក
- យុទ្ធសាស្រ្តល្បែងអុក ព្រះរាមចូលកោដ្ឋបញ្ឆោតនាងសីតា
- ពិធីព័ទ្ធសីមា មុនពេលព្រះលក្ម្សណ៍ទៅជួយព្រះរាម បានគូស ព័ទ្ធសីមាជុំវិញនាងសីតា។
- ជំនឿប្រពៃណីខ្មែរ កាលណាស្រុកជួបគ្រោះរាំងស្ងួតគ្មានភ្លៀង គេតែងតែយករឿងរាមកេរ្តិ៍ទៅសម្តែងរហូតដល់មានភ្លៀងធ្លាក់ ទើបនាំគ្នាឈប់។
១៨/ ចូរបង្ហាញពីភាពខុសគ្នារវាងព្រះរាមខ្មែរ និងព្រះរាមឥណ្ឌា?
យើងអាចនិយាយបានថា រឿងទាំងពីរនេះពិតជាមានទំនាក់ទំនង គ្នាទៅវិញទៅមកដោយមិនអាចកាត់ផ្តាច់ចេញពីគ្នាបានទាំងស្រុងនោះ ឡើយ។ ដូច្នេះភាពខុសគ្នានៃរឿងទាំងពីរនេះគឺ៖
រឿងព្រះរាម
- ការផ្តើមរឿង ដោយមានបញ្ហាទំនាស់រវាងឥសីពិស្វាមិត្រនិង យក្សកាកនាសូរនេះជាឱកាសក្នុងការបង្ហាញតួអង្គព្រះរាម ជាបុរសពេញ វ័យមានឫទ្ធានុភាពខ្លាំងពូកែ។
- ចំណោទបញ្ហា ពុំបានបង្ហាញពីអាទិទេពចុះមកចាប់កំណើត ដូចរឿងរាមាយាណៈទេ គឺបង្ហាញពីរឿងរ៉ាវផ្សេងៗរបស់មនុស្សសាមញ្ញ បញ្ហាមកចោទស្ថិតនៅត្រង់ ការប៉ះពាល់ផលប្រយោជន៍ និងកិត្តិយសគ្នា ទៅវិញទៅមក។
- សម្រាយបញ្ហាដោយបញ្ហាចោទជាបញ្ហារបស់មនុស្សការណ៍នោះក៏វិលជុំវិញក្របខ័ណ្ឌបញ្ហាមនុស្សសាមញ្ញដែរ។ អ្នកនិពន្ធបានឱ្យតួ អង្គព្រះរាមចាញ់ល្បិចសត្រូវ ចេះប្រច័ណ្ឌយំសោកអស់សង្ឃឹម ឈ្លោះជា មួយក្មេងជាដើម។ ទីបញ្ចប់អ្នកទាំងពីរពុំបានជួបគ្នាវិញទេ។
- តួអង្គ តួអង្គមានចំនួនតិច តួអង្គនីមួយៗ ច្រើនតំណាងឱ្យ មនុស្សក្នុងសង្គមដូចជា កោសល្យាណ កៃកេសី សមុទ្រ រាម ភិរុត រាពណ៍ ពាលី…។
- សកម្មភាពតួអង្គឯក ព្រះរាមមានចាញ់មានឈ្នះ
- ទីកន្លែងនៃរឿង ទីកន្លែងនៃប្រទេសឥណ្ឌា
- អត្ថបទ សរសេរជាពាក្យខ្មែរ ប្រើជាភាសាខ្មែរសំស្រ្កឹតលាយ ឡំជាមួយនិងពាក្យខ្មែរបុរាណ ខ្មែរទំនើប។ អត្ថបទមានចំនួនពីខ្សែទី១-១០និង៧៥-៨០។ បទកំណាព្យក្នុងអត្ថបទបែបជាខ្មែរមានបទ សំណារ ឱតជើត ជាដើម។
រឿងរាមាយាណៈ
- ការផ្តើមរឿង ផ្តើមដោយបង្ហាញពីទិដ្ឋភាពក្រុងព្ធយុធ្យាប្រវត្តិ ស្តេចសោយរាជ្យនៅនគរ។
- ចំណោទបញ្ហា បង្ហាញពីដំណើរអាទិទេពមកពីឋានលើចុះ មកឋានកណ្តាល ដើម្បីកំចាត់សភាវអាក្រក់ ហើយវិលទៅកាន់ឋានលើ វិញ បញ្ហាចោទស្ថិតនៅត្រង់ទំនាស់សានា។
- សម្រាយបញ្ហា ដោយមានបញ្ហាចោទជារឿងរបស់អាទិទេព ការស្រាយក៏មានជាលក្ខណៈបែបអាទិទេពដែរ រាមា មានគុណសម្បត្តិ រហូតក្នុងការកម្ចាត់សភាវអាក្រក់។ រាមានិងសីតា ជួបគ្នានិងវិលទៅកាន់ ឋានសួគ៌វិញ។
- តួអង្គ មានតួអង្គច្រើនរាប់មិនអស់ ដែលមានឈ្មោះពិបាក ចាំដូចជា កោកល្យាណ កៃកេយី សុមិត្រា រាមា ភរតៈ រាវណ៍ វាលិន្ទ…។
- សកម្មភាពតួអង្គឯក តួអង្គរាមាឈ្នះរហូត
- ទីកន្លែងនៃរឿងមាននៅឋានទេវលោក មនុស្សលោក បាតាល
- អត្ថបទ សរសសរជាពាក្យកាព្យ សំស្រ្កឹតមានចំនួន២៤០០០ ស្លោក ចែកជា៧កណ្ឌ មានពាលកណ្ឌ ព្ធយុធ្យាកណ្ឌ អរណ្យកណ្ឌ កិស្ថិន្ធាកណ្ឌ សុន្ទរកណ្ឌ យុទ្ធកណ្ឌ។
ទោះបីជារឿងបង្ហាញពីភាពអស្ចារ្យ ប៉ុន្តែវានៅតែវិលជុំវិញការពិត ជារឿងរបស់មនុស្ស ដូច្នេះតម្លៃនៃរឿង មានអច្ឆរិយផង តថរសផង។
លក្ខណៈខុសគ្នា រវាងរឿងទាំងពីរនេះ ដូចជាបានលើកឡើងមកខាង លើនេះ យើងអាចយល់កាន់តែច្បាស់ថារឿងរាមកេរ្តិ៍ ជារឿងរបស់មនុស្ស ជារឿងស្តីអំពីទំនាស់វិបត្តិមនុស្សក្នុងសង្គម។ តាមរយៈ អត្ថន័យ អត្ថរូប អត្ថរស ធ្វើឱ្យរឿងនេះខុសពីរឿងរាមាយាណ ហើយយើងក៏អាចទុកថា រឿងរាមកេរ្តិ៍ជាមូលដ្ឋានវប្បធម៌ខ្មែរ និងជាអក្សរសិល្ប៍បែបមនុស្សនិយម មួយ។
១៩/ ចូរបង្ហាញពីវិធីចោទនិងស្រាយនៃអក្សរសិល្ប៍ខ្មែរ?
ការចោទនិងស្រាយបញ្ហាក្នុងអក្សរសិល្ប៍ខ្មែរមានវិធីច្រើនយ៉ាង៖
ក/ វិធីចោទបញ្ហាគ្រប់ អត្ថបទអក្សរសិល្ប៍ សុទ្ធតែមានចោទជា បញ្ហា ជួនកាលការចោទជាបញ្ហាផ្ទាល់ខ្លួន បញ្ហាគ្រួសារ បញ្ហាសង្គមជាតិ សឹង ក៏មាន។ ជួនកាលទៀតការចោទបញ្ហា អាចកើតមានតាមផ្លូវកាយ ផ្លូវចិត្ត និងតាមផ្លូវសម្ភារៈ។ បើគ្មានជាការចោទជាបញ្ហាទេនោះ ស្នាដៃអក្សរ សិល្ប៍ ក៏ពុំអាចមានខ្លឹមសារអប់រំ ពុំមានការបង្ហាញពីអំពើល្អ អាក្រក់ ឬ បញ្ហាអ្វីទៀតឡើយ។
ដោយមានការចោទជាបញ្ហាយ៉ាងនេះហើយ តម្រូវឱ្យអ្នកនិពន្ធដោះ ស្រាយបញ្ហាទាំងនោះទៅតាមវិធីផ្សេងៗផងដែរ។
ខ/វិធីដោះស្រាយបញ្ហា ការដោះស្រាយបញ្ហានៅក្នុងអក្សរសិល្ប៍ខ្មែរ មានច្រើនបែបយ៉ាងណាស់ដូចជា៖
- វិធីដោះស្រាយមធ្យោបាយផ្ទាល់ខ្លួន
វិធីនេះច្រើនមាន នៅក្នុងស្នាដៃអក្សរសិល្ប៍ខេមរនិយម។ តួអង្គ យល់ថា មតិ ទស្សន សមត្ថភាព របស់ខ្លួនពិតជាមានលក្ខណៈសមសម្រប អាចដោះស្រាយបញ្ហាបាន ជួនកាលទៀត ទោះជាតួអង្គ ពុំមានបុគ្គលិក លក្ខណៈសមស្របក៏ដោយ តែបញ្ហាតម្រូវឱ្យប្រើមធ្យោបាយផ្ទាល់ខ្លួន។
២០/ តើមានលក្ខណៈអ្វីខ្លះដែលអាចចាត់ទុកថា រឿងទុំទាវ ពិតជាមាន តម្លៃ ពិសេសខុសប្លែកពីអត្ថបទអក្សរសិល្ប៍ដទៃទៀត?
ការតែងនិពន្ធដែលអ្នកនិពន្ធអត្ថបទ ដែលអ្នកតែងតែធ្វើឱ្យអត្ថបទ របស់ខ្លួន មានលក្ខណៈពិសេសទៅតាមឧត្តមគតិរបស់គាត់ទៅតាមសង្គម ប្រវត្តិ ដូចជារឿងអត្ថបទ ទុំទាវ យើងឃើញអត្ថន័យពិសេសរបស់វាខុស ប្លែកពីអត្ថបទដទៃត្រង់ថា ឬ ផ្សេងៗដូចជា រឿងបែបព្រាហ្មណ៍និយម រឿងបែបពុទ្ធនិយម ទោះជាស្នាដៃទាំងនោះ មានតម្លៃពិសេសយ៉ាងណា ក៏ដោយ តែបើពិនិត្យលើសង្គមបរិយាកាសវិញ ដំណើររឿងអ្នកនិពន្ធ ច្រើនលើកយកជីវភាពតួអង្គទាក់ទងទៅនឹងញាតិវង្ស អភិជន មកចោទ និងដោះស្រាយប៉ុណ្ណោះ។ ចំណែកជីវភាពប្រជាជនសាមញ្ញ មិនឃើញ យកលមកបង្ហាញនៃដំណើររឿងទាក់ទងទៅនឹងធម្មជាតិ ក៏មិនស្ថិតនៅ ក្នុងស្រុកខ្មែរដែរ។ ជានេះទៅទៀតតួអង្គនៃរឿងមានច្រើន មានសកម្ម អស្ចារ្យខុសពីមនុស្សនៅក្នុងសង្គមខ្មែរ។
អ្វីដែលមានភាពអស្ចារ្យទាំងនោះ អ្នកនិពន្ធរឿង ទុំទាវ មិនបាន បង្ហាញទេ និយាយរួមរឿងទុំទាវ ឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅរបស់ប្រជា ជនខ្មែរពិតៗដូចជា៖
- ព្រះសង្ឃ បានបង្ហាញពីរឿងទុំទាវ ខុសប្លែកពីសង្ឃដទៃ ដូចជា
ព្រះសង្ឃធ្វើជំនួញណេនទុំនិងពេជ្រធ្វើតោកលក់នៅស្រុកត្បូងឃ្មុំ។
សិល្បៈករ ទុំចេះស្មូត្រ ចេះមន្តអាគមន៍ ពេជ្រចេះផ្លុំប៉ី ។
- ប្រជារាស្រ្តក្រីក្រ បានបង្ហាញពីឋានៈទាបជាងគេបំផុតក្នុងសង្គម ត្រូវគេប្រើអំណាចរំលោភបំពាន។ ដំណើររឿងបានបង្ហាញថា ប្រជាជនពុំមានគំនិតតស៊ូហ៊ានប្រឆាំងទាល់តែសោះក្រៅពីតួ អង្គទុំ។ ប្រជារាស្រ្តអ្នកមាន មានម្តាយនាងទាវជាតំណាង លោក មានទ្រព្យសម្បត្តិចាយមិនចេះអស់ រហូតជួលអ្នកបម្រើ ឱ្យមក លាងជើង ហើយប្រើអំណាចផ្តាច់ការ ក្នុងការរៀបចំគូស្រករ តាមគំនិតបុណ្យស័ក្តិទ្រព្យសម្បត្តិនិយម។
- ប្រជារាស្រ្តជាអ្នកបម្រើគេ មាននាងនោជាតំណាង បម្រើដោយ ចិត្តស្មោះត្រង់នឹងចៅហ្វាយនាយ។
- មន្ត្រី មានលោកឧញ៉ាអរជូន ជាតំណាង ប្រើអំណាចផ្តាច់ការ មកលើរាស្រ្តស្លូតត្រង់ កាប់សម្លាប់តាមតែអំពើចិត្ត យកប្រយោ ជន៍ខ្លួនមកធ្វើជាធំ។
- ព្រះរាជ មានព្រះបាទរាមាជើងព្រៃជាតំណាង ទ្រង់ប្រកាន់ទស ពិធន៍រាជធម៌ ស្រលាញ់យុត្តិធម៌ កាត់ទោសអ្នកប្រព្រឹត្តដល់ទី កន្លែង។
- ការគ្រប់គ្រង សម័យនោះប្រកាន់របបរាជានិយម តាមខេត្តមាន ស្តេចក្រាញ់ត្រួតត្រា។
- ធម្មជាតិនិងទីកន្លែងនៃរឿងជាធម្មជាតិព្រៃព្រឹក្សា ស្ទឹង ទន្លេ បឹង សត្វដែលមាននៅក្នុងស្រុកប្រទេសខ្មែរតែម្តង។
- ជំនឿប្រៃពៃណី មានលក្ខណៈបែបជាខ្មែរសុទ្ធសាធ ដូចជាពិធី ចូលម្លប់ បួស ជើលើហោរា…។
- របៀបនិពន្ធរឿង ជាវិធីសាស្រ្តដែលខ្មែរនិយមតាមសម័យកាល គឺកំណាព្យដែលមានចុងជួនពីរោះរណ្តំ។
- ដំណើររឿង ជីវភាពរបស់ខ្មែរពិតៗ។
សរុបមកលក្ខណៈ ដូចដែលបានលើកមកខាងលើនេះ ទាំងប៉ុន្មាន សបញ្ជាក់ឱ្យឃើញថា រឿងទុំទាវមានលក្ខណៈពិសេស ពីរឿងព្រាហ្មណ៍ និងរឿងពុទ្ធនិយមជាដើម។
២០/ ចូរបង្ហាញពីវិធីបង្ហាញតួអង្គក្នុងអក្សរសិល្ប៍ខ្មែរ?
តួអង្គនៅក្នុង អក្សរសិល្ប៍ខ្មែរ មានលក្ខណៈជាតួយ៉ាង គឺតួអង្គ នី មួយៗត្រូវតំណាង ឱ្យទិដ្ឋភាពផ្សេងៗ នៃសង្គមជាក់ស្តែង ដែលត្រូវអ្នក និពន្ធបង្ហាញឱ្យគេស្គាល់ឈ្មោះតួអង្គនីមួយៗ និងតួនាទីដោយសារតាម វិធីផ្សេងៗដូចតទៅ៖
- ការបង្ហាញតួអង្គដោយអ្នកនិពន្ធ យើងស្គាល់ឈ្មោះនិងតួនាទី តួអង្គដោយសារតែអ្នកនិពន្ធជាអ្នកបង្ហាញដូចជារឿងទុំទាវថ្លាថ្លែងសម្តែង តាមឈ្មោះទុំនៅខេត្តបាភ្នំដែនដីស្រែ កើតកបទំនៀមតាមឪម៉ែ ប៉ុន្តែ ហេតុពិតឥតសម្តែង ។
- ការបង្ហាញតួអង្គដោយខ្លួនឯង ជាវិធីម្យ៉ាងដែលអ្នកនិពន្ធ បង្ហាញឈ្មោះតួនាទីមុខងាររបស់គេឱ្យយើងបានស្គាល់បានដឹងឧទាហរណ៍រឿងរាមកេរ្តិ៍ រីអង្គអញនេះណា កាលបឋមក្សត្រា យុគឡើងជា ព្រះនារាយណ៍…អស់ទេពឫសីសម្ពាយ យល់អសុរទាំងឡាយ តែបៀត បៀនព្រះសាសនា ទើបទេពនិមន្តអារធនា ឱ្យអញលីលាមកយោគ បដិសន្ធិជាព្រះរាមរឹងឫទ្ធី ប្រោសប្រាប់បារមី អសុរបាបបៀតបង់។
- ការបង្ហាញតួអង្គដោយតួអង្គផ្សេងទៀត ជាវិធីម្យ៉ាងដែល អ្នកនិពន្ធ ឱ្យយើងស្គាល់ឈ្មោះមុខងារ តាមរយៈតួអង្គផ្សេងទៀត ជាអ្នក ប្រាប់ដូចជាយើងស្គាល់តួអង្គក្នុងរឿងរាមកេរ្តិ៍ដូចជា ក្រុងរាពណ៍ ក្រុងខ កម្ភការណ៍ ពិភេក ដោយនាងសូរបនខាប្រាប់ ឱ្យព្រះរាមនិងព្រះលក្ម្សណ៍ ស្គាល់។
- ការបង្ហាញតួអង្គតាមដំណើររឿង ជាវិធីម្យ៉ាងដែល អ្នកនិពន្ធ ឱ្យយើងស្គាល់ឈ្មោះនិងមុខងារជាមុនគេ គឺយើងស្គាល់តួអង្គតាមរយៈ ដំណើររឿងរឿងរ៉ាវ ដែលកើតមានឡើង នៅក្នុងដំណើររឿងតែម្តង ដូច ជាក្នុងរឿងរាមកេរ្តិ៍ យើងស្គាល់សុគ្រីព និងពាលី ដោយសារពួកគេបាន បង្កទំនាស់។
No comments:
Post a Comment