កំណាព្យ កំណាព្យប្រកួតជាមួយស្រីស្អាត
(បទកាកគតិ)
១/ កំណាព្យបុរាណ តែងតាមលំអាន
តាមបទផ្សេងៗ បើតាមសិក្សា
បទកាព្យតាក់តែង រៀបរាប់ជាក់ស្តែង
មាន១៣បទ។
២/ ១៣បទនេះ ជាគោលត្រិះរិះ
តាងដោយប្រាកដ តាមការសិក្សា
មានកាព្យច្រើនបទ បើរាប់សន្មត់
ស្មេរចិត្តសិបបួន។
៣/ តាមបទនីមួយ ព្យាង្គជួនជំនួយ
រណ្តំតាមក្បួន មានបែបមានបទ
តាមឃ្លាព្យាង្គជួន មានគ្រប់ចំនួន
ក្នុងវគ្គឆ្លងវគ្គ។
៤/ សម្ផស្សកំណាព្យ សម្រស់ពាក្យកាព្យ
មានន័យជឿជាក់ សម្ផស្សក្នុងក្រៅ
គ្មានជាប់ជំពាក់ អានហើយចង់ញាក់
នឹកស្មានមិនដល់។
៥/ ស្រីស្អាតសម័យ ឲ្យយុវវ័យ
ក្តីជ្រួលច្របល់ លង់និងស្នេហា
តាំងកើតអំពល់ គំនិតវិលវល់
នៅក្នុងចិន្តា។
៦/ ស្រីស្អាតឆើតឆាយ ល្អគន់ពីឆ្ងាយ
ក្លិនឈ្ងុយដូចផ្កា តែវាមិនទៀង
ថាជាយ៉ាងណា តែមនុស្សត្រូវការ
ក្លិនផ្កាស្រស់ស្រី។
៧/ សាច់សថ្ពាល់ខួច សម្បូរមនុស្សលួច
ស្នេហ៍ពៅពិសី មិនថាយុវជន
សូម្បីកវី លង់សម្រស់ស្រី
ម្តងម្កាលខ្លះដែរ។
៨/ ក្លិនក្រអូបសាយ នាសាទាំងឡាយ
តាមហិតអ៊ួអែ លង់និងស្រីស្អាត
តាំងពីបុព្វេ មានជាប់ហូរហែរ
មិនចេះស្កប់ស្កល់។
៩/ កំណាព្យកវី យកមកកែខៃ
ប្រៀបធៀបឲ្យយល់ កាព្យនិងស្រីស្អាត
សុំមានយោបល់ បើលោកអ្នកឆ្ងល់
អាចសួរខ្ញុំបាន។
១០/ សាកគិតសិនទៅ ថាគួរជ្រើសផ្លូវ
មួយណាសុខសាន្ត នារីស្រីស្អាត
និងកាព្យចំណាន លោកអ្នកជ្រើសបាន
គ្មានដាក់ទោសពៃ។
១១/ កំណាព្យប្រកួត ជាមួយអំនួត
នារីសម័យ ថាជាយ៉ាងណា
វ័យយុវវ័យ ដើរលើវិថី
សម័យជឿនលឿន។
No comments:
Post a Comment