Sunday, 3 June 2018

គំនិតទស្សនវិជ្ជាតាមរយៈ«ច្បាប់អរិយសត្ថា»


គំនិតទស្សនវិជ្ជាតាមរយៈ«ច្បាប់អរិយសត្ថា»
១.សង្គមបរិយាកាស
            ច្បាប់អរិយសត្ថា អរិយសត្ថា ជាសមណស័ក្តិ ទីមេគណៈ ឬចៅអធិការដែលជាអ្នកតាក់តែងច្បាប់នេះ។ យើងឥតដឹងអំពីថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត នាមឪពុកម្ដាយ  ជីវភាពរស់នៅ ការប្រកបការងារផ្សេងៗរបស់កវីរូបនេះទេ។ ប្រវត្តិទាំងឡាយរបស់ព្រះអង្គ ហាក់បីដូចជាបានកប់បាត់ទៅក្នុងទំព័រប្រវត្តិសាស្រ្តបាត់សូន្យអស់ទៅហើយ ហេតុដូច្នេះហើយទើប យើងអាចដឹងអំពីកវីរូបនេះ ត្រឹមតែសមណស័ក្តិរបស់ព្រះអង្គឋានៈជា «‍ ព្រះអរិយសត្ថា » តែប៉ុណ្ណោះ។ ដូចមានបង្ហាញនៅក្នុងស្នាដៃនពន្ធរបស់លោក បានសរសេរថា៖
អរិយសត្ថា     គន់គិតចែងចារ         ចងទុក្ខជាច្បាប់
                        អោយអស់សិស្សផង            ត្រងត្រាប់សណ្ដាប់    យកជាតំរាប់
                                                            តំរង់អាត្មា។   
            នេះបញ្ជាក់ថា « ច្បាប់អរិយសត្ថា » គឺនិពន្ធឡើងដោយកវីមួយរូប មានភេទជាបព្វជិត មានសមណស័ក្តិជា ព្រះអរិយសត្ថា។  ព្រះអង្គបានបួសរៀន អក្សរ និងលេខនពន្ធ រៀនបាលី រៀនអានសាស្ត្រាផ្សេងៗនៅក្នុងសំណាក់ព្រះពុទ្ធសានា។
            បើតាមវិចារកណថា របស់លោក កែវ ឈុន : ច្បាប់អរិយសត្ថា គឺ​ច្បាប់​មួយ​ទៀត​ក្នុង​ច្បាប់​ផ្សេង​ៗ ដែល​រៀប​ចំ​តាក់​តែង​ឡើង​ដោយ ព្រះ​គ្រូ​ភិក្ខុ​សង្ឃ ផ្ដែ​ផ្ដាំ​ទូន្មាន​ដល់​យុវ​សិក្សា ឱ្យ​ខំ​រៀន​សិក្សារៀនសូត្រ ធ្វើ​ខ្លួន​ឱ្យ​ប្រកប​ដោយ​សីល​ធម៌​ល្អ ឱ្យ​ខំ​ធ្វើ​ខ្លួន​ឱ្យ​មាន​ប្រ​យោជន៍ កុំ​ឱ្យអសោចន៍ ដើម្បី​ការ​កេរ្ដិ៍​លោ​កិយ។
២.ច្បាប់អរិយសត្ថា
            ក.ចរិយាសាស្ត្រតាមរយៈច្បាប់អរិយសត្ថា
 នៅ​ក្នុង​ច្បាប់​នេះ ព្រះ​គ្រូ​អ្នក​និព្ធ​បាន​រលឹក​ឡើង​ផង​ដែរ អំពី​ការ​ធ្វើ​ជំនួញ​ជួញ​លក់​ដូរ​គ្រប់​បែប​យ៉ាង ឱ្យ​កូន​ចៅ​ខំ​សិក្សា​រៀន​ពាណិជ្ជ​កម្ម ឱ្យ​ចេះ​គិត​លេខ គិត​បញ្ជី​កត់​ត្រា អំពី​ការ​លក់​ដូរ​ខាត​ចំណេញ​ទៀត​ផង​។ ពាក្យ​បទ​កំណាព្យ​រំលឹក​ដាស់​តឿន​នៅ​ក្នុង​ច្បាប់​អរិយ​សត្ថា គឺ​ជា​ការ​បង្រៀន​ឱ្យយុវ​វ័យ​ចេះ​ប្រុង​ប្រយ័ត្ន​ខ្លួន​ខ្ពស់ ឱ្យ​ចេះ​រស់​នៅ​ក្នុង​សង្គម​ឱ្យ​បាន​សុខ​សាន្ដ គេច​ឱ្យផុត​ពី​ភាព​ខ្ជិល​ច្រ​អូស ដែល​ជា​កត្ដា​យ៉ាង​សំខាន់​​នាំ​មក​នូវ​ភាព​អវិជ្ជា​ល្ងង់​ខ្លៅ​។​
វាយលេខទាត់ក្បាច់
សឹងផ្សំសំរេច
ឱ្យបានដឹងដាន
ដឹងដើមដឹងចុង
ដឹងបង់ដឹងបាន
ដឹងគិតប្រមាណ
កត់ត្រាបញ្ជី។
ឱ្យបានប្រយោជន៍
ប្រយ័ត្នអសោចិ៍
ជាអ្នករកស៊ី
សំរាប់លោកិយ
ប្រក្រតីជាទី
សំគាល់បញ្ជី
ស្មៀនត្រាសៀវភៅ។
គត់គិតប្រយ័ត្ន
អស់ទ្រព្យសម្បត្ដិ
ឱ្យស្ទាត់ដោយនូវ
វាយលេខទាត់ក្បាច់
ឱ្យស្រេចឃើញផ្លូវ
សឹមថយចេញទៅ
តាមផ្លូវលោកិយ។
ល្មមដឹងតិចច្រើន
ល្មមដឹងក្រវ៉ើន
ទ្រព្យធនអ្វីៗ
លេខនិងអក្សរ
កំដរស្មារតី
សំរាប់លោកិយ
នោះអែងទើបត្រូវ។
   បើតែវិលវេះ
ខ្ជិលដេកស្រមេះ
ស្រមូញស្មូញស្ញូវ
  ស្រទាងលើខ្នើយ
កន្ដើយលក់ទៅ
នរណានឹងនៅ
ដាស់តឿនអោយទៀត។
  មិនដឹងឬអ្វី
ក្នុងរាជលោកិយ
រាជការចង្អៀត
  នរណាទុកអែង
លេងវាយដៃព្រាត
ឃើញហើយគេបៀត
តំរៀបរាជការ។
  ហេតុនោះគួរគិត
គួរកាន់គំនិត
គួរគិតឧស្សាហ៍
  សង្វាតរករៀន
របៀនសាស្ត្រា
តំរិះប្រាជ្ញា
បង្ការទុកទៅ។

គ.គុណធម៌តាមរយៈច្បាប់អរិយសត្ថា
សីល​ធម៌​ដ៏​ចម្បង​ផ្សេង​ៗ​ទៀត ជា​ច្រើន​នៅ​ក្នុង​ច្បាប់​នេះ សុទ្ធ​សឹង​ជា​ការ​​ជួយ​​រិះ​​រក​​ មធ្យោ​​បាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​មនុស្ស​ជាប់​ចិត្ដ និយម​គុណ​ធម៌​ល្អ ទាំង​ក្នុង​ទី​ស្ងាត់​កំបាំង ទាំង​ក្នុង​ទី​​ប្រជុំ​ជន​ ដូច​ជា​លោក​រំលឹក​ថា ត្រូវ​តែ​ប្រ​ព្រឹត្ដ​ខ្លួន​ជា​មនុស្ស​សុភាព​រាប​សា កុំ​កោង​កាច អោយ​មាន​ចិត្ដ​ល្អ មាន​ធម៌​ចេះ​ច្បាប់​លេខ​អក្សរ កុំ​អោយ​ជឿ​នូវ​អ្វី​ដែល​មិន​គួរ​ជឿ ដូច​ជា​ជឿង​ទៅ​លើ​ព្រេង​សំណាង ជឿ​ទៅ​លើ​គ្រូ​ទាយ​ជា​ដើម​ផង​។
ដូច្នេះគួរគិត
គួរឃើញគំនិត
គួរគិតសេចក្ដី
ជាមនុស្សដូចគេ
គួរតែឃ្មាតឃ្មី
រំលឹកស្មារតី
ស្រលាញ់របៀន។
កុំគិតខ្ជិលពេក
កុំគិតពួនដេក
កុំគិតវេះរៀន
កុំគិតមានពុត
រមត់កិចកៀន
កុំគិតអៀនប្រៀន
វេះវៀនចិត្ដកាច។
ឱ្យរៀនចិត្ដល្អ
ដឹងធម៌អក្សរ
គួរគិតកោតខ្លាច
ការកេរ្ដិ៍ប្រយ័ត្ន
គួរកាត់ចោលកាច
គួរឱ្យខ្លួនខ្លាច
កុំឱ្យគ្រូទាយ។

៣.គំនិតទស្សនៈវិជ្ជារបស់អ្នកនិពន្ធ
            លោកបានដាស់តឿនដល់ជនប្រុសស្រី ឱ្យមើលឃើញពីតម្លៃ នៃចំណេះវិជ្ជា ហើយខិតខំព្យាយាម ឧស្សាហ៍រៀនសូត្រ ទាំងអក្សរទាំងលេខ ទាន់ខ្លួននៅក្មេង ហើយយកចំណេះវិជ្ជាទៅប្រកបរបររកស៊ី នោះនឹងបានចម្រើនលូតលាស់ បើយើងល្ងង់ខ្លៅ គ្មានចំណេះចេះគិត  ពេលរកស៊ីត្រូវគេកិបកេងនាំឱ្យខាតរបស់ទ្រព្យ។  ម្យាងទៀតមិនត្រូវអាងលើទ្រព្យសម្បត្តិឪពុកម្ដាយ ហើយភ្លេចការរៀនសូត្រ ភ្លេចខិតខំរកស៊ី ព្រោះទ្រព្យសម្បត្តិទាំងនោះអាចនឹងវិនាសទៅវិញនៅថ្ងៃណាមួយ ហើយយើងគ្មានអ្វីជាទីពឹងឡើយ។
            លើសពីនេះទៅទៀតកវីបានទូន្មានយើងឱ្យមានសន្ដានចិត្តល្អ ចេះគោរពកោតខ្លាចគ្រូ មិនត្រូវប្រមាថមើលងាយឪពុកម្ដាយ ដែលជាអ្នកមានគុណនោះទេ។ អ្នកដែលប្រមាថមើលងាយអ្នកមានគុណនឹងត្រូវវិនាស ទេវតាមិនជួយចម្រុងចម្រើនឡើយ ចំណែកឯអ្នកដឹងគុណទោស គោរពតាមការប្រៀនប្រដៅរបស់អ្នកមានគុណ នឹងទទួលបានសេចក្ដីសុខចម្រើន។
៤.សន្និដ្ឋាន
            ដោយសារនៅចុងសម័យលង្វែកផ្នែកសីលធម៌ ចរិយាធម៌ខ្មែរធ្លាក់ចុះដុនដាប មនុស្សលែងដឹងខុសត្រូវ លែងដឹងគុណ បុណ្យ ទោស គ្មានគំនិតច្នៃប្រឌិត ខ្ជិលច្រអូស មិនខិតខំប្រកបរបររកស៊ី មិនខិតខំសិក្សារបៀនផ្សេងៗ គិតតែចាំផ្ដេកផ្ដួលទៅលើព្រងវាសនា។ ហេតុនេះហើយទើបបានជាកវីនិពន្ធខ្មែរបានតាក់តែងជាច្បាប់ឧបទេសនេះឡើង ដើម្បីក្រើនរំលឹកដល់កូនចៅខ្មែរ ឱ្យខិតខំរៀនសូត្រ ឧស្សាហ៍ព្យាយាម មានសីលធម៌ គុណធម៌ល្អ ជាគំរូល្អ ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ។



No comments:

Post a Comment