Sunday, 3 June 2018

បទវិភាគទុំទាវ៖ ចំនុចខុសគ្នាខ្លះៗ រវាងរឿងទុំទាវ សន្ធរម៉ុក និងភិក្ខុសោម


សង្ខេបរឿង (ក្នុងស្នាដៃភិក្ខុសោម)
នៅវត្តវិហារធំ ក្នុងខេត្តបាភ្នំ មាននេនពីរអង្គ មួយអង្គនាមទុំ មួយអង្គទៀតនាមពេជ្រ ស្រឡាញ់គ្នាដូចបងប្អូន ហើយតែងនាំគ្នា ធ្វើតោកលក់ជាធម្មតា(ក)។ នេនទុំ បានទាំងរូបសម្បត្តិ បានទាំងវោហារ ទាំងសំឡេង ឯវិជ្ជាមន្តអាគមអូមអាមក៏ចេះចាំយ៉ាងស្ទាត់។ ចំណែកនេនពេជ្រក៏ពូកែខាងផ្លុំប៉ីណាស់ដែរ។
ខែរងារមកដល់ នេនទាំងពីរអផ្សុកបានបបួលគ្នា លាលោកគ្រូផ្ទុកតោកក្នុងរទេះ នាំទៅលក់ជានៅស្រុកឆ្ងាយ។ នេនដើរលក់ហូរហែ ដល់ខេត្តត្បូងឃ្មុំ។ គ្រប់ទីកន្លែងដែលនេនទៅដល់ រូបសម្បត្តិនិងសំឡេងរបស់ទុំ បានទាក់ទាញប្រជាជនឲ្យចោមរោមស្រឡាញ់រាប់អាន។ នាងទាវឭនាងនោ ជាអ្នកបម្រើអួតសរសើរពីនេនទុំ(ខ)ក៏ទៅអង្វរម្តាយឲ្យទៅនិមន្តនេនមកស្មូត្រនៅលើផ្ទះ។ ពេលស្មូត្រ នាងទាវចេះតែស្ទុះស្ទាឆ្លេឆ្លា ម្តងចូលក្នុង ម្តងចេញក្រៅ(គ)។ នេនទុំ គ្រាន់តែក្រឡេកឃើញនាងទាវក៏ស្រឡាញ់ភ្លាម។ នេនស្មូត្ររើសតែវគ្គត្រង់ណាដែលអាចប្រើពាក្យ«អូន បង»បាន។ នាងទាវបានរៀបជើងពាន មានផាហ៊ុម ដន្លាប់ និងបារីស្លា ឲ្យនាងនោមកប្រគេនទុំ ហើយនាងសំបូងសង្រូងឲ្យបានជួបទុំជាគូគាប់។ ទុំទទួលគ្រឿងបរិក្ខារហើយ តាំងស្មូត្រមេស្នេហ៍ឲ្យទាវស្រឡាញ់ខ្លួន។ តាំងពីពេលនោះមក ទាំងពីរនាក់នឹងគ្នាទៅវិញទៅមកយ៉ាងអន្ទះអន្ទែង។ ទ្រាំស្ថិតនៅក្នុងផ្នួសលែងបាន ទុំក៏ទៅសូមលោកគ្រូសឹក។ លោកគ្រូគូសលេខអត្តៈ គន់គូរពីជតារាសីសិស្ស ឃើញថាទុំមានទំនាយត្រូវធ្លាក់គ្រោះមរណៈ។ លោកបានឃាត់ទុំឲ្យពន្យារពេលសឹក រហូតដល់ខែពិសាខ។ ឯពេជ្រ លោកអនុញ្ញាតឲ្យសឹកភ្លាមបាន។ កើតទុក្ខមិនបានសឹក ទុំក៏យកទៀនធូបទៅប្រកាសសឹកម្នាក់ឯង ក្បែរដំបូកមួយ។ សឹករួច ទុំទៅសុំទោសគ្រូ ហើយមកលាម្តាយធ្វើដំណើរទៅត្បូងឃ្មុំភ្លាម ដោយមានពេជ្រកំដរផង។ ពេលយប់ អ្នកដំណើរទាំងពីរតែងឡើងដេកលើប្រគាបឈើ ទាំងចិត្តព្រួយបារម្ភខ្លាចសត្វសាហាវគ្រប់បែប ហើយទុំក៏នឹកឃើញថា ការតស៊ូរបស់ខ្លួន ដើម្បីស្រីបែបនេះ ហាក់ដូចជាមិនសមសោះ(ឃ)។ មកដល់ត្បូងឃ្មុំ ទុំ ពេជ្រ នាំគ្នាទៅស្នាក់នៅផ្ទះម្តាយធម៌របស់ខ្លួន។
ឯឧកញ៉ាអរជូន ចៅហ្វាយស្រុកខេត្តត្បូងឃ្មុំ បានស្រុះស្រួលនឹងភរិយា ឲ្យអ្នកផ្លូវទៅចែចូវដណ្តឹងនាងទាវ ឲ្យម៉ឺនងួនជាកូន។ ម្តាយនាងទាវសប្បាយចិត្តណាស់ នាំដំណឹងមកប្រាប់នាងទាវថា គាត់បានសម្រេចលើកនាងឲ្យម៉ឺនងួនហើយ។ ឭដូចនេះ នាងទាវប្រកែកយ៉ាងតឹងមាត់ មិនយល់ព្រម តែម្តាយនាងបានទាញយកពាក្យទំនៀម «នំមិនធំជាងនាឡិ» មកបង្ខំនាង។
ជាច្រើនថ្ងៃក្រោយមក ដំណឹងស្តីពីការស្តីដណ្តឹងនេះ ក៏លេចឮទៅដល់ទុំ បណ្តាលឲ្យបណ្ឌិតព្រួយចិត្តជាខ្លាំង។ ល្ងាចមួយ ទុំបានដើរ មកកាន់ផ្ទះនាងទាវ។ ពេលនោះ ជួនជាម្តាយទាវមិននៅផ្ទះ ហើយឃើញទុំឈររេរាៗ នាងទាវក៏ប្រើនាងនោ ឲ្យមកនាំទុំឡើងទៅលើផ្ទះ។ ទុំនិងទាវ បានឱកាសនិយាយផ្តោះផ្តងគ្នាទៅវិញទៅមក។ អ្នកទាំងពីរស្បថស្បែ សន្យាស្មោះត្រង់ចំពោះគ្នានឹងគ្នា ហើយក៏ប្តូរប្រាណ ដោយនាងនោជាអ្នកជួយលាក់លៀម។ លុះម្តាយនាងទាវមកដល់ផ្ទះ ទុំបានដោះសារថា ខ្លួនទើបនឹងមកដល់ ក្នុងបំណងរកទិញគោនិងសេះ។ ម្តាយទាវរួសរាយរាក់ទាក់ ទទួលបណ្ឌិតទុំ និងពេជ្រ ឲ្យស្នាក់នៅលើផ្ទះរបស់ខ្លួន តាមត្រូវការ។ ទុំតែងឆ្លៀតឱកាសស្ងាត់ បន្តស្នេហាលបលាក់នឹងនាងទាវ។ ឯម៉ឺនងួនក៏ចេះតែចេញចូលផ្គាប់ចិត្តនាងទាវឥតលោះថ្ងៃដែរ។
ពេលនោះ កេរ្តិ៍ឈ្មោះពេជ្រនិងទុំឮល្បីដល់ទៅរាជធានីលង្វែក។ ព្រះបាទរាមាជើងព្រៃបានចាត់បម្រើឲ្យមកនាំយុវជនទាំងពីរទៅកាន់ទីក្រុង។ ក្រោយមកទៀត ស្តេចមានបំណងចង់បានស្ត្រីរូបល្អមកធ្វើជាអគ្គមហេសី។ រាជអាមាត្របានដើរស្វែងរកគ្រប់ទីកន្លែង មិនប្រទះឃើញនារីណារូបល្អសោះ។ លុះមកត្បូងឃ្មុំ ទើបបម្រើរកបាននាងទាវតែម្នាក់គត់ នាំយកទៅថ្វាយព្រះរាជា។ ស្តេចគាប់ព្រះទ័យនឹងទាវ ហើយក៏បញ្ជាឲ្យទុំច្រៀងលើកសរសើរសម្រស់នាង។ ទុំកាត់ខ្លាច ច្រៀងទូលថា ទាវជាសង្សាររបស់ខ្លួន។ ស្តេចខ្ញាល់នឹងទាវជាខ្លាំង(ង) តែបានរំងាប់ចិត្តតាមផ្លូវធម៌ ហើយផ្សំផ្គុំអ្នកទាំងពីរជាប្តីប្រពន្ធ។
ម្តាយទាវខកចិត្ត ត្រឡប់មកត្បូងឃ្មុំវិញតែម្នាក់ឯង។ គាត់ទៅចាក់ចុចឲ្យអរជូន(ច) គិតគូររឿងការកូនបន្តទៅទៀត រួចហើយម្តាយទាវធ្វើសំបុត្រថាខ្លួនឈឺ ហៅនាងទាវឲ្យត្រឡប់មកត្បូងឃ្មុំវិញ។ នាងទាវមកដល់ ដឹងថាចាញ់បោកម្តាយ ក៏ផ្ញើសំបុត្រឲ្យដំណឹងទៅទុំ។ ទុំកើតទុក្ខជាខ្លាំងនឹងហេតុកាណ៍នេះ។ គេទូលស្តេចតាមដំណើរ ព្រះបាទរាមាខ្ញាល់នឹងអរជូនជាខ្លាំង។ ស្តេចធ្វើសារមួយឲ្យទុំមកកាន់ត្បូងឃ្មុំ។ គ្រាន់តែឮស្គរការពីចម្ងាយ ទុំស្លុតចិត្តគិតតែយំស្រែក(ឆ) ទាល់តែពេជ្រតឿន ទើបទុំស្លៀកពាក់តុបតែងខ្លួន ទៅកាន់ផ្ទះការ។ នៅលើផ្ទះទាវ(ជ) ទុំផឹកស្រាឲ្យកើតសេចក្តីក្លាហាន(ឈ) ហើយទើបស្រែកច្រៀងហៅនាងទាវឲ្យចេញពីបន្ទប់។ ទាវមកដល់ ទុំលើកនាងបីត្រកងដាក់លើភ្លៅ(ញ) អោបថើបបបោសអង្អែលយ៉ាងស្រើបស្រាល រួចចោទប្រកាន់ថា នាងទាវមិនស្មោះនឹងខ្លួន។ ទុំប្រើទាវឲ្យយកស្រាមកផឹក នឹងអាលចេញដំណើរទៅលង្វែកវិញ។ នាងទាវបម្រើទុំសព្វគ្រប់ ហើយចូលទៅសម្ងំយំនៅក្នុងបន្ទប់វិញ។ ពេលនោះ ម្តាយទាវទប់កំហឹងលែងបាន ស្រែកហៅអរជូន ឲ្យចាប់ទុំទៅសម្លាប់។ នាងទាវឮថា គេចាប់ប្តី នាងស្រែកអង្វរគេកុំឲ្យចាប់ចងប្តីនឹងផ្តៅ តែសូមឲ្យចងនឹងឈ្នួតស្តេចប្រទានវិញ(ត)។ គេអូសទុំយកទៅបាត់។ យប់មកដល់ ទើបនាងទាវដឹងថាទុំស្លាប់។ នាងទាវប្រើនោឲ្យទៅយកកាំបិតស្លាមកឲ្យនាង(ថ) រួចនាងបន់ស្រន់(ទ) កុំឲ្យនរណាឃើញនាង ពេលនាងចុះពីលើផ្ទះ។ ជួបក្មេងឃ្វាលគោ នាងទាវដោះចិញ្ចៀនឲ្យក្មេង ដោយពឹងពាក់ឲ្យវាទៅច្រៀងប្រាប់អ្នកកំពុងហូបចុកក្នុងពិធីការថា ទាវនិងនោបានទៅស្លាប់ជាមួយទុំហើយ។ បន្ទាប់មកនាងដើររកទាល់តែឃើញខ្មោចទុំ នៅក្រោមដើមពោធិធំ នៃភូមិជើងខាល។ នារីទាំងពីរសម្លាប់ខ្លួនដួលដេកលើខ្មោចទុំ។
ឯពួកអ្នកមកការឮក្មេងច្រៀង ក៏ផ្អើលឆោឡោដើររកទាវ។ ដឹងថាបាត់រូបទាវ អរជូនខឹងណាស់ ដើររកខ្លួនឯងរហូតដល់ដើមពោធិជើងខាល ក៏ឃើញអ្នកទាំងបីស្លាប់នៅទីនោះ។ ពេលគេទាញអូសសពយកទៅកប់ ស្រាប់តែឃើញព្រះរាជសារស្តេចជ្រុះចេញមកពីខ្លួនទុំ។ អរជូនភ័យខ្លួនហើយបែរទៅបន្ទោសនិងទំលាក់កំហុសលើម្តាយទាវ។
ចំណែកពេជ្រ កាលបើដឹងថា គេសម្លាប់ទុំហើយ ក៏នាំក្រុមរបស់ខ្លួនចុះទូកមកលង្វែកវិញ នាំយករឿងរ៉ាវទៅទូលដល់ស្តេច(ធ)។ ព្រះរាមាជើងព្រៃខ្ញាល់ខ្លាំងណាស់ ព្រះអង្គយាងមកកាន់ត្បូងឃ្មុំ ដោយព្រះអង្គឯងនិងបញ្ជាឲ្យចាប់ក្រុមគ្រួសារអរជូន ព្រមទាំងម្តាយទាវផ្តន្ទាទោស ដោយរាស់ផ្តាច់ក។ ឯអ្នកចូលរួមដទៃទៀត ក៏ត្រូវបញ្ចូលជាអ្នកងារ៕
ចំនុចខុសគ្នាខ្លះៗរវាងរឿងទុំទាវ សន្ធរម៉ុក និងភិក្ខុសោម (ក្នុងស្នាដៃរបស់សន្ធរវោហារម៉ុក)
(ក) ទុំ និងពេជ្រ មិនដែលលក់តោកទេពីមុនមក លុះមកដល់ពេលអផ្សុក ទើបនាំគ្នាធ្វើលក់។
(ខ) គ្រាន់តែឮនោតំណាលប្រាប់ពីនេនទុំ នាងទាវចាប់ចិត្តស្រលាញ់ទុំរួចជាស្រេចហើយ។ ឯទុំក៏ស្រឡាញ់នាងទាវតាំងពីមិនទាន់ឃើញរូបនាងដែរ ដោយគ្រាន់តែឮការសរសើរពីអ្នកស្រុក។
(គ) នាងទាវគ្រាន់តែចេញពីបន្ទប់ មកឈរនៅមាត់ទ្វារ បំណងឲ្យនេនឃើញ។
(ឃ) គ្មាន
(ង) ស្តេចខ្ញាល់នឹងទុំ
(ច) អរជូនគាំទ្រនឹងគំនិតម្តាយទាវ ព្រមទាំងដៀលត្មះទុំច្រើន។ អរជូនបានចុះឡើងផ្ទះម្តាយទាវញឹក ដើម្បីជំរុញការងារអាពាហ៍ពិពាហ៍ឲ្យបានរហ័ស។
(ឆ) ទុំឥតតក់ស្លុតសោះ។ គេបានតឿនពេជ្រ ឲ្យរៀបចំខ្លួនប្រញាប់ប្រញាល់ផង។
(ជ) គ្រាន់តែឃើញរូបទុំឡើងដល់លើផ្ទះ អរជូន និងកូនខឹងក្រទីក្រទា តែមិនហ៊ានចូលចាប់ ព្រោះ«ខ្លាចខុសឆ្គង»
(ឈ) ទុំមិនដែលបាត់ស្មារតី និងភាពភ្លឺស្វាងទេ ប៉ុន្តែអ្នកនិពន្ធពន្យល់ថា ទុំភ្លេចសារ ដោយសារកម្មរបស់ខ្លួន។
(ញ) ទុំសង្ស័យនឹងទឹកចិត្តរបស់នាងទាវចំពោះខ្លួន។ ពេលនាងទាវចេញមកបង្ហាញខ្លួន នាងមូរបារីឲ្យទុំបណ្តើរ ពន្យល់ប្តីពីទឹកចិត្តនាងបណ្តើរ។ លុះដឹងច្បាស់ថា ប្រពន្ធពិតជាមានភក្តីភាពចំពោះខ្លួនហើយ ទុំក៏និយាយលើកទឹកចិត្តនាងទាវ ឲ្យក្លាហានឡើង ដើម្បីពុះពារឧបសគ្គចំពោះមុខ។ ពេលនោះ ភ្ញៀវបន្តការហូបចុក។ ទុំចាប់ផ្តើមច្រៀងក្នុងន័យតវ៉ាថា នាងទាវពិតជាប្រពន្ធខ្លួនយ៉ាងពេញច្បាប់ ព្រោះមហាក្សត្របានរៀបការនាងមកឲ្យខ្លួនហើយ។ ច្រៀងចប់ទុំហៅនាងទាវឲ្យរៀបចំខ្លួន ដើម្បីចេញដំណើរ។ នាងទាវយកពែងដួសស្រាមកជួនប្តី។ ផឹកស្រារួច ទុំកៀកស្មាប្រពន្ធបម្រុងនាំគ្នាចុះពីលើផ្ទះ។ ពេលនោះម្តាយទាវក៏ស្ទុះក្រទាឡើង ឃាត់ដំណើរអ្នកទាំងពីរ ហើយចោទប្រកាន់ទុំថាបាន «ចាប់ដៃកំហែងកូនគាត់ឲ្យទៅតាមខ្លួន»។ រួចហើយ គាត់ងាកទៅជម្រាបអរជូន ឲ្យចាប់ទុំ
(ត) នាងទាវស្រែកដូច្នេះ ព្រោះនាងសង្ស័យថា ក្នុងឈ្នួតនេះ មានផ្ទុកសារស្តេច។ យើងដឹងច្បាស់ពីគំនិតនាងទាវ ក្នុងពេលនោះថាដូចនេះ ព្រោះនៅពេលរកឃើញខ្មោចទុំភ្លាម កាយវិការដំបូងរបស់នាង គឺឆែកក្នុងឈ្នួត ដើម្បីបញ្ជាក់ឲ្យឃើញថា ការសង្ស័យរបស់នាង ត្រឹមត្រូវដែរឬទេ។ លុះរកឃើញសារស្តេច ដូចនាងស្មានមែន នាងទាវបានសម្តែងការសោកស្តាយជាខ្លាំង ចំពោះការភ្លេចភ្លាំងរបស់ទុំ ដែលជាបុព្វហេតុនាំឲ្យគេរងគ្រោះដល់ជីវិតដូចនេះ។
(ថ) ពេលបានកាំបិតស្លាហើយ នាងទាវនិយាយលានាងនោ។ ប៉ុន្តែនាងនោបានប្រាប់ទៅនាងទាវថា រូបនាងសុខចិត្តស្លាប់ជាមួយនាងនិងទុំវិញ ប្រសើរជាងរស់នៅ។ ដូចនេះហើយបានជាអ្នកទាំងពីរលួចចុះពីលើផ្ទះទៅជាមួយគ្នា។
(ទ) គ្មាន
(ធ) ពេជ្រមកដល់វាំងនៅពេលយប់។ (ធម្មតា ក្នុងការធ្វើដំណើរពីត្បូងឃ្មុំមកលង្វែក ត្រូវប្រើពេល៥ថ្ងៃ ប៉ុន្តែចំពោះដំណើរពេជ្រនៅពេលនេះ គេប្រើពេលតែ២៤ម៉ោងប៉ុណ្ណោះ)។ អ្នកយាមទ្វារឃាត់មិនឲ្យពេជ្រចូលគាល់ ព្រោះស្តេចផ្ទំ។ ពេជ្របានចាប់យកខ្លុយមកផ្លុំ ទាល់តែផ្អើលមនុស្សម្នាភ្ញាក់ពីដំណេកអស់មួយផ្ទៃវាំង។ គ្រាន់តែបានចូលគាល់ស្តេចហើយ ទូលស្តេចពីមរណភាពរបស់ទុំចប់សព្វគ្រប់ ពេជ្រក៏ដាច់ខ្យល់ស្លាប់ ដោយសារការហត់នឿយខ្លាំងពេក។ ឃើញពេជ្រស្លាប់ទាំងបង្គុយដូចនេះ ស្តេចខ្ញាល់ជាខ្លាំង ហើយបញ្ជាឲ្យរៀបចំទ័ពសម្រាប់សឹកសង្រ្គាមទាំងយប់។ ព្រះអង្គប្រកាសថា អរជូនពុំខ្លាចព្រះឱង្ការ ដោយហ៊ានចាប់បង្ខំនាងទាវទៅការនឹងកូនខ្លួន ហើយសម្លាប់ទុំជាខ្ញុំរាជការថែមទៀត។ ព្រះរាមាបន្ថែមថា៖ «ដូច្នេះសម្លាប់វាកុំក្រែង ហ៊ានការជាល្បែងពុំក្រែងស្តេច»
រឿងទុំទាវសន្ធរម៉ុកនេះ អ្នកស្រាវជ្រាវរកឃើញតែត្រឹមនេះ ប៉ុន្តែពុំមែនមានន័យថា ចប់ត្រឹមនេះទេ ព្រោះគេបានរកឃើញទំព័រដាច់ៗគ្នាមួយចំនួនទៀត។ អ្នកស្រាវជ្រាវបានបន្ថែមថា ដំណើររឿងដែលដាច់បាត់នោះ មានចំនួនប្រហែល១០ទំព័រប៉ុណ្ណោះ៕
———————————–
ប្រភព៖ អត្ថបទនេះដកស្រង់ពីសៀវភៅ «បទអត្ថាធិប្បាយរឿង ទុំ ទាវ» បោះពុម្ពផ្សាយដោយ គ្រឹះស្ថានបោះពុម្ពផ្សាយ អប់រំ ក្នុងសម័យរដ្ឋកម្ពុជា ឆ្នាំ១៩៨៩។ អ្នកនិពន្ធ៖ សមមិត្តនារី យិន វ៉ាន់ថា។ អ្នករៀបរៀង៖ សមមិត្ត លី សុមុនី និងសមមិត្ត ប្រាក់ ព្រុំ។ អ្នករចនាក្រប៖ សមមិត្ត ប៉ាន់ ត្រា។ (អរគុណចាបតូចដែលបានប្រាប់អំពីប្រភពសៀវភៅ)
អានផងដែរ៖
· បទវិភាគទុំទាវ៖ សេចក្តីផ្តើម
· បទវិភាគទុំទាវ៖ តើភិក្ខុសោមជានរណា?
· ភិក្ខុសោម

· ការផ្លាស់ប្តូរផ្នែកសង្គម និងភាសា៖ សិក្សាលើវណ្ណកម្មអតមៈរឿង ទុំទាវ
Image may contain: 2 people

No comments:

Post a Comment