ឪពុកនិងកូនជិះសត្វលា
(បទបថ្យាវត្ត)
មានរឿងមួយគួរគិតពិចារណា
អានយល់ការណ៍កវីស្មេរចារសេចក្តី
តែងជាកំណាព្យប្រលោមខ្លឹមខ្លី
គួរគាប់ជាប់ជួនចៃដន្យខ្ញុំបាន
សៀវភៅអំណានរឿងព្រេងនិទាន
ប្រលោមវែងខ្លីនៃបែបទូន្មាន
អប់រំធម្មទានមនុស្សក្នុងលោកា។
ឪពុកនិងកូនជិះលាគេថា
អនិច្ចាសត្វលាមួយក្បាលនេះណាស់
ឪពុកនិងកូនហេតុខ្លួនជាម្ចាស់
កម្មពៀរក្រៃក្រាស់ជិះគ្មានស្រណោះ។
លោកស្តាប់នូវពាក្យអ្នកដទៃញ៉ោះ
អាល័យអាឡោះចុះឈប់ជិះលា
ដោយខ្លាចគេស្តីពោលពាក្យនិន្ទា
ធ្វើបាបសត្វលាស្គមតូចរីងរៃ។
ឆ្លងកាត់តាមភូមិមួយព្រួយចិត្តនិងស្រី
បានពោលហាស្តីឱ្យឪជិះលា
មិនសាកសមសោះកូនដើរឯកា
បែរឪជិះលា កូនទើបសមជាង។
ឪពុកខ្លាចកូនខ្មាសអស់ពួកនាង
ចុះដើរល្អជាងទុកលាឱ្យកូន
ដើរពេលកូនជិះញាតិស្តីអាអូន
គុណអាចសាបសន្យទុកឪជិះវិញ។
អ្នកទាំងពីរទុក្ខព្រួយសែនទោម្នេញ
ប្តូរមកដើរវិញខ្លាចញាតិស្តីថា
ដឹកដល់ចុងភូមិញាតិលាន់មាត់យ៉ា!
ចៅនិងលោកតាមានលាមិនជិះ?
នេះជារឿងគួរគិតពិចារត្រិះរិះ
រៀងនេះដូច្នេះសង្ខេបបែបខ្លី
លើកយកបង្ហាញជូនញាតិប្រុសស្រី
អាចយល់កាត់ន័យទូន្មានអប់រំ។
ស្រូវស្រែខ្មែរកសិករ
(បទបថ្យាវត្ត)
កសិករធ្វើស្រែនាខែវស្សា
ភ្លៀងធ្លាក់កាលណាទឹមគោភ្ជួររាស់
ខ្លះត្រៀមឧបករណ៍នង្គ័លរនាស់
ចបកាប់ចូកគាស់ដាស់ដីវស្សា។
ខ្មែរថែប្រពៃណីស្នងដូនតា
ដីស្រែចម្ការបន្សល់ទុក
ស្នងដល់កូនចៅញាតិផៅទៅមុខ
ពូជខ្មែរម្ចាស់ស្រុកដែនដីរដ្ឋា។
កសិករភ្ជួររាស់ព្រោះពូជវស្សា
សមល្មមកាលណាចាប់ផ្តើមដកស្ទូង
ដកដោតដាក់ស្រែជាឈ្មោះសន្ទូង
សញ្ញាស្គរលោកទូងដាស់រៀបចំខ្លួន។
លាស់ត្រួយខៀវខ្ចីដីវស្សាសួន
ស្រូវរៀបដូចក្បួនតាមដោយប្រពៃ
មួយខែកន្លងបានជាច្រើនថ្ងៃ
ងើយស្កកចង្រៃឱនក្បាលដាក់គ្រាប់។
ស្រូវពណ៌មាសម្ចាស់គិតគូរគាប់
ប្រវាស់ដៃជាប់ច្រូតនិងបោកបែន
រោយហាលយកពូជណាល្អសាច់ណែន
ដាលានសែនព្រេនប្រជុំកសិករ។
ចាបស្រុកនិងព្រានបក្សី
(បទបន្ទោលកាក)
ពោលរឿងចាបស្រុក កើតទុក្ខព្រោះព្រានបក្សី
បាញ់គ្មានប្រណី ចាប់ឆីគ្មានក្តីអាសូរ។
ចាបស្រុកស៊ីស្រូវ ក្បែរផ្លូវមាត់ទឹកហូរ
បណ្តោយដងអូរ ឮសូរខ្ញៀវខ្ញាកឺកកង។
ជួនជាចៃដន្យ អាសន្នមកដល់ត្រសង
ស្ទុះម្នីម្នាផង ហើរឆ្លងដងអូរខ្លាចស្លាប់។
តែអកុសល កង្វល់រងទុក្ខឈឺចាប់
ព្រានប្រុងសម្លាប់ តែព្រានស្តាប់ពាក្យអង្វរ។
ចាបពោលពាក្យវាចា ភូតថាសាច់ខ្ញុំមិនល្អ
ឆីមិនបវរ មិនសល្អឆីនោះទេ។
បើខ្ញុំស្លាប់ទៅ កូនចៅយ៉ាងណានោះទេ
ច្បាស់យំរកមេ ដឹងទេលោកព្រានបក្សី។
ព្រានស្តាប់ចប់ហើយ ក៏ឆ្លើយស្រដី
ឱ!ចាបបក្សី ប្រណីទោសពៃខ្ញុំផង។
ធ្វើម្តេចគិតខុស កំហុសខុសឆ្គង
ដែលមានបំណង ប៉ុនប៉ងប្រហារគ្មានគិត។
សូម្បីតែសត្វ ខ្លាចបាត់បង់ជីវិត
ស្តាប់ហើយភ្លឺចិត្ត អាណិតចាបសត្វទាំងឡាយ។
ចាបពោលអរគុណ ចិត្តទន់ផ្តល់ក្តីរំសាយ
ចិត្តមហន្តរាយ ខ្ចាត់ខ្ចាយដោយក្តីមេត្តា។
សត្វមានជីវិត ជិតស្និទ្ធមនុស្សលោកា
ដូចពុទ្ធដីកា បាណាតិបាតាវៀរ។
កំណាព្យមូលដ្ឋាន១៣បទ
(បទកាកគតិ)
មួយបទមានបួន ពីររាបើតាមក្បួន
គឺបថ្យាវត្ត និយមតាក់តែង
បីចេះចាំស្ទាត់ ចេះច្បាស់ប្រាកដ
បទកាកគតិ។
បួនបទព្រហ្មគីតិ ត្រាប់តាមបណ្ឌិត
ត្រូវចេះ សុ ចិ ប្រាំបទពុំនោល
តកាកគតិ តិបូកនិងតិ
បទបន្ទោលកាក។
ភុជង្គលីលា កវីពណ៌នា
ទីប្រាំពីរស្លាក ប្រាំបីនោះនៃ
តបន្ទោលកាក ស្មេរសុំការផ្អាក
បទពាក្យប្រាំមួយ។
បទតមួយទៀត ស្តាប់ដូចចង្អៀត
លោកអ្នកកុំព្រួយ មានបទប្រាំពីរ
ប្រាំបីមានមួយ ប្រាំបួនជំនួយ
និងដប់បន្ទាប់។
បទពាក្យដប់មួយ ចប់បទអស់ព្រួយ
ស្មេរមិនគួរគាប់ សុំអត់ទោសពៃ
ដែលខ្ញុំរៀបរាប់ ហូរហែបន្ទាប់
ទាំងអស់ដប់បី។
បទពាក្យមេបួន
(បទកាកគតិ)
បទពាក្យមេបួន មានព្យាង្គកាព្យជួន
មួយវគ្គបួនឃ្លា អ្នករៀនបានដឹង
ខ្ញុំនឹងពណ៌នា ចែងជាកាព្យា
ត្មែងជាចំណារ។
មួយឃ្លាបួនព្យាង្គ អស់លោកអ្នកនាង
ចូរចងចាំថា មានតែបួនឃ្លា
កុំច្រឡំណា ប្រយ័ត្នសោកា
បទកាកគតិ។
ឃ្លាពីរព្យាង្គបួន បើរាប់ចុងជួន
តាមក្បួនចាស់ម៉ិ ក្នុងឃ្លាទីពីរ
ជួននឹងព្យាង្គប៉ិ ព្យាង្គបួនឃ្លាតិ
ហៅជួនក្នុងវគ្គ។
ជួនឆ្លងវគ្គល្បះ ខាន់មិនស្រឡះ
ប្រៀបបានជាមគ្គ ជួនឆ្លងតាមក្បួន
ដូចពោះខ្លួននាគ រណ្តុំប្រទាក់
ជួនវគ្គឃ្លាពីរ។
ទម្រង់បទមេបួន
(បទមេបួន)
ស្មេរជាអក្ខរា ចារជាសេចក្តី
ប្រាប់ញាតិប្រុសស្រី ប្រវត្តិកំណាព្យ។
សុំចារចចែង តែងជាកំណាព្យ
អានហើយកុំស្ងាប យល់អត្ថសេចក្តី។
ប្រវត្តិកំណាព្យ កើតតាមសម្តី
អស់លោកអ្នកស្រី ចូរចងចាំទុក។
របៀសរសេរ ស្មេរមានទំនុក
មូលដ្ឋានបន្ទុក មានដប់បីបទ។
គិតទាំងទ្វេមាត្រ ចាក់ច្បាស់ប្រាកដ
ចិតសិបបួនបទ របៀបសរសេរ។
បែបបទការសូត្រ ស្មូតពីបុព្វេ
មត៌កជាកេរ្តិ៍ សូត្រហុកសិបបែប។
តាងជួសកវី សូមស្មេរសង្ខេប
តាមបទតាមបែប រៀបមេបួន។
រៀបរាប់ប្រវត្តិ កំណាព្យកាព្យជួន
ទៅតាមខ្នាតក្បួន ដែលបានចេះចាំ។
បទពាក្យប្រាំបីធម្មតា
ទឹកស្ទឹងរីងខះទឹកស្រះរីងស្ងួត
ដីប្រេះហែងហួតស្ងួតក្រៀមរុក្ខា
សត្វចតុប្បាទដើរលើវេហា
ឯហ្វូងមច្ឆាដើរនៅលើដី។
បក្សីបក្សាធ្លាប់តែហោះហើរ
ឥឡូវបែរដើរដូចជនប្រុសស្រី
ជើងសត្វខ្លួនខ្លាក្បាលដំរី
ប្រាជ្ញខ្លាចសម្តីជនទុច្ចរិត។
អ្នកត្រូវបែរខុសចាប់ទោសទៅវិញ
អ្នកខុសសើចស្ញេញច្បាប់គ្មានសុច្ចរិត
អាងមាសអាងប្រាក់ក្នុងផ្លូវងងឹត
គិតតែប្រព្រឹត្តដោយគ្មានហេតុផល។ឮ
បទពាក្យប្រាំបីធម្មតា
អង្គុយកៅអីសំកុកមើលផ្លូវ
មិនតាំងយូរនៅមើលផ្លូវពុំងា
តាំងពីថ្ងៃរះដល់យប់ចន្ទ្រា
ផ្កាយពេញមេឃាដួងចន្ទពេញវង់។
អូននៅទីណាជីវាមាសបង
ដឹងទេស្នេហ៍ស្នងបងនៅអែអង់
រងចាំពិសីក្បែរមាត់កំពង់
ចាំផ្លូវឆោមយង់អូនវិលមកវិញ។
បែបគ្នាព្រោះតែវណ្ណៈ
អូនមើលជើងមេឃសែនឆ្ងាយអាល័យ
សត្វគ្មាននិស្ស័យទៅមិនដល់ឡើយ
សម្លឹងមើលទៅគ្មានកោះគ្មានត្រើយ
ហេតុដូច្នេះហើយមិនចង់តស៊ូ។
អ្នកក្រដូចបងបានត្រឹមស្រមៃ
ដេកគិតរាល់ថ្ងៃគិតថាមិនយូរ
រឿងនឹងកើតឡើងស្នេហ៍យើងមួយគូ
គង់ឆាប់មិនយូរគង់តែមកដល់។
ស្នេហ៍ខុសវណ្ណៈមាសប្រាក់ដុល្លារ
សូម្បីប្រាថ្នាក៏កើតអំពល់
បញ្ហាស្មុគស្មាញកើតទុក្ខខ្វាយខ្វល់
គ្មានអ្នកគិតយល់ស្នេហាខ្ញុំឡើយ។
បទពុំនោល
សៅរ៍អាទិត្យចុងសប្តាហ៍
រៀនសូត្រសិក្សា
បញ្ញាបរិញ្ញាបត្រ។
ដើម្បីលះបង់កម្ចាត់
ភាពខ្លៅរសាត់
ឆ្ងាយបាត់ក្នុងសន្តានចិត្ត។
សិក្សារៀនប្រើគំនិត
ត្រូវរៀនចេះគិត
បណ្ឌិតលោកពោលសរសើរ។
ជីវិតប្រៀបបានដំណើរ
ដូចថ្ងៃរះដើរ
សត្វហើរគង់ចូលទ្រនំ។
កូនណាមិនចេះយំ
ព្រោះចង់ឆីនំ
ទើបយំដើម្បីបានឆី។
និស្សិតសិក្សាប្រុសស្រី
តែងគិតថ្ងៃថ្មី
ដើម្បីការងារប្រាក់ខែ។
មករៀនសាលាឆ្ងាយស្រែ
នឹកពុកនឹកម៉ែ
នៅស្រែចម្ការឯស្រុក។
មិនចេះដូចគេ
បទពុំនោល
គេចេះអែបអបនៅជិតមេ
ឯខ្ញុំវិញទេ
គេជេរគេថាគេស្តី។
នៅជិតមេហើយខ្លាចស្អី
ហារមាត់ស្រដី
ហេតុអ្វីអ្នកមិនហ៊ាន?
ព្រោះមិនចង់ល្មោភឃ្លាន
ចង់ធ្វើអ្នកមាន
ដែលគ្មានចំណេះ។
ប្រើគំនិតតាមតម្រិះ
រៀនពិតនឹងចេះ
ចំណេះយកមកប្រើការ។
មិនចេះអែបអបទេណា
មិនដែលសោកា
យ៉ាងណាយ៉ាងហ្នឹងទៅចុះ។
អូនជាស្រី
(បទកាកគតិ)
ខ្លួនអូនជាស្ត្រី ស្តាយព្រហ្មចារីយ៍
ក្នុងវ័យក្រមុំ តាំងពីកុមារ
រហូតដល់ធំ ស្តាយភាពក្រមុំ
ដែលខំថ្នមថែ។
ប្រុសទាន់សម័យ ចិត្តស្រីសង្ស័យ
សាវាប្រួលប្រែ ពូកែលួងលោម
បបោសអង្អែល បាត់ភាពជាខ្មែរ
តាមប្រពៃណី។
ស្រីខំសិក្សា ដល់មានស្នេហា
សង្សារអប្រិយ លួងលោមមេត្រី
ទាក់ចិត្តបោកស្រី ដល់ពេលមានប្តី
អស់ន័យខ្លឹមសារ។
ប្រុសព្រានបោកស្រី គ្មានត្រាប្រណី
គ្មានក្តីមេត្តា ប្អូនគេប្អូនយើង
ដូចក្រុមគ្រួសារ មិនពិចារណា
ថាយ៉ាងណានោះ?
(បទពាក្យប្រាំបីធម្មតា)
មើលសត្វបក្សីក្នុងព្រៃព្រឹក្សា
មើលហ្វូងមច្ឆាក្នុងផ្ទៃគង្គា
មើលសត្វកំណាចចាប់ស៊ីម្រឹគា
លើផែនពសុធាសាហាវព្រៃផ្សៃ។
សត្វអកទួញយំឃើញឃ្មុំឆ្វាត់ឆ្វែង
ភ្លើងឆេះគ្មានផ្សែងដោយចោរចង្រៃ
បំផ្លាញរុក្ខាហ្វូងសត្វសឹងក្ស័យ
ដោយសារតែដៃព្រានចិត្តសមាន្យ។
សត្វប្តឹងទេវតាគ្មាននរណាជួយ
សត្វកើតទុក្ខព្រួយខ្លាចបង់ខ្លួនប្រាណ
បាត់បង់ជីវិតដោយពួកតិរច្ឆាន
រត់ចោលភូមិឋានលែងហ៊ានចូលស្រុក។
(បទពាក្យប្រាំបី)
ពពកពណ៌ខ្មៅដៅដានទឹកភ្នែក
មាសស្ងួនយំយែកស្ទើរបែកផែនដី
ទួញប្រាប់រៀបរាប់រឿងប្រុសអប្រិយ
ប្រុសបោកចិត្តស្រីឱ្យនាងសោកា។
ផ្ការីកងាប់គល់អំពល់ចំបែង
ដីប្រេះក្រហែងក្តៅកើនអង្សា
ប្រុសបោកចិត្តស្រីគ្មានក្តីមេត្តា
ហ៊ានក្បត់សាវាចោទផ្កាក្បត់ចិត្ត។
ប្រុសហ៊ានដាច់ចិត្តមិនអាណិតស្រី
លួចក្បត់មានថ្មីគ្មានក្តីអាណិត
ហ៊ានមកបញ្ឈឺយកស្រីមកជិត
គៀកកើយប្រកិតនៅមុខខ្ញុំទៀត។
ហេតុតែស្រលាញ់ទើបចាញ់បោកប្រុស
ទាំងគ្មានកំហុសដាក់ប្រុសចោលម្សៀត
ទាំងចិត្តមិនគិត កុំថាឡើយឆ្លៀត
មិនដែលប្រើស្នៀតក្បត់ដូចបងឡើយ។
ស្នេហាបុប្ផាចំប៉ាស្រុកស្រែ
(បទពាក្យប្រាំបីធម្មតា)
ពេលព្រឹកព្រលឹមទឹកធ្លាក់សន្សើម
ផ្តល់ជាដង្ហើមបក្សីរុក្ខា
ពឹងពាក់អាស្រ័យធម្មជាតិលោកា
តែងតែត្រូវការសន្សើមធម្មជាតិ។
រុក្ខជាតិខៀវខ្ចីលើដីខេមរា
ដែនដីរដ្ឋាមិនដែលឃ្លាងឃ្លាត
ដុះរីកលម្អតាមដងផ្លូវជាតិ
តាមទីឯទៀតកើតទីរម្យដ្ឋាន។
ធម្មជាតិចំប៉ាផ្ការីកចាយក្លិន
ចិត្តតែងសុបិនចង់ជួបកល្យាណ
ចង់ឃើញភក្ត្រាដែលល្បីចំណាន
ឥឡូវខ្ញុំបានឃើញរូបអ្នកហើយ។
បុប្ផាចំប៉ារសក្រអូបសាយ
នាសាស្រស់ស្រាយមិនអង្គកន្តើយ
តាមស្វែងរកក្លិនឯនាយកោះត្រើយ
ឥឡូវជួបហើយក្លិនផ្កាស្រស់ស្រី។
ស្នេហាបុប្ផាចំប៉ាស្រុកស្រែ
ដុះលើដីខ្មែរនគរបុរី
ក្រអូបពេញដើមសាយភាយពេញដី
ធ្វើឱ្យកវីចាញ់ស្នេហ៍បុប្ផា។
ឱ!ផ្កាចំប៉ាមេត្តារៀមផង
បងប្រាថ្នាផ្សងតែអូនចំប៉ា
ដែលដុះលើដីបុរីរដ្ឋា
បងសុំបេះផ្កាតាមបែបប្រពៃណី។
ចំប៉ាធម្មជាតិគ្មានជាតិគីមី
ដុះក្បែរគិរីធ្វើឱ្យកវី
ចារស្មេរកាព្យាចងជាសេចក្តី
ប្រវត្តិរឿងស្រីចំប៉ារដ្ឋា។
អរគុណចំប៉ាមេត្តាដល់បង
ដែលឱ្យរៀមបងចូលដល់មេបា
តាមប្រពៃណីថ្ងៃមង្គលការ
បងនិងជីវាជាប្រពន្ធប្តី។
ចំណេះមហាគុណ
បទកាកគតិ
ឯកសារចំណេះ អានហើយនឹងចេះ
មេរៀនដែលអាន ទោះវែងឬខ្លី
ន័យអត្ថអំណាន ពុទ្ធិយើងបាន
ដោយសារសៀវភៅ។
វិជ្ជាទាំងឡាយ យល់ហើយសប្បាយ
បានដឹងរាក់ជ្រៅ បញ្ហាសង្គម
មនុស្សល្អល្ងង់ខ្លៅ មិនតាំងយូរនៅ
គង់យល់បញ្ហា។
វិជ្ជាអប់រំ ពុទ្ធិសុខុម
ដល់អ្នកសិក្សា ក្រេបយកចំណេះ
នៅតាមសាលា ទោះនៅទីណា
អានបានទាំងអស់។
កូនយើងឈឺ
បទអើយរ៉ា
អូនអើយ អើយរ៉ា ប្រពន្ធបង
នួនល្អង អើយរ៉ា កូនយើងឈឺ
ពេលនេះ អើយរ៉ា មានជំងឺ
អូនលឺ អើយរ៉ា បងហៅទេ?
កូនយំ អើយរ៉ាសឹងរាល់ថ្ងៃ
ស្រមៃ អើយរ៉ា ដល់មាសមេ
យំនឹក អើយរ៉ា ធ្លាប់បំពេរ
ទំនេរ អើយរ៉ា ពីការងារ។
ឥឡូវ អើយរ៉ា ស្ងាត់ដំណឹង
បាត់ឈឹង អើយរ៉ា គ្មានវេលា
ថ្នាក់ថ្នម អើយរ៉ា កូនស្ងួនភ្ងារ
បែរជា អើយរ៉ា មិនឃើញអូន។
ខឹងឆ្មាស៊ីត្រី
បទពាក្យប្រាំបួន បែបបទជាប់ទង
ខឹងនឹងឆ្មា តាជេរស្តី ត្រីឆ្មាស៊ី
រកវក់វី ទីចង្ក្រាន បានប្រទះ
ស៊ីរវះ ជះកំហឹង ខឹងនឹងឆ្មា។
ចុះដងទឹក ភ្លឹកមួយគ្រា វាចាប់ធ្វើ
ត្រីលើធ្នើ ទើរលើឆ្អើ ដើររកតា
នៅចម្ការ ប៉ាសួរខ្ញុំ ម៉ុមនៅណា
ណាអាហារ ប៉ាឃ្លានបាយ នាយការងារ។
អគតិបួនយ៉ាង
(បទពាក្យប្រាំបី)
ឆន្ទាគតិសេចក្តីលម្អៀង
គ្មានគិតប្រិតប្រៀងព្រោះតែស្រលាញ់
អ្នកទោសរួចខ្លួនអ្នកឈ្នះបែរចាញ់
លម្អៀងស្រលាញ់ឃើញទោសថាល្អ។
ទោសាគតិលម្អៀងព្រោះស្អប់
ពូកែបង្កប់ឃើញទោសបវរ
សច្ចមិនឃើញបែរបន្ទោសត
ប្រជាក្រីក្រចាញ់តែរហូត។
មោហាគតិលម្អៀងព្រោះល្ងង់
ដោយហេតុទើបលង់ឡើងចាងតាមកូដ
ល្ងង់គ្មានហេតុផលក្រចាញ់ចងឆ្គួត
អ្នកឈ្នះស្លូតបូតចាញ់គ្មានហេតុផល។
ភយាគតិលម្អៀងព្រោះខ្លាច
ដូចឃើញបិសាចខ្លាចគ្មានអ្នកយល់
ចិត្តមិនរឹងមាំរសាប់រសល់
ចេះខ្លាចវិលវល់ជាតិបុថុជ្ជន។
ដឹងខុសចេះកែ
បទពាក្យប្រាំបួន
គិតនឹកអស់សំណើចកំណាព្យកវី
ស្នាដៃថ្មីរបស់កវីភូមិចេក
គិតស្មេរតែងភ្លាមចិត្តត្រេកអរពន់ពេក
កើតចិត្តត្រេកសប្បាយនឹងតែងកំណាព្យ។
តែគួរសោកស្តាយចិត្តកាយកើតអំពល់
ក្តីកង្វល់រឿងស្មេរតាក់តែងពាក្យកាព្យ
ស្មេរបទពាក្យប្រាំបួនជួនខុសកំណាព្យ
ខុសជើងកាព្យត្រង់ជួនផ្ទួនរណ្តុំឃ្លា។
តែម្យ៉ាងដែរមានខ្មែរចេះតែងកំណាព្យ
លោកចេះកាព្យជួយប្រាប់ពន្យល់មួយគ្រា
រៀបរាប់បង្ហាញសេចក្តីន័យពណ៌នា
ដូចមាគ៌ាទៅរកផ្លូវត្រូវវិញ។
អរគុណប្រិយមិត្តយកចិត្តទុកដាក់អាន
មិត្តកល្យាណភុំផានខ្លះឈប់ទោម្នេញ
អានយល់ហេតុការណ៍ត្រូវចំមនោពេញឮ
ខ្លះទន្ទេញដើម្បីយកមកប្រើការ។
ជីវិតអ្នកប៉ះកង់
បទមេបួន
ផ្លូវលំស្រុកស្រែ នាខែវស្សា
ខ្ទមក្បែរសាលា ជាខ្ទមប៉ះកង់។
ខ្ទមតូចប្រក់ស្បូវ នៅមាត់កំពង់
មានជាងប៉ះកង់ ស្នាដៃចំណាន។
ធ្វើយកកម្រៃ គ្មានថ្ងៃណាខាន
មិនហ៊ានសម្រាន ខកខានម្តងឡើយ។
ជីវិតប៉ះកង់ ហេតុចង់ធូរស្បើយ
គ្មានដ្ងៃល្ហែល្ហើយ តែខំតស៊ូ។
ប៉ះកង់ម៉ូតូ ប្តុរស្បែកកៅស៊ូ
កងង់ធ្លាយបែកធូរ ប៉ះថ្លៃសមរម្យ។
តស៊ូយកចិត្ត ជីវិតមធ្យម
រស់ដោយសុខុម ការងារខ្លួនឯង។
បានប្រាក់តិចតួច ស្តួចស្តើងចាត់ចែង
បាយទឹកសម្បែង ចិញ្ចឹមគ្រួសារ។
បញ្ជួនកូនរៀន ជាស្ពានថ្លៃថ្លា
រៀនចប់មានការ ងារល្អប្រសើរ។
ជួនមានជួនអត់ កម្សត់ដែរតើ
ផ្លូវមានអ្នកដើរ ថ្មើរយានជំនិះ។
កង់ខូចជួសជុល កង់ផ្ទុះឈប់ជិះ
ខ្ទេចឡើងបែកខ្ទិះ ទើបយកមកជាង។
ទោះជាយ៉ាងណា មិនថាមេឃភ្លៀង
ក៏នៅតែជាង ព្យាបាលឱ្យដែរ។
ជីវិតសុចរិត ខិតខំថ្នមថែ
បមណងហេតុតែ ជីវភាពគ្រួសារ។
ជីវិតកម្សត់ ទ្រាំអត់មិនថា
ទោះមានបញ្ហា ត្រូវតែដោះស្រាយ។
យិតយោងគ្រួសារ បញ្ហារសាយ
ដោះស្រយាម្ហូបបាយ និងប្រាក់កូនរៀន។
ទឹកភ្នែកប៉ះកង់ មាត់កំពង់ស្ពាន
ក្បេរសាលាររៀន លួចអើតមើលកូន។
កូនអើយប្រឹងរៀន ជាយានដូចក្បូន
ជួយចម្លងកូន ផុតចាកភាពក្រ។
កូនត្រូវតស៊ូ យូរឆាប់នឹងល្អ
ជីវិតបវរ កូនល្អប្រសើរ។
ជីវិតប៉ះកង់ ផ្ចិតផ្ចង់ដំណើរ
ខំប្រឹងបណ្តើរ យកប្រាក់កូនរៀន។
ពុកម៉ែសប្បាយ សើចឡើងកូនអៀន
លោកឃើញកូនរៀន ចប់មានការងារ។
កូនក្លាយជាគ្រូ គំរូផងគ្នា
បង្ហាត់វិជ្ជា ដល់សិស្សសាលា។
ជីវិតកម្សត់ សន្មត់ឈប់ចារ
ខ្ញុំលាហើយណា អរគុណបានអាន។
រៀន
(បទកាកគតិ)
រៀន គូររៀនគិត រៀន ប្រើគំនិត
រៀន ពិចារណា រៀន ចេះដោះស្រាយ
រៀន ស្គាល់បញ្ហា រៀន ចេះយល់ការណ៍
រៀន ដឹងសេចក្តី។
រៀន ថ្ងៃរៀនយប់ រៀន យល់សព្វគ្រប់
រៀន ប្រពៃណី រៀន លេខអក្សរ
រៀន ស្គាល់លោកីយ៍ រៀន ចេះកែច្នៃ
រៀន ដឹងគុណគ្រូ។
រៀន ធ្វើសាកល្បង រៀន ស្គាល់ខុសឆ្គង
រៀន កែកុំយូរ រៀន ប្រើអង្គបួន
រៀន ទ្រាំតស៊ូ រៀន ចេញពីគ្រូ
រៀន កើនបញ្ញា។
រៀន ស្តាប់រិះគិត រៀន យល់ពីចិត្ត
រៀន ចេះកត់ត្រា រៀន ចេះសាកសួរ
រៀន ចេះប្រឹក្សា រៀន ក្នុងលោកា
រៀន មិនចេះចប់៕
ស្មេរ គិន ធារ៉ា
ទឹកភ្នែកស្រ្តីលោកប្តីប្រមឹក"
I.ដៃយោលអង្រឹងច្រៀងបំពេរកូន
សូរសៀងរលូនក្រអួនក្រអៅ
ឱ!កូនមាសម្តាយអើយកូនគេងទៅ
ម៉ែបំពេរពៅកូនត្រូវគេងណា។
II.ម៉ែច្រៀងបំពេរពុកកូនធ្វើភ្លេង
កូនអើយឆាប់គេងលែងឮហិង្សា
ភ្លេងបោកចានឆ្នាំងផ្ទះបាយគ្រួសារ
ស្រវឹងកាលណាខ្ទេចខ្ទីគ្មានសល់។
R.ទឹកភ្នែកស្រ្តីលោកប្តីប្រមឹក
ផឹកទាំងថ្ងៃព្រឹកគ្មាននឹកខ្វាយខ្វល់
ឡូឡាញាតិផៅទុក្ខព្រួយអំពល់
ក្រែងគេលែងយល់វាយដុំបកវិញ។
III.កាលនៅកំលោះសុភាពរាបសា
ពេលត្រូវសុរាហិង្សាជ្រក់ជ្រេញ
ធ្វើបាបគ្រួសារគ្មានផលចំណេញ
ចង់តែលែងចេញចិត្តអាណិតកូន។
IV.ឱ!លោកប្តីអើយសមល្មមឈប់ហើយ
គួរគិតកោះត្រើយកសាងជាក្បូន
ចិញ្ចឹមគ្រួសារព្រោះយើងមានកូន
កុំរស់សាបសូន្យឥតន័យខ្លឹមសារ។
បងស្មូត្រឱ្យអូនស្តាប់
(បទ ពាក្យប្រាំពីរ)
ជំនោរត្រជាក់ធ្លាក់រងា
នឹករៀងកាលគ្រាដែលកន្លង
រស់នៅជុំគ្នាគ្មានសៅហ្មង
ស្នេហ៍អូននិងបងដូចទឹកឃ្មុំ។
ក្លិនអូនក្រអូបជាប់នាសា
ហត្ថថ្នមកាយាពៅមាសមុំ
បងស្មូត្រឱ្យស្តាប់អូនសម្ងំ
ស្តាប់បទអប់រំដ៏មានន័យ។
អូនធ្លាប់ស្តាប់ទេច្បាប់ទូន្មាន
ខ្លឹមសារបង្រៀនជនប្រុសស្រី
កុំអួតក្អេងក្អាងចាងសម្តី
ក្រោមមេឃលើដីសុទ្ធមិនទៀង។
កើតមកជាមនុស្សរស់ចេះក្រែង
កុំសេពក្រុមល្បែងគួរជៀសវាង
គ្រឿងញៀនប៉ោបៀស្រីកាច់រាង
គួរតែលះលាងជម្រះទៅ។
ស្មូត្រតែប៉ុណ្ណឹងព្រលឹងយល់
រសាយកង្វល់ដូចជ្រោះជ្រៅ
ទឹកហូរធ្លាក់ឆ្ងាយមិនតាំងនៅ
ដូចពៅបានស្តាប់បងបំពេរ។
យប់ជ្រៅណាស់ហើយពៅស្នេហ៍ស្នង
គេងកើយភ្លៅបងមកមាសមេ
ដៃកាន់ក្រមាភ្នែកទន់ទេរ
ថ្នាក់ថ្នមមាសស្នេហ៍មិនឱ្យហ្មង។
បងសូមសច្ចាសន្យាជាក់
ស្នេហ៍យើងពីរនាក់ពិតឡើយហោង
ជាប្រពន្ធប្តីប្រពៃផង
ច្បាប់ចែងកន្លងមាត្រា១៦។
ស្នេហ៍ចេញពីចិត្តឥតបង្ខំ
ចាស់ទុំផ្សែផ្សំមនុស្សតែមួយ
កសាងគ្រួសារគ្មានទុក្ខព្រួយ
ជួយគ្នារក្សាសុភមង្គល។
ភ្នំពេញ ថ្ងៃទី ២៥ មេសា ២០១៨
ស្នេរ លោក គិន ធារ៉ា
"អនន្តរិយកម្ម"
-ជនណាសាងទោសអនន្តរិយកម្ម
ទោសនោះមានប្រាំដែលអ្នកប្រព្រឹត្ត
អំពើមហាបាប មហាទោសពិត
នេះមិនប្រឌិត មានក្នុងគម្ពីរ។
-ទីមួយពីរពិឃាត មាតាបិតា
ទីបីអរហន្តា អង្គព្រះជិនស្រី
ទីបួនពុរពងព្រះលោហិតថ្លៃ
ទីប្រាំនោះនៃការបំបែកសង្ឃ។
-ទោសទាំងប្រាំមានរឿងតឹកតាង
បិដកសំអាងបរិយាយផ្ចិតផ្ចង់
រឿងភិក្ខុទេវទ្តកាលដែលព្រះអង្គ
ញុះញ៉ុងភិក្ខុសង្ឃឱ្យបែកបាក់គ្នា។
-ចំណែកឯរឿងមហាមោគ្គលាន
ទោសខុសព្រោះហ៊ានសម្លាប់មាតា
និងបិតាខ្លួន គ្មានពិចារណា
ទោសនេះហៅថាអនន្តរិយកម្មធ្ងន់។
-ភិក្ខុទេវទ្តបានពុរពងព្រះលោហិត
ស្ទើរក្ស័យជីវិត អង្គព្រះអរហន្ត
គឺអង្គតថាគត កាលនៅជាសង្ឃ
ព្រោះតែព្រះអង្គចង់ក្តាប់អំណាច។
-អ្នកគួរជៀសវាងពីទោសទាំងឡាយ
បរវាសជៀសឆ្ងាយប្រយ័ត្នគ្រោះកាច់
ទោសអនន្តរិយកម្មជាទោសកោងកាច
បើលោកអ្នកខ្លាច រមែងបានសុខ។
២៧ តុលា ២០១៧
"ខំនិងប្រឹងប្រែង"
ខំរៀនសិក្សាចំណេះទូទៅ
ប្រឹងប្រែងជាផ្លូវទៅអនាគត
ខំស្តាប់ពាក្យគ្រូដោយអំណត់
ប្រឹងប្រែងប្រាកដគង់នឹងបានផល។
ខំអានអក្ខរាពាក្យពេចន៍ទាំងឡាយ
ប្រឹងប្រែងកកាយពាក្យណាមិនយល់
ខំសរសេរទៀតទាល់តែឈប់ខ្វល់
ប្រឹងប្រែងតែងដល់ឃើញភ្លើងវិជ្ជា។
ខំនិយាយពាក្យឱ្យជាទម្លាប់
ប្រឹងប្រែងឱ្យខ្ជាប់ដើម្បីការងារ
ខំដោយអង្គបួនក្លាយជាអាចារ្យ
ប្រឹងប្រែងឧស្សាហ៍ជីវិតប្រសើរ។
និពន្ធ គិន ធារ៉ា
២៥ តុលា ២០១៧
"ព្រះពុទ្ធសាសនានៅកម្ពុជា"
"Buddhism in Cambodia"
(បទពាក្យប្រាំបី)
ព្រះពុទ្ធសាសនាចូលមកកម្ពុជា
តែងជាកាព្យាពាក្យពេចន៍អក្ខរា
ស្រង់តាមប្រភពប្រវត្តិឯកសារ
រៀបរៀងចារទុកជាភស្តុតាង។
ឯកសារខ្លះថា ស.វ ទី បី
វ៉ូកាញ់សក្សី មានជាតឹកតាង
សិលាចារឹកស្ថិតខេត្តញ៉ាត្រាង
អក្ខរាសំអាងក្សត្រស្រីមារ។
ឯកសារខ្លះទៀតសម័យអសោក
ព្រះអង្គចាត់លោកសង្ឃពីរអង្គា
សោណឧត្តរត្ថេរផ្សព្វផ្សាយធម្មា
សុវណ្ណភូមិនា មុន ស.វ ទី បី ។
ប្រភពទីទៃ ស.វ ទីប្រាំ
ឥណ្ឌាតែងនាំជំនួញរកស៉ី
សម័យហ៊្វូណនដែលជាទឹកដី
ខេមរាប្រុសស្រីទឹកដីកំណើត។
អស់លោកអ្នកស្រីគួរគិតថ្លឹងថ្លែង
កុំខ្លាចរអែង គិតដូចយប់ខ្នើត
រស្មីពេញវង់ ភ្លឺស្រស់ល្អឆើត
យប់ដប់ប្រាំកើតរៀនយល់សាសនា។
និពន្ធ គិន ធារ៉ា
២៤ តុលា ២០១៧
"ទំនួញខ្មែរសម័យខ្មែរក្រហម"
(បទពាក្យប្រាំពីរ)
ផ្ទៃមេឃស្រឡះបែរងងឹត
អ្នកក្រុងជុំជិតនៅភ្នំពេញ
ធ្លាប់រស់ជុំញាតិគ្មានទោម្នេញ
ខ្មែរក្រហមដេញពីលំនៅ។
ជម្លៀសប្រជាចេញពីស្រុក
ខ្មែររស់រងទុក្ខឥតសោកសៅ
ធ្វើបាបទាំងសង្ឃយ៉ាងឃោរឃៅ
ដាក់ទោសទណ្ឌទៅធ្វើចម្ការ។
អង្គការពោលពាក្យរស់ស្មើគ្នា
គ្មានប្រាក់ទ្រព្យាឡានវីឡា
ដោះដាក់ប្រគល់ជួនអង្គការ
បើសិនតវ៉ាអ្នកនោះស្លាប់។
អ្នកមានឈ្មោះល្បីអភិជន
បើគេដឹងមុនគេចងចាប់
វាយដុំច្រំធាក់ដោយមិនប្រាប់
រងការឈឺចាប់តាមអង្គការ។
សម្រាតស្បង់សង្ឃគ្មានប្រណី
មិនខ្លាចបាបអ្វីក្នុងសាសនា
ប្រើដូចសត្វធាតុគ្មានមេត្តា
ចោទសង្ឃខ្មែរថាចោរថង់យាម។
សម្តីអង្គការគ្មានពាក្យផ្អែម
អសុរោះថែមដូចឈ្លើងទាម
ប្រាប់ទៅប្រជាថាក្នុងនាម
ជាសាច់ឈាមឪពុកម្តាយ។
បើជនណាក្បត់នឹងអង្គការ
គេនឹងប្រហារគ្មានសោកស្តាយ
អង្គការពោលថាឱ្យរៀនស្រុកអាយ
ពាក្យលេះទាំងឡាយគឺសម្លាប់។
អង្គការឱ្យផ្លាស់ខោអាវថ្មី
ប្តូរប្រពៃណីប្រើខ្មៅអាប់
អាវខោឈុតខ្មៅអង្គការស្រាប់
គោរពច្បាប់នៃអង្គការ។
កាត់សក់ដែលវែងឱ្យសល់ខ្លី
បើខុសវិន័យក្ស័យសង្ខារ
ត្រូវតែធ្វើតាមច្បាប់អង្គការ
ធ្វើស្រែចម្ការគ្មានពេលល្ហែ។
ស៉ីបាយកំណត់ស្រប់តាមច្បាប់
បើលើសគេចាប់ចោទហូរហែ
ថាក្បត់អង្គការមិនសុខទេ
នោះច្បាស់ជាគេយកទៅរៀន។
ប្រើប្រាស់កម្លាំងទាំងចាស់ក្មេង
ប្រើសង្ឃលីសែងគ្មានរបៀន
បើអ្នកណាឈឺពោលព្រមាន
ឱ្យទៅរៀនសូត្រនៅចុងភូមិ។
ខ្មែររស់រងទុក្ខទាំងក្រុងស្រែ
ឈឺចាប់ឥតល្ហែស្រែទួញយំ
ស្ថិតក្រោមអង្គការបក្សនិយម
ធ្វើបាបវាយដុំគ្មានប្រណី។
អាសូររាស្ត្រខ្មែរដែលរងទុក្ខ
រស់គ្មានក្តីសុខលើធរណី
រស់ទាំងភ័យខ្លាចទាំងប្រុសស្រី
ទម្រាំផុតក្តីពីអង្គការ។
នេះជារឿងមិនប្រឌិតឡើយ
អស់លោកអ្នកអើយយល់ពិចារ
សម័យខ្មែរក្រហមនៃអង្គការ
ជីវិតខ្លោចផ្សារសែនឈឺចាប់។
ខ្មែរមានជីវិតផុតប្រសើរ
អង្គុយដេកដើរបាយស៉ីស្រាប់
ដោយសារតែគុណមិនបាច់ប្រាប់
សុំឈប់រៀបរាប់តែប៉ុណ្ណឹង។
នៅមានរឿងដែលចង់ចរចែង
រឿងរ៉ាវចម្បែងជាដំណឹង
ខ្ញុំបាទធារ៉ាស្លេះត្រឹមហ្នឹង
អស់លោកកុំខឹងនឹងខ្ញុំណា៕
គិន ធារ៉ា ២០ តុលា ២០១៧
No comments:
Post a Comment