១១-"ធម្មជាតិមិនទៀង"
I.អាទិត្យរះហើយ
ម្តេចឡើយលិចវិញ
ក្នុងចិត្តទោម្នេញ
ធ្វើម្តេចធម្មជាតិ
រះហើយតែងលិច លិចហើយរះទៀត
II.ជីវិតសត្វលោក
ក៏កើតដូចគ្នា
ដោយកម្មវេរា
វាជារនាំង
បិទបាំងសត្វលោក
កើតស្លាប់មិនទៀង
តណ្ហារារាំង
នៅក្នុងលោកិយ។
R.កើតចាស់ឈឺស្លាប់
ជាច្បាប់ធម្មជាតិ
សាងបុណ្យកុំឃ្លាត
ធ្វើដោយប្រពៃ
លះអកុសល កុំខ្វល់វាអី
នឹកនាំរីងរៃ
នាំចិត្តសៅហ្មង។
III.ផ្ការីកតែងរោយ
រសាត់ឆ្ងាយដើម មនុស្សផុតដង្ហើម ដូចផ្កាមួយទង
រសាត់ក្រៀមក្រោះ
អស់ក្លិនទៀតផង
គិតនាំសៅហ្មង
សាងតែតែក្តីល្អ។
១២-"សច្ចាកុំជួបបង"
រឿងពិតរបស់នារីម្នាក់ដែលបានឱ្យខ្ញុំតែង
I.ជួបគ្នាដំបូង
ថ្ងៃខួបកំណើត
មិត្តភក្តិបង្កើត
ខួបកំណើតកូន
យើងបានស្គាល់គ្នា បងហើយនិងអូន ដូចទឹកនិងក្បូនអណ្តែតលើផ្ទៃជលសា។
II.អនុស្សាវរីយ៍
បំភ្លេចមិនបាន
រឿងទាំងប៉ុន្មាន
គ្រប់អនុស្សា
បងជាគង្គា អូនជាមច្ឆា
ប្រៀបអូនដូចផ្កា
រាមរ៉ាជាសត្វកន្លង់។
R.អូនចាំទាំងអស់
អនុស្សាវរីយ៍
កាលយើងទាំងពីរស្នេហ៍ដោយស្មោះត្រង់
ឥឡូវបងបង់ ក្បត់ពាក្យស្មោះត្រង់
បងជាកន្លង់
ក្រេបលម្អងផ្កា។
III.បងទៅរៀបការ
ជាមួយគូរថ្មី
ធ្វើឱ្យចិត្តស្រី
រីងរៃសោកា
បាយខុនចងដៃ ថ្ងៃមង្គលការ
បាចពរផ្កាស្លា
សច្ចាបែកគ្នារហូត។
១៣-"កំពង់ចិនកំពង់ចិត្ត"
I.រលឹមសស្រិចពពេចហើរជ្រក ` ភ្លៀងទទឹកជោកសព្វពេញកាយា
ក្រោមដើមអំពិលនៅមុខសាលា បឋមសិក្សាឈ្មោះកំពង់ចិន
។
II.អនុស្សាវរីយ៍
ក្រោមដើមអំពិល
ឱ្យអាវនិមល
ដណ្តប់កាយសិន
ម៉ុមពោលអរគុណលាហើយមាសឆ្អិន
រាត្រីសុបិន
ឃើញគ្រាកន្លង។
R.កំពង់ចិនកំពង់ចិត្តដិតដាមអនុស្សា នៅមុខសាលាកំពង់ចិនស្រុកស្ទោង
តើថ្ងៃណាទៅ ជួបពៅទងវង ភិរុណជួយផង ខ្ញុំចង់ជួបនាង។
III.បើបានជួបពិត
ខ្ញុំនឹងប្រាប់ថា
រៀមលង់ស្នេហា
ដោយសារតែភ្លៀង
ចូលស្តីដណ្តឹង ជាគូនិងនាង ស្នូរជួងអាគាំង រៀមយល់សប្តិសោះ។
១៤-"លង់ស្នេហ៍នារីរបាំ"
I.ចង្កេះរាងរាវ
ដូចស្រីទាវទេពកញ្ញា
ចុះពីឋានសួគ៌ាដែនពសុធាមនុស្សលោកិយ
ធ្វើឱ្យរៀមលង់ ចាប់ចិត្តបេតី
លើរូបពិសី
នារីរបាំខ្មែរ។
II.សម្តីឫកពារសុភាពរាបសា សើចសមអស្ចារ្យ រូបល្អម្ល៉េះទេ
បើបានជាគូ បីបាច់ថ្នមថែ សច្ចាស្បត់ស្បែរនៅក្បែរជានិច្ច។
R.នារីរបាំ លំអានតាមក្បួន អង្គរមាំមួនល្បីល្បាញមិនភ្លេច
របាំប្រជាប្រិយ ប្រពៃណីរំលេច
រស្មីដូចពេជ្រ
ដែលជាងច្នៃហើយ។
III.អូនអើយកុំប្រកាន់នឹងបងអីណា កែវស្រសលជីវ៉ាមាសស្ងួនត្រើណត្រើយ
ជាតិនេះមិនបានអូន
បងពិតជាចប់ហើយ សូមពៅវាចាឆ្លើយបងនឹងចូលស្តី។
១៥-"រលករលុបអក្ខរា"
I.វាយោផាយផាត់ រសាត់ពពក
ចន្ទ្រាយាងមក
បញ្ចេញរស្មី
រះបំភ្លឺលោក លើភពផែនដី
រស្មីពេញវង់
មាត់ឆ្នេរសមុទ្រ។
II.មាត់ឆ្នេរជលសា
ចារឈ្មោះអូនបង
អក្ខរាស្នេហ៍ស្នង
ចងជាសម្បុត
សច្ចាស្មោះស្ម័គ្រ
ទីចុងបញ្ចប់
រលករលុប
សម្បុតអក្ខរា។
R.ឱ!ពាក្យដែលស្មោះ
បាត់អស់ទៅណា
មាត់ឆ្នេរជលសា
ដែលបានចារទុក
ម្តេចទឹករលក នាំខ្យល់មកលុប
ដូចរាត្រីយប់
បាត់ដួងចន្ទ្រា។
III.រលកវាយោ
ឃោរឃៅព្រៃផ្សៃ ឆក់យកម្ចាស់ថ្លៃ ពីដៃពុំងា
បើមានជាតិក្រោយ យើងសុំជួបគ្នា រៀបមង្គលការ
សាងសុភមង្គល។
១៦-"ចេញវស្សាស្នេហាខ្ញុំបែក"
I.ស្អែកចេញវស្សាស្នេហាទឹកភ្នែក ជាថ្ងៃដែលបែក ពីគូសង្សារ
នាងព្រមតាមម្តាយរៀបមង្គលការ ក្លិនជាប់នាសារសាត់ផាត់ឆ្ងាយ។
II.នឹកឃើញទាំងអស់អនុស្សាវរីយ៍ កាលយើងទាំងពីរអង្គុយហូបបាយ
នៅក្រោមពោធិ៍សើចយ៉ាងសប្បាយ ឥឡូវប្រែក្លាយស្រងូតស្រងាត់។
ភ្លេងការហោមរោងចងចិត្តសង្សារ ផ្តាច់ក្តីស្នេហា
រលុបសូន្យបាត់
R.សល់ត្រឹមស្រមោលខ្យល់បក់រសាត់ រសាត់ផាយផាត់សល់ទុក្ខក្រៀមក្រំ។
វាសនាស្នេហាបានត្រឹមទឹកភ្នែក
វស្សាថ្ងៃបែក
បានត្រឹមទួញយំ
អំបោះក្រហម សុំចងដៃម៉ុម ចង់ដៃទាំងយំ ទាំងស្តាយស្រណោះ។
១៧"ទឹកភ្លៀងលាងទឹកភ្នែក"
I.ឱ!ជីវិតអើយ ជាកូនអ្នកក្រ
តស៊ូបន្ត
រៀនសូត្រសិក្សា
តាំងពីបឋម ឆ្លងចូលបរិញ្ញា ដើម្បីការងារចិញ្ចឹមជីវិត។
II.ជ្រកម្លប់សាសនាហូបបាយព្រះសង្ឃ
អប់រំផ្ចិតផ្ចង់
តម្រង់គំនិត
ព្យាយាមអត់ធ្មត់ក្នុងឆាកជីវិត ភាពជោគគង់ពិតបានផលផ្លែផ្កា។
R.ទឹកភ្លៀងលាងទឹកភ្នែកហូរកាត់ថ្ពាល់
អ្នកដឹងគង់យល់
អ្នករៀនសិក្សា
ថារស់ស្រណុកសុខស្រួលយ៉ាងណា
ចំណេះបញ្ញា
កើតពីការរៀន។
III.សូមមិត្តគ្រប់ប្រាណតស៊ូសិក្សា វិជ្ជាប្រាជ្ញាឆ្លងកាត់ទៅតាមជំហាន
អ្នកខំប្រឹងតស៊ូព្យាយាម លទ្ធផលគង់បានលើអ្នកដែលខំ។
១៨-"ទឹកភ្នែកសង្សារ"
I.ភ្លេងការកម្សត់
ច្រៀងបទកាត់ត្រើយ បងឆ្ងាយអូនហើយគ្មានស្តាយស្រណោះ
អនុស្សាវរីយ៍ គ្មានអាល័យសោះ
បំភ្លេចចោលអស់
បុប្ផាមួយទង។
II.បងធ្លាប់ស្រង់ក្លិន
ដក់ជាប់នាសា ហត្ថាធ្លាប់ឱបក្រសោបនួនល្អង
ឥឡូវប្តូរផ្លាស់ឃ្មុំចោលបង្កង
ក្រេបក្លិននួនល្អង
បុប្ផាក្រៀមស្វិត។
R.ទឹកភ្នែកសង្សារជូនពរចងដៃ ក្នុងថ្ងៃមង្គលទាំងអួលដួងចិត្ត
អំបោះក្រហមចងដៃវមិត្រ ដិតដាមទឹកភ្នែកទាំងចិត្តឈឺផ្សា។
III.ឱ!ទឹកភ្នែកអើយ!ឈប់ហូរទៀតទៅ
គេស្រាស់ពាំងផ្លូវអមដោយបន្លា
គេលែងឈប់ឱបក្រសោបកាយា ហត្ថាទាំងគូគេឱបប្រពន្ធគេ។
១៩-"នាសាលាក្លិនបុប្ផារំដួល"
I.សុរិយាថ្ងៃលិចបងបាននិយាយ កាលនោះម្តាយអូនលោកក៏មិនថា
បែកអូនបួនឆ្នាំ អូនចូលរោងការ ប្រហារបេះដូង
និស្សិតកម្សត់។
II.កាលស្នេហ៍ល្អកល្អើនផ្អែមដូចទឹកឃ្មុំ
ម្តេចក៏ម្តាយម៉ុម
ប្រាប់ឱ្យដឹងប្រាកដ
ថាកុំស្គាល់អ្នកក្រជីវិតទុគ៌ត និស្សិតកម្សត់ ដូចបងម្នាក់នេះ។
R.អ្នកក្រខុសអី ស្នេហ៍ច្រើនតែខក
ដូចស្រែស្រូវស្កក
សោកាអ្វីម្ល៉េះ
គ្រាន់តែខុសវណ្ណៈ
ក្រមានចំណេះ និស្សិតម្នាក់នេះ ស្នេហ៍ពិតមានទេ?
III.ខ្លាចមាសប្រាក់វណ្ណៈស្តុកស្តុម្ភ
ត្រកូលឧត្តម
ខ្ញុំប្រៀបមិនហ៊ានក្បែរ
ព្រោះតែខ្លួនក្រ
មិនសាកសមស្នេហ៍
សុំទោសមាសមេបុប្ផានាសាសូមលាហើយ។
២០-"មិនស្តាយទ្រូងចាស់"
I.រាត្រីយប់ស្ងាត់
ទឹកភ្លៀងបង្អុរ
ដួងចិត្តអំពល់
ខ្វល់ក្នុងចិន្តា
មិនគួរណាស្រី ភ្លេចពាក្យសន្យា បែរទៅរៀបការ
ចោលពាក្យសម្បុត។
II.អូនមិនអាសូរដល់ដើមទ្រូងចាស់ ពេលនេះប្តូរផ្លាស់ ឱ្យបងរង់ទុក្ខ
សោកាស្តាយស្នេហ៍ដែលបាត់ទំនុក
ថ្ងៃនេះទៅមុខ
សុខឃ្លាតទៅហើយ។
R.ក្លិនជាប់នាសា
រសាត់បាត់ឆ្ងាយ
ហត្ថក្រសោបកាយ ឆ្ងាយឥតកោះត្រើយ
នាងមានគូថ្មី នាងមានប្តីហើយ
នៅឡើយតែខ្ញុំ
ជាអ្នកសោកសៅ។
III.ទ្រូងចាស់ធ្លាប់កើយ
ស្តាប់បទបំពេរ
ឥឡូវមាសមេ
ប្រៀបដូចជ្រោះជ្រៅ
ធ្លាក់ចុះទៅក្រោម
ដូចស្នេហ៍ពាលពៅ
ដែលមិនតាំងនៅ អូនរៀបការចុះ។
No comments:
Post a Comment