"អនន្តរិយកម្ម"
-ជនណាសាងទោសអនន្តរិយកម្ម
ទោសនោះមានប្រាំដែលអ្នកប្រព្រឹត្ត
អំពើមហាបាប មហាទោសពិត
-ទីមួយពីរពិឃាត មាតាបិតា
ទីបីអរហន្តា អង្គព្រះជិនស្រី
ទីបួនពុរពងព្រះលោហិតថ្លៃ
ទីប្រាំនោះនៃការបំបែកសង្ឃ។
-ទោសទាំងប្រាំមានរឿងតឹកតាង
បិដកសំអាងបរិយាយផ្ចិតផ្ចង់
រឿងភិក្ខុទេវទ្តកាលដែលព្រះអង្គ
ញុះញ៉ុងភិក្ខុសង្ឃឱ្យបែកបាក់គ្នា។
-ចំណែកឯរឿងមហាមោគ្គលាន
ទោសខុសព្រោះហ៊ានសម្លាប់មាតា
និងបិតាខ្លួន គ្មានពិចារណា
ទោសនេះហៅថាអនន្តរិយកម្មធ្ងន់។
-ភិក្ខុទេវទ្តបានពុរពងព្រះលោហិត
ស្ទើរក្ស័យជីវិត អង្គព្រះអរហន្ត
គឺអង្គតថាគត កាលនៅជាសង្ឃ
ព្រោះតែព្រះអង្គចង់ក្តាប់អំណាច។
-អ្នកគួរជៀសវាងពីទោសទាំងឡាយ
បរវាសជៀសឆ្ងាយប្រយ័ត្នគ្រោះកាច់
ទោសអនន្តរិយកម្មជាទោសកោងកាច
បើលោកអ្នកខ្លាច រមែងបានសុខ។
២៧ តុលា ២០១៧
"ខំនិងប្រឹងប្រែង"
ខំរៀនសិក្សាចំណេះទូទៅ
ប្រឹងប្រែងជាផ្លូវទៅអនាគត
ខំស្តាប់ពាក្យគ្រូដោយអំណត់
ប្រឹងប្រែងប្រាកដគង់នឹងបានផល។
ខំអានអក្ខរាពាក្យពេចន៍ទាំងឡាយ
ប្រឹងប្រែងកកាយពាក្យណាមិនយល់
ខំសរសេរទៀតទាល់តែឈប់ខ្វល់
ប្រឹងប្រែងតែងដល់ឃើញភ្លើងវិជ្ជា។
ខំនិយាយពាក្យឱ្យជាទម្លាប់
ប្រឹងប្រែងឱ្យខ្ជាប់ដើម្បីការងារ
ខំដោយអង្គបួនក្លាយជាអាចារ្យ
ប្រឹងប្រែងឧស្សាហ៍ជីវិតប្រសើរ។
និពន្ធ គិន ធារ៉ា
២៥ តុលា ២០១៧
"ព្រះពុទ្ធសាសនានៅកម្ពុជា"
"Buddhism in Cambodia"
(បទពាក្យប្រាំបី)
ព្រះពុទ្ធសាសនាចូលមកកម្ពុជា
តែងជាកាព្យាពាក្យពេចន៍អក្ខរា
ស្រង់តាមប្រភពប្រវត្តិឯកសារ
រៀបរៀងចារទុកជាភស្តុតាង។
ឯកសារខ្លះថា ស.វ ទី បី
វ៉ូកាញ់សក្សី មានជាតឹកតាង
សិលាចារឹកស្ថិតខេត្តញ៉ាត្រាង
អក្ខរាសំអាងក្សត្រស្រីមារ។
ឯកសារខ្លះទៀតសម័យអសោក
ព្រះអង្គចាត់លោកសង្ឃពីរអង្គា
សោណឧត្តរត្ថេរផ្សព្វផ្សាយធម្មា
សុវណ្ណភូមិនា មុន ស.វ ទី បី ។
ប្រភពទីទៃ ស.វ ទីប្រាំ
ឥណ្ឌាតែងនាំជំនួញរកស៉ី
សម័យហ៊្វូណនដែលជាទឹកដី
ខេមរាប្រុសស្រីទឹកដីកំណើត។
អស់លោកអ្នកស្រីគួរគិតថ្លឹងថ្លែង
កុំខ្លាចរអែង គិតដូចយប់ខ្នើត
រស្មីពេញវង់ ភ្លឺស្រស់ល្អឆើត
យប់ដប់ប្រាំកើតរៀនយល់សាសនា។
និពន្ធ គិន ធារ៉ា
២៤ តុលា ២០១៧
"ទំនួញខ្មែរសម័យខ្មែរក្រហម"
(បទពាក្យប្រាំពីរ)
ផ្ទៃមេឃស្រឡះបែរងងឹត
អ្នកក្រុងជុំជិតនៅភ្នំពេញ
ធ្លាប់រស់ជុំញាតិគ្មានទោម្នេញ
ខ្មែរក្រហមដេញពីលំនៅ។
ជម្លៀសប្រជាចេញពីស្រុក
ខ្មែររស់រងទុក្ខឥតសោកសៅ
ធ្វើបាបទាំងសង្ឃយ៉ាងឃោរឃៅ
ដាក់ទោសទណ្ឌទៅធ្វើចម្ការ។
អង្គការពោលពាក្យរស់ស្មើគ្នា
គ្មានប្រាក់ទ្រព្យាឡានវីឡា
ដោះដាក់ប្រគល់ជួនអង្គការ
បើសិនតវ៉ាអ្នកនោះស្លាប់។
អ្នកមានឈ្មោះល្បីអភិជន
បើគេដឹងមុនគេចងចាប់
វាយដុំច្រំធាក់ដោយមិនប្រាប់
រងការឈឺចាប់តាមអង្គការ។
សម្រាតស្បង់សង្ឃគ្មានប្រណី
មិនខ្លាចបាបអ្វីក្នុងសាសនា
ប្រើដូចសត្វធាតុគ្មានមេត្តា
ចោទសង្ឃខ្មែរថាចោរថង់យាម។
សម្តីអង្គការគ្មានពាក្យផ្អែម
អសុរោះថែមដូចឈ្លើងទាម
ប្រាប់ទៅប្រជាថាក្នុងនាម
ជាសាច់ឈាមឪពុកម្តាយ។
បើជនណាក្បត់នឹងអង្គការ
គេនឹងប្រហារគ្មានសោកស្តាយ
អង្គការពោលថាឱ្យរៀនស្រុកអាយ
ពាក្យលេះទាំងឡាយគឺសម្លាប់។
អង្គការឱ្យផ្លាស់ខោអាវថ្មី
ប្តូរប្រពៃណីប្រើខ្មៅអាប់
អាវខោឈុតខ្មៅអង្គការស្រាប់
គោរពច្បាប់នៃអង្គការ។
កាត់សក់ដែលវែងឱ្យសល់ខ្លី
បើខុសវិន័យក្ស័យសង្ខារ
ត្រូវតែធ្វើតាមច្បាប់អង្គការ
ធ្វើស្រែចម្ការគ្មានពេលល្ហែ។
ស៉ីបាយកំណត់ស្រប់តាមច្បាប់
បើលើសគេចាប់ចោទហូរហែ
ថាក្បត់អង្គការមិនសុខទេ
នោះច្បាស់ជាគេយកទៅរៀន។
ប្រើប្រាស់កម្លាំងទាំងចាស់ក្មេង
ប្រើសង្ឃលីសែងគ្មានរបៀន
បើអ្នកណាឈឺពោលព្រមាន
ឱ្យទៅរៀនសូត្រនៅចុងភូមិ។
ខ្មែររស់រងទុក្ខទាំងក្រុងស្រែ
ឈឺចាប់ឥតល្ហែស្រែទួញយំ
ស្ថិតក្រោមអង្គការបក្សនិយម
ធ្វើបាបវាយដុំគ្មានប្រណី។
អាសូររាស្ត្រខ្មែរដែលរងទុក្ខ
រស់គ្មានក្តីសុខលើធរណី
រស់ទាំងភ័យខ្លាចទាំងប្រុសស្រី
ទម្រាំផុតក្តីពីអង្គការ។
នេះជារឿងមិនប្រឌិតឡើយ
អស់លោកអ្នកអើយយល់ពិចារ
សម័យខ្មែរក្រហមនៃអង្គការ
ជីវិតខ្លោចផ្សារសែនឈឺចាប់។
ខ្មែរមានជីវិតផុតប្រសើរ
អង្គុយដេកដើរបាយស៉ីស្រាប់
ដោយសារតែគុណមិនបាច់ប្រាប់
សុំឈប់រៀបរាប់តែប៉ុណ្ណឹង។
នៅមានរឿងដែលចង់ចរចែង
រឿងរ៉ាវចម្បែងជាដំណឹង
ខ្ញុំបាទធារ៉ាស្លេះត្រឹមហ្នឹង
អស់លោកកុំខឹងនឹងខ្ញុំណា៕
គិន ធារ៉ា ២០ តុលា ២០១៧
No comments:
Post a Comment