Monday, 4 June 2018

ប្រវត្តិកំណើតនិងទីតាំងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ

 ប្រវត្តិស្រុកស្ទោង


 ស្តេចចាម ព្រះបាទសេន្ទ្រាទី២ បានមករស់នៅស្រុកស្ទោងតាំងពីយូរលង់ណាស់មកហើយ។ ព្រះអង្គមានធ្នូសរជាអាវុធ ដែលមានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់ គឺបាញ់ម្តងចេញព្រួញប្រាំ ឮស្នូរដូចរន្ទះផ្ទប់គ្នា ហើយបើបាញ់ទៅប៉ះដើមឈើណាមួយ ផ្លែទាំងអស់នៅលើដើមឈើនោះ ជ្រុះគ្មានសល់ឡើយ។
ធ្នូសរគេមិនអាចទៅទុកនៅលើ់ដី លើគ្រែ ឬលើពូកបានឡើយ ដូច្នេះហើយបានជាស្តេចចាមកសាងប្រាសាទមួួធ្វើអំពីឥដ្ឋ ហើយយកសរនិងធ្នូនោះទៅព្យួរទុកដាក់ធ្វើដូចជាទោង។ ហេតុដូច្នេះទើបបានគេដាក់ឈ្មោះទីកន្លែងនោះថា សរទោង ដែលយូរៗទៅក៏ក្លាយ ស្ទោង រហូតមកដល់សព្វថ្ងៃ។

ស្រុកស្ទោង  ជាស្រុកមួយរបស់ខេត្ដកំពង់ធំ    ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ដែលមានចម្ងាយ​ពី​ទីរួមខេត្តកំពង់ធំ ៥០ គ.ម​  មានឃុំចំនួន ១៣ ឃុំ(ឃុំបន្ទាយស្ទោង ឃុំចំណាក្រោម ឃុំចំណាលើ ឃុំកំពង់ចិនជើង  ឃុំកំពង់ចិនត្បូង ឃុំម្សាក្រង ឃុំពាមបាង ឃុំពពក ឃុំប្រឡាយ ឃុំព្រះដំរី ឃុំរុងរឿង ឃុំសំព្រោច ឃុំទ្រា )និង ភូមិចំនួន ១៣៧ភូមិ ​ ។
ស្រុកស្ទោងជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំងប្រាំបីនៃខេត្តកំពង់ធំហើយមានចម្ងាយ៥០គីឡូម៉ែត្រពីទីរួមខេត្ត  មានព្រំប្រទល់ខាងកើតជាប់នឹងស្រុក​ប្រាសាទបល័្លង្គ និងស្រុកកំពង់ស្វាយ ខាងលិចជាប់ និងស្រុកជីក្រែងខេត្តសៀមរាប ខាងជើងជាប់នឹងស្រុកប្រាសាទបល្ល័ង្គ និងស្រុកសង្គមថ្មីខេត្តព្រះវិហារ និងខាងត្បូងជាប់នឹងបឹងទន្លេសាប និងស្រុកកំពង់ស្វាយ។ ផ្ទៃដីសរុបទូទាំងស្រុក១៥០.០៥០ហតក្នុងនោះផ្ទៃដីស្រែ ៦០.៧៤៧ហត​  ដីចំការ៧.៦៥០ហតដីលំនៅដ្ឋាន ១១.២៤៤ហ.ត,ដីព្រៃ បឹង ៨៤.៥៨០ ហត  និងដីសម្បទានសេដ្ឋកិច្ច ៧.២៨៩ ហ.ត ។

ស្រុកចែកជា១៣ឃុំស្មើ១៣៧ភូមិមានប្រជាជនសរុប១៣១.៣៦០នាក់ស្រី៦៧.៦១១នាក់។ អាយុ១៨ឆ្នាំឡើង៧៨.៣៨៩នាក់  ស្រី ៤១.៦៣៦នាក់  គ្រួសារសរុប ២៦.៩៤៧គ្រួសារ  ផ្ទះ២៤.៣៣៩ខ្នង។  ស្រុកមានប្រជាជនប្រមាណ ៨៥% ប្រកបមុខរបរធ្វើស្រែចំការ,១០%ជាប្រកបមុខរបរនេសាទ,និង៥%ជាអាជីវករ កម្មករ និងមន្ត្រីរាជការ។ ក្រៅពីវិស័យកសិកម្មដែលជាស្នូលនឹងជាចម្បងក៏មានវិស័យផ្សេងៗទៀតដូចជាសិប្បកម្មកែច្នៃ អាជីវកម្ម និងមុខរបរបន្ទាប់បន្សំ ដើម្បីរួមផ្សំក្នុង ការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។

នៅក្នុងស្រុកមានផ្សារចំនួន ៥  ដែលមានសកម្មភាពធ្វើចរាចណ៍ទំនិញទៅមកគឺ៖
-ផ្សារផ្សារស្ទោង  មានទីតាំងស្ថិតនៅក្នុងភូមិកំពង់ក្តី  ឃុំកំពង់ចិនត្បូង
-ផ្សារចុងភូមិ    មានទីតាំងស្ថិតនៅភូមិត្នោត ឃុំកំពង់ចិនជើង
-ផ្សារប្រឡាយ មានទីតាំងនៅភូមិប្រឡាយ  ឃុំប្រឡាយ
-ផ្សារព្រះដំរី មានទីតាំងស្ថិតនៅ ឃុំព្រះដំរី
-ផ្សារស្ពានគ្រង មានទីតាំងស្ថិតនៅភូមិស្ពានគ្រង  ឃុំចំណាក្រោម ក្រៅពីនេះក៏មានផ្សារជា ច្រើនទៀតដែលមានលក្ខណៈតូចតាចនៅតាមបណ្តាភូមិ-ឃុំនានាដែលមានផ្សារខ្លះបានរៀបចំ និងផ្សារខ្លះទៀតពុំទាន់បានរៀបឲ្យមានសណ្តាប់ធ្នាប់ល្អនៅឡើយ។

មន្ទីរពេទ្យបង្អែក ស្រុកប្រតិបត្តិស្ទោង មានក្នុងតំបន់គ្របដណ្តប់ ក្នុងស្រុកស្ទោង ៨ មណ្ឌលសុខភាព និងប៉ុស្តិ៍ ១ក្នុងឃុំពាមបាង គឺ៖
១. មណ្ឌលសុខភាពចំណាលើ
២. មណ្ឌលសុខភាពចំណាក្រោម
៣​. មណ្ឌលសុខភាពសំព្រោជ
៤. មណ្ឌលសុខភាពបន្ទាយស្ទោង
៥. មណ្ឌលសុខភាពទ្រា
៦. មណ្ឌលសុខភាពម្សាក្រង
៧. មណ្ឌលសុខភាពប្រឡាយ
៨. មណ្ឌលសុខភាពស្ទោង
- និង ប៉ុស្តិ៍សុខភាពពាមបាង
ស្ថានភាពសាសនានៅទូទាំងស្រុកមានសាសនា២ដែលកំពុងធ្វើសកម្មភាព(២០១៦-២០១៧)
១. សាសនាព្រះពុទ្ធ មានវត្តចំនួន ៤៧ វត្ត ព្រះសង្ឃសរុប ៧១៩ អង្គ (ភិក្ខុចំនួន ១៤៩អង្គ សាមណេរចំនួន ៥៧០អង្គ)អាចារ្យវត្ត ១៨៩នាក់ គណៈកម្មការវត្ត ៤៥៨ នាក់ សីលវន្ត័ ៥៣ នាក់ សីលវតី១២ នាក់ ក្មេងវត្ត ៤០ នាក់ សិស្សស្នាក់នៅក្នុងវត្ត ២៧ នាក់ ។ សាលាធម្មវិន័យ ១៣សាលា សមណសិស្ស ៣៦៨ រូប ។

២. សាសនាគ្រឹះ មានវិហារគ្រឹះសាសនា ២ និងមានបរិស័ទ ចំនួន ១៦៧ នាក់ ។



No comments:

Post a Comment