ប្រវត្តិបទនគររាជ
ភ្លេងជាតិខ្មែរ
តាមព័ត៌មានពីសម្តេចព្រះមហាសុមេធាធិបតី
ព្រះនាម ជួន ណាត (ជោតញ្ញាណោ) សង្ឃនាយក គណៈមហានិកាយ។
តើបទនគររាជ
ភ្លេងជាតិខ្មែរ កើតក្នុងរជ្ជកាលណា?
-បទនគររាជ
ភ្លេងជាតិខ្មេរ កើតដំបូង ក្នុងរជ្ជកាលព្រះករុណា ព្រះបាទសម្តេចព្រះស៊ីសុវត្ថិមុនី
វង្ស រវាងគ.ស ១៩៣៨ ដោយព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសុរាម្រឹត
កាលទ្រង់នៅត្រួតត្រាការរាជការក្នុងព្រះបរមរាជវាំងនៅឡើយ ទ្រង់បង្កើតឡើង
ជាមួយលោកហ្សីគីល ជាតិ បារាំងសែស អ្នកបង្ហាត់ភ្លេងនៅព្រះបរមរាជវាំង តែសម័យនោះ
រកពាក្យកាព្យត្រឹមត្រូវតម្រូវនឹងបទនេះពុំទាន់បាន។
ពាក្យកាព្យនគររាជ
ភ្លេងជាតិ កើតក្នុងរជ្ជកាលណា? នរណានិពន្ធ?
-ពាក្យកាព្យបទនគររាជ
ភ្លេងជាតិ កើតក្នុងរជ្ជកាលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុវរ្ម័ន
សម្តេចព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ និពន្ធ។
-មកដល់គ.ស
១៩៤១ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុវរ្ម័ន អតីតព្រះមហាក្សត្រកម្ពុជា
ដែលសម្តេចព្រះឧបយុវរាជ ក្នុងបច្ចុប្បន្ន និងព្រះករុណាសម្តេចព្រះនរោត្តម សុរាម្រឹត
កាលទ្រង់នៅជាសម្តេច ព្រះបរមរាជបិតា ព្រះរាជានុសិទ្ធិនៅឡើយ ទ្រង់និមន្តសម្តេច
ព្រះមហាសុមេធាធិបតី សង្ឃនាយក កាលនៅក្នុងសមណសក្តិ ជាព្រះពុទ្ធឃោសាចារ្យនៅឡើយ
ឱ្យនិពន្ធពាក្យកាព្យបទភ្លេងជាតិនេះឡើង សម្រាប់ធ្វើគារវកិច្ច ជាផ្លូវការហៅថា
បទនគររាជ ព្រោះបំផ្លែងមកពីបទ នគររាជខ្មែរ ដែលមានមកពីក្នុងសម័យព្រេងនាយ។
បទនគររាជ
ធ្វើជាបទភ្លេងជាតិ ដើម្បីអ្វី?
-ដើម្បីរំលឹកដល់សេចក្តីរុងរឿង
របស់ព្រះមហាក្សត្រខ្មែរសម័យអង្គរ។
-សម័យបុរាណ
ប្រទេសកម្ពុជា បានឱ្យឈ្មោះបទចម្រៀងចាប៉ីមួយបែបថា បទនគររាជ ប្រែថា បទស្តេចអង្គរ
ជាសម្មតិនាម ប្រហែលគ្នា នឹងឱ្យឈ្មោះផ្លូវក្នុងសម័យបច្ចុប្បន្ន
ដោយសន្មតតាមស្ថានភាពប្រទេសកម្ពុជា ក្នុងសម័យអង្គរ ដែលជាប្រទេសមានព្រះមហាក្សត្រ
ដ៏ទ្រង់តេជានុភាពមហិមា មានការរចនាប្រាសាទថ្ម ល្អរុងរឿង។
-បទនគររាជនោះ
ជាបទ សម្រាប់ច្រៀងរឿង ច្រៀងរាយការណ៍ផ្សេងៗ តាំងពីព្រេងនាយដរាបដល់បច្ចុប្បន្ន។
បទនេះ ពីរោះពិសាណាស់ ក្នុងឃ្លានីមួយៗ មិនមានកំណត់ចំនួនពាក្យ គ្រាន់តែមានចួនៗ
ទទួលគ្នានៅចុងៗឃ្លា ជាសម្គាល់ប៉ុណ្ណោះ។
-លុះដល់មកសម័យព្រះសីហនុ
ប្រទេសកម្ពុជា បានបំផ្លែងបទនគររាជនោះ មកធ្វើជាបទភ្លេងជាតិឡើង ហើយធ្វើពាក្យកាព្យ
តម្រូវនឹងបទនោះ បំព្រួញឱ្យមានកំណត់ ក្នុងបទនីមួយៗ មាន៥ឃ្លា មាន៥៣ពាក្យ។
ឃ្លាទី២មាន១១ពាក្យ ឃ្លាទី៣មាន១២ពាក្យ ឃ្លាទី៤ មាន១៣ពាក្យ ឃ្លាទី៥ មាន៨ពាក្យ។
រួមជា៥៣ពាក្យ ក្នុងមួយបទ (ល្បះ)។
ពាក្យកាព្យនោះមាន៣បទ(៣ល្បះ)
បទ ឬល្បះទី១ សរសើរព្រះបារមី ព្រះមហាក្សត្រខ្មែរ បទទី២
សរសើររចនាបទប្រាសាទខ្មែរបុរាណ និងបទទី៣ សរសើរតម្លៃខ្មែរ កាន់ព្រះពុទ្ធសាសនា។
(ដកស្រង់ពីសៀវភៅ
ប្រវត្តិបទនគររាជ ភ្លេងជាតិខ្មែរ របស់លោកចាប ពិន បោះពុម្ពឆ្នាំ១៩៥៩) ៕
No comments:
Post a Comment