អក្សរសិល្ប៍ប្រជាប្រិយខ្មែរ
១.ទិដ្ឋភាពទូទៅនៃអក្សរសិល្ប៍ប្រជាប្រិយខ្មែរ
អក្សរសិល្ប៍ប្រជាប្រិយខ្មែរ
គឺជាសញ្ញាណមួយ មានលក្ខណៈ ប្រវត្តិសាស្រ្ត និងសម្បូរទៅដោយភាពរីកចម្រើនលើផ្នែកសតិអារម្មណ៍ មនោសញ្ចេតនា ដែលទទួលបាននូវបណ្តាបទពិសោធន៍ប្រកបដោយ
ចក្ខុវិស័យដ៏ល្អប្រពៃរបស់ប្រជាជាតិ ដែលមានខួរក្បាលច្នៃប្រឌិតដ៏ប៉ិន ប្រសប់និងមានសមត្ថភាពឥតគណនា
បានធ្វើឱ្យស្នាដៃប្រជាប្រិយខ្មែរ ក្លាយទៅជា "ពហុវប្បធម៌ជាតិ"
របស់ជាតិខ្មែរ។
"អក្សរសិល្ប៍ប្រជាប្រិយ" ត្រូវបានប្រើប្រាស់ក្រោយ ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ក្រោយពេល ប្រទេសជាតិ ត្រូវបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យ
បញ្ញវន្តខ្មែរមួយចំនួន ដែលនៅសេសសល់ពីការកាប់សម្លាប់ យ៉ាងអមនុស្ស ធម៌បានរួបរួមគ្នាបើកទ្វារជួយជម្រុញដល់វិស័យអប់រំសិក្សាធិការជាតិ
ឡើងវិញក្រោយ ពីរបបអមនុស្សនោះ បានបំផ្លិចបំផ្លាញទាំងស្រុង នូវ ខឿនអប់រំសិក្សាធិការជាតិ។ពេលនោះហើយដែលបញ្ញត្តិអក្សរសិល្ប៍
ប្រជាប្រិយខ្មែរ ត្រូវបានអ្នកសិក្សាទ្រឹស្តីអក្សរសិល្ប៍ខ្មែរ លើកយកមក ប្រើប្រាស់
ដើម្បីសម្រួល ដល់ការញែក ចែក រវាងស្នាដៃ អក្សរសិល្ប៍ ដែលមានអ្នកតាក់តែងច្បាស់លាស់ មានសម័យកាលតាក់តែងហៅ- ថា អក្សរសិល្ប៍សំណេរ (ទាំងពាក្យរាយ និងពាក្យកាព្យ)
ទៅនឹងស្នាដៃ មួយទៀត ដែលគ្មានអ្នកនិពន្ធច្បាស់លាស់ ហើយមានអត្ថិភាពរីក ចម្រើន
កែច្នៃជាបន្តបន្ទាប់ដោយសារការនិទានតៗគ្នាពីមាត់មួយ ទៅ មាត់មួយ
ពីតំបន់មួយទៅតំបន់មួយ ទៅសម័យកាលមួយ ពីភូមិស្រុក មួយទៅភូមិស្រុកមួយ
ពីតំបន់មួយទៅតំបន់មួយ រហូតពាសពេញផ្ទៃ ប្រទេសដែលក្លាយទៅជាមានប្រជាប្រិយភាព យ៉ាងល្បីអស្ចារ្យហៅថា
អក្សរសិល្ប៍ប្រជាប្រិយ ។
អក្សរសិល្ប៍ប្រជាប្រិយ គឺជាសិល្បៈប្រពៃណីនៃអក្សរសាស្ត្រ
ចំណេះដឹងនិងការអនុវត្តដែលត្រូវបានចែកចាយទូលំទូលាយឆ្លងកាត់ ពីមាត់មួយទៅមាត់មួយនិងសកម្មភាពដែលបានធ្វើឡើង។ឧទាហរណ៍៖ ដូចជាមនុស្សគ្រប់ជាតិសាសន៍ តែងតែមានព្រលឹងជា អត្តសញ្ញាណ ផ្ទាល់ខ្លួនរបស់ពួកគេ
ហើយរបៀបរស់នៅទាំងនេះជាប្រពៃណី ជំនឿ ផ្សេងៗ (ដូចជាទាក់ទងនឹងការដាំដុះ
ប្រពៃណីក្នុងគ្រួសារ និងធាតុដទៃ ដែលសំខាន់)ការអនុវត្តផ្សេងៗ ដទៃទៀត ដូចជា (របាំ
តន្រ្តី និងការដេរ ប៉ាក់ជាដើម) ការស្ថាបនា ដូចជា (ផ្នែកវិស្វរកម្ម សិល្បៈ
និងការធ្វើ ឧបករណ៍ សិប្បនិម្មិតជាដើម)។ តែបើតាម Wikipedia[1] បានឱ្យនិយម- ន័យថាអក្សរសិល្ប៍ប្រជាប្រិយ មាននៅក្នុងវប្បធម៌ ដែលក្នុងនោះ មាន រឿងរ៉ាវផ្សេងៗ តន្រ្តី របាំ រឿងព្រេងនិទាន ប្រវត្តិសាស្រ្ត ដែលនិយាយ ពីមាត់មួយទៅមាត់មួយ សុភាសិត
រឿងកំប្លែង ជំនឿ មហាជន និងជា ពិសេសនោះ វាមាននៅក្នុងទំនៀមទម្លាប់ រស់នៅរបស់ប្រជាជន។
ពាក្យ" អក្សរសិល្ប៍ប្រជាប្រិយ" ដែលត្រូវនឹងពាក្យជា ភាសាអង់គ្លេស ថា (folklore)។
និយាយដូចបានរៀបរាប់មកខាងលើនេះ
ពុំមែនមានន័យថា កាលពីសម័យមុន(មុនឆ្នាំ១៩៧៥)អ្នកសិក្សាស្រាវជ្រាវអក្សរសាស្រ្តខ្មែរ
ពុំបានលើកយកស្នាដៃរឿងដែលគ្មានអ្នកនិពន្ធ គ្មានកាលបរិច្ឆេទពិត ប្រាកដនិងត្រូវបានគេនិទានតៗគ្នា
ពីភូមិស្រុកមួយ ទៅភូមិស្រុកមួយនោះ មកធ្វើការសិក្សានោះទេ
តែការសិក្សារបស់គាត់នៅមានកម្រិត តិចតួច និងពុំទាន់បានបញ្ញត្តិឈ្មោះថា
អក្សរសិល្ប៍ប្រជាប្រិយ នៅ ឡើយ។ ដោយឈ្មោះនៃការហៅស្នាដៃ ប្រភេទនេះ ដូចពោលមកនោះ ទៅតាមចំណូលចិត្តរបស់អ្នកសិក្សានីមួយៗដោយឡែកពីគ្នាដូចជា៖[2]
រឿងព្រេងជារឿងជឿនលឿនសម្រាប់ដាស់ប្រជាជនឱ្យភ្ញាក់រឭក។ ហេតុនេះហើយបានជាអ្នកខ្លាំងពូកែសម័យនោះ មិនបានយកចិត្តទុក ដាក់ចងក្រងជាសាស្រ្តាស្លឹករឹត
ដើម្បីជាឯកសារឱ្យប្រជាជនរៀន និង ពិចារណាគ្រប់ៗគ្នាឡើយ។ ផ្ទុយទៅវិញគេច្រើនលើករឿង ផ្តេសផ្តាស់
បន្លំដូចជាអាជ័យមេរត ហើយឱ្យយោបល់ថា រឿងព្រេងទាំងនោះ មិន សមរម្យថោកទាបសម្រាប់តែអាមនុស្សថោកទាប
មានពូជអម្បូរទុគ៌ត សម្រាប់តែវង់អាយ៉ៃ យកទៅឡកកំប្លុកកំប្លែងលេង ។ មានខ្លះទៀតថា
រឿងនេះ ជារឿងឆ្កួតគ្មានបានការអ្វីទេ ។ បើពិនិត្យសើៗ យើងអាច ជឿទៅតាម យោបល់ខាងលើ
នេះទាំងអស់ ។
រឿងព្រេងជារឿងប្រជាជនដែលមានអត្ថរសខ្លឹមសារហើយមាន
ភាពជំទាស់ពេញទី ទៅនឹងការអប់រំដ៏អយុត្តិធម៌ នៃសង្គមខ្មែរនៅសម័យនោះ ។
ក្នុងរឿងព្រេងទាំងនោះ គេបាន លើកអ្នកតួឯកឬតួគំរូ តែជនសាមញ្ញ ដែលជាកូនចៅប្រជាជនពិតៗ
គេមិនបានអណ្តែត អណ្តូងទៅប្រចុបប្រចែងរើសកូនទេវតា ចុះពីឋានលើដូចក្នុង សាស្រ្តា- ល្បែងឡើយ។ រឿងព្រេងច្រើន និយាយពីការទាក់ទងមនុស្សពិតៗ ក្នុង សង្គមខ្មែរ
និងសង្គមជាតិដទៃ ដែលរួម មានជាតិចិន ជាតិជ្វាជាដើម ដែលមករកស៊ីដើរសំពៅ
ជំនួញនៅស្រុកខ្មែរយើង ដូច្នេះយើង ឃើញ លោកឱ្យឈ្មោះអក្សរសិល្ប៍ប្រជាប្រិយថាអក្សរសាស្ត្រប្រជាជនឬរឿង
ព្រេង ។
រួមសេចក្តីមក អក្សរសិល្ប៍ប្រជាប្រិយខ្មែរ
គឺជាកម្រងឯកសារ ទាំងឡាយណាដែលតាក់តែងឡើងដោយអក្សរឱ្យមានសម្ផស្សល្អអាច ទាក់ទាញអារម្មណ៍
អ្នកអាន អ្នកស្តាប់ ឱ្យជក់ចិត្តដិតអារម្មណ៍ ហើយ ប្រជាជនខ្មែរនិយមយកមកតំណាលប្រាប់គ្នាពីមាត់មួយទៅមាត់មួយពីតំបន់មួយទៅតំបន់មួយរហូតពាសពេញប្រទេស
ពោលគឺជាប្រភេទ អក្សរសិល្ប៍ដែលគ្មានអ្នកនិពន្ធ និងជាទី ពេញនិយមរបស់ប្រជាជន។
២.និយមន័យអក្សរសិល្ប៍ប្រជាប្រិយខ្មែរ
អក្សរសិល្ប៍ប្រជាប្រិយ មកពីបន្សំរវាងអក្សរសិល្ប៍+ប្រជាប្រិយ។ ចំពោះពាក្យថាអក្សរសិល្ប៍បានមកពីពាក្យ អក្សរ+សិល្ប៍= ស្នាមគំនូស មានរាងផ្សេងៗ សម្រាប់សរសេរកត់ត្រាពាក្យសម្តី
និងសេចក្តីទាំងពួង ប្រើមិនចេះអស់ (អក្សរ) ហើយគេចែកចេញជា ពីរពួក គឺស្រៈ និង ព្យញ្ជនៈ។
រីឯពាក្យថា សិល្ប៍ នេះមានន័យថា ភាពប៉ិនប្រសប់ទេព កោសល្យ។ ចំណែកឯ ពាក្យថា ប្រជាប្រិយ
បានមកពីពាក្យបន្សំរវាង ប្រជា+ប្រិយ (ប្រជា.ន.សំ.បា.បជា =ពពួកសត្វ ពពួកជន)។ ប្រជាករឬ ប្រជាជន(ជន)
ពួកជនចំណុះប្រទេស។ រីឯពាក្យថា ប្រិយ មានន័យថា
ដែលគួរឱ្យស្រលាញ់ដែលជាទីស្រលាញ់។ ដូច្នេះបានសេចក្តីថា អ្វីៗ ដែលប្រជាជននិយមចូលចិត្តហៅថាប្រជាប្រិយ។
ម្យ៉ាងទៀតយើងអាចឱ្យនិយមន័យបានថាអក្សរសិល្ប៍ប្រជាប្រិយគឺជាបណ្តាសមិទ្ធផលដែលកើតឡើងពីស្រទាប់ប្រជាពលរដ្ឋនាសម័យ នីមួយៗ។
វាគឺជាសិល្ប៍វោហារសាស្រ្ត ផ្សារភ្ជាប់ជាមួយ និងការផ្សព្វ- ផ្សាយរបស់មនុស្សទាំងឡាយ ដែលទទួលបាននូវពុទ្ធិនៃការរីកចម្រើន របស់ប្រវត្តិសាស្រ្តសង្គម
ពោរពេញទៅដោយភាពរីកចម្រើន លើផ្នែក សតិអារម្មណ៍ដែលទទួលបាននូវមាគ៌ានៃបណ្តារូបភាពដ៏ពិសិដ្ឋរបស់
ទេវៈ អារក្ស អ្នកតា និង បណ្តាបទពិសោធន៍ដ៏សម្បូរបែបប្រកបទៅ ដោយពាក្យគំរូ(ពាក្យប្រជាប្រិយផ្សាយ
តាមមាត់ផ្ទាល់)។
បើយោងតាម ប្រវត្តិសាស្រ្តសង្គម
បានបង្ហាញឱ្យយើងឃើញ ច្បាស់ថាខ្មែរ គឺជាជនជាតិមួយ ដែលនិយមចូលចិត្តដឹតអារម្មណ៍ នូវ ការស្តាប់នូវការនិទានរឿងទាំងឡាយដែល
ចូលចិត្តការស្មូត្រកំណាព្យ ព្រមទាំងចម្រៀងប្រជាប្រិយដែលបុព្វបុរស ឬអ្នកប្រាជ្ញចាស់ទុំ ពីបូរម បូរាណ លោកប្រឌិតតាក់តែងប្រវត្តិភូមិស្រុក ទំនៀមទម្លាប់ ប្រពៃណី ក្នុងសម័យកាលមួយនៃប្រវត្តិសាស្រ្ត យកមកតាក់តែងជានិទានប្រាយ
ប្រាប់ដល់កូនចៅ ដោយលើកយកហេតុផល ជាគ្រឿងអបស្ទបចិត្តគំនិតឱ្យប្រព្រឹត្ត ត្រឹមត្រូវតាមមាគ៌ា
នៃសេចក្តីសុខ សេចក្តីចម្រើន។ចំណេរកាលជាខាងក្រោយរឿងរ៉ាវដែលអ្នកស្រុកចេះចាំនោះក៏បង្កើតបានជាជំនឿជាការចូលចិត្ត ចាប់អារម្មណ៍រហូតបង្កើត បានជាពិធី ជា ការគោរព ជាទម្លាប់ ជាប្រពៃណីរហូតមក។
អក្សរសិល្ប៍ប្រជាប្រិយជាស្នាដៃដ៏ពេញនិយមក្នុងការសិក្សាស្រាវ
ជ្រាវរបស់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ។ ក្នុងនោះដែលក្រុម អ្នក សិក្សាទាំងឡាយ បានឱ្យនិយមន័យផ្សេងៗ
តាមទស្សនៈរៀងៗ ខ្លួន។
រួមសេចក្តីមក អក្សរសិល្ប៍ប្រជាប្រិយខ្មែរ
គឺជាកម្រងឯកសារ ទាំងឡាយណា ដែលតាក់តែងឡើង ដោយអក្សរ ឱ្យមានសម្ផស្សល្អ
អាចទាក់ទាញអារម្មណ៍ អ្នកអាន អ្នកស្តាប់ ឱ្យជក់ចិត្តដឹតអារម្មណ៍ ហើយប្រជាជនខ្មែរ និយមយកមកតំណាលប្រាប់គ្នាពីមាត់មួយ
ទៅ មាត់មួយពីតំបន់មួយ ទៅតំបន់មួយ ពាសពេញប្រទេស ពោលគឺជា ប្រភេទអក្សរសិល្ប៍ ដែលគ្មានឈ្មោះអ្នកនិពន្ធ
និងកាលបរិច្ឆេទច្បាស់លាស់ហើយជាទីពេញនិយមរបស់ប្រជាជននោះហើយជា
អក្សរសិល្ប៍ ប្រជាប្រិយខ្មែរ។
៣.ប្រភេទនៃអក្សរសិល្ប៍ប្រជាប្រិយខ្មែរ
បើតាមស្នាដៃអក្សរសិល្ប៍ប្រជាប្រិយខ្មែរ ដែលមានការរៀបរៀង ចងក្រងឡើង ដោយបណ្ឌិត អ៊ីវ
ថុង ដែលបានទទួលការអនុញ្ញាត ឱ្យបោះពុម្ពផ្សាយ ពីក្រសួងអប់រំ នៅថ្ងៃ ទី ១៣ ខែ
កញ្ញា ឆ្នាំ ១៩៨៤ ដើម្បីប្រើប្រាស់នៅតាមសាលា ចំណេះទូទៅបានបរិយាយអំពីទ្រីស្តី ដែលទាក់ទងទៅនឹងបញ្ញត្តិ អក្សរសិល្ប៍ប្រជាប្រិយខ្មែរ ហើយបានបែង ចែកអក្សរសិល្ប៍ប្រជាប្រិយជា៖
៣.១.តំណាលកថាប្រជាប្រិយខ្មែរ
តំណាលកថាប្រជាប្រិយ
គឺជាបណ្តុំនៃរឿងរ៉ាវទាំងឡាយ ដែល បានលេចចេញពី ការនិទាន ឬតំណាលតៗគ្នានៃមនុស្សដែលរស់នៅ
ក្នុងសហគមន៍ដោយគ្មានឈ្មោះអ្នកនិពន្ធគ្មានកាលបរិច្ឆេទពិតប្រាកដ។ តំណាលកថាទាំងនោះត្រូវបានប្រជាជននិយមពេញចិត្តហើយបង្កើត បានការផ្សព្វផ្សាយពីភូមិមួយទៅភូមិមួយពីសហគមន៍មួយ
ទៅសហ- គមន៍មួយពីតំបន់មួយទៅតំបន់មួយ។
ពាក្យតំណាលកថាប្រជាប្រិយនេះ ជាបច្ចេកសព្ទមួយ
ដែលប្រើប្រាស់តាមសៀវភៅអក្សរសិល្ប៍ខ្មែរថ្នាក់ទី១០របស់ក្រសួងអប់រំនៅឆ្នាំ១៩៨៨ចំណែកពាក្យដែលគេតែងតែធ្លាប់ឮធ្លាប់ស្គាល់នោះគឺ“រឿងព្រេង”។អាស្រ័យហេតុនេះយើងសូមប្រើពាក្យទាំងពីរនេះក្នុងន័យដូច គ្នា។ រីឯក្នុងភាសាអង់គេ្លសវិញ ពាក្យតំណាលកថាប្រជាប្រិយ ត្រូវ នឹងពាក្យថា“folktale”ដែលជាផ្នែកមួយដ៏សំខាន់នៃអក្សរសិល្ប៍ប្រជាប្រិយ។
ពាក្យនេះត្រូវបានអ្នកសិក្សាជាតិ និងអន្តរជាតិជាច្រើននាក់ បានផ្តល់ និយមន័យចំពោះពាក្យនេះ
ក៏ប៉ុន្តែ យើងសូមលើកយកតែ ទស្សនៈ សំខាន់ៗមួយចំនួនមកបង្ហាញប៉ុណ្ណោះ។
នៅទ្វីបអឺរ៉ុប គេចាប់ផ្តើមសិក្សា និងស្រាវជ្រាវពីតំណាលកថា
ប្រជាប្រិយ ឬរឿងព្រេងចាប់តាំងពីទសវត្ស ឆ្នាំ១៨០០មកម្ល៉េះ ដែលក្នុង នោះមានអ្នកស្រាវជ្រាវដ៏សំខាន់
ពីររូប ដែលខំដើរប្រមូលរឿងព្រេង នោះគឺបងប្អូនពីររូប ដែលមានត្រកូលហ្រ្គីម(Grimm)[3] ទើបក្រោយមក ទៀត គេហៅរឿងពេ្រង
ដែលអ្នកទាំងពីរបានប្រមូលនោះថា Grimm’s Fairy Tale ។ ចំណែកនៅស្រុកខ្មែរយើងវិញ ទើបនឹងមានការប្រមូល ចងក្រងរឿងព្រេងមួយចំនួននាចុងសតវត្សទី១៩[4]
ជាក់ស្តែង លោក អៃមូនីញ៉េ ជាអ្នកប្រាជ្ញជាតិបារាំងម្នាក់ ដែលបានបោះពុម្ពរឿងព្រេង ខ្មែរជាសៀវភៅនៅព្រៃនគរ
នាឆ្នាំ១៨៧៨ ដោយដាក់ចំណងជើងថា “អត្ថបទខ្មែរ”(Textes Khmers)[5]ហើយក្រោយមកក្រុមជំនុំ ទំនៀមទម្លាប់ ខ្មែរ បានប្រមូលរឿងព្រេងខ្មែរ បានចំនួន៩ភាគនៅឆ្នាំ១៩៧៥[6]។
តាមលោក ស្ទីត ថមហ្សុន ( Stith Thompson) ដែលជាអ្នកស្រាវជ្រាវមួយរូប ដ៏ ល្បីល្បាញផ្នែករឿងព្រេងនោះបានអះអាងថា
តំណាលកថាប្រជាប្រិយ មិនមែនត្រឹមតែជាផ្ទាំងទស្សនីយភាពប៉ុណ្ណោះទេតែថែមទាំងជាកម្រងមេរៀនសម្រាប់ដោះស្រាយបញ្ហាជាក់ស្តែងក្នុងជីវិតផងដែរ។ ម្យ៉ាងវិញ ទៀតរឿងព្រេងក៏ត្រូវបានមនុស្សផ្ទេរពីជំនាន់មួយទៅជំនាន់មួយទៀត តាមរយៈការនិទានតៗគ្នារហូតមកដល់សព្វថ្ងៃនេះ[7]។
អ្នកស្រី មូរៀល ប៉ាស្គីន (Muriel Paskin) ជាអ្នកស្រាវជ្រាវ ជនជាតិ អាមេរិកមួយរូប បានពន្យល់ថា “អស់រយៈពេលជាច្រើនពាន់ឆ្នាំ មក ហើយ មនុស្សក្នុងពិភពលោក ចូលចិត្តស្តាប់រឿងនិទានណាស់។
រឿង មួយចំនួន បានពន្យល់ពីមូលហេតុ ដែលនាំឲ្យសមុទ្រស្រែកថ្ងូរ ហើយ រឿងមួយចំនួនទៀត ជារឿងអស្ចារ្យ
និយាយពីកំពូលមនុស្ស ដែលអាចហោះចេញពីភពផែនដី ឬអាចដើរនៅលើទឹកបាន។ ចំណែកឯ រឿងខ្លះទៀត
ជារឿងបែបកំប្លុកកំប្លែង និងជាប្រសា្ន សម្រាប់ការសើច សប្បាយ និងការលំហែកម្សាន្តចិត្ត។
រីឯរឿងខ្លះទៀត បានផ្តល់ជា មេ រៀនជីវិតដ៏មានតម្លៃ ដើម្បីទទួលបាននូវភាពជោគជ័យ និងសុភមង្គល
ជាមួយគ្រួសារ ក៏ដូចជាមិត្តភ័ក្ត។ ដោយហេតុថា រឿងទាំងនេះបាន ក្លាយជាផ្នែកមួយ ដ៏មានតម្លៃក្នុងជីវិតប្រជាជន
ទើបគេហៅរឿងទាំង អស់នេះថារឿងព្រេង ឬជា អក្សរសិល្ប៍ប្រជាប្រិយ”[8]។ អ្នកស្រីក៏បានពន្យល់ផងដែរថានៅក្នុងសម័យដែលមិនទាន់មានអក្សរប្រើប្រាស់សម្តី គឺជាមធ្យោបាយតែមួយគត់ ដែលមនុស្សប្រើប្រាស់ដើម្បីផ្សព្វផ្សាយពីប្រវត្តិ
ប្រពៃណីទំនៀមទម្លាប់ និងជំនឿរបស់ខ្លួន។ ការនិទានរឿងតៗគ្នានេះស្ទើរតែត្រូវបានគេហៅថាការបង្រៀនតាមសម្តី (speech teach)។
ចំណែកអ្នកស្រាវស្រាវខ្មែរសំខាន់ៗមួយចំនួន ក៏បានពន្យល់ពី អត្ថន័យនៃរឿងព្រេងដែរ។
នៅក្នុងនោះ លោកបណ្ឌិត ឃីង ហុកឌី ក្រោយពីបានលើកឡើងពីនិរុត្តិសាស្រ្តនៃពាក្យ“រឿងព្រេង”លោកបាន ពន្យល់ក្នុងន័យសរុបរួមថា
“រឿងព្រេង គឺដំបូង ជាអក្សរសាស្រ្តសម្តីពីមាត់មួយទៅមាត់មួយមានមកជាយូរអង្វែងមកហើយបានផ្ទេរ
រឿង ព្រេងមកតាមបបូរមាត់ដូនតាមេបាយើងតាមអ្នកចម្រៀងនិងសិល្បករ នានា។ រឿងព្រេងទាំងអស់ ដែលកត់ត្រា ដោយកវីបណ្ឌិតយើង ជា សំណេរលើស្លឹករឹតឬលើក្រដាសនានានោះ
ដើម្បីឱ្យអ្នកជំនាន់ក្រោយបានជ្រាបច្បាស់ នូវចំណេះដឹងនេះ មានឡើងចាប់ពីសម័យកណ្តាល មកប៉ុណ្ណោះ។
រឿងព្រេងភាគច្រើន សរសេរជាពាក្យរាយ ហើយគ្មាន បញ្ជាក់កាលបរិច្ឆេទទេ”[9]។
លោក ខឹម សំឱរ ជាអតីតភ្នាក់ងារអ្នកកាសែត នាទសវត្សឆ្នាំ ១៩៥០ ក៏បានលើកឡើងផងដែរថា
“អក្សរសាស្រ្តប្រជាជន គឺរឿងព្រេង ដែលប្រជាជនបាននិយាយតៗគ្នា
រៀងរហូតមកពីមាត់មួយ ទៅមាត់ មួយ។ រឿងព្រេងភាគច្រើនជារឿងខ្លី។” លោកក៏បានបញ្ជាក់ទៀតថា “រឿងព្រេងជារឿងប្រជាជនមានអត្ថរសខ្លឹមសារជំទាស់ពេញទីនឹងការអប់រំអយុត្តិធម៌នៃសង្គមខ្មែរ
នៅសម័យនោះ”[10]។ ស្របគ្នានេះដែរ លោក ជុំ កាណាល់ បានអះអាងផងដែរថា រឿងនេះ ជារឿងប្រឌិតក្នុងសង្គមលោកិយដែលបានលើកយកបញ្ហាមនុស្សមកចោទនិងដោះស្រាយក្នុងគោលបំណង
ជួយណែនាំអនុជនឲ្យចេះស្រឡាញ់អំពើល្អ ហើយស្អប់អំពើអាក្រក់។ នៅស្រុកខ្មែរយើង មានរឿងព្រេងច្រើនសន្ធឹកណាស់
ដែលកាលពីបុរាណគេតែងនិទាន ឱ្យគ្នាស្តាប់នៅក្នុង ឱកាសបុណ្យទានណាមួយ ឬ ពេលជួបជុំគ្នាម្តងៗ[11]។
ចំណែកឯលោក ហ៊ុន គឹមសៀ ជាអ្នកស្រាវជ្រាវជនជាតិខ្មែរ មួយរូបដែរនោះ បានបកស្រាយពន្យល់ពីរឿងព្រេងយ៉ាងនេះថា
រឿងព្រេងជារឿងជំនាន់ដើម ដែលរឿងខ្លះ មានលក្ខណៈអស្ចារ្យ ហួស និស្ស័យមនុស្ស ហើយរឿងខ្លះទៀត
មានសភាពទាក់ទងយ៉ាងជិតដិតជាមួយជីវភាពរបស់ប្រជាជនសាមញ្ញ។ កាលពីដើម គេច្រើននិទានតៗ គ្នាពីមនុស្សម្នាក់ទៅមនុស្សមា្នក់ទៀតហើយរឿងទាំងអស់នេះ
ក៏មាន ឥទ្ធិពលខ្លាំងណាស់ទៅលើការអប់រំមនុស្សនាសម័យបុរាណ[12]។
ទាក់ ទងនឹងអត្ថន័យរបស់រឿងព្រេងនេះ អ្នកស្រាវជ្រាវ នៃក្រុមជំនុំទំនៀម ទម្លាប់ខ្មែរ ក៏បានបញ្ចេញទស្សនៈផងដែរថា
រឿងព្រេង គឺជាប្រភេទ រឿងមួយបែប ដែលមនុស្សយើងតែងតែនិយាយតៗគ្នា តាំងពីសម័យ បុរាណតមកសម្រាប់និទានប្រាប់ដល់កូនចៅឬអ្នកជំនាន់ក្រោយរបស់ខ្លួនដោយមាននិន្នាការបម្រើប្រយោជន៍
ដល់មហាជនជាទូទៅនៅក្នុងសង្គម។ រឿងទាំងអស់នេះមិនត្រឹមតែបានផ្តល់ជាចំណេះដឹងអប់រំ និង
បង្កើននូវទំនាក់ទំនងយ៉ាងជិតស្និទ្ធស្នាល រវាងមនុស្សនៅក្នុងសហគមន៍
ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីស្ថានភាពសង្គមនៅ
អតីត កាលទៀតផង[13]។ ជាមួយគ្នានេះដែរ
លោក ថន ប៊ុនលី បានសរសេរ នៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយមួយនៃនិក្ខេបបទជាភាសាអង់គ្លេសរបស់លោកថា
“រឿងព្រេង គឺជារឿងប្រកបដោយតម្លៃវប្បធម៌ រួម មានទាំងសីលធម៌
ទំនៀមទម្លាប់ ប្រព័ន្ធជំនឿ និងរបៀបរស់នៅ របស់ប្រជាជន។ រឿងព្រេងទាំងអស់នេះរួមមានទេវកថា
ព្រេងកថា និង និទានកថាប្រជាប្រិយ។ រឿងទាំងអប្បាលម៉ានេះ បានត្រូវផ្សព្វផ្សាយ តាំងពីយូរយារណាស់មកហើយចាប់ពីជំនាន់មួយទៅជំនាន់មួយទៀត ដោយគេពុំអាចដឹងឈ្មោះអ្នកនិពន្ធប្រភពដើមនៃរឿងឬក៏កាលបរិច្ឆេទ នោះទេ[14]។រីឯសៀវភៅអក្សរសិល្ប៍ខ្មែរថ្នាក់ទី១០របស់ក្រសួងអប់រំវិញបន្ទាប់ពីបានបែងចែកតំណាលកថាប្រជាប្រិយជាបីគឺ
ទេវកថា ព្រេង កថានិងនិទានកថាប្រជាប្រិយ (មាននិទានកថាអស្ចារ្យ និទានកថាសត្វ
និទានកថាសង្គម និទានកថាសំណើច និងល្បើកកថា) រួចហើយ ក៏ បានពន្យល់ពីនិយមន័យ របស់តំណាលកថាប្រជាប្រិយ
យ៉ាងនេះថា “តំណាលកថាប្រជាប្រិយ ឆ្លុះបញ្ចាំងពីជីវិតប្រជាជាតិ គ្រប់ជ្រុងជ្រោយ
ក្នុងសម័យប្រវត្តិសាស្រ្តខុសៗគ្នាគិតតាំងពីសម័យកាលដែលយើងមិន ទាន់មានឯកសារជាក់លាក់
រហូតមកដល់សព្វថ្ងៃនេះ។ បុព្វបុរសខ្មែរ យើង បានផ្តាំផ្ញើតាមរយៈរឿងនិទានប្រជាប្រិយ នូវមនោសញ្ចេតនា
សេចក្តីប៉ងប្រាថ្នាទស្សនៈ ពីពិភព និងពីជីវភាពនៃសង្គមមនុស្សរបស់គាត់”[15]។
រួមសេចក្តីមក តំណាលកថាប្រជាប្រិយ ឬរឿងព្រេង គឺជាផ្នែក មួយដ៏សំខាន់នៃអក្សរសិល្ប៍
ប្រជាប្រិយ ហើយវាក៏ជាអក្សរសិល្ប៍សម្តី ដែលមនុស្សនិទានតៗគ្នា ពីមួយជំនាន់ ទៅជំនាន់រហូតដល់
សម័យ ទំនើបទើបមានអ្នកសិក្សាស្រាវជ្រាវមួយចំនួនចាប់ផ្តើមប្រមូលចងក្រងជាអត្ថបទសំណេរ ប៉ុន្តែគេពុំអាចដឹងបានពី
ឈ្មោះអ្នកនិពន្ធ កាល បរិច្ឆេទ ប្រភពដើមនៃរឿងនិទានទាំងនោះឡើយ។ រឿងព្រេងទាំងនេះ ទៀតសោត
ក៏ជាប្រភពនៃវប្បធម៌ជាតិនីមួយៗ ដែលជាកម្រងរឿងនិទានមានផ្ទុកទៅដោយជីវភាព និងការអប់រំកសាងស្មារតីរបស់
ប្រជាជននៅសម័យបុរាណ ក៏ដូចជាសហស្សសម័យនេះផងដែរ។ ក្នុងនោះដែរយើងសង្កេតឃើញ
ថាតំណាលកថាប្រជាប្រិយ មានច្រើនបែបច្រើន សណ្ឋានទៅតាមលក្ខណៈ នៃរឿងដែលមានដូចជា៖
៣.១.១.ទេវកថា
គឺជាប្រភេទតំណាលកថាមួយ ដែលមានកំណើតឡើង
តាំងពី សម័យសហគមន៍ សមូហភាពបុព្វកាលមកម្ល៉េះ។គេអាចនិយាយបាន ថាទេវកថាគឺជាការបង្ហាញឡើងជាដំបូងនូវរឿងរ៉ាវ
ឆ្លុះបញ្ចាំងអំពីការ បកស្រាយរបស់សហគម៍បុព្វកាលទៅលើបាតុភូតធម្មជាតិនិងកម្លាំង អភិធម្ម។
ស្នាដៃដែលស្ថិតក្នុងប្រភេទទេវកថា មានដូចជារឿង អ្នកតា- ទឹកអ្នកតាភ្នំ[16] រឿងព្រះចន្រ្ទ[17]... ។
៣.១.២.ព្រេងកថា
គឺជាការនិយាយបន្តពីទេវកថា ដែលជារឿងនិទានទាក់ទងនឹង
ប្រវត្តិសាស្រ្តដោយ មានទាំងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងតួអង្គប្រវត្តិ- សាស្រ្តផងដែរ។
អាចនិយាយថាជាព្រេងកថានៃប្រវត្តិសាស្រ្តតាមមាត់ របស់ប្រជាជន។ រឿងព្រេងកថាច្រើន តែលើកឡើងទាក់ទិន
ទៅនឹងប្រពៃណីទំនៀមទម្លាប់ ភូមិសាស្រ្ត...។ល។ដូចជារឿងព្រះថោងនាងនាគ[18] រឿងប្រាសាទអង្គរវត្ត[19] រឿងភ្នំ ប្រុសភ្នំស្រី[20]... ។
៣.១.៣.និទានកថា ឬប្រឌិតកថាប្រជាប្រិយខ្មែរ
គឺជាប្រភេទ តំណាលកថាប្រជាប្រិយមួយ ដែលត្រូវបានចាប់ កំណើតឡើងក្នុងពេល ដែលសង្គមមានវណ្ណៈគឺចាប់ពីពេល
ដែលមាន សង្គមទាសភាពកើតឡើង។ គេអាចនិយាយបានថា និទានកថាប្រជា- ប្រិយគឺជារឿងរ៉ាវ ដែលឆ្លុះបញ្ចាំងពីជីវភាពសង្គម
និងការតស៊ូក្នុង សង្គម។ គេអាចចែកនិទានកថាប្រជាប្រិយជាប្រភេទដែលមានដូចជា៖
ក-និទានកថាអស្ចារ្យ
ជាប្រភេទរឿង ដែលបានលើកឡើងនូវភាពអស្ចារ្យទាំងឡាយ ដែលយើងមិនធ្លាប់ ជួបប្រទះក្នុងសង្គម។
រឿងទាំងនោះច្រើន និយាយ រៀបរាប់នូវហេតុការណ៍ចម្លែកៗដែលហួសពីការស្មាននៅក្នុងសង្គម។ រឿងនេះភាគច្រើនទទួលឥទ្ធិពលពីសាសនាពិសេសព្រហ្មញ្ញសាសនា ដោយលើកតម្កើងតួអង្គ ឱ្យមានអច្ឆរិយភាពលើសលប់។
ឥទ្ធិពលនេះ បានធ្វើឱ្យរឿងព្រេង ក្លាយទៅជាអច្ឆរិយៈដូចជា ការហោះហើរ ដើរ លើអាកាស
ដើរលើទឹក មនុស្សស្លាប់ហើយ អាចរស់ឡើងវិញបាន សត្វចេះនិយាយភាសាមនុស្ស មនុស្សចេះបែង ភាគប្រែកាឡា
ចេះជប់ ចេះបំបាំងខ្លួន ចេះនិមិត្តចេញជាតួអង្គផ្សេងពីតួអង្គដើម...។ ក្នុងនោះ យើងឃើញមានដូចជា
រឿងមនុស្សលោក[21] រឿងចៅអាចម៍សេះ[22] ..ជាដើម ។
ខ-និទានកថាសត្វ
ជាប្រភេទរឿងរ៉ាវដែលបានបង្ហាញអំពីប្រវត្តិនៃសត្វនិងបុគ្គលិក លក្ខណៈរបស់សត្វ មិនមែនដើម្បីជាឧបមានរូបាម្មណ៍ទៅនឹងមនុស្ស នៅក្នុងសង្គមឡើយ ។
ដូចជារឿង ត្មាតបោកដំរីស[23]... ។
គ-និទានកថាសង្គម
ជាប្រភេទរឿងនិទានកថាប្រជាប្រិយមួយ ដែលមានលក្ខណៈ ខុសគ្នាពីនិទានកថាសត្វត្រង់ថាពិតមែនតែរឿងខ្លះបានលើកយកតួអង្គ សត្វឬរុក្ខជាតិនោះទេ គឺដើម្បីឆ្លុះបញ្ចាំងទៅនឹងមនុស្សក្នុងសង្គមជាក់ ស្តែង
ដូជជារឿងចាបស្រុកចាបព្រៃ រឿងដើមកោងកាង... ។
ចំណែកឯនៅក្នុងនិទានកថា សង្គមខ្លះទៀត
មិនបានលើកយក តួអង្គសត្វ មកដើរតួទេ គឺគេយកតួអង្គមនុស្សមកដើរតួតែម្តង ដូចជា រឿងបុរសចាក់ស្មុគ[24]។
ឃ-និទានកថាសំណើច
និទានកថាបែបនេះ បានបង្ហាញពីការរិះគន់ទៅលើទម្លាប់ពុត ត្បុត ឬចរិតជិះជាន់ បោក ប្រាស់
ភូតកុហក់របស់ប្រជាជន ឬពួកវណ្ណៈ ជិះជាន់ ដូចជរឿងជាងកាត់សក់ចំណាប់ រឿងម៉ៅស្វិត[25]។
៣.២.ពាក្យចួនប្រជាប្រិយខ្មែរ
តាមរយៈប្រវត្តិសាស្រ្តខ្មែរ បានឱ្យដឹងថាប្រជាពលរដ្ឋ យើងមាន ប្រពៃណីតស៊ូ កសាងនិងការពារទឹកដីយ៉ាងស្វិតស្វាញ។
ពីមួយថ្ងៃទៅ មួយថ្ងៃប្រជាពលរដ្ឋ បានខិតខំការពារទឹកដី ឱ្យកាន់តែរីកចម្រើនល្អ ស្រស់បំព្រង
និងកែច្នៃជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។ ប្រជា- ពលរដ្ឋយើងរស់នៅយ៉ាងជិតស្និទ្ធនិងធម្មជាតិទឹកដី... ហេតុនេះហើយ បានជាពាក្យ ចួនប្រជាប្រិយខ្មែរ
លើកឡើងពីអ្វីៗដែលនៅជុំវិញខ្លួន ហើយផ្សាភ្ជាប់យ៉ាងស្អិតល្មួតទៅនឹងជីវភាពប្រចាំថ្ងៃរបស់មនុស្ស
ដូច ជាការនេសាទ ការបរបាញ់សិប្បកម្មត្បាញរវៃ ជាងដែក ជាងឈើ... ។ យើងដឹងហើយថាប្រជាពលរដ្ឋខ្មែរភាគច្រើនជាកសិករដូច្នេះពួកគាត់
មានអាជីពធ្វើស្រែយកស្រូវ ។ តែនៅត្បាញក្រមា ហូល ផាមួង កញ្ជើរ ល្អី...។ល។ ដើម្បីលើកស្ទួយជីវភាពបន្ថែមទៀត ។
ពិសេសជាងនេះ ទៅ ទៀតអាជីវកម្មធ្វើត្នោត ក៏ត្រូវបានប្រជាពលរដ្ឋខ្មែរយើង យកចិត្តទុក ដាក់ខ្លាំងណាស់ដែរ
។ ដូច្នេះប្រជាពលរដ្ឋខ្មែរ គឺជាមនុស្ស ឧស្សាហ៍ ព្យាយាមក្នុងពលកម្ម
និងជាមនុស្សមានទេពកោសល្យច្នៃប្រឌិតខ្ពស់ ។
-ពាក្យចួនប្រជាប្រិយជាមួយពលកម្ម ផលិតកម្ម កសិកម្ម
"ធ្វើស្រែនឹងទឹក ធ្វើសិកនឹងបាយ"
។
-ពាក្យចួនប្រជាប្រិយ ទំនាក់ទំនងគ្រួសារសង្គមនិងការតស៊ូ
"ជន្លេនមិនដែលខ្ពើមដី មន្រ្តីមិនដែលខ្ពើមប្រាក់"
។
-ពាក្យចួនប្រជាប្រិយ ទំនាក់ទំនងជីវភាពមនោសញ្ចេតនា
"បើបំណាច់នឹងចេះ ឱ្យគេកោត
បើបំណាច់នឹងឆោត ឱ្យគេអាណិត
បើបំណាច់នឹងហ៊ាន ឱ្យគេមានចិត្ត
បើបំណាច់នឹងគិត ឱ្យបានការ
បើបំណាច់នឹងថា
ឱ្យមានខ្នាត..." ។
ក្នុងសម្បត្តិវប្បធម៌សិល្បៈប្រជាប្រិយមានតួនាទីយ៉ាងសំខាន់ក្នុងមរតកអក្សរសិល្ប៍ប្រជាប្រិយខ្មែរ។
ពាក្យចួនប្រជាប្រិយរួមមាន សុភាសិត ពាក្យបណ្តៅ ចម្រៀងប្រជាប្រិយ ។
៣.២.១.សុភាសិត
សុភាសិតគឺជាគតិបណ្ឌិតប្រជាប្រិយ។សុភាសិតបានបកស្រាយ ពីបទពិសោធន៍ របស់មនុស្សលើធម្មជាតិ
ធាតុអាកាស ផលិតកម្ម ជីវភាពសង្គមសុជីវធម៌ ។ ម៉ាក់ស៊ីមគ័រគី បាន ចាត់ទុកថា សុភាសិតជា
"បទពិសោធន៍សង្គម ប្រវត្តិរបស់ប្រជាជន" ។
សុភាសិតខ្មែររស់នៅនិងផ្សព្វផ្សាយក្នុងសម្តីខ្មែរគឺជាបុប្ផាដែល ដុះនៅលើដីស្រែចម្ការខ្មែរ
នៅសម័យអាណានិគមនិយម ។ សុភាសិត ខ្មែរ លោកបានរក្សាទុកនូវលក្ខណៈ ប្រពៃណីជាតិយ៉ាងច្បាស់លាស់
។ ដូចសុភាសិតនានាលើសកលលោកដែរ សុភាសិតខ្មែរភាគច្រើន ចែក ជាពីរផ្នែក
ដែលមានអក្សរបំណែងចែក ដោយសង្វាក់បែបចំណាប់ ចុងចួន។
ផ្នែកទាំងពីរជាគូនឹងគ្នាហើយមានលំនឹង។ គំនិតអរូបិយ ក្នុងសុភាសិតត្រូវបានសម្តែងចេញ ដោយរូបភាព
ហើយរូបភាពទាំង នេះប្រកបដោយទម្រង់ឧបមាណវិធី ។
ប្រភពសុភាសិតខ្មែរយើងសង្កេតឃើញមានសុភាសិតមានប្រភព ចេញមកពី៣គឺ៖ ជីវភាពប្រជាជនប្រភេទផ្សេងៗនៃរឿងនិទានប្រជាប្រិយអក្សរសិល្ប៍ចំណារ។
ក្នុងចំណោមប្រភពទាំងបីនេះប្រភពទី១ (ជីវ ភាពប្រជាជន) មានសារៈសំខាន់ជាងគេបង្អស់ ។
នានាភាពនៃសុភាសិតខ្មែរ៖
"ជន្លេន មិនដែលខ្ពើមដី មន្រ្តីមិនដែលខ្ពើមប្រាក់"
។
"ទន្លេដប់ មិនស្កប់ សមុទ្រមួយ" ។
"អ្នកមានកុំអាលអរ អ្នកក្រកុំអាលភ័យ"
។
"មានមិនដែលបីត ក្រមិនដែលបីជាតិ"
។
-សុភាសិតបកស្រាយសាមគ្គីភាពផ្ទៃក្នុងរវាងប្រជាជន និងការ ជិះជាន់
"អំពៅមួយបាច់ កាច់មិនបាក់ឡើយ"
។
"សម្តីញុះញង់ នាំបង់សាមគ្គី" ។
-សុភាសិតបកស្រាយពីការព្យាយាមអត់ធ្មត់នឹងការងារ
"តក់ៗពេញបំពង់ ឆុងៗរលុងឃែត"
។
"សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា"
។
-ប្រជាជនយើងភាគច្រើនជាកសិករមានសុភាសិតជាច្រើនដែល បកស្រាយពីបញ្ហាកសិកម្ម
"ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ"
។
"ធ្វើស្រែមើលស្មៅ ទុកដាក់កូនចៅមើលផៅសន្តាន"
។
"ចេះដប់ មិនស្មើប្រសប់មួយ"
។
"ចេះឯង ឱ្យក្រែងចេះគេ"
។
"ចាក់អង្ករ យកអង្កាម"
។
"ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា"
។
-សុភាសិតសេរីបកស្រាយសកម្មភាពផ្សេងៗក្នុងសង្គម
"ងប់ល្បែង តែងវិនាស"
។
"កុំរងមុខដឹង កុំទទឹងមុខសឹក"
។
៣.២.២.ពាក្យបណ្តៅ
ពាក្យបណ្តៅក៏ដូចជាសុភាសិតដែរគឺបានបង្កប់នូវពុទ្ធិប្រជាប្រិ-យខ្មែរយ៉ាងជ្រាលជ្រៅនិងបានបង្ហាញពីលក្ខណៈខាងក្រៅនៃបាតុភូត វត្ថុផ្សេងៗដែលយើងបានជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃហើយនៅក្បែរៗ
យើងទៅតាមដំណាក់កាលនៃប្រវត្តិសាស្រ្ត ដូចជា នង្គ័ល រនាស់ ត្បាល់បុក កង្កែប គោ ក្របី
រុក្ខជាតិ ភ្លៀងផ្គរ ព្រះអាទិត្យ ព្រះច័ន្ទ... ។
ការពិពណ៌នា ខាងក្រៅរបស់បាតុភូត និងវត្ថុក្រោមរូបភាពថ្មី មួយទៀតពាក្យបណ្តៅតាមធម្មតា
សម្រាប់ក្មេងៗ ដើម្បីទម្លាប់ក្មេងៗ ឱ្យចេះគិត ចេះពង្រីកសមត្ថភាពសង្កេតពិនិត្យសមត្ថភាពច្នៃប្រឌិត លើ បាតុភូតលើវត្ថុដើម្បីឱ្យក្មេងៗមានការប្រយ័ត្នក្នុងការត្រិះរិះពិចារណា។
ពាក្យបណ្តៅមានពីរផ្នែក ផ្នែកទីមួយសម្រាប់ទាយ ហើយផ្នែក ទីពីរសម្រាប់ ឆ្លើយនឹងពាក្យបណ្តៅនោះ។
នៅក្នុងសៀវភៅពាក្យ បណ្តៅ គេនិយមដាក់ផ្នែក ចម្លើយនៅខាង ក្រោយ ឯផ្នែកទី១ គេដាក់ នៅខាងដើម
។
ភាពផ្សេងៗនៃពាក្យបណ្តៅខ្មែរ៖
-ពាក្យបណ្តៅលើសត្វពាហនៈ
"ទៅលីទម្ពក់ មកលីទម្ពក់" ។ តើស្អីគេ? (ឆ្កែ) ។
"កំប៉េងកំប៉ោះ កំប៉េងអត់ដោះ ចិញ្ចឹមកូនរស់" ។
តើស្អីគេ? (មាន់) ។
"អត់ខ្នើយ កើយខ្នង" ។ តើស្អីគេ? (ទា) ។
"ព្រឹក្សាផលានាមហៅ ពកូនពចៅពលរេសងខាង" ។
តើស្អីគេ?(ដើមស្លា) ។
"ដើមវាប៉ុនសសរ ស្លឹកវាល្អប៉ុនក្តារកី" ។
តើស្អីគេ? (ដើមចេក) ។
-ពាក្យបណ្តៅលើឧបករណ៍ប្រើប្រាស់
"ស្តេចក៏ចាយបាន រាស្រ្តក៏ចាយបាន" ។
តើស្អីគេ? (ចានបាយ) ។
"នាងធូរនាងធាត់ នាងធូរឥតមាត់ នាងធូរធាត់ឯង" ។
តើស្អីគេ? (ខ្នើយ) ។
-ពាក្យបណ្តៅលើជីវភាពប្រចាំថ្ងៃ
"វាយអារស់ អាងាប់ស្រែក" ។ តើស្អីគេ? (បរទេះ) ។
"កៀកក លៀនអណ្តាត" ។ តើស្អីគេ? (សឹតទឹកពីក្អម)
។
"ចាំងមួយថ្ងៃវាស់ល្ងាច កំទេចរងើកភ្លើងបន្តិចគ្មាន"។
(ព្រះអាទិត្យ) ។
"បោះសន្ទូងរំលងភ្នំត្រីឆ្តោរមាត់ធំដេញលេបក្ងោកមាស"។
តើស្អីគេ? (រាហូចាប់ចន្រ្ទ) ។
"នួនអើយនាងនួន នាងធំតែខ្លួន តែទាបជាងស្មៅ" ។
តើស្អីគេ? (ផែនដី) ។
-ពាក្យបណ្តៅប្រៀបធៀប
"ក្បាលពោះឡើងរពីង ជញ្ជក់ឈាមរាស្រ្តដូចឈ្លើង" ។
តើស្អីគេ? (ពួកនាហ្មឺននពុករលួយ) ។
"ចាស់ មិនព្រមទុំ" ។
តើស្អីគេ? (មនុស្សចាស់ខិលខូច ធ្វើឫកដូចក្មេង) ។
៣.៣.ចម្រៀងប្រជាប្រិយខ្មែរ
ចម្រៀងប្រជាប្រិយ គឺជាព្រលឹងរបស់ប្រជាជាតិមួយ ។ ជាកញ្ចក់ ឆ្លុះបញ្ចាំង ពីផ្នត់
គំនិតប្រជាពលរដ្ឋ ដែលអាចឱ្យគេស្គាល់ នូវចំណង់ ចំណូលចិត្ត សេចក្តីលំបាកវេទនា
សេចក្តីសប្បាយរីករាយ សេចក្តីប៉ង ប្រាថ្នារបស់មហាជន។
ដូច្នេះចម្រៀងប្រជាប្រិយខ្មែរគឺជាទឹកចិត្តប្រជា- ជនខ្មែរ។ ដើម្បីស្គាល់ពីទឹកដីខ្មែរច្បាស់ គេចាំបាច់ត្រូវស្គាល់ និងស្តាប់
ពីចម្រៀងប្រជាប្រិយខ្មែរ។គេបានរកឃើញនូវមនោសញ្ចេតនាគោរព បុព្វបុរស សភាពទន់ ភ្លន់នៃប្រពៃណី
ទំនៀមទម្លាប់ ជីវភាពសង្គម ពលកម្ម និងទឹកចិត្តជាប់ជំពាក់យ៉ាងជ្រាលជ្រៅទៅលើមាតុភូមិ
។
ចម្រៀងប្រជាប្រិយ
បានបកស្រាយពីបញ្ហាមនុស្សយ៉ាងជ្រៅជ្រះ បើនិយាយឱ្យចំ គឺ បញ្ហាមនុស្សនិយមនេះឯង ។
វាមានប្រភេទ សិល្បៈ ដទៃទៀតបកស្រាយពីបញ្ហាមនុស្សដែរ
តែចម្រៀងប្រជាប្រិយបកស្រាយ ពីបញ្ហាមនុស្សដោយផ្ទាល់ ដោយរស់រវើកនិងដោយរំភើប
។
ចម្រៀងប្រជាប្រិយ ឆ្លុះបញ្ចាំងនូវលក្ខណៈរំភើបខាងក្នុង វាចាប់ ប្រភពពីជីវភាពប្រចាំថ្ងៃនៃមហាជនប្រជាជន។
ហេតុដូច្នេះទើប ម៉ាក្ស ស៊ីមគ័រ ចាត់ទុកចម្រៀងប្រជាប្រិយ ជាប្រវត្តិសាស្រ្តប្រជាជន
គឺជាជីវិត រួមរបស់ប្រជាជន ។ ជាប្រវត្តិសាស្រ្តយ៉ាងរស់រវើកយ៉ាង ស្មោះសរ។
ប្រវត្តិឈ្មោះភូមិករ ប្រវត្តិមនុស្ស ដែលឆ្លងកាត់តាមព្រឹត្តិការណ៍នានា ដែលបណ្តាល ឱ្យដិតយ៉ាងជ្រៅក្នុងចិត្តប្រជាជន។
ប្រវត្តិឆ្លងតាមទំនៀមទម្លាប់ប្រពៃណី។ប្រវត្តិឆ្លងតាមភាពផ្សេងៗ នៃជីវភាពសម្ភារៈគំនិតមនោសញ្ចេតនារបស់ប្រជាជន។ចម្រៀងប្រជា ប្រិយ
មានតួនាទីជួយធ្វើសុក្រឹតការ ដល់ភាសាជាតិ។
ភាពផ្សេងៗនៃចម្រៀងប្រជាប្រិយខ្មែរ៖
-ចម្រៀងក្នុងពិធីផ្សេងៗ៖ ចម្រៀងក្នុងពិធីបញ្ចូលម្លប់កូនស្រី
(បទសូរសេះ)
-សូរសេះដំរី មកបញ្ជាន់ទី ជាន់ជើងស្តាំឆ្វេង
ជាន់វក់ជាន់វី មកបញ្ជាន់ទី ឱ្យជ្រះចង្រៃ ។
(សម្រួលលំនាំសង្ខេបនៃបទភ្លេងខ្មែរ)
-ចម្រៀងក្នុងពិធីមង្គលការ (អាពាហ៍ពិពាហ៍)
(បទផាត់ជាយ ប្រើពេលនៅពេលកាត់សក់កូនប្រុស កូនស្រី)
-កាត់សក់ស្រីថ្លៃ កាត់នឹងកន្រ្តៃមាស
លើកឡើងគ្រវាស កាត់យកសួស្តីជ័យ ។
-សក់ឈរស្រងាំ ដូចកាំប្រមា
រាងដូចទេវតា ស្រងាំមានទ្រង់ ។
-សត្វហើរលើមេឃ លែងអីជាប់ជង់
ស្រងាំមានទ្រង់ រួចអីដៃបង ។
-ចម្រៀងពលកម្ម (ចម្រៀងបុកស្រូវ)
-បើនាងបុកស្រូវ កុំចោលអង្គាម
ចាស់ទុំលោកហាម អង្កាមជាន់ល្អិត។
-អង្ករសម្រូប ទៅជាសម្រិត
សម្រាំងពីចិត្ត ដោយសារដៃនាង។
-បើនាងបុកស្រូវ កុំចោលកន្ទក់
ចិញ្ចឹមជ្រូកលក់ បានប្រាក់កាសចាយ។
-ចម្រៀងវីណាគីត បកស្រាយទឹកចិត្តគូស្វាមី ប្តូរផ្តាច់នឹងគ្នា គ្រាមានអាសន្ន៖
បងជិះដំរី ប្អូនស្រីជិះទូក
ឆ្លងពាមមាត់ជ្រូក ឆ្នាំងបាយមួយគ្មាន
អង្ករមួយក្តាប់ ដុតជាក្រលាន
ខ្លោចស៊ីមិនបាន កៀកកគ្នាយំ"។
-ចម្រៀងបញ្ជាក់ពីមនោសញ្ចេតនារបស់ពលករលើមាតុភូមិ
សូរិយាល្ងាចថ្ងៃ សូរិយាល្ងាចថ្ងៃ
ទន្សោងគោព្រៃ រកស៊ីជើងភ្នំ។
តូចស៊ីដោយតូច ធំស៊ីដោយធំ
រកស៊ីជើងភ្នំ ស៊ីល្បាស់ព្រិចខ្ចី។
-ចម្រៀងពីសកម្មភាពជីវភាពប្រចាំថ្ងៃ (ច្រើនមានលក្ខណៈ បក ស្រាយរិះគន់
ចំពោះ សង្គម ចំពោះបុគ្គល
ចម្រៀងបំពេរកូន)
-កូនអើយ កូនដេកទៅ កូនពៅ កូនកុះយំ
ទម្រាំ កូននាងធំ ថ្លៃអើយ ជួយម៉ែឪ។
-ចម្រៀងចម្អកឱ្យប្តីដែលខ្វះក្តីមេត្តា
-បារីចងបាច់ ស្លាវេចកន្សែង
បើបងចង់លែង ជូនប្អូនទៅម៉ែ។
-បងនៅស្រុកក្រុង ប្អូននៅស្រុកស្រែ
ជូនប្អូនទៅម៉ែ ទៅស៊ីក្តាមខ្យង។
(សម្រង់ពីលំនាំសង្ខេបនៃបទភ្លេងខ្មែរ)
៥.៤.របាំប្រជាប្រិយខ្មែរ
ពាក្យរបាំប្រជាប្រិយ បើពិនិត្យមើលពីជាតិសព្វនៃពាក្យ វាក្លាយ មកជាពីឫស"រំា"។
គឺជាការបញ្ចេញកាយវិកា រវាស់ ដៃ ជើង ពត់ខ្លួន ប្រាណ តាមក្បាច់ផ្សេងៗរបស់អ្នករាំ។
ក្រៅពីបញ្ចេញកាយវិការ នៅ មានធាតុផ្សំផ្សេងៗទៀតដូចជា តន្រ្តី ចម្រៀង រួមផ្សំផង ។
ដូច្នេះរបាំ មានធាតុ៣សំខាន់។
ទឹកដីនៃមាតុភូមិកម្ពុជា សម្បូររបាំប្រជាប្រិយណាស់ ហើយរបាំ នីមួយៗ សម្របខ្លួន តាមជំនឿ
និងតំបន់នីមួយ២ផ្សាភ្ជាប់ យ៉ាងជិត ស្និទ្ធទៅនឹងធម្មជាតិ ជីវភាពរបស់ខ្លួន។
របាំត្រុដិបានឆ្លុះបញ្ចាំង ឱ្យ ឃើញពីតម្រូវការទឹកភ្លៀង សម្រាប់របរកសិកម្ម
ក្រៅពីរបាំត្រុដិ គេ ឃើញមានរបាំជាច្រើនទៀតដូចជា៖
-របាំទន្សោង -របាំគោះអង្រែ
-របាំគោះត្រឡោក -របាំក្ងោក
-របាំបេះក្រវ៉ាញ -របាំជូនពរ...។
ក្រៅពីរបាំទាំងនេះ នៅមានប្រភេទផ្សេងៗទៀត ដែលជាទម្រង់ អក្សរសិល្ប៍ប្រជាប្រិយដូចជា
អាយ៉ៃ ចាប៉ី ចម្រៀងបំពេរ ក៏សុទ្ធសឹង ជាប្រភេទដែលត្រូវសិក្សាស្រាវជ្រាវ បញ្ចូលទៅក្នុងអក្សរសិល្ប៍ប្រជា- ប្រិយផងដែរ។ អក្សរសិល្ប៍ប្រជាប្រិយ ជាជង្រុកនៃបញ្ញា ញាណសិល្ប៍
ញាណរបស់ប្រជាជន មហាជន ដែលកកើតដោយសារ ពលកម្មរបស់ មនុស្ស ហើយបាន បន្សល់ទុកនូវស្នាដៃឥតគណនាឱ្យអ្នកសិក្សាស្រាវ
ជ្រាវបន្តការសិក្សា ស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍សង្គមជាតិ ។
១.១០.ប្រភពនៃអក្សរសិល្ប៍ប្រជាប្រិយខ្មែរ
ប្រទេសកម្ពុជាជារដ្ឋដ៏ចំណាស់មួយនៅតំបន់អាស៊ីអាគ្នេយ៍ ។ មនុស្សខ្មែរ
បានចងក្រងជាសង្គម និងធ្លាប់មានអរិយធម៌ខ្ពង់ខ្ពស់ តាំង ពីសម័យបុរេប្រវត្តិសាស្រ្តរបស់ខ្មែរ
ដែលត្រូវបានអ្នកកំណាយបុរាណ វិទ្យាធ្វើការសិក្សាស្រាវជ្រាវ រុករកឃើញដូចជា អរិយធម៌ សំរោងសែន
ប្រហែល៤០០០ឆ្នាំមុន គ.ស ដែលមនុស្សខ្មែរចេះរស់នៅជាសហគមន៍ ហើយ ចេះបង្កើតឧបករណ៍ប្រើប្រាស់មានដូចជា
ឆ្អឹង សំរិទ្ធ លោហ ធាតុជាដើម ។ ព្រមជាមួយ នោះ ក៏មានអរិយធម៌ម្លូព្រៃ អរិយធម៌ ភូមិមូល
ដែលគេចាត់ទុកថា ជាទម្រង់ដើមនៃរដ្ឋដំបូង គេនៅអាស៊ី អាគ្នេយ៍។ ក្រៅពីនោះគេសិក្សា មើលឃើញនូវអរិយធម៌ធំៗ
ក្នុងបុរេ ប្រវត្តិសាស្រ្តខ្មែរគឺអរិយធម៌នគរភ្នំអរិយធម៌ចេនឡានិងអរិយធម៌អង្គរ ដ៏រុងរឿង
។ ស្នាដៃវប្បធម៌ សិល្បៈខ្មែរ លោកបានបង្ហាញ ពីភាព ចំណាស់នៃអរិយថម៌ខ្មែរ ។
អក្សរសិល្ប៍ប្រជាប្រិយ៍ខ្មែរ ក៏បានឆ្លុះ បញ្ចាំងពីជីវភាពនៃសង្គមខ្មែរ
តាំងពីប្រវត្តិនៃការកកើតទឹកដីខ្មែរ ចិត្ត គំនិតមនុស្សខ្មែរ ការឆ្លងកាត់ពីរបបមាតាធិបតេយ្យ
(រឿងព្រះថោង នាងនាគ)រហូតការឆ្លុះបញ្ចាំងពីជីវភាពសង្គមខ្មែរក្នុងសម័យដែលមាន ការបែងចែកស្រទាប់វណ្ណៈ។
ប្រជុំរឿងព្រេងខ្មែរទាំង១០ភាគ ដែលក្រុម ជំនុំទំនៀមទម្លាប់ខ្មែរ បានប្រមូលចងក្រង សរុបមានចំនួន២៧២រឿង
រឿងនិទានជាច្រើន ដែលបន្សល់ពាសពេញខេត្ត ស្រុក ភូមិ ទូទាំងប្រទេសកម្ពុជាមានឯកសារចម្រៀងប្រពៃណីរបាំប្រពៃណីបានបង្ហាញ
ពីភាពសម្បូរបែបនៃអក្សរសិល្ប៍ប្រជាប្រិយខ្មែរ។ ប្រវត្តិសាស្រ្តជនជាតិខ្មែរ
អរិយធម៌ជនជាតិខ្មែរ សង្គមវប្បធម៌ខ្មែរ ជាប្រភពដ៏ធំធេង ក្នុងការបង្កើតមរត៌ក អក្សរសិល្ប៍ប្រជាប្រិយខ្មែរ
។
១.១១.លក្ខណៈពិសេសនៃអក្សរសិល្ប៍ប្រជាប្រិយខ្មែរ
ស្នាដៃអក្សរសិល្ប៍ប្រជាប្រិយត្រូវបានបង្កើតឡើងដោយសមូហ ភាពប្រជាជន ហើយ អាចមានមិត្តភាព
ដោយសារការនិទានតៗគ្នា ពីមាត់មួយ ទៅមាត់មួយ ពីតំបន់មួយ ទៅតំបន់មួយ ពីសម័យកាល មួយទៅសម័យកាលមួយ
ដោយមានការបន្ថែមបន្ថយ តម្រូវតាម ចំណង់ចំណូលចិត្តរបស់ប្រជាជន
ដែលគ្មានដាក់ឈ្មោះអ្នកនិពន្ធ និង កាលបរិច្ឆេទច្បាស់លាស់ ហើយដំណើររឿងខ្លីៗ
ភាសានៃការប្រើប្រាស់សមញ្ញ ។ ដូចនេះអក្សរសិល្ប៍ប្រជាប្រិយ បានផ្ទុកនូវលក្ខណៈ ប្រជាជនយ៉ាងជ្រាលជ្រៅឆ្លុះបញ្ចាំងចិត្តសាស្រ្តសមូហភាព
និងបំណង ប្រាថ្នារបស់ប្រជាជន មហាជន ក្នុងជីវភាពសង្គម ។ អក្សរសិល្ប៍ប្រជា- ប្រិយគឺជាស្នាដៃ ឯករបស់ប្រជាជន ដែលឆ្លុះបញ្ចាំងនូវសេចក្តី សង្ឃឹម
បំណងប្រាថ្នា និងទឹក ចិត្តរបស់ប្រជាជន។
[1]
http//en.Wikipedia.org
[3] See Than
Bunly, (2004), The Status of Oral Folktale Narration in Contemporary Phreah
Theat Thmor Da Village, the thesis for Master of Arts, Phnom Penh. p. 5.
[4] See Muriel
Paskin Carrison, (2002), Cambodian Folk Stories from the Gatiloke, Tuttle
Publishing, third printing, Singapore, p.11.
[5] See Chor
Chanthyda, (2004), An Analysis of the Trickster Archetype as Respresented by
the Rabbit Character in Khmer Folktales, the thesis for Master of Arts, Phnom
Penh, p. 3.
[6] សូមមើល ឥន្ទ
ឱមសាម៉េង ហ៊ីង គីមឡេង និងអ្នកដទៃ, (២០០៨), វប្បធម៌ទូទៅ,
រោងពុម្ពសុខលាភ, ភ្នំពេញ, ទំព័រ៩៤។
[7] See Than
Bunly, (2004), The Status of Oral Folktale Narration in Contemporary Phreah
Theat Thmor Da Village, op. cit., p.6.
[8] Muriel
Paskin Carrison, (2002), Cambodian Folk Stories from the Gatiloke, op. cit.,
p.12.
[13] សូមមើលក្រុមជំនុំទំនៀមទម្លាប់, (២០០៦), ទស្សនាវដ្តីរឿងព្រេងខ្មែរថ្មី, ភាគទី១, ការផ្សាយរបស់វិទ្យាស្ថាន ពុទ្ធសាសន បណ្ឌិត្យ ភ្នំពេញទំព័រ អារម្ភកថា។
[14] See Than
Bunly, (2004), The Status of Oral Folktale Narration in Contemporary Phreah
Theat Thmor Da Village, op. cit., p.66.
[15] ក្រសួងអប់រំ,
(១៩៨៨), អក្សរសិល្ប៍ខ្មែរថ្នាក់ទី១០, គ្រឹះស្ថានបោះពុម្ពផ្សាយអប់រំ, ភ្នំពេញ, ទំព័រ២១-២២។
[24]
ប្រជុំរឿងព្រេងខ្មែរ ភាគទី៥
ឆ្នាំ២០០៩ ទី២ ទំព័រទី៧២ និងប្រជុំរឿងព្រេងខ្មែរ ភាគទី២ ឆ្នាំ ១៩៩០ ទំព័រទី១០៨
អរគុណសម្រាប់ការចែករំលែកនូវរាល់ឯកសារដ៏មានសារៈសំខាន់មួយនេះ ដល់អ្នកសិក្សាគ្រប់រូបបានទទួលចំណេះដឹងបន្ថែមទៀត។ សូមលើកទឹកចិត្តឲ្យបន្តចែករំលែកបន្តទៀត ដើម្បីជាប្រយោជន៍ដល់អ្នកសិក្សាគ្រប់រូបជំនាន់ក្រោយៗបានយល់ដឹង។ សូមអរគុណ!
ReplyDelete