សាកល្បងសិក្សាអត្ថបទរឿងប៉ូលវីរហ្សីនី
សេចក្តីផ្តើម
រឿង ប៉ូលវីរហ្សីនី
គឺជាអក្សរសិល្ប៍បារាំងបែបប្រលោមលោកមនោសញ្ចេតនា
ដែលត្រូវបាននិពន្ធដោយអ្នកនិពន្ធបារាំងមួយរូបគឺលោក ហ្សាក់ ហង់រី
ប៊ែណាដាំង ឌឺ សាំងព្យែ(Jacques-Henri Bernardin de Saint-Pierre) បោះពុម្ពផ្សាយនៅឆ្នាំ១៧៨៧ និងប្រែសម្រួលជាភាសាខ្មែរដោយលោក
ហង្ស ធុនហាក់។ រឿងនេះនិយាយអំពីគូសង្សារមួយគូគឺ ប៉ូល និង វីរហ្សីនី
ដែលរស់នៅជាមួយគ្នាលើកោះម៉ូរីសតាំងពីតូចរហូតដល់ធំពេញវ័យ
ប៉ុន្តែអ្នកទាំងពីរត្រូវព្រាត់ប្រាសគ្នាទៅវិញ។
វាជារឿងប្រលោមលោកមួយដ៏មានអត្ថន័យ
ដែលហាក់ដូចជាមានជីវិតខំស្រែកថ្ងូរនៃពិភពជិតស្លាប់គ្រប់ទីកន្លែង។
អ្នកនិពន្ធរឿងនេះ
មានការមិនពេញចិត្តចំពោះការបែងចែកវណ្ណៈនៅក្នុងសង្គមបារាំងនាសតវត្សទី១៨។
ក្នុងរឿងនេះ
អ្នកនិពន្ធបានបង្ហាញពីភាពស្មើគ្នាដែលកើតមានឡើងនៅលើកោះម៉ូរីស
ជាកន្លែងដែលអ្នកស្រុកចែករំលែកទ្រព្យសម្បត្តិ
គ្មានកម្មសិទ្ធផ្តាច់មុខរបស់នរណាម្នាក់ ពោលគឺគ្រប់គ្នាខំធ្វើស្រែ
ចម្ការ។
ពួកគេរស់នៅជាមួយគ្នាដោយស្រុះស្រួលគ្នាដោយគ្មានជម្លោះទាស់ទែងគ្នាអ្វីឡើយ។
បច្ចុប្បន្ន
រឿងប៉ូលវីរហ្សីនី ត្រូវបានក្រសួងអប់រំដាក់ចូលក្នុងកម្មវិធីសិក្សា
(អត្ថបទស្តាប់ ក្នុងសៀវភៅអក្សរសាស្រ្តខ្មែរថ្នាក់ទី១២) សម្រាប់កូនខ្មែរបានស្គាល់និងក្រេបនូវរសដ៏ឆ្ងាញ់របស់អត្ថបទប្រលោមលោកមួយនេះ។
តទៅនេះ យើងនឹងសាកល្បងលើកយករឿងនេះមកសិក្សា ដែលមានដូចខាងក្រោម៖
១. សង្ខេបរឿង
រឿងនេះចាប់ផ្តើមឡើងដោយនិយាយអំពីលោកដឺឡាទួរមានសញ្ជាតិបារាំង
ដែលបាននាំប្រពន្ធមករស់នៅលើកោះ អ៊ីលដឺហ្រ្វង់ នាឆ្នាំ១៧២៦។ លោកដឺឡាទួរបានស្លាប់ដោយបន្សល់ទុកប្រពន្ធដែលមានផ្ទៃពោះឱ្យរស់នៅជាមួយស្រីបម្រើម្នាក់ឈ្មោះនាងម៉ារី។
អ្នកស្រីដឺឡាទួរ បានចាកចេញពីភូមិទៅរស់នៅក្នុងព្រៃជាមួយនាងម៉ារី
ហើយបានបង្កើតបានកូនស្រីមួយឈ្មោះនាង វីរហ្សីនី។
នៅកន្លែងដែលអ្នកស្រីដឺឡាទួរបានទៅតាំងទីលំនៅនោះ
មានគ្រួសារមួយទៀតគឺ គ្រួសាររបស់អ្នកស្រីម៉ាហ្គើរីត។
គាត់មានអ្នកបម្រើប្រុសម្នាក់ឈ្មោះដូម៉ាំង្គ
និងមានកូនប្រុសម្នាក់ឈ្មោះ ប៉ូល។ គ្រួសារទាំង
ពីស្រឡាញ់រាប់អានគ្នាខ្លាំងណាស់។
ពួកគេរស់នៅដោយប្រកបរបរធ្វើស្រែចម្ការនិងដាំដំណាំផ្សេងៗ។
ចំណែកឯបុត្រានិងបុត្រីរបស់គ្រួសារទាំងពីគឺ ប៉ូល និង
វីរហ្សីនី ពួកគេស្រឡាញ់គ្នាខ្លាំងណាស់
ព្រមទាំងមានអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នាយ៉ាងច្រើនរាប់មិនអស់។
តែជាអកុសល អ្នកទាំងពីរត្រូវឃ្លាតឆ្ងាយពីគ្នា។ ថ្ងៃមួយ ម្តាយមីងរបស់អ្នកស្រីដឺឡាទួរ
គឺលោកស្រីដឺឡាទួរ បានផ្ញើសំបុត្រពីប្រទេសបានរាំងឱ្យម្តាយរបស់នាងវីរហ្សីនី
បញ្ជូននាងទៅរស់នៅជាមួយគាត់
ព្រមទាំងសន្យាប្រគល់ទ្រព្យសម្បត្តិដើម្បីឱ្យវីរហ្សីនីរស់នៅបានសុខស្រួល។
ពីដំបូង នាងវីរហ្សីនីមិនព្រមទៅនោះទេ
ឯម្តាយនាងក៏មិនចង់ឱ្យកូនស្រីចាកចេញពីខ្លួនដែរ ជាពិសេស អ្នកដែលជំទាស់ខ្លាំងមិនឱ្យវីរហ្សីនីទៅនោះគឺប៉ូលនេះឯង។
តែដោយសារមានការពន្យល់ណែនាំពីលោកចៅហ្វាយក្រុងដឺឡាបួរដូណេស
និងលោកគ្រូសង្ឃរាជផងនោះ
ទើបនាងវីរហ្សីនីដាច់ចិត្តទៅរស់នៅស្រុកបារាំង។
ដំណើរចាកចេញរបស់នាងធ្វើឱ្យអ្នកស្រុកមានក្តីអាឡោះអាល័យជាខ្លាំង
ហើយអ្នកដែលខូចចិត្តខ្លាំងជាងគេនោះគឺប៉ូល។
នៅស្រុកបារាំង
នាងវីរហ្សីនី ត្រូវរងនូវការជេរប្រមាទពីសំណាក់ជីដូនចិត្តអាក្រក់ជារៀងរាល់ថ្ងៃ។
ដោយទ្រាំតស៊ូទៀតលែងបាន នាងក៏សម្រេចចិត្តត្រឡប់មកវិញ។ នៅថ្ងៃទី២៤
ខែធ្នូ ឆ្នាំ១៧៤៤វីរហ្សីនី បានជិះកប៉ាល់សាំងហ្សេរង់ ធ្វើដំណើរមករកគ្រួសារដ៏កក់ក្តៅរបស់នាង។
តែជាអកុសល
កប៉ាល់បានជួបនឹងព្យុះសង្ឃរាមួយយ៉ាងធំនៅពេលកំពុងធ្វើដំណើរ។
ប៉ូលបានដឹងពីដំណឹងនេះ ក៏ម្នីម្នាមកជួយតែគេពុំអាចជម្នះនូវរលកដ៏ធំៗទាំងនោះបានឡើយ។
ព្យុះកំណាចក៏បានឆក់យកជីវិតរបស់នាងវីរហ្សីនីក្នុងគ្រានោះដែរ។
គ្រួសារទាំងពីរកើតទុក្ខយ៉ាងខ្លាំងចំពោះមរណភាពរបស់នាង
ហើយពិធីបុណ្យសពរបស់នាងត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមជាទីបំផុត។ ដោយទ្រាំនឹងការឈឺចាប់នៃការបាត់បង់សង្សារពុំបាន
ប៉ូលបានធ្លាក់ខ្លួនឈឺ ហើយស្លាប់ទៅតាមគូស្នេហ៍របស់ខ្លួន។
សពរបស់ប៉ូលត្រូវបានគេបញ្ចុះនៅក្បែរផ្នូររបស់នាងវីរហ្សីនី។
២.វិភាគតួអង្គ
v នៅក្នុងរឿងនេះមានតួអង្គដួចជា៖
·
ប៉ូល : កូនប្រុសរបស់អ្នកស្រីម៉ាហ្គើរីត
សង្សាររបស់វីរហ្សីនី
·
វីរហ្សីនី : កូនស្រីរបស់អ្នកស្រីដឺឡាទួរ សង្សាររបស់ប៉ូល
·
អ្នកស្រីដឺឡាទួរ : ម្តាយនាងវីរហ្សីនី
·
អ្នកស្រីម៉ាហ្គើរីត : ម្តាយចៅប៉ូល
·
នាងម៉ារី : បាវបំរើក្នុងផ្ទះរបស់អ្នកស្រីដឺឡាទួរ
·
ដូមាំង : បាវបំរើក្នុងគ្រួសាររបស់អ្នកស្រីម៉ាហ្គើរីត
·
លោកដឺឡាបួរដូណេស៍ : ជាចៅហ្វាយក្រុងនៅកោះអ៊ីលដឺហ្រ្វង្ស(ក្រុងព័រល្វី)
·
ម្តាយមីងអ្នកស្រីដឺឡាទួរ : ជាអ្នកមានទ្រព្យសម្បត្តិច្រើននៅបារាំង
·
នាងព្នង : ជាអ្នកងារ(ពួកស្បែកខ្មៅ)
·
ចៅហ្វាយនាងព្នង : ជាអ្នកមានមួយរូបន ខ្មៅ
·
ពួកព្នងមួយក្រុម : ពួកអ្នកងាស្បែកខ្មៅរស់នៅក្នុងព្រៃ
·
តាចាស់ : អ្នកជិតខាងរបស់ក្រុមគ្រួសារអ្នកស្រីដឺឡាទួរ
·
កម្មករនាវា : ធ្វើការលើនាវា
·
ពួកទាហាន
·
មាឡាបារ : ជាអ្នកដុះលាងសពនាងវីរហ្សីនី
·
ព្រះសង្ឃ
·
ប្រជាជននៅលើកោះ
·
ស្រីបម្រើរបស់ម្តាយមីងអ្នកស្រីដឺឡាទួរ
v វិភាគតួអង្គសំខាន់ៗ
1.
ប៉ូល
o
គុណសម្បត្តិ
·
ជាមនុស្សឧស្សាហ៍ ព្យាយាមក្នុងកិច្ចការចិញ្ចិមជីវិត
·
មានស្មារតីអង់អាច កា្លហាន
ហ៊ានលះបង់គ្រប់យ៉ាងដើម្បីស្នេហា
·
ចេះគោរពមាតា និងអ្នកជិតខាង
·
មានភក្តីភាពចំពោះមនុស្សដែលខ្លួនស្រឡាញ់
·
មានចិត្តសប្បុរស
ចេះជួយយកអាសារអ្នកដ៏ទៃដោយមិនគិតសុខទុក្ខខ្លួនឯង
·
ជាមនុស្សស្មោះត្រង់
មិនចេះកុហកបោកប្រាស់
·
ជាមនុស្សដែលស្រឡាញ់ធម្មជាតិ
ការពារបរិស្ថាន
o
គុណវិបត្តិ
·
មានចំនេះដឹងតិចតួច មិនចេះអក្សរ
·
ធ្វើអ្វីតាមចិត្តកម្រោល
ពុំពិចារណាវែងឆ្ងាយ
·
មិនពិគ្រោះយោបល់ជាមួយចាស់ទុំ
ធ្វើអ្វីតាមតែអំពើចិត្ត
·
មិនចេះស្រឡាញ់ខ្លួន
ឲ្យស្នេហាដឹកមុខបាន។ ប៉ូល ហេតុតែស្រឡាញ់វីរហ្សីនីខ្លាំង ហួសហេតុ
ធ្វើឲ្យខ្លួនសោកសង្រេង ខ្លួនប្រាណទាំងមូលពោរពេញដោយភាពឈឺ ចាប់។
អ្នកមានជីវិតរស់នៅទាំងប៉ុន្មានគ្មានតម្លៃដល់នាងវីរហ្សីនីម្នាក់ដែលបាន ស្លាប់ទៅនោះទេ។
ទីបំផុតសេចក្តីខ្លោចផ្សាបានមកនាំវិញ្ញាណក្ខន្ធប៉ូលចាកចេញពីរាងកាយគេទៅចោលលោកនេះ។
2.
វីរហ្សីនី
o
គុណសម្បត្តិ
·
មានរូបសម្រស់ស្អាតបាត ចរិតស្លូតបូត
សុភាពរាបសារ
·
ជាកូនប្រកបដោយគន្លងធម៌
គោរពស្រឡាញ់មាតា ចាស់ទុំ
·
ជាជនសប្បុរស ចេះឈឺឆ្អាលចំពោះសុខទុក្ខអ្នកដទៃ
·
មានចិត្តស្មោះនឹងស្នេហា
·
រក្សាកិត្តិយសក្នុងនាមជានារីក្រមុំព្រហ្មចារី
·
ព្យាយាមសិក្សារៀនសូត្រ(អាន សរសេរ)
·
ស្រឡាញ់ធម្មជាតិ ការពារបរិស្ថាន
·
មិនចេះខ្ជិលច្រអូស
រ៉ាប់រងកិច្ចការផ្ទះទាំងអស់
o
គុណវិបត្តិ
·
ធ្វើអ្វីតាមតែអំពើចិត្ត
ពុំសុំយោបល់ពីចាស់ទុំ
·
ជាមនុស្សមិនសូវក្លាហាន
·
ធ្វើអ្វីច្រើនតែពឹងលើអ្នកដទៃ
មិនអាស្រ័យកម្លាំងខ្លួន។
3.
អ្នកស្រីដឺឡាទួរ
o
គុណសម្បត្តិ
·
ចិញ្ចឹមនិងអប់រំកូនបានល្អ
·
ជាអ្នកមានសណ្តានចិត្តល្អ
ចេះធ្វើទានដល់អ្នកក្រីក្រជាងខ្លួន
·
ចេះតស៊ូក្នុងជីវិតទោះបីត្រូវម្តាយមីងមើលងាយ
និងជាស្ត្រីមេម៉ាយក៏ដោយ
·
ស្រឡាញ់កូន ចង់ឲ្យកូនមានសេចក្តីសុខ
សុភមង្គល
·
ជាអ្នកចេះដឹងមួយរូប(ចេះអានអក្សរ សរសេរសំបុត្រ)
·
ជាមនុស្សមានអធ្យាស្រ័យល្អចំពោះជនទូទៅ(បាវព្រាវ អ្នកជិតខាង)
o
គុណវិបត្តិ
·
ឲ្យតម្លៃលើទ្រព្យសម្បត្តិខ្លាំងពេក
មិនខ្វល់ពីវាសនាអនាគតកូនស្រី
·
ចាកចេញពីស្រុកកំណើតដោយសារតែរត់តាមប្តី។
4.
អ្នកស្រីម៉ាហ្គើរីត៖ អ្នកស្រីជាតួអង្គប្រកបដោយគុណសម្បត្តិដូចជា៖
·
ជាម្តាយដែលមានព្រហ្មវិហារធម៌ចំពោះកូនដោយស្រឡាញ់
និងអប់រំកូនបានល្អ
·
ជាស្ត្រីដែលមានការតស៊ូខ្ពស់ក្នុងឆាកជីវិត
ទោះបីជាស្ត្រីមេម៉ាយក៏ដោយ
·
ជាអ្នកមានសណ្តានចិត្តល្អ
ជាទីរាប់អាននៃជនទាំងឡាយ
·
ជាអ្នកមានអធ្យាស្រ័យល្អ ចេះជួយយកអាសា
និងផ្តល់កម្លាំងចិត្តដល់មិត្ត
·
ជាមនុស្សស្មោះត្រង់ ស្រឡាញ់សន្តិភាព
ចូលចិត្តភាពស្ងប់ស្ងាត់។
5.
ម្តាយមីងអ្នកស្រីដឺឡាទួរ
o
គុណសម្បត្តិ
·
ជាអ្នកស្រឡាញ់កិត្តិយស ភាពថ្លៃថ្នូរ
មិនចង់ឲ្យគេមើលងាយលើខ្លួន
·
ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ
ស្ថិតក្នុងត្រកូលខ្ពង់ខ្ពស់
·
ជួយអប់រំបណ្តុះបណ្តាល់វីរហ្សីនីឲ្យក្លាយជាមនុស្សចេះដឹង ដោយបញ្ជូននាង
អោយទៅសាលារៀន
o
គុណវិបត្តិ
·
ស្រឡាញ់តែទ្រព្យសម្បត្តិ
និងកិត្តិយសមិនសូវខ្វល់ពីសុខទុក្ខក្មួយស្រីបង្កើត
·
ប្រកាន់វណ្ណៈ រើសអើងដល់អ្នកក្រីក្រ
·
មានចិត្តលោភលន់
គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន
·
កាចសាហាវ ឃោរឃៅដោយបញ្ជូនវីរហ្សីនីមកកោះវិញក្នុងពេលដែលកំពុងមានព្យុះសមុទ្រ
មិនខ្វល់ពីការស្លាប់រស់របស់ចៅស្រី
·
អាងទ្រព្យសម្បត្តិ
គាបសង្កត់អ្នកទន់ខ្សោយមតាមរយៈមន្ត្រីរាជការ។
6.
លោកដឺឡាបួដូណេស៍
o
គុណសម្បត្តិ
·
ជាចៅហ្វាយខេត្តដែលមានអំណាចក្រៃលែង
·
ធ្វើការតាមតួនាទី
·
មានចិត្តសប្បុរសធម៌ក្នុងការចាត់ចែងពិធីបុណ្យសពវីរហ្សីនី
និងប៉ូល ព្រមទាំងជួយទំនុកបម្រុងដល់គ្រួសារអ្នកស្រីដឺឡាទួរពេលខ្វះខាត
o
គុណវិបត្តិ
·
មានចិត្តលំអៀងទៅរកអ្នកមានទ្រព្យសម្បត្តិ
·
ប្រកាន់វណ្ណៈ រើសអើង មើលងាយអ្នកក្រ
·
គិតប្រយោជន៍ខ្លួនឯងច្រើនជាងប្រយោជន៍រួម
7.
ដូមាំង
o
គុណសម្បត្តិ
·
ជាអ្នកបំរើដែលមានចិត្តស្មោះត្រង់
និងគោរពចៅហ្វាយនាយ
·
ជាមនុស្សឧស្សាហ៍ព្យាយាមក្នុងការងារមិនខ្លាចនឿយហត់
·
ជាមនុស្សចេះជួយយកអាសាចៅហ្វាយពេលជួបទុក្ខលំបាក
o
គុណវិបត្តិ
·
មើលថែប៉ូល វីរហ្សីនីមិនបានដិតដល់
ធ្វើឲ្យពួកគេចេញពីផ្ទះបាត់ដំណឹង ធ្វើឲ្យគ្រប់គ្នាចលាចលព្រោះរឿងនេះ
·
ខ្វះបញ្ញាក្នុងការដោះស្រាយបញ្ហា។
8.
ម៉ារី
o
គុណសម្បត្តិ
·
ជាអ្នកបម្រើដែលមានចិត្តស្មោះត្រង់ គោរពចៅហ្វាយ
·
យកចិត្តទុកដាក់ធ្វើកិច្ចការតាមតួនាទី
·
ជួយយកអាសា
និងចូលរួមសុខទុក្ខជាមួយចៅហ្វាយនាយ
9.
ចៅហ្វាយនាងព្នង៖ ជាតួអង្គប្រកបដោយគុណវិបត្តិដូចជា៖
·
ជាមនុស្សឃោរឃៅ
គ្មានចិត្តមេត្តាករុណាចំពោះពួកទាសករ
·
គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន
មិនខ្វល់ពីទុក្ខវេទនាអ្នកដទៃ
·
ជាមនុស្សកុហកបោកប្រាស មិនគោរពពាក្យសច្ចៈ
·
ជាមនុស្សចាស់ព្រើល ល្មោភកាមតណ្ហា
វង្វេងនឹងសម្រស់នាងតូចវីរហ្សីនី។
10.
តាចាស់៖ ជាតួអង្គប្រកបដោយគុណសម្បត្តិដូចជា៖
·
ជាអ្នកជិតខាងដែលមានចិត្តសណ្តោសករុណា
ចេះជួយយកអាសាញាតិមិត្ត ដោយ មិនទាមទារសគុណ ឬខ្លាចនឿយហត់ទេ
·
ជាចាស់ទុំដែលមានការចេះដឹងរាក់ជ្រៅ យល់ការណ៍ច្បាស់លាស់។
11. ពួកព្នងមួយក្រុម៖ ថ្វីបើពួកនេះជាជនជាតិស្បែកខ្មៅ
ហើយមានឈ្មោះជាអ្នកងារ និងមាន ទោសជាប់ខ្លួន
កំពុងរត់គេចពីចៅហ្វាយនាយចិត្តកំណាចក្តី ក៏ពួកនេះជា មនុស្សដែលចេះដឹងខុសត្រូវ
ស្គាល់គុណ ស្គាល់ទោស។ ពួកគេបានតបស្នងគុណវីរហ្សីនី និងប៉ូលយ៉ាងពេញចិត្ត។
៣. វិភាគអត្ថន័យ
១)ប្រធានរឿង៖ តាមរយៈរឿងនេះអ្នកនិពន្ធបានបង្ហាញពីវីរភាពស្នេហារវាងកំលោះ
ប៉ូល និងនាងក្រមុំវីរហ្សីនី និងបុព្វហេតុដែលធ្វើឲ្យស្នេហាស្មោះស្ម័គ្រ និងជីវិតរបស់ជនទាំងពីរត្រូវបញ្ចប់។
២)មូលបញ្ហារឿង៖ នៅក្នុងរឿងនេះមានមូលបញ្ហាសំខាន់ៗបីដូចជា៖
·
គម្រូស្នេហារវាងប៉ូល និងវីរហ្សីនី : ស្នេហាដ៏ស្មោះស្ម័គ្រដែលពោរពេញដោយភាពក្លាហានរបស់អ្នកទាំងពីរបានធ្វើឲ្យគេមានការស្ញប់ស្ញែងជាពន់ពេក។
ចំពោះវីរហ្សីនីទោះបីនាងត្រូវទៅរស់នៅទីក្រុងប៉ារីស ដោយសារគំនាបម្តាយនាងក្តី ក៏នាងរក្សាបាននូវភក្តីភាពស្នេហាចំពោះប៉ូលជានិច្ច។
ចំណែកប៉ូលដែលរស់នៅលើកោះយ៉ាងត្រម៉ង់ត្រមោច កណ្តោចកណ្តែងខ្លោចផ្សាព្រោះតែនឹករលឹកដល់នារីជាទីស្នេហារបស់គេ។
ប៉ូលនៅទន្ទឹងរង់ចាំវីរហ្សីនីគ្មានលស់មួយថ្ងៃណា។ ស្នេហារបស់គេទៀតសោតចំពោះ
មរណៈភាពរបស់ប៉ូល និងវីរហ្សីនី គឺជាសោកនាដកម្មនៃសេចក្តីស្នេហាដែលមិនអាចបំភ្លេចបាន។
·
ប្រភពនៃសុភមង្គលពិត
មិនមែនសុទ្ធតែកើតពីទ្រព្យសម្បត្តិនោះទេ : ទោះបីជា ប៉ូល និង
វីរហ្សីនីមានស្នេហាដ៏កម្សត់កម្រ និងប្តូរផ្តាច់ជាមួយគា្នយ៉ាងណា នៅពេលដែលទ្រព្យសម្បត្តិមានឥទ្ធិពលរីកធំធាត់ទៅ
គឺជារន្ទះដែលមកបាញ់បំបែកស្នេហាអ្នកទាំងពីរឲ្យខ្ចាត់ខ្ចាយខ្ទេចខ្ទាំ។ មុនដំបូងអ្នកស្រីដឺឡាទួរគិតថា
អត់ពីគាត់ទៅមានតែទ្រព្យសម្បត្តិប៉ុណ្ណោះដែលធ្វើឲ្យវីរហ្សីនីទទួលបានក្តីសុខ។ លុះដល់ពេល
វីរហ្សីនីត្រូវរងទុក្ខយ៉ាងវេទនាខ្លោចផ្សាបំផុតលើគំនរមាសប្រាក់
នៅទីក្រុងប៉ារីស ហើយបន្តមកនាងត្រូវបាត់បង់ជីពជន្មនៅក្នុងមហាសាគរដ៏ធំធេងយ៉ាងអណោចអធមទៀតនោះ
ទើបអ្នកស្រីដឺឡាទួរដឹងយ៉ាងច្បាស់ថាការគិតរបស់គាត់គឺខុសទាំងស្រុង។ ទ្រព្យសម្បត្តិច្រើនប៉ុណ្ណា ក៏មិនមែនជាបុព្វហេតុនៃ
សុភមង្គលរបស់កូនស្រីសំណព្វចិត្តគាត់ឡើយ។
·
បញ្ហាភាពក្រីក្រ និងការរើសអើងវណ្ណៈ :
ភាពក្រីក្រគឺជាមូលហេតុដែលធ្វើឱ្យអ្នកស្រីដឺឡាទួរឃ្លាតឆ្ងាយពីស្រុកកំណើត
មករស់នៅយ៉ាងកម្សត់កម្រនៅលើកោះអ៊ីលដឺហ្រ្វង់
ហើយធ្វើឱ្យនាងវីរហ្សីនីត្រូវបង្ខំចិត្តទៅរស់នៅឯស្រុកបារាំង។ ម៉្យាងទៀត
ព្រោះតែបញ្ហាក្រីក្រនេះហើយដែលធ្វើឱ្យមានការរើសអើងវណ្ណៈនៅក្នុងសង្គមបារាំង។ ពួកអ្នកមានដូចជាម្តាយមីងអ្នកស្រីដឺឡាទួរ
មិនព្រមទទួលស្គាល់អ្នកស្រីដឺឡាទួរដែលជាអ្នកទុគ៌តនេះឯង។
៣)ឧត្តមគតិរឿង៖ តាមរយៈការសិក្សាអត្ថបទរឿងប៉ូល
និងវីរហ្សីនីរួចមក នាំឲ្យយើងអាចដកស្រង់យកនូវគោលគំនិតអប់រំសំខាន់ៗដូចជា៖
Ø ចំពោះមាតាបិតា
·
អប់រំមាតាបិតាទាំងឡាយ ត្រូវប្រកបដោយព្រហ្មវិហារធម៌គឺ
សេចក្តីមេត្តា ករុណា មុទិតា ឧបេក្ខាចំពោះបុត្រធីតារបស់ខ្លួន
·
អប់រំមាតាបិតាត្រូវចេះអប់រំកូន
ផ្តល់ឱវាទល្អៗដល់កូន និងធ្វើគម្រូល្អសម្រាប់កូន
·
ត្រូវគិតពីសេចក្តីសុខ សុភមង្គលរបស់កូនជាធំ
ដោយមិនត្រូវមើលឃើញតែផលប្រយោជន៍ក្នុងរយៈពេលខ្លី ដែលបានមកពីទ្រព្យសម្បត្តិ
ហើយធ្វើឲ្យបាត់បង់សុភមង្គលពេញមួយជីវិតរបស់កូនទេ
·
ត្រូវមានធម៌ខន្តីចំពោះកូន ចេះយល់អធ្យាស្រ័យចំពោះកូននៅពេលដែល កូនប្រព្រឹត្តិ
ឆ្គាំឆ្គងដោយប្រការណាមួយតាមការគួរ។
Ø ចំពោះបុត្រធីតា
·
អប់រំកូនៗត្រូវចេះគោរពស្រឡាញ់
និងដឹងគុណជានិច្ចចំពោះឪពុកម្តាយ
·
ត្រូវស្តាប់តាមដំបូន្មានឪពុកម្តាយ
អាណាព្យាបាល
·
មុនសម្រេចចិត្តធ្វើរឿងអ្វីមួយ ត្រូវសុំយោបល់ពីឪពុកម្តាយ
ចៀសវាងកំហុសឆ្គងដោយ
ចៃដន់ ហើយបង្ករផលវិបាកដល់ខ្លួន
·
ត្រូវគិតពីសេចក្តីសុខទុក្ខរបស់ឪពុកម្តាយមុននឹងគិតពីខ្លួនឯង។
Ø ចំពោះចៅហ្វាយនាយ
·
ត្រូវមានចិត្តសណ្តោសប្រោសប្រណីចំពោះអ្នកក្រោមឱវាទ
·
មិនត្រូវអាងអំណាចហើយមើលងាយដល់ជនទន់ខ្សោយជាងខ្លួន។
Ø ចំពោះកម្មករ
·
ត្រូវស្មោះត្រង់នឹងចៅហ្វាយនាយ
មិនត្រូវគេចវេសពីការងារ
·
ប្រឹងប្រែងធ្វើការងារ
ដើម្បីបម្រើឲ្យភាពរុងរឿងនៃចៅហ្វាយ
·
ត្រូវចូលរួមសុខទុក្ខជាមួយចៅហ្វាយគ្រប់ពេលវេលា។
Ø ចំពោះមនុស្សក្នុងសង្គមទូទៅ
·
អប់រំឲ្យមនុស្សចេះគោរពស្រឡាញ់
និងការពារកិត្តិយសរបស់ខ្លួន
·
ត្រូវចេះស្រឡាញ់មនុស្សជាតិទូទៅ
ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ
·
ត្រូវប្រព្រឹត្តអំពើល្អជានិច្ច
ដើម្បីសេចក្តីសុខទាំងអស់គ្នា
·
អប់រំមនុស្សកុំឲ្យមានចិត្តលោភលន់ ចង់បានទ្រព្យសម្បត្តិអ្នកដទៃ
·
អប់រំឲ្យមនុស្សក្លាហាន
និងត្រូវតែតស៊ូជំនះរាល់ឧបសគ្គដែលកើតមានចំ ពោះមុខ
·
អប់រំមនុស្សឲ្យទទួលស្គាល់តម្លៃនៃចំនេះវិជ្ជា
និងរៀនស្វែងយល់ពីពិភពខាងក្រៅឲ្យបានច្រើន កុំធ្វើដូចជាកង្កែបនៅក្នុងអណ្តូង
·
អប់រំឲ្យមនុស្សចេះស្រឡាញ់ធម្មជាតិ
ស្គាល់ពីតម្លៃធម្មជាតិ និងចូលរួមថែរក្សាការពារធម្មជាតិ
·
ឲ្យមនុស្សយល់ពីតម្លៃនៃទំនាក់ទំនង
ការចងសម្ពន្ធមិត្តនឹងគ្នា និងចេះជួយឈឺឆ្អាលដល់គ្នាទៅវិញទៅមក
·
អប់រំឲ្យមនុស្សរៀនគិត រៀនពិចារណារកហេតុផល
និងចេះសុំយោបល់ពីអ្នកដទៃមុនសម្រេចចិត្តធ្វើកិច្ចការណាមួយដើម្បីចៀសវាងកំហុសឆ្គង។
សន្និដ្ឋាន
ឆ្លងកាត់តាមការសិក្សាខាងលើរួចមក
យើងអាចសន្និដ្ឋានបានថារឿង«ប៉ូល វីរហ្សីនី»
នេះគឺជាប្រលោមលោកមួយដែលបង្កប់ទៅដោយមនោសញ្ចេតនាដ៏ផ្អែមល្ហែមផង និងល្វីងជូរចត់ផង។
ទោះបីជាអ្នកនិពន្ធបានបញ្ចប់សាច់រឿងដោយបន្សល់ទុកនូវសោកនាដកម្ម គឺការបាត់បង់ជីវិតរបស់តួអង្គឯកគឺ
កម្លោះប៉ូល និងក្រមុំវីរហ្សីនីក៏ដោយ
ក៏ការបាត់បង់នេះជាសារមួយសម្រាប់ដាស់សតិយុវជនឱ្យចេះពិចារណាក្នុងផ្លូវជីវិតរបស់ខ្លួន។
រឿងនេះពិតជាមានតម្លៃល្អប្រសើរមិនអាចកាត់ថ្លៃបានម្រាប់បណ្តុះទឹកចិត្តយុវជនឱ្យចេះមានភក្តីភាពរវាងគ្នា
និងគ្នាពិសេសចំពោះគូស្នេហ៍ និងឱ្យយុវជនចេះស្រឡាញ់ ការពារធនធានធម្មជាតិ
និងបរិស្ថានដែលជារឹសគល់នៃជីវិត។
ឯកសារពិគ្រោះ
១.
គង់ សុខហេង, សិក្សាអត្ថបទអក្សរសិល្ប៍បរទេស , ២០១២, រោងពុម្ពពេជ្រណែត
២.
លាង ហាប់អាន, សិក្សាអត្ថបទស្នាដៃអក្សរសិល្ប៍ខ្មែរ , ១៩៦៦
៣.
ជួន ណាត, វចនានុក្រមខ្មែរ ,១៩៦៨, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
៤.
ហ្សាក់ ហង់រី ប៊ែណាដាំង ឌឺ សាំងព្យែ, រឿងប៉ូល វីរហ្សីនី
៥.
ប្រៀបធៀបរឿងផ្កាស្រពោន និងរឿងប៉ូល វីរហ្សីនី,
ចប់
No comments:
Post a Comment