Tuesday, 28 August 2018

សម័យកម្ពុជាប្រជាធិបតេយ្យ


សម័យកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មានរយៈពេល៣ឆ្នាំ ៨ខែ ក្រោមការដឹកនាំ​ដោយ​រដ្ឋាភិបាល ​ប៉ុល ពត។ ​បើ​យើង​ក្រឡេក​​មើល​អក្សរ​សិល្ប៍​សម័យ​នោះ​វិញ ​វា​ស្ទើរ​តែ​រលាយ​បាត់​សូន្យ​សុង​ពី​ក្នុង​សង្គម​ខ្មែរ​តែ​ម្ដង ​ហើយ​ផលិត​កម្ម​នានា​ដែល​បាន​ផុល​ឡើង​មុន​សម័យ​ដ៏​ខ្មៅ​ងងឹត​នេះ ​ក៏​ត្រូវ​បាន​កម្ទេច​ចោល​ដោយ​ក្រុម​ខ្មែរ​ក្រហម​ដែរ​។
មិន​តែប៉ុណ្ណោះ ​អ្នក​និពន្ធ​ អ្នក​ប្រាជ្ញ​ និង​បញ្ញវន្ត​ជាដើម​នោះ ​គ្មាន​សិទ្ធិ​សរសេរ​ ឬបញ្ចេញ​ទេព​កោសល្យ​អ្វី​ឡើយ។ ផ្ទុយទៅវិញ ​ហាក់​កកើត​ឡើង​យ៉ាង​ផុស​ផុល​នូវ​ចម្រៀង​បដិវត្ត​ និង​បទ​ភ្លេង​ចម្រៀង​ជាតិ​កម្ពុជា​ប្រជាធិបតេយ្យ ​ស្ទើរ​គ្រប់​ទី​កន្លែង​ទៅវិញ ​ដែលទំនង​បង្ហាញ​ពី​ភក្ដីភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ចក្រពត្តិ​ ព្រម​ទាំង​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លួន​ធ្វើ​ស្រែ​យ៉ាង​ហោច​ណាស់​ឱ្យ​បាន​៣តោន​ក្នុង​មួយ​ហិចតា​ថែម​ទៀត។​
បើងាក​មក​មើលប្រភេទអក្សរសិល្ប៍នៅសម័យកម្ពុជាប្រជាធិបតេយ្យ លោក គង់ សុខហេង បរិញ្ញាបត្រជាន់ខ្ពស់​វិទ្យាសាស្ត្រអប់រំ ​បាន​ស្រាយ​បញ្ជាក់​នៅក្នុង​សៀវភៅ​អក្សរសាស្ត្រខ្មែរ ​ដែល​បោះពុម្ភ​លើក​ទី២​ នៅ​ឆ្នាំ២០១១​ ថា ​សម័យ​នេះ​មាន​ចរន្ត​អក្សរ​សិល្ប៍​ពីរ​ប្រភេទ ​គឺអក្សរសិល្ប៍​ប្រជាប្រិយ ​និង​អក្សរសិល្ប៍​សំណេរ។​ អ្វីដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ ​អក្សរសិល្ប៍​ប្រជាប្រិយ​ នៅតែ​រក្សា​ជំហរ​ដោយ​លាក់​លៀម​ដោយ​ប្រជាជន​ និង​មហាជន​ទូទៅ​តាមរយៈការ​និយាយ​តគ្នា​ពីមាត់​មួយ​ទៅមាត់មួយ ដើម្បីរិះគន់របបគ្រប់គ្រង​ដ៏​ឃោរ​ឃៅ​នេះ។ ​ដូចមាន​កំណាព្យ​ក្នុង​គ្រា​នោះ​ថា​ ជយោ! អង្គការដ៏រុងរឿង រុះផ្ទះក្បឿងទៅនៅផ្ទះស្បូវ ជយោ! អង្គការបដិវត្តដ៏ត្រឹមត្រូវ​ រុះផ្ទះ​ស្បូវ​ទៅ​នៅ​ក្នុង​ព្រៃ។ ​មួយទៀត​នោះ​គឺ ​“ធ្វើស្រែ​នឹង​ទឹក​ភ្លៀង​ស៊ីបាយ​ ធ្វើ​ស្រែ​នឹង​ទំនប់​ទឹក​ប្រឡាយ​ស៊ីបបរ”​ និង ​“ស៊ីច្រើន​ ជុះច្រើន ​ចម្រើន​សេដ្ឋកិច្ច​ ស៊ីតិច​ជុះតិច​ សេដ្ឋកិច្ច​ចុះខ្សោយ។​ ក្រៅ​ពី​កំណាព្យ​ទាំង​អម្បាល​ម៉ាន​នេះ ​ក៏​នៅ​មាន​រឿង​ប្រជាប្រិយ​ និង​កំណាព្យ​ប្រជាប្រិយ​ជាច្រើន​ ដែល​ប្រជាពលរដ្ឋ​បង្កើត​ឡើង​ដោយលួ​ចលាក់​ដើម្បី​តិះដៀល​របប​ដ៏​ខ្មៅ​ងងឹត​នា​សម័យនោះ។
ចំណែកប្រភេទអក្សរសិល្ប៍សំណេរវិញ ត្រូវបានគេប្រើប្រាស់ជាស្ពានរណសិរ្សឃោសនា ដាស់​សតិ ​ឬបោក​បញ្ឆោត​ប្រជាជន​ឱ្យ​ស្មោះត្រង់​នឹង​អង្គការ​ ព្រម​ទាំង​បម្រើតាម​គោល​មាគ៌ា​របស់​គេ។ ​លោក ​គង់​ សុហេង​ បាន​បញ្ជាក់​នៅ​ក្នុង​សៀវភៅ​ដដែលនោះ ​ត្រង់​ទំព័រ១៩០ បន្ថែម​ទៀត​ថា ​អក្សរសិល្ប៍​នៅ​សម័យ​នោះ ​ពោរពេញទៅដោយការបណ្ដុះកំហឹង​ដ៏​ឈឺចាប់ ​ការសងសឹក​ ស្មារតីតស៊ូ ​និង​បំផុស​កំហឹង​វណ្ណៈ​ ព្រមទាំង​បង្កើន​ការ​ខំប្រឹង​បង្ក​បង្កើន​ផល​ជាដើម។ លើសពីនេះទៀតនោះ អង្គការបដិវត្ត​ បានបង្ខំ​ឱ្យ​ប្រជាជន​ដើរ​តាម​មាគ៌ា​ខ្លួន​ឥត​ងាក​រេ ​និង​បណ្ដុះ​កំហឹង​ចង​អាឃាត​ប្រឆាំងវៀតណាមយ៉ាង​ផុសផុល​ថែម​ទៀត។
សូមជម្រាបជូនថា សម័យកម្ពុជាប្រជាធិបតេយ្យ គេចែកអក្សរសិល្ប៍ជាបីដំណាក់កាលធំៗ គឺ៖
​ដំណាក់កាលទី១ គឺរណសិរ្ស ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៦ ដែលជាដំណាក់កាល​ប្រឆាំង​របប​ លន់ នល់ ​ដោយ​ប្រើ​ប្រាស់​គ្រប់​រូបភាព​ដើម្បី​ឈ្នះ​សង្រ្គាម ​គឺក្នុង​រូប​ភាព​បង្រួបបង្រួម និងប្រមូលកម្លាំងគ្រប់ស្រទាប់វណ្ណៈជាដើម។ ​

ដំណាក់កាលទី២ គឺបដិវត្តប្រជាជាតិ ប្រជាធិបតេយ្យ ចាប់ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧ ​ក្រោយពី​ជ័យ​ជម្នះ​ថ្ងៃ​ទី​១៧ ​មេសា ​១៩៧៥​ ដែល​ដើរ​តាម​មាគ៌ា​នយោបាយ​របស់​ ប៉ុល​ ពត។​ ទន្ទឹមនឹង​នេះ ​ស្នាដៃ​អក្សរសិល្ប៍ ​និងសិល្បៈ ​គឺមាន​ភារកិច្ច​ជំរុញ​ស្មារតី​កសាង​ប្រទេស​ជាតិ ​និង​លុប​បំបាត់​កាក​សំណល់​សង្គម​ចាស់​នានា។
ដំណាក់កាលទី៣ គឺបដិវត្តសង្គមនិយម ចាប់ពីខែកញ្ញា ឆ្នាំ១៩៧៧ ដល់ថ្ងៃទី៧ មករា ១៩៧៩ ​ក្រោយ​ពី​ប្រកាស​ដោយ​ចំហ​នូវ​បក្សកុម្មុយនីស្ដ​កម្ពុជា​ ដែល​មាន​តួនាទី​ជា​មគ្គុទេសក៍​របស់​ ប៉ុល ពត ដោយអក្សរសិល្ប៍ និងសិល្បៈ ​មាន​ភារកិច្ច​រួម​ចំណែក​បម្រើ​ឱ្យ​សង្គម​និយម ​នៃ​បក្សកុម្មុយនីស្តកម្ពុជា​ និង​ជា​ឧបករណ៍​នយោបាយ​ក្នុង​ការ​អនុវត្ត​មាគ៌ា​មហា​លោត​ភ្លោះ ម​ហាអស្ចារ្យ​ និង​កម្ទេច​រាល់​ខ្មាំង​បដិវត្ត​យួន​ជានិច្ច​។ ​ដូច​កំណាព្យ​ពី​រ​វគ្គ​ក្នុង​សម័យ​នោះ​ដូច្នេះ​ថា ​“យុវជនយើងជាគ្រាប់ពូជដ៏ល្អ ស្មារតីស្មោះសប្រៀបដូច​នឹង​ដី ​ទៅ​ដល់​ទី​ណា​រក្សា​ឃ្មាត​ខ្មី​ រួម​សាមគ្គី​ជាមួយ​មហាជន​។​ ចាក់​ឫស​ចូល​ទៅ​ក្នុង​ដីកាល​ណា បញ្ចេញផ្លែផ្កាយ៉ាងស្រទន់ ឥត​បី​មាន​ណាយ​ក្រៅ​ពី​ក្រប​ខណ្ឌ​ បម្រើ​មហាជន​ដ៏​មហិមា

លោក គង់ សុខហេង បានសង្កត់ធ្ងន់នៅក្នុងសៀវភៅអក្សរសាស្ត្រខ្មែរ ដដែលនៅត្រង់ទំព័រ១៩១ នោះថា អក្សរសិស្សសម័យ​កម្ពុជា​ ប្រជាធិបតេយ្យ គឺ​មាន​លក្ខណៈ​សាមញ្ញ​ដោយ​បង្ហាញ​រូបារម្មណ៍​ច្បាស់ៗ ​ហើយ​បង្កប់​នូវ​ស្មារតី​អប់រំ​ផ្នែក​មនោគម​វិជ្ជា​ជាដើម។ ​អ្វី​ដែល​ពិសេស​នោះ ​គឺ​អ្នក​និពន្ធ​មួយចំ​នួន​មាន​ទឹក​ដៃ​ខ្ពស់​ក្នុង​ការ​រចនា​តែង​និពន្ធ​ ព្រោះ​ថា​អ្នក​និពន្ធ​ភាគ​ច្រើន​ចេញ​ពី​បញ្ញវន្តឆ្នើមៗ ​ផ្នែក​អក្សរសាស្ត្រជាតិ ​មាន​ដូច​ជាលោក ហ៊ូ នឹម, ហ៊ូ យន់, និងលោក ទីវ អុល ជាដើម។ តែក្រោយមកត្រូវបាន​អង្គការ​ ប៉ុល ពត ​សម្លាប់​ចោល​ជា​បន្ត​បន្ទាប់៕


No comments:

Post a Comment