តាមរយៈអក្សរសិល្ប៍ដ៏ល្បីល្បាញរបស់ខ្មែរ
រឿង «ធនញ្ជ័យ» បានឱ្យយើងដឹងថា «នំបញ្ចុក» មានដើមកំណើតយូរយារណាស់មកហើយ
នៅលើទឹកដីកម្ពុជា និងថែមជាឫសគល់នៃដើមកំណើតរបស់«គុយទាវ»ចិនផង។ ប៉ុន្តែចម្លែកដែលប្រទេសថៃហៅនំនេះថា ขนมจีน
(ខៈណុមជីន)
ដែលមានន័យថា នំរបស់ជនជាតិចិន ខណៈដែលប្រទេសលាវហៅថា ເຂົາປຸ້ນ(ខោពុន)
ដែលប្រហែលជាមានន័យថា នំ ដែលទទួលទានហើយធ្វើឲ្យហើមពោះ(?)។ ខាងក្រោម គឺជាតំណាលកថាប្រជាប្រិយមួយទៀត ដែលប្រាប់ពីហេតុផល
ហេតុអ្វីខ្មែរយើងហៅនំនេះថា«នំបញ្ចុក»។
១/ប្រវត្តិនំបញ្ចុកខ្មែរ
តាមរឿងព្រេងនិទាន ដែលទាក់ទងនឹងប្រវត្តិនំបញ្ចុក មានសេចក្តីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ
ធ្វើស្រែស្រូវវារចិញ្ចឹមជីវិតព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំដំណាំស្រូវល្អ ដូចគេដទៃទៀតបាន។
ស្រូវវារ ជាស្រូវដែលផ្តល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិចពេលបុកសម្រិតរួចហើយ។
ដោយសារអង្ករនោះរឹងពេកដាំបាយ ឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំ ឱ្យមានជាតិទន់បន្តិច
ដើម្បីបរិភោគស្រួលទំពារណាមួយនៅតំបន់ដែលគាត់រស់នៅសំបូរត្រីផង ទើបនាំគ្នាប្តីប្រពន្ធបង់
ត្រីមកធ្វើជាប្រហុក ធ្វើត្រីឆ្អើរ រក្សាទុកបានយូរ សម្រាប់ឆីជាអាហារ។ ម្យ៉ាងអង្ករស្រូវវារ
ជាអង្ករដែលអ្នកស្រែ អាចយកមកធ្វើជានំបញ្ចុក បានល្អ ហើយបានច្រើនចំនួនជាងអង្ករស្រូវស្រែធម្មតាទៀតផង។
ថ្ងៃមួយ
នារដូវប្រាំង ទំនេរពីការងារនៅស្រែ អ្នកស្រែជាប្រពន្ធបានបុកអង្ករស្រូវវារបានបែកគំនិតយកអង្ករស្រូវវារ
ធ្វើជានំសរសៃចាប់ជាចង្វាយ រួចហើយក៏ស្រូបនឹងទឹកសម្លប្រហើរត្រីឆ្អើរ ដាក់ប្រហុក ខ្ទិះដូង
ថែមល្បោយបន្លែ ដែលគាត់បេះបាននៅតាមវាលស្រែ ឬក្នុងចំការក្រោយផ្ទះ។ លុះអ្នកស្រែជាប្តីពិសាហើយកើតជំងឺរាគរូស ព្រោះនំបញ្ចុកនោះធ្វើអំពីអង្ករត្រាំទឹកយូរ
មួយវិញទៀតដោយសារ បន្លែស្រស់ខ្លះបេះពីព្រៃមានជីវជាតិជូរ ឬត្រជាក់ ដូចជា ល្ហុង
ត្រួយត្រកួនស្រស់ ត្រួយកន្ធំធេត ផ្កាកំប៉ោក ផ្កាស្នោជាដើម ទើបអ្នកស្រែជាប្រពន្ធ បែកគំនិត
បន្ថែមត្រយូងចេក ជាជំនួយ ជាល្បោយនំ ពិសាហើយ ក៏លែងរាគរូសដូចមុនទៀត។ គាត់បានប្រតិស្ឋនាម
ឱ្យនំនោះថា នំសរសៃស្រូវវារ។ នៅពេលដែលអ្នកស្រែយើង ធ្វើនំសរសៃស្រូវវារនេះម្តងៗ
គាត់តែងយកម្រាមដៃ ធ្វើជាចង្កឹះ ស្រវាចាប់នំបរិភោគ បញ្ចុកមាត់ជាទម្លាប់ធម្មតា តាមជីវភាពរស់នៅបែបអ្នកស្រែក្រីក្រ
ហើយតែងដួសផ្ញើញាតិសន្តានក្នុងភូមិឱ្យពិសា ឆ្ងាញ់មាត់គ្រប់គ្នា មិនសូវលោះពេល។ លុះភ្លក្សស្នាដៃរបស់គាត់ហើយ
ឃើញថាឆ្ងាញ់ អ្នកស្រុកក៏បាន មកសុំរៀនក្បួនធ្វើនំ និងក្បួនធ្វើទឹកសម្លស្រូបពីគាត់ ដើម្បីយកទៅផ្សំឆ្នៃធ្វើទឹកសម្ល
កំដរនំឆីតាមផ្ទះ តាមភូមិ តាមចំណូលចិត្តរៀងៗខ្លួនជាបន្តៗរៀងមក។
លុះចាស់ជរាបន្តិចទៅ
អ្នកស្រែទាំងពីរនាក់ប្តីប្រពន្ធ មិនអាចប្រកបរបរធ្វើស្រែបាន ព្រោះគ្មានកូនចៅ បន្តការងារក្នុងស្រែជំនួសគាត់
អ្នកស្រែទាំងពីរ ក៏ដូរមុខរបរ មករែកនំបញ្ចុកលក់ លក់នំតាមភូមិតិចតួច ដើម្បីចិញ្ចឹមជីវិតរៀងរាល់ថ្ងៃ
តាមដំណើរជីវិតសុចរិតរបស់គាត់។ នៅថ្ងៃមួយមានរាជកុមារវ័យប្រមាណ៧វស្សា នាំពលសេនា
ជិះសេះដើរលេង នៅតាមស្រុកភូមិ បានប្រទះឃើញ អ្នកស្រុកចោមរោម អ្នកស្រែលក់នំសរសៃស្រូវវារ
ហើយអួតថាឆ្ងាញ់មាត់គ្រប់ៗគ្នា ក៏ចង់សាកមើលនឹងគេដែរ។ តែដោយតំបន់នោះ មានភាពក្រីក្រ គេឆីនំសរសៃស្រូវវារ
នឹងម្រាមដៃគ្រប់ៗគ្នា ម្ល៉ោះហើយរាជកុមារក៏ប្រែចិត្តរារែក មិនហ៊ានសាកល្បង ព្រោះខ្លាចប្រឡាក់ដៃ។
រីឯអ្នកស្រែទាំងពីរ កាលបើបានដឹងថា រាជកុមារ ចង់សោយនំរបស់ខ្លួន ក៏ទូលសុំឱ្យស្នំឯក ដែលជាមេដោះ
របស់រាជកុមារ យកដៃចាប់នំសរសៃស្រូវវារ បញ្ចុករាជកុមារយើង។ ដោយការចង់ដឹង នូវរសជាតិសម្លដ៏សែនឈ្ងុយឈ្ងប់ប្លែកធម្មតា
រាជកុមារក៏យល់ព្រមឱ្យស្នំឯកបញ្ចុក។ ពេលនេះ រាជកុមារយើង ក៏មានសេចក្តីសោមនស្សនឹងរសជាតិ
នំសរសៃស្រូវវារ ដ៏ឆ្ងាញ់មួយចាននោះក្រៃលែង ព្រមទាំងប្រទានរង្វាន់មួយចំនួនដល់អ្នកស្រែដែលធ្វើនំឆ្ងាញ់។
នៅពេលរាជកុមារយាងត្រឡប់ទៅរាជវាំងវិញ
ក៏តែងទទូចឱ្យព្រះមាតា តាមរកទិញ«នំដែលស្នំបញ្ចុក»
នោះពីអ្នកស្រែ យកមកសោយនៅក្នុងរាជវាំង។ ដោយ សារខ្ជិលដេញស្នំ ឱ្យរត់ទៅទិញនំពីអ្នកស្រែ
រៀងរាល់ព្រឹកឱរាជបុត្រ ជាទីស្រឡាញ់ ព្រះរាជមាតាក៏បញ្ជាឱ្យសេនាទៅគាស់ហៅ អ្នកស្រែទាំងពីរនាក់
ប្តីប្រពន្ធ មកធ្វើនំសម្រាប់រាជកុមារសោយប្រចាំរាជវាំងរៀងរហូតទៅ។
ចំណេរតមកឈ្មោះ«នំសរសៃ
ស្រូវវារ»
ក៏លែងមាននរណាហៅតទៅទៀតដែរ។ គេទម្លាប់នាំគ្នា ហៅថា «នំដែលស្នំបញ្ចុក» ជាជំនួសវិញ យ៉ាងប្រជាប្រិយ យូរក្រោយមកទៀត
ក៏ត្រូវគេហៅកាត់ៗ ខ្លីៗថា «នំបញ្ចុក» បន្តរៀងរហូតមកដល់សព្វថ្ងៃនេះ។
យ៉ាងណាមិញដោយសារតែនំបញ្ចុកខ្មែរមានប្រវត្តិមិនច្បាស់លាស់ទើបមាន រឿងមួយទៀត តំណាលថា នំបញ្ចុក មានប្រវត្តិមកពី រឿងធនញ្ជ័យ កាលដែល
ធនញ្ជ័យនៅស្រុកចិនបានធ្វើនំបញ្ចុក។
កាលពីព្រេងនាយមានបុរសម្នាក់ជានាក់ប្រាជ្ញឈ្មោះធនញ្ជ័យ បានត្រូវស្ដេច នារទេសខ្លួនទៅប្រទេសចិន ហើយបុរសនោះ ក៏បានធ្វើនំបញ្ចុកលក់។ នៅពេលនោះក៏ប្រជាជនចិនញុំទៅឆ្ងាញ់ហើយក៏ល្បីពេញភូមិ។នៅពេលនោះក៏ល្បីដល់ព្រះ- រាជាចិន ហើយក៏ព្រះរាជាចិន
ហៅចូលគាល់ដោយចង់សាក នំបញ្ចុករបស់ធនញ្ជ័យ។ នៅពេលនោះស្ដេចចិនក៏ហៅធនញ្ជ័យ
ចូលគាល់ហើយអោយធនញ្ជ័យយក នំបញ្ចុកឱ្យស្តេចចិនសាកហើយពេលនោះក៏ឆ្ងាញ់ហើយចូលចិត្ត។
នៅពេលនោះក៏ធនញ្ជ័យមានប្រាក់ ហើយត្រលប់មកស្រុកខ្មែរវិញ ហើយមកលក់នំបញ្ចុកនៅស្រុកខ្មែរវិញ។
២/និយមន័យនំបញ្ចុក
គឺជាមុខម្ហូបមួយប្រភេទ
កើតឡើងដោយការរួមផ្សំ អំពីភោគផល ដែលមានសម្បូរហូរហៀរនៅក្នុងប្រទេសពិតៗ
សម្រាប់ស៊ីចុកបន្ទាប់ពីបាយដែលជាអាហារប្រចាំថ្ងៃប្រកបដោយរសជាតិប្លែក
មានជីរជាតិសំខាន់ច្រើនយ៉ាងដោយសារគ្រឿងផ្សំផ្សេងៗដទៃទៀត មានទឹកសម្ល និងរបោយបន្លែ ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗនិងតាមតំបន់នីមួយៗ។
នំបញ្ចុកផលិតចេញពីម្សៅអង្ករ
ដែលបានមកពីរុក្ខជាតិមួយប្រភេទ ហៅថា«ស្រូវ»។ តាមជំនឿជាប្រពៃណីពីបុរាណរបស់ប្រជាជនកម្ពុជាដែលបានចាត់ទុក «ស្រូវ»
ជាវត្ថុមានគុណបំណាច់ខ្ពស់ក្នុងការចិញ្ចឹមមនុស្សលោករហូតប្រសិទ្ធិឈ្មោះផ្សេងទៀតថា
«ព្រះមេរុ ឬប្រពៃស្រព» ហើយដើម្បីជាការរំឭកដល់គុណប្រយោជន៍នៃវត្ថុដ៏ថ្លៃថ្លានេះទើបប្រជាជនខ្មែរ ចូលចិត្តយកចំណីចំណុកជាកត្តាសំខាន់ក្នុងការប្រគេនភត្តាហារចំពោះព្រះសង្ឃ
និងជាអាហារសម្រាប់លាងភ្ញៀវ នៅក្នុងឱកាសបុណ្យ«ដារលាន» ដែលជាពិធីរំឭកគុណព្រះអគ្គី ព្រះធរណី ព្រះគង្គា និងព្រះពាយ ផងដែរ ក្រោយពីការច្រូតកាត់ប្រមូលផលស្រូវទុកដាក់រួចរាល់ហើយ។
ទន្ទឹមនឹងនេះ
ចំណីនំបញ្ចុកក៏បាន វិវត្តន៍តួនាទី យ៉ាងសំខាន់ ខ្លាំងឡើង ថែមទៀត
ទៅតាមនិយមចំណង់ចំណូលចិត្តរបស់ប្រជាជាតិ សឹងជាចំណីពេលព្រឹក ពេលរសៀល ពេលល្ងាច
ឬប្រើជំនួសបាយ ម្តងម្កាលថែមទៀតផង។ មិនតែប៉ុណ្ណោះ នំបញ្ចុក
កាន់តែបានទទួលនូវការនិយមជាទូទៅ
និងខ្លាំងឡើងទៀតក្នុងគ្រប់ស្រទាប់ប្រជាជនដែលបានកែច្នៃគ្រឿងផ្សំសម្រាប់ស៊ីចុកបានជាច្រើនមុខថែម
ទៀត ដូចជាទទួលទានជាមួយសម្លខ្ទិះ(ការី) ផ្ទាប់ជាមួយសាច់ផ្សេងៗ ដែលអមទៅដោយ
ទឹកគ្រឿងជាដើម។ ដោយសារមានសារៈសំខាន់ដូចនេះហើយ ទើបបានជា «ការធ្វើនំបញ្ចុក»
ក្លាយជាមុខរបរមួយដ៏ប្រសើរ ប្រចាំជីវភាពគ្រួសារ
ព្រោះជារបរមួយសាមញ្ញ ប្រើប្រាស់នូវឧបករណ៍ធម្មតា ដែលជួនកាលគេអាចកែច្នៃធ្វើដោយខ្លួនឯងបានដូចលោកអ្នក ពិតជាធ្លាប់ពិសាហើយ
នូវប្រភេទនំម្យ៉ាង ឈ្មោះថា នំបញ្ចុក ហើយក៏អាចថាញ៉ាំញឹកញាប់ទៀតផង
តើលោកអ្នកធ្លាប់បានស្តាប់រឿងព្រេងទាក់ទងនឹងនំបញ្ចុកដែរឬទេ?
ហេតុអ្វីខ្មែរយើងហៅថានំបញ្ចុក?
ការហៅឈ្មោះនំ តាមបវេណីរស់នៅ ៖ នំបញ្ចុកមានឈ្មោះដើមថា នំប៉ែនចុក
គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរ ហើយបុកលាយទឹករួចយកទៅច្រកក្នុងប៉ែនទើបយកស្នូលឈើ
ចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឱ្យឆ្អិនបន្ទាប់មកគេស្រង់
ចាប់ជាចង្វាយៗដាក់ជាល ឬកញ្ច្រែងទុកឱ្យស្រស់ទឹក។ ក្រោយមកគេហៅកាត់ៗថានំបញ្ចុក
មិនខុសអីពីពាក្យខ្មែរជាច្រើន ដោយបានហៅកាត់ៗដូចជា ជើងក្រាន
ក្លាយ ចង្ក្រាន, ជាន់ដើរ
ក្លាយជណ្តើរ, កាន់ជ្រែង ក្លាយកញ្ច្រែង, កាន់ត្រក ក្លាយ កន្ត្រក, ពីរថែមដប់ ក្លាយពីរដណ្តប់។ល។ម្យ៉ាងទៀតពុំចាំបាច់មានចំណេះវិជ្ជាជ្រៅជ្រះផងទេ
គឺប្រើប្រាស់ត្រឹមកម្លាំងកាយ និងការអំណត់ ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់
ធ្វើផ្ទាល់ជាមួយអ្នកចេះតែបីបួនដងប៉ុណ្ណោះ។
No comments:
Post a Comment