ប្រភេទនៃអក្សរសិល្ប៍ប្រជាប្រិយខ្មែរ
បើតាមស្នាដៃអក្សរសិល្ប៍ប្រជាប្រិយខ្មែរ ដែលមានការរៀបរៀង ចងក្រងឡើង ដោយបណ្ឌិត អ៊ីវ
ថុង ដែលបានទទួលការអនុញ្ញាត ឱ្យបោះពុម្ពផ្សាយ ពីក្រសួងអប់រំ នៅថ្ងៃ ទី ១៣ ខែ
កញ្ញា ឆ្នាំ ១៩៨៤ ដើម្បីប្រើប្រាស់នៅតាមសាលា ចំណេះទូទៅបានបរិយាយអំពីទ្រីស្តី ដែលទាក់ទងទៅនឹងបញ្ញត្តិ អក្សរសិល្ប៍ប្រជាប្រិយខ្មែរ ហើយបានបែង ចែកអក្សរសិល្ប៍ប្រជាប្រិយជា៖
៣.១.តំណាលកថាប្រជាប្រិយខ្មែរ
តំណាលកថាប្រជាប្រិយ
គឺជាបណ្តុំនៃរឿងរ៉ាវទាំងឡាយ ដែល បានលេចចេញពី ការនិទាន ឬតំណាលតៗគ្នានៃមនុស្សដែលរស់នៅ
ក្នុងសហគមន៍ដោយគ្មានឈ្មោះអ្នកនិពន្ធគ្មានកាលបរិច្ឆេទពិតប្រាកដ។ តំណាលកថាទាំងនោះត្រូវបានប្រជាជននិយមពេញចិត្តហើយបង្កើត បានការផ្សព្វផ្សាយពីភូមិមួយទៅភូមិមួយពីសហគមន៍មួយ
ទៅសហ- គមន៍មួយពីតំបន់មួយទៅតំបន់មួយ។
ពាក្យតំណាលកថាប្រជាប្រិយនេះ ជាបច្ចេកសព្ទមួយ
ដែលប្រើប្រាស់តាមសៀវភៅអក្សរសិល្ប៍ខ្មែរថ្នាក់ទី១០របស់ក្រសួងអប់រំនៅឆ្នាំ១៩៨៨ចំណែកពាក្យដែលគេតែងតែធ្លាប់ឮធ្លាប់ស្គាល់នោះគឺ“រឿងព្រេង”។អាស្រ័យហេតុនេះយើងសូមប្រើពាក្យទាំងពីរនេះក្នុងន័យដូច គ្នា។ រីឯក្នុងភាសាអង់គេ្លសវិញ ពាក្យតំណាលកថាប្រជាប្រិយ ត្រូវ នឹងពាក្យថា“folktale”ដែលជាផ្នែកមួយដ៏សំខាន់នៃអក្សរសិល្ប៍ប្រជាប្រិយ។
ពាក្យនេះត្រូវបានអ្នកសិក្សាជាតិ និងអន្តរជាតិជាច្រើននាក់ បានផ្តល់ និយមន័យចំពោះពាក្យនេះ
ក៏ប៉ុន្តែ យើងសូមលើកយកតែ ទស្សនៈ សំខាន់ៗមួយចំនួនមកបង្ហាញប៉ុណ្ណោះ។
នៅទ្វីបអឺរ៉ុប គេចាប់ផ្តើមសិក្សា និងស្រាវជ្រាវពីតំណាលកថា
ប្រជាប្រិយ ឬរឿងព្រេងចាប់តាំងពីទសវត្ស ឆ្នាំ១៨០០មកម្ល៉េះ ដែលក្នុង នោះមានអ្នកស្រាវជ្រាវដ៏សំខាន់
ពីររូប ដែលខំដើរប្រមូលរឿងព្រេង នោះគឺបងប្អូនពីររូប ដែលមានត្រកូលហ្រ្គីម(Grimm)[1] ទើបក្រោយមក ទៀត គេហៅរឿងពេ្រង
ដែលអ្នកទាំងពីរបានប្រមូលនោះថា Grimm’s Fairy Tale ។ ចំណែកនៅស្រុកខ្មែរយើងវិញ ទើបនឹងមានការប្រមូល ចងក្រងរឿងព្រេងមួយចំនួននាចុងសតវត្សទី១៩[2]
ជាក់ស្តែង លោក អៃមូនីញ៉េ ជាអ្នកប្រាជ្ញជាតិបារាំងម្នាក់ ដែលបានបោះពុម្ពរឿងព្រេង ខ្មែរជាសៀវភៅនៅព្រៃនគរ
នាឆ្នាំ១៨៧៨ ដោយដាក់ចំណងជើងថា “អត្ថបទខ្មែរ”(Textes Khmers)[3]ហើយក្រោយមកក្រុមជំនុំ ទំនៀមទម្លាប់ ខ្មែរ បានប្រមូលរឿងព្រេងខ្មែរ បានចំនួន៩ភាគនៅឆ្នាំ១៩៧៥[4]។
តាមលោក ស្ទីត ថមហ្សុន ( Stith Thompson) ដែលជាអ្នកស្រាវជ្រាវមួយរូប ដ៏ ល្បីល្បាញផ្នែករឿងព្រេងនោះបានអះអាងថា
តំណាលកថាប្រជាប្រិយ មិនមែនត្រឹមតែជាផ្ទាំងទស្សនីយភាពប៉ុណ្ណោះទេតែថែមទាំងជាកម្រងមេរៀនសម្រាប់ដោះស្រាយបញ្ហាជាក់ស្តែងក្នុងជីវិតផងដែរ។ ម្យ៉ាងវិញ ទៀតរឿងព្រេងក៏ត្រូវបានមនុស្សផ្ទេរពីជំនាន់មួយទៅជំនាន់មួយទៀត តាមរយៈការនិទានតៗគ្នារហូតមកដល់សព្វថ្ងៃនេះ[5]។
អ្នកស្រី មូរៀល ប៉ាស្គីន (Muriel Paskin) ជាអ្នកស្រាវជ្រាវ ជនជាតិ អាមេរិកមួយរូប បានពន្យល់ថា “អស់រយៈពេលជាច្រើនពាន់ឆ្នាំ មក ហើយ មនុស្សក្នុងពិភពលោក ចូលចិត្តស្តាប់រឿងនិទានណាស់។
រឿង មួយចំនួន បានពន្យល់ពីមូលហេតុ ដែលនាំឲ្យសមុទ្រស្រែកថ្ងូរ ហើយ រឿងមួយចំនួនទៀត ជារឿងអស្ចារ្យ
និយាយពីកំពូលមនុស្ស ដែលអាចហោះចេញពីភពផែនដី ឬអាចដើរនៅលើទឹកបាន។ ចំណែកឯ រឿងខ្លះទៀត
ជារឿងបែបកំប្លុកកំប្លែង និងជាប្រសា្ន សម្រាប់ការសើច សប្បាយ និងការលំហែកម្សាន្តចិត្ត។
រីឯរឿងខ្លះទៀត បានផ្តល់ជា មេ រៀនជីវិតដ៏មានតម្លៃ ដើម្បីទទួលបាននូវភាពជោគជ័យ និងសុភមង្គល
ជាមួយគ្រួសារ ក៏ដូចជាមិត្តភ័ក្ត។ ដោយហេតុថា រឿងទាំងនេះបាន ក្លាយជាផ្នែកមួយ ដ៏មានតម្លៃក្នុងជីវិតប្រជាជន
ទើបគេហៅរឿងទាំង អស់នេះថារឿងព្រេង ឬជា អក្សរសិល្ប៍ប្រជាប្រិយ”[6]។ អ្នកស្រីក៏បានពន្យល់ផងដែរថានៅក្នុងសម័យដែលមិនទាន់មានអក្សរប្រើប្រាស់សម្តី គឺជាមធ្យោបាយតែមួយគត់ ដែលមនុស្សប្រើប្រាស់ដើម្បីផ្សព្វផ្សាយពីប្រវត្តិ
ប្រពៃណីទំនៀមទម្លាប់ និងជំនឿរបស់ខ្លួន។ ការនិទានរឿងតៗគ្នានេះស្ទើរតែត្រូវបានគេហៅថាការបង្រៀនតាមសម្តី (speech teach)។
ចំណែកអ្នកស្រាវស្រាវខ្មែរសំខាន់ៗមួយចំនួន ក៏បានពន្យល់ពី អត្ថន័យនៃរឿងព្រេងដែរ។
នៅក្នុងនោះ លោកបណ្ឌិត ឃីង ហុកឌី ក្រោយពីបានលើកឡើងពីនិរុត្តិសាស្រ្តនៃពាក្យ“រឿងព្រេង”លោកបាន ពន្យល់ក្នុងន័យសរុបរួមថា
“រឿងព្រេង គឺដំបូង ជាអក្សរសាស្រ្តសម្តីពីមាត់មួយទៅមាត់មួយមានមកជាយូរអង្វែងមកហើយបានផ្ទេរ
រឿង ព្រេងមកតាមបបូរមាត់ដូនតាមេបាយើងតាមអ្នកចម្រៀងនិងសិល្បករ នានា។ រឿងព្រេងទាំងអស់ ដែលកត់ត្រា ដោយកវីបណ្ឌិតយើង ជា សំណេរលើស្លឹករឹតឬលើក្រដាសនានានោះ
ដើម្បីឱ្យអ្នកជំនាន់ក្រោយបានជ្រាបច្បាស់ នូវចំណេះដឹងនេះ មានឡើងចាប់ពីសម័យកណ្តាល មកប៉ុណ្ណោះ។
រឿងព្រេងភាគច្រើន សរសេរជាពាក្យរាយ ហើយគ្មាន បញ្ជាក់កាលបរិច្ឆេទទេ”[7]។
លោក ខឹម សំឱរ ជាអតីតភ្នាក់ងារអ្នកកាសែត នាទសវត្សឆ្នាំ ១៩៥០ ក៏បានលើកឡើងផងដែរថា
“អក្សរសាស្រ្តប្រជាជន គឺរឿងព្រេង ដែលប្រជាជនបាននិយាយតៗគ្នា
រៀងរហូតមកពីមាត់មួយ ទៅមាត់ មួយ។ រឿងព្រេងភាគច្រើនជារឿងខ្លី។” លោកក៏បានបញ្ជាក់ទៀតថា “រឿងព្រេងជារឿងប្រជាជនមានអត្ថរសខ្លឹមសារជំទាស់ពេញទីនឹងការអប់រំអយុត្តិធម៌នៃសង្គមខ្មែរ
នៅសម័យនោះ”[8]។ ស្របគ្នានេះដែរ លោក ជុំ កាណាល់ បានអះអាងផងដែរថា រឿងនេះ ជារឿងប្រឌិតក្នុងសង្គមលោកិយដែលបានលើកយកបញ្ហាមនុស្សមកចោទនិងដោះស្រាយក្នុងគោលបំណង
ជួយណែនាំអនុជនឲ្យចេះស្រឡាញ់អំពើល្អ ហើយស្អប់អំពើអាក្រក់។ នៅស្រុកខ្មែរយើង មានរឿងព្រេងច្រើនសន្ធឹកណាស់
ដែលកាលពីបុរាណគេតែងនិទាន ឱ្យគ្នាស្តាប់នៅក្នុង ឱកាសបុណ្យទានណាមួយ ឬ ពេលជួបជុំគ្នាម្តងៗ[9]។
ចំណែកឯលោក ហ៊ុន គឹមសៀ ជាអ្នកស្រាវជ្រាវជនជាតិខ្មែរ មួយរូបដែរនោះ បានបកស្រាយពន្យល់ពីរឿងព្រេងយ៉ាងនេះថា
រឿងព្រេងជារឿងជំនាន់ដើម ដែលរឿងខ្លះ មានលក្ខណៈអស្ចារ្យ ហួស និស្ស័យមនុស្ស ហើយរឿងខ្លះទៀត
មានសភាពទាក់ទងយ៉ាងជិតដិតជាមួយជីវភាពរបស់ប្រជាជនសាមញ្ញ។ កាលពីដើម គេច្រើននិទានតៗ គ្នាពីមនុស្សម្នាក់ទៅមនុស្សមា្នក់ទៀតហើយរឿងទាំងអស់នេះ
ក៏មាន ឥទ្ធិពលខ្លាំងណាស់ទៅលើការអប់រំមនុស្សនាសម័យបុរាណ[10]។
ទាក់ ទងនឹងអត្ថន័យរបស់រឿងព្រេងនេះ អ្នកស្រាវជ្រាវ នៃក្រុមជំនុំទំនៀម ទម្លាប់ខ្មែរ ក៏បានបញ្ចេញទស្សនៈផងដែរថា
រឿងព្រេង គឺជាប្រភេទ រឿងមួយបែប ដែលមនុស្សយើងតែងតែនិយាយតៗគ្នា តាំងពីសម័យ បុរាណតមកសម្រាប់និទានប្រាប់ដល់កូនចៅឬអ្នកជំនាន់ក្រោយរបស់ខ្លួនដោយមាននិន្នាការបម្រើប្រយោជន៍
ដល់មហាជនជាទូទៅនៅក្នុងសង្គម។ រឿងទាំងអស់នេះមិនត្រឹមតែបានផ្តល់ជាចំណេះដឹងអប់រំ និង
បង្កើននូវទំនាក់ទំនងយ៉ាងជិតស្និទ្ធស្នាល រវាងមនុស្សនៅក្នុងសហគមន៍
ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីស្ថានភាពសង្គមនៅ
អតីត កាលទៀតផង[11]។ ជាមួយគ្នានេះដែរ
លោក ថន ប៊ុនលី បានសរសេរ នៅក្នុងសេចក្តីសន្និដ្ឋានចុងក្រោយមួយនៃនិក្ខេបបទជាភាសាអង់គ្លេសរបស់លោកថា
“រឿងព្រេង គឺជារឿងប្រកបដោយតម្លៃវប្បធម៌ រួម មានទាំងសីលធម៌
ទំនៀមទម្លាប់ ប្រព័ន្ធជំនឿ និងរបៀបរស់នៅ របស់ប្រជាជន។ រឿងព្រេងទាំងអស់នេះរួមមានទេវកថា
ព្រេងកថា និង និទានកថាប្រជាប្រិយ។ រឿងទាំងអប្បាលម៉ានេះ បានត្រូវផ្សព្វផ្សាយ តាំងពីយូរយារណាស់មកហើយចាប់ពីជំនាន់មួយទៅជំនាន់មួយទៀត ដោយគេពុំអាចដឹងឈ្មោះអ្នកនិពន្ធប្រភពដើមនៃរឿងឬក៏កាលបរិច្ឆេទ នោះទេ[12]។រីឯសៀវភៅអក្សរសិល្ប៍ខ្មែរថ្នាក់ទី១០របស់ក្រសួងអប់រំវិញបន្ទាប់ពីបានបែងចែកតំណាលកថាប្រជាប្រិយជាបីគឺ
ទេវកថា ព្រេង កថានិងនិទានកថាប្រជាប្រិយ (មាននិទានកថាអស្ចារ្យ និទានកថាសត្វ
និទានកថាសង្គម និទានកថាសំណើច និងល្បើកកថា) រួចហើយ ក៏ បានពន្យល់ពីនិយមន័យ របស់តំណាលកថាប្រជាប្រិយ
យ៉ាងនេះថា “តំណាលកថាប្រជាប្រិយ ឆ្លុះបញ្ចាំងពីជីវិតប្រជាជាតិ គ្រប់ជ្រុងជ្រោយ
ក្នុងសម័យប្រវត្តិសាស្រ្តខុសៗគ្នាគិតតាំងពីសម័យកាលដែលយើងមិន ទាន់មានឯកសារជាក់លាក់
រហូតមកដល់សព្វថ្ងៃនេះ។ បុព្វបុរសខ្មែរ យើង បានផ្តាំផ្ញើតាមរយៈរឿងនិទានប្រជាប្រិយ នូវមនោសញ្ចេតនា
សេចក្តីប៉ងប្រាថ្នាទស្សនៈ ពីពិភព និងពីជីវភាពនៃសង្គមមនុស្សរបស់គាត់”[13]។
រួមសេចក្តីមក តំណាលកថាប្រជាប្រិយ
ឬរឿងព្រេង គឺជាផ្នែក មួយដ៏សំខាន់នៃអក្សរសិល្ប៍ ប្រជាប្រិយ ហើយវាក៏ជាអក្សរសិល្ប៍សម្តី
ដែលមនុស្សនិទានតៗគ្នា ពីមួយជំនាន់ ទៅជំនាន់រហូតដល់ សម័យ ទំនើបទើបមានអ្នកសិក្សាស្រាវជ្រាវមួយចំនួនចាប់ផ្តើមប្រមូលចងក្រងជាអត្ថបទសំណេរ
ប៉ុន្តែគេពុំអាចដឹងបានពី ឈ្មោះអ្នកនិពន្ធ កាល បរិច្ឆេទ ប្រភពដើមនៃរឿងនិទានទាំងនោះឡើយ។
រឿងព្រេងទាំងនេះ ទៀតសោត ក៏ជាប្រភពនៃវប្បធម៌ជាតិនីមួយៗ ដែលជាកម្រងរឿងនិទានមានផ្ទុកទៅដោយជីវភាព
និងការអប់រំកសាងស្មារតីរបស់ ប្រជាជននៅសម័យបុរាណ ក៏ដូចជាសហស្សសម័យនេះផងដែរ។
[1] See Than
Bunly, (2004), The Status of Oral Folktale Narration in Contemporary Phreah
Theat Thmor Da Village, the thesis for Master of Arts, Phnom Penh. p. 5.
[2] See Muriel
Paskin Carrison, (2002), Cambodian Folk Stories from the Gatiloke, Tuttle
Publishing, third printing, Singapore, p.11.
[3] See Chor
Chanthyda, (2004), An Analysis of the Trickster Archetype as Respresented by
the Rabbit Character in Khmer Folktales, the thesis for Master of Arts, Phnom
Penh, p. 3.
[4] សូមមើល ឥន្ទ
ឱមសាម៉េង ហ៊ីង គីមឡេង និងអ្នកដទៃ, (២០០៨), វប្បធម៌ទូទៅ,
រោងពុម្ពសុខលាភ, ភ្នំពេញ, ទំព័រ៩៤។
[5] See Than
Bunly, (2004), The Status of Oral Folktale Narration in Contemporary Phreah
Theat Thmor Da Village, op. cit., p.6.
[6] Muriel
Paskin Carrison, (2002), Cambodian Folk Stories from the Gatiloke, op. cit.,
p.12.
[11] សូមមើលក្រុមជំនុំទំនៀមទម្លាប់, (២០០៦), ទស្សនាវដ្តីរឿងព្រេងខ្មែរថ្មី, ភាគទី១, ការផ្សាយរបស់វិទ្យាស្ថាន ពុទ្ធសាសន បណ្ឌិត្យ ភ្នំពេញទំព័រ អារម្ភកថា។
[12] See Than
Bunly, (2004), The Status of Oral Folktale Narration in Contemporary Phreah
Theat Thmor Da Village, op. cit., p.66.
[13] ក្រសួងអប់រំ,
(១៩៨៨), អក្សរសិល្ប៍ខ្មែរថ្នាក់ទី១០, គ្រឹះស្ថានបោះពុម្ពផ្សាយអប់រំ, ភ្នំពេញ, ទំព័រ២១-២២។
No comments:
Post a Comment