វិធីសាស្ដ្រនៃការបង្ហាញតួអង្គនាងកាកីរបស់សម្ដេចព្រះអង្គឌួង
ការពិពណ៌នាបង្ហាញនូវលក្ខណៈសោភ័ណភាពនៃនាងកាកីរបស់សម្ដេចព្រះអង្គឌួង
ជាការពិពណ៌នាបែបពិសេស ដែលជាអច្ឆរិយវិធី
ហើយដែលយើងនឹងលើកយកមកធ្វើការសិក្សាពិភាក្សាដូចតទៅ៖
ការបង្ហាញតួអង្គមួយបែបតាមសាមញ្ញវិធីរបស់ព្រះបាទអង្គឌួង
ស្ថិតនៅត្រង់ការលើកយកលក្ខណៈនៃតួអង្គនាងកាកីមកបង្ហាញ ដោយការប្រាប់ថា ដៃ ជើង សក់
ទម្រង់ វង់ភក្ដ្រជាដើម ល្អដូចនេះ ឬល្អដូចនោះ តាមដូចយើងធ្លាប់បានឃើញ។
ការបង្ហាញបែបនេះ មានត្រង់ឃ្លាថា៖
«ស្ដេចមានមហេសី នាមកែវកាកី ល្អល្អះឥតហ្មង…របាំមហោរីល្អៗ គ្រប់ប្រាណ។»
«ស្ដេចមានមហេសី នាមកែវកាកី ល្អល្អះឥតហ្មង…របាំមហោរីល្អៗ គ្រប់ប្រាណ។»
ស្ដេចគ្រុឌពណ៌នា អំពីសម្ផស្សរបស់នាងកាកី៖
«វង់ភ័ក្រ្ដផូផង់ ចញ្ចើមដូចវាសគូរ នេត្រាមូលខ្មៅយង់ ច្រមុះខ្ពស់ បបូរមាត់ក្រហមញញឹមផ្អែមត្រជាក់ សមនឹងកេសាធ្លាក់រំសាយ។ នាងមានរាងតូចច្រលឹង ទ្រូងពើងង ទ្រគាកសាយមូលក្លំ ទ្រង់គ្រឿងអល័ង្ការដូចទេពកញ្ញាចុះពីសួគ៌លោក។»

ការបង្ហាញបែបនេះជាសាមញ្ញវិធី
គឺជាវិធីធម្មតាដែលកវីនិពន្ធតែងលើកយកមកបង្ហាញជាញឹកញាប់
នៅក្នុងកិច្ចការនិពន្ធរបស់ខ្លួន ដូចជាការប្រៀបប្រដូចថា នាងក្រមុំរូបនេះ
សម្បុរសដូចសំឡី ភត្ត្រឡើងក្រហមដូចបាសទុំ មូលដូចវង់ចន្ទពេញបរមី
ម្រាមដៃស្រួចដូចបន្លាជាដើម។
ពិសេសជាងនេះទៅទៀត
ការបង្ហាញតួអង្គនាងកាកីរបស់សម្ដេចព្រះអង្គឌួងមានលក្ខណៈប្លែកម្យ៉ាងដែលជាវិធីដ៏ចំលែក
ហៅថាវិសេសវិធី គឺស្ថិតត្រង់ការបង្ហាញពីរយ៉ាងគឺ៖
វិធីវិសេសបែបទីមួយ
ព្រះអង្គឌួងបានបង្ហាញថា នាងកាកីពុំមែនកើតពីមនុស្សធម្មតាទេ តែនាងកើតពីផ្កាកណិកា
ជាចៅតាឥសី។ នៅពេលនាងពេញវ័យក្រមុំហើយ
ហើយនៅពេលដែលព្រះបាទព្រហ្មទត្តទ្រង់យាងទៅសិក្សាវិជ្ជាការផ្សេងៗចប់សព្វគ្រប់
តាឥសីក៏លើកនាងកាកីថ្វាយព្រះអង្គជាចំណងដៃទុកធ្វើជាមហេសីជារៀងតទៅ។
កំណើតនៃនាងកាកីដែលកើតចេញពីផ្កានេះហើយ
ជាកំណើតប្លែកអស្ចារ្យផ្ទុយពីសភាវៈពិត ដែលធ្លាប់មានក្នុងលោកិយសច្ចៈនេះទាំងអស់
គឺកំណើតនេះហើយជាអច្ឆរិយហេតុមួយដែលកម្រមាន នៅក្នុងលោក
ដែលនាំអោយនាងកាកីចេះតែមានសម្រស់ មានសោភ័ណភាពខ្លាំងឡើងៗ ឥតមាននារីណាប្រៀបប្រដូចបាន។
វិធីវិសេសបែបទីពីរ
គឺបញ្ហាក្លិននាងកាកី។ តាមធម្មតាក្លិនរបស់មនុស្សបានមកពីក្លិននៃលំអងផ្កា
ឬមកពីក្លិននៃទឹកអប់ដែលគេបានយកគ្រឿងរុក្ខជាតិក្រអូបច្រើនយ៉ាងមកផ្សំគ្នា
ហើយក្លិននេះក្រអូបឈ្ងុយឈ្ងប់បានតែ ១ ថ្ងៃ ឬ ២ ថ្ងៃប៉ុណ្ណោះ នឹងបាត់ទៅវិញអស់
ពីព្រោះមានញើសក្អែលដែលចេញ ពីរាងកាយមកលាយឡំនាំអោយឆ្អេះស្អុយទៅវិញ។
ចំណែកក្លិនខាងនាងកាកីវិញ ពុំដូច្នោះឡើយ គឺមានរស់ក្រអូបជាប់ជានិច្ចនិរន្ដន៍
ពុំចាំបាច់យកគ្រឿងក្រអូបមកលាយឡំបានឡើយ។ ហើយបើអ្នកណាបាននៅរួមរស់ជាមួយនាងតែម្ដង
ក្លិននាងនឹងនៅជាប់ជាមួយអ្នកនោះបាន ៧ ថ្ងៃទៀត។ ដូចឃ្លាក្នុងរឿងបានបញ្ជាក់ថា៖
«កប់កាយក្រអូប ទោះទាំងរាងរូបប្រហើរចាំបាច់ រកផ្កាគ្រឿងអប់ ឈ្ងុយឈ្ងប់សព្វសាច់ ពិដោរបណ្ដាច់ បណ្ដូលអស់ស្រី។ បើនរនៃអ្នកណានិងមិត្តភក្ដិ ចូលចង់បេតី រូមរស់ស្នេហ៍ស្និទ្ធ ក្លិនដឹត ឥន្ទ្រិយ៍ ប្រាំពីររាត្រី ទើបបាត់គន្ធា។»

វិធីសាស្ដ្រដែលសម្ដេចព្រះបាទអង្គឌួងបានលើកឡើងមកបង្ហាញនេះ
ជាហេតុមួយដ៏ចំឡែក ពុំមាននៅក្នុងលោកិយនេះឡើយ
ហើយសមនឹងនាងជាស្ដ្រីកើតចេញមកពីបុប្ផាជាតិទៀតផងនោះ។
សោភណភាពនៃនាងកាកីរឹតតែមានកម្រិតល្អឡើងៗ
ឥតបើគណនា។ គឺដោយក្លិននៃនាងនេះហើយ
ទើបព្រះបាទព្រហ្មទត្តទ្រង់មានព្រះទ័យប្រតិព័ទ្ធយ៉ាងខ្លាំងពន់ពេកដូចឃ្លាមួយបញ្ជាក់ថា៖
«ព្រះបាទព្រហ្មទត្ត សេ្ដចរួមប្រតិព័ទ្ធ នឹងព្រះជាយា សព្វព្រះហឫទ័យ មូលមេត្រីស្នេហា ដូចដួងនេត្រា ព្រះអង្គជាម្ដង។»
«ព្រះបាទព្រហ្មទត្ត សេ្ដចរួមប្រតិព័ទ្ធ នឹងព្រះជាយា សព្វព្រះហឫទ័យ មូលមេត្រីស្នេហា ដូចដួងនេត្រា ព្រះអង្គជាម្ដង។»
ចំណែកខាងគ្រុឌ
ក៏មានចិត្តប្រតិព័ទ្ធចំពោះនាងយ៉ាងលើសលប់ណាស់ទៅទៀត បើទុកជាខ្លួន ជាពោធិសត្វក៏ដោយ
ក៏មិនអាចអត់ទ្រាំបានឡើយ ហើយក៏លបលួចយកនាងកាកីពីព្រះបាទព្រហ្មទត្ត ទាំងភ្នែកស្រស់។
គ័ន្ធនកាលបានទៅរួមរក្សជាមួយនាងកាកីឯស្ថានសិម្ពិលីហើយក៏ជាប់ក្លិននាងមកនឹងខ្លួន
ហើយបានយកក្លិននោះមកធ្វើភស្ដុតាង
ក្នុងចម្រៀងរបស់ខ្លួនដើម្បីបង្ហាញគ្រុឌឱ្យជាក់ច្បាស់
ហើយធ្វើអោយគ្រុឌនិងនាងកាកីបាក់បែកពីគ្នា ដូចក្នុងឃ្លាមួយបានបញ្ជាក់ថា៖
«ឱះ ឱព្រះពាយរំភើបរំភាយ ផាត់ក្លិនគន្ធា រសរូក្លិនស្រី កាកីស្ងួនភ្ងា បងចាំជាក់ថា ក្លិនប្អូនមិញទេ។ ឱក្លិនកាកី មិនដូចអស់ស្រី នឹងស្រីអស់គេ រែងតែងអប់អស់ គន្ធរសវិលេប្ន៍ កាកីមាសមេ ក្រអូបអង្គឯង។»
«ឱះ ឱព្រះពាយរំភើបរំភាយ ផាត់ក្លិនគន្ធា រសរូក្លិនស្រី កាកីស្ងួនភ្ងា បងចាំជាក់ថា ក្លិនប្អូនមិញទេ។ ឱក្លិនកាកី មិនដូចអស់ស្រី នឹងស្រីអស់គេ រែងតែងអប់អស់ គន្ធរសវិលេប្ន៍ កាកីមាសមេ ក្រអូបអង្គឯង។»
ក្លិនរបស់នាងដែលប្លែកនេះ
បានធ្វើអោយនាងមានទុក្ខដោយការរងគ្រោះពីបុរសដល់ទៅបីនាក់ដែលស្រលាញ់នាងណាស់ ហើយក៏ស្អប់នាងណាស់ដែរ។
ដូច្នេះ
វិធីសាស្ដ្ររបស់សម្ដេចព្រះបាទអង្គឌួង ក្នុងការបង្ហាញតួអង្គ និងសោភណភាពរបស់នាងកាកី
មានលក្ខណៈពីរយ៉ាង គឺម្យ៉ាងបង្ហាញតាមសាមញ្ញវិធី គឺការពិពណ៌នាធម្មតា
ដោយការប្រៀបធៀបប្រដូចទៅនឹងអ្វីដែលល្អឆើតឆាយ។ មួយទៀតគឺបង្ហាញតាមវិសេសវិធី
គឺវិធីដ៏ចម្លែកជាបច្ចេកលក្ខណៈប្លែកដាច់ពីវិធីសាស្ដ្រឯទៀត។
គឺនៅត្រង់វិសេសវិធីនេះហើយ
ដែលតួអង្គនាងកាកីមានតម្លៃខាងសោភណភាពដ៏បណ្ដាច់ឥតមានតួអង្គណាល្អដូចឡើយ។
ហើយវិធីសាស្ដ្របែបនេះ ជាលក្ខណៈ១ ដាច់ដោយឡែកពីវិធីសាស្ដ្រដទៃៗ ទៀត
ដែលយើងកម្រនឹងជួបប្រទះក្នុងអក្សរសិល្ប៍ខ្មែរ។ វិសេសវិធី របស់សម្ដេចព្រះបាទព្រះអង្គឌួង
អាចចាត់ថាជាវិធីសាស្ដ្រមួយ ដែលអាចផ្ដល់នូវតម្លៃដល់អត្ថរសនៃរឿងនីមួយៗ
ដែលធ្វើឲ្យសោភណភាពនៃតួអង្គដែលល្អហើយនោះ កាន់តែល្អឡើងថែមទៀត៕
*****
ដកស្រង់ចេញពី៖
បរមាធិប្បាយពិសេស វែកញែកអំពីអក្សរសិល្ប៍ របស់ សែម-សូរ បណ្ណាគារភ្នំពេញ 1970
ដកស្រង់ចេញពី៖
បរមាធិប្បាយពិសេស វែកញែកអំពីអក្សរសិល្ប៍ របស់ សែម-សូរ បណ្ណាគារភ្នំពេញ 1970
No comments:
Post a Comment