Friday, 26 July 2019

គម្រោងទូទៅនៃការសិក្សាអត្ថបទអក្សរសិល្ប៍ (ថ្នាក់ទី៩)



គម្រោងទូទៅនៃការសិក្សាអត្ថបទអក្សរសិល្ប៍ (ថ្នាក់ទី៩)
ក្នុងអត្ថបទនីមួយៗ អ្នកនិពន្ធបានចងក្រងឡើងសុទ្ធតែបង្កប់នូវ​អត្ថ​ន័យ​ មូលន័យ​ ឬ​ប្រធានបទ​ដើម្បី​បង្កើត​ឲ្យ​មាន​អត្ថបទ​រឿង​ដែល​ឆ្លុះ​បញ្ចាំង​ពី​តថភាព​សង្គម ។

១. មូលន័យ និង មូល​បញ្ហា
ក. មូលន័យ​  គឺជា​ប្រធាន​បទនៃរឿង​ទាំងមូលដែលក្តោបខ្លឹមសារអត្ថបទ ។
ឧទាហរណ៍៖ 


· រឿងឪពុករើសកូនប្រសារ​ មូលន័យគឺ សេចក្តីអំណត់​ សេចក្តីតស៊ូ ។
· រឿង​កុមារកំព្រា មូលន័យគឺ​ សេចក្តីព្យាយាម ។
·  រឿង​កុលាបប៉ៃលិន មូលន័យគឺ ខ្លួនទីពឹងខ្លួន ។
·  រឿងធនញ្ជ័យ មូលន័យ​គឺ ប្រាជ្ញាជាអាវុធ ។
ខ. មូលបញ្ហា គឺជាបញ្ហា​តូចៗ​នៅ​ក្នុងរឿងដែលឆ្លុះបញ្ចាំងពីមូលន័យ ។
ឧទាហរណ៍ ៖ រឿង​កុលាបប៉ៃ​លិន​ មូលបញ្ហា​នៃ រឿង​នេះគឺ ៖ 

·  ការរក​ការងារ​ធ្វើ​របស់​ចៅ​ចិត្រ ។
·  ការ​តស៊ូ​ព្យាយាម​ជំនះ​រាល់​ឧបសគ្គ ។
·   ការ​បំពេញ​កាតព្វ​កិច្ច​ជា​កូន​កត្តញ្ញូ ។
២. ផ្នែកអរិយធម៌
ផ្នែកអរិយធម៌ មានបី ៖
ក. វប្បធម៌ 

·   ការសិក្សា​រស់​នៅ (លើក​យក​បញ្ហា​នៃ​ការសិក្សា​អប់រំ)
·    ជំនឿ (លើកយកបញ្ហានៃ​ជំនឿ)
·    សាសនា (លើកយកបញ្ហានៃ​សាសនា)
·    ទំនៀម​ទម្លាប់​ និង ប្រពៃណី (លើកយកបញ្ហានៃ​ទំនៀមទម្លាប់​)
ឧទាហរណ៍ ៖ ក្នុង​អក្សរ​សិល្ប៍​ខ្មែរ​ អ្នកនិពន្ធ​តែង​តែ​បង្ហាញ​ឲ្យ​ឃើញ​ពី​វប្បធម៌ ។ 
ខ. សង្គមធម៌ 
អ្នកនិពន្ធ​តែង​តែ​បង្ហាញ​ពី​សេដ្ឋកិច្ច​ គមនាគមន៍ (ជើងគោក ជើងទឹក ជើងអាកាស) សុខាភិបាល និង ជីវភាពរស់នៅ​របស់​ប្រជា​ពលរដ្ឋ ។
ឧទាហរណ៍៖ រឿង​កុលាបប៉ៃលិន​បង្ហាញ​ពី​សង្គម​ធម៌​នៅ​សម័យកាល​នោះ​យ៉ាង​ច្បាស់​លាស់​ ។ 

គ. នយោបាយ
នៅ​ក្នុង​អក្សរ​សិល្ប៍​ខ្មែរ​ អ្នកនិពន្ធតែងតែ​បង្ហាញ​នយោបាយ​ពីរ គឺ៖ 

·   ទំនាក់ទំនងក្នុង​ប្រទេស​ ។
· ទំនាក់​ទំនង​ក្រៅ​ប្រទេស ។
៣. ផ្នែកសិល្ប៍​ដំណែងនិពន្ធ (វិធីតែងរបស់​អ្នក​និពន្ធ)
ក. អត្ថរូប ៖ រូបរាងនៃអត្ថបទ បែងចែកជាបីគឺ ៖ 
១. ផ្តើមរឿង
២. តួរឿង
៣. បញ្ចប់រឿង
រចនាបថ ៖ អត្ថបទខ្លះ អ្នកនិពន្ធ​សរសេរ​ជា​ពាក្យ​រាយ​ ហើយអត្ថបទខ្លះទៀត​សរសេរ​ជា​ពាក្យ​កាព្យ​ ឬសរសេរ​ជា​ពាក្យ​ពេចន៍​សាមញ្ញ (ងាយយល់) ឬពាក្យ​បាលី​សំស្ក្រឹត (ពិបាកយល់) ។
១. ផ្តើមរឿង
អត្ថបទ​នីមួយៗ ​អ្នកនិពន្ធ​ប្រើ​វិធី​ផ្តើម​រឿង​ផ្សេងៗគ្នា​ ជួនកាល​ផ្តើម​រឿង​ដោយ​ កាល​ពី​ព្រេង​នាយ​កាលពីយូរលង់ណាស់​មកហើយ ឬលើក​យក​ទិដ្ឋិភាពនៃ​ទេសភាព​នានា​ ដូចជា ក្នុង​រាត្រី​កាល​​ ក្រោមពន្លឺព្រះ​ច័ន្ទ រសៀលថ្ងៃជ្រេរ​ ក្រៅពី​នេះ​អ្នក​និពន្ធ​អាច​នឹងប្រើ សញ្ញា [---] នេះ​ដើម្បី​ភ្ជាប់​ទៅនឹង​សាច់រឿង​តែម្តង ។ 

២. តួរឿង​
ពណ៌នាវិធី  ជាវិធី​រៀបរាប់​ពី​សកម្មភាព​ ឬទិដ្ឋភាព​របស់​អ្នក​និពន្ធ ។
សំវាទវិធី  ជាវិធី សន្ទនា ។
ឯកវាទ​វិធី  ជាវិធី ដែល​អ្នកនិពន្ធ​បាន​បង្ហាញ​តួ​អង្គ​គិត​តែ​ឯង ។
បដិវិធី  ជាវិធី​​ផ្ទុយ​ ឬប្រ​ឆាំង​របស់​តួ​អង្គ​សម្តែង ។
អនុលោមវិធី  ជាវិធីដែល​អ្នក​និពន្ធ​ដាក់ឲ្យ​តួ​អង្គ​ធ្វើ​តាម​មិន ជំទាស់ ។
សន្ទេហវិធី ៖ ជាវិធីងឿង​ឆ្ងល់​ ដែល​អ្នក​និពន្ធ​តែង​តែ​សរសេរ​ លាក់​កំបាំងដោយ​ធ្វើ​ឲ្យ​អ្នក​សិក្សា​មាន​ការ​ងឿង​ឆ្ងល់​ ។
ហាសវិធី​ ៖ ជាវិធី​ដែល​អ្នក​និពន្ធ​បង្ហាញ​អំពី​កំប្លុក​កំប្លែង ។
ឧបមាវិធី៖ ជាវិធី​ប្រៀប​ប្រដូច។ ​
វឌ្ឍមានវិធី​ ៖ ជាវិធី​ដែល​អ្នកនិពន្ធ​ពន្លេច​ពី​រឿង​តូចទៅ​រឿង​ធំ ឬ ក៏បង្ហាញ​ពីមុខ​មាត់​តួអង្គ​ ទាំង​សកម្មភាព​ ។
វចនៈវិធី ៖ ជាវិធី​ដែល​អ្នក​និពន្ធ​ប្រើ​ពាក្យ​សម្តី (ភាសាខ្មែរ ឬ បាលី សំ​ស្ក្រឹត​ ឬ​ភាសាបរទេស) ។
ប្រលោបវិធី ៖ ជាវិធីដែល​អ្នកនិពន្ធ​បង្ហាញ​ពី​ការ​លួង​លោម ឬអង្វរ​ករ​ របស់​តួអង្គ​ ។
ទារុណវិធី ៖ ជាវិធីដែល​អ្នកនិពន្ធ​បង្ហាញ​ពី​ការធ្វើ​ទារុណ​កម្ម ។
ឧបទេសវិធី ៖ ជាវិធី​ដែល​អ្នក​និពន្ធ​ធ្វើ​ការ​បង្ហាញ​អំពី​ ការ​អប់រំណែនាំ ផ្តល់​ដំបូន្មាន ។ 
រចនាវិធី ៖
 ជា​វិធី​ដែល​អ្នក​និពន្ធ​ និពន្ធរឿង​ឡើង​ដោយ​ប្រើ​ជា​ឃ្លាប្រយោគជាកាព្យ ឬ ជា​ពាក្យ​រាយ។

៣. បញ្ចប់រឿង ជាវិធីមួយដែល​និពន្ធ​បង្ហាញ​ពី​លទ្ធផល​ចុងក្រោយ​របស់​តួអង្គ​នីមួយៗ ។
(ឈ្នះ ទៅជាចាញ់, រស់ ទៅជាស្លាប់, មាន ទៅជាក្រ, បែកបាក់ ទៅជាជួបជុំ, ល្អ ទៅជា​អាក្រក់, ទុក្ខ ទៅជាសុខសប្បាយ, សប្បាយ​ ទៅជាវេទនា ជាដើម)
ឧទាហរណ៍ ៖ 

·    រឿង​ទឹក​ចិត្ត​កូឡាំង អ្នកនិពន្ធ​បញ្ចប់​រឿងដោយ​ឲ្យ​តួអង្គ​ដែល​មានសេចក្តី​សុខ​ពីដើម​ដល់ចុង​ក្រោយ​ជួប​ការលំបាក ។
·   រឿង​ធនញ្ជ័យ អ្នកនិពន្ធ​បាន​ឲ្យ​តួ​អង្គ​ជ័យ​ស្លាប់​ដោយ​សារ​ជម្ងឺ ។
ខ. អត្ថរស ៖ និយាយ​ពី​តម្លៃនៃរឿង​ ឬអត្ថបទ​ដែលមាន ៖
- តថរស ៖        បង្ហាញពី​ព្រឹត្តិការណ៍​ដែល​មាន​ពិត​នៅក្នុង​សង្គម និង​តាមរយៈ​នៃ​រឿង​នីមួយៗ ។
ឧទាហរណ៍៖    រឿងកុលាបប៉ៃលិន​ បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​តស៊ូ​ អំណត់ ព្យាយាម ។
- សច្ចរស ៖       បង្ហាញ​អំពី​អំពើ​ត្រឹមត្រូវ​សុចរិត​ទៀង​ត្រង់ ។
ឧទាហរណ៍ ៖   រឿង​កុលាបប៉ៃលិន​ បានអប់​រំ​ឲ្យ​ប្រព្រឹត្ត​អំពើល្អ ដូចជាតួ​អង្គ​ចៅចិត្រ​ជាដើម ។
                        រឿងធនញ្ជ័យ​បាន​បង្ហាញ​ថា មាន់ញី​ពិត​ជា​មាន​ពង ឯមាន់ឈ្មោល​គ្មានពងទេ។
- កុសលរស ៖   បង្ហាញ​ឲ្យ​ឃើញ​អំពី​អំពើល្អ​ តែង​តែ​ឈ្នះអំពើ​អាក្រក ។
ឧទាហរណ៍ ៖   រឿង​កុលាបប៉ៃលិន ចៅចិត្រ​ធ្វើ​អំពើ​ល្អ ទទួលបាន​ជ័យជំនះ ។ ឯលោកបាឡាត់​ ធ្វើ អំពើ​អាក្រក់ទទួល​បាន​ការ​បរាជ័យ ។
- វីរៈរស ៖         បង្ហាញ​ពី​ភាព​អង្គ​អាច​ក្លាហាន ។
ឧទាហរណ៍ ៖   តួអង្គ​ធនញ្ជ័យ​ហ៊ាន​ប្រឆាំង​នឹងសេ្តច​ ប្រឆាំង​នឹង​សេដ្ឋី ពិសេសដៀល​ស្តេចចិន ។
- វិសេសរស៖   បង្ហាញ​អំពើ​មាន​លក្ខណៈ​ ល្អ​ខុស​ប្លែក​ពី​គេដែល​មនុស្ស​ជា​ច្រើ​នឹងក​ស្មាន​មិនដល់​ ធ្វើ​មិន​បាន ។
ឧទាហរណ៍ ៖   រឿង​ធនញ្ជ័យ​ តួអង្គធនញ្ជ័យ​រងាវ​ធ្វើ​មាន់​ឈ្មោល​ដើម្បី​យក​រួចខ្លួន​ កុំឲ្យ​ស្តេច​យក​ទោស​ពៃរ៍​, យក​កូនមាន់​មកជល់​ជាមួយ​នឹង​មាន់ធំ ។
- អច្ឆិរយ​រស ៖  បង្ហាញ​ពី​ភាព​អស្ចារ្យ​ ដែល​មនុស្ស​ធម្ម​តា​ពិបាក​ នឹងធ្វើ ឬធ្វើមិនបាន ។
ឧទាហរណ៍ ៖   រឿង​អាខ្វាក់​អាខ្វិន​ តួអង្គ​ទាំង​ពីរ​ដាល់គ្នា​រហូត​ដល់ ភ្នែក​ភ្លឺ​ ហើយ​ជើង​ខ្វិន​ទៅជា​ជើង​ល្អ ។
- នាដ្យ​រស ៖     បង្ហាញ​អំពី​ទុក្ខសោក​ ទុក្ខ​លំបាក​របស់​តួអង្គ​ ក្នុងជីវភាព​រស់​នៅ​តោកយ៉ាក​ និង​ទទួល​ការ​ជិះ​ជាន់​កេង​ប្រវ័ញ្ចគ្រប់​បែបយ៉ាង ។
ឧទាហរណ៍ ៖   រឿង​ស៊ីម អ្នកបរឡាន អ្នកនិពន្ធ​បង្ហាញ​ពី​ទុក្ខ​សោក​របស់​កម្មករ​សំណង់​ ដោយ​សារ​ការ​​កេង​ប្រវ័ញ្ច​ រំលោភ​លើ​សិទ្ធិ​ពល​កម្ម ។

គ. អត្ថន័យ ៖ និយាយអំពី​ខ្លឹមសារ​អត្ថបទ​ ឬ​រឿង ឬអត្ថបទ​ដក​ស្រង់​ ។ បង្ហាញ ពី​តម្លៃ​នៃ​មូលន័យ ។
ឧទាហរណ៍ ៖   រឿង​កុលាបប៉ៃលិន មានអត្ថន័យ​ថា ៖
            - មិន​ប្រកាន់​វណ្ណៈ
            - ត្រូវ​តែ​មាន​ការ​តស៊ូ​ក្នុង​ឆាក​ជីវិត
            - ត្រូវ​ទទួល​យកគំនិត​ខ្លួ​នទីពឹង​ខ្លួន

ឃ. តួអង្គ     ក្នុងរឿង​នីមួយៗ​ តួអង្គសម្តែង​មាន ៖
- តួអង្គឯក ៖     ជាតួអង្គ​សំខាន់ជាងគេ​នៅ​ក្នុងរឿង​ ហើយ​មានសកម្មភាព​ច្រើ​ននៅក្នុងរឿង ផងដែរ ។
តួអង្គ​រង (ឬតួអង្គបន្ទាប់បន្សំ)៖ ជាតួអង្គ​ដែល​សំដែង​បន្ទាប់​ពី​តួអង្គឯក ឬ​ជា​តួអង្គ​ដែល​សម្តែង​ក្រោយ​តួ​អង្គ​ឯក ។
តួអង្គ​រំលឹក ៖  តួអង្គ​ដែល​​អ្នក​និពន្ធ​គ្រាន់​តែ​ធ្វើ​ការ​រំឭក​ឈ្មោះ​ ប៉ុន្តែ​ពុំ​មាន​សកម្មភាព​សំដែង​ក្នុង​រឿង នោះ​ឡើយ។
តួអង្គ​ថេរ និង​អថេរ ៖ 
            + តួអង្គ​ថេរ ៖ ជាតួអង្គ​ដែល​មានបុគ្គលិក​លក្ខណៈ​មិន​ប្រែប្រួល ។
            ឧទាហរណ៍៖ តួអង្គធនញ្ជ័យ​ តែង​តែ​ប្រឆាំង​ជានិច្ចរាល់​អំពើជិះជាន់​ ។
            + តួអង្គអថេរ ៖ ជាតួអង្គ​ដែល​មាន​បុគ្គលិក​លក្ខណៈ​ប្រែប្រួល ។
            ឧទាហរណ៍ ៖ រឿង​រៃ​ និង​ស្រមោច​ (តួអង្គរៃ) តែ​ងតែ​មាន​បុគ្គលិក​លក្ខណៈប្រែ​ប្រួល​តាំងពីដើម​ដល់​ចប់ ។

ង. ទិដ្ឋភាពប្រវត្តិ 
ក. ចំណងជើង ៖ គឺជា​ប្រធាន​បទ​នៃ​រឿង​ ឬអត្ថបទ​ដែលអ្នក​និពន្ធ​រៀប​ចំ​ឡើ​ង​ដោយ​មាន​ទំនាក់ ទំនង​ទៅ​នឹង​សាច់​រឿង​សម្រាប់​ទាញអារម្មណ៍​អ្នក​សិក្សា​ អ្នកអាន​ អ្នកស្តាប់​ ឲ្យ​ចង់​ស្តាប់​ ចង់​តាមដាន​សាច់​រឿង នីមួយៗ​នោះតាំងពី​ដើម​ រហូត​ដល់ចប់​រឿង ។
ខ. ប្រភេទ ៖ អ្នកនិពន្ធ​ចែក​រឿង​ ឬអត្ថបទ​ទៅតាមប្រភេទ​ ប្រឌិតតថកថា និទានកថាប្រជាប្រិយ ឬ ប្រភេទ​អក្សរសិល្ប៍បុរាណ និង អក្សរសិល្ប៍សម័យទំនើប ។
ឧទាហរណ៍ ៖   រឿងធនញ្ជ័យ ជាប្រភេទ​អក្សរសិល្ប៍និទានកថា​ប្រជាប្រិយ ។
                        រឿង​កុលាបប៉ៃលិន​ ជាប្រភេទអក្សរសិល្ប៍សម័យទំនើប ។
                        អត្ថបទ​ល្បើកអង្គរវត្ត ជាប្រភេទ​អក្សរសិល្ប៍បុរាណ ។
គ. ប្រភព ៖ ជាទីកន្លែង​កើត​រឿង ។
ឧទាហរណ៍ ៖   រឿង​កុលាបប៉ៃ​លិន​ កើត​នៅក្នុង​ប្រទេស​កម្ពុជា​ ។ (ព្រោះ​មាន​ឈ្មោះពិត ប៉ៃលិន​ ខេត្ត​បាត់​ដំបង )។

ឃ. អ្នកនិពន្ធ​        រឿង​ខ្លះ​ប្រាប់​ឈ្មោះ​អ្នកនិពន្ធ និង រឿង​ខ្លះ ទៀត​បង្ហាញ​ពី​ប្រវត្តិ​អ្នកនិពន្ធ ។
ឧទាហរណ៍ ៖   រឿង​សុផាត អ្នកនិពន្ធ ឈ្មោះ​ រឹម គីន ។
​រឿង​កុលាបប៉ៃលិន អ្នកនិពន្ធ ឈ្មោះ ញ៉ុក ថែម ។
រឿង​ផ្កាស្រពោន អ្នកនិពន្ធ​ ឈ្មោះ នូ ហាច ។
រឿង​ ស៊ឹម អ្នកបរឡាន អ្នកនិពន្ធ ឈ្មោះ អ៊ឹម ថុក ។

ង. ស្នាដៃ ៖ គេតែ​ង​តែ​សង្កេត​ឃើញ​រឿង​ខ្លះ​ បង្ហាញ​ពី​ស្នាដៃ​របស់​អ្នក​និពន្ធ ។
ច. កាលបរិច្ឆេទ ៖ បង្ហាញ​ពី​ថ្ងៃ​ខែ​ឆ្នាំ នៃ​ការ​តាក់តែង​រឿង ។
សំគាល់ ៖ អក្សរសិល្ប៍ប្រជាប្រិយខ្មែរ ពុំបានបង្ហាញឈ្មោះ​អ្នកនិពន្ធ​ និង​ការកំណត់របស់អ្នក​និពន្ធពិតប្រាកដឡើយ ។
..............................................
អត្ថបទដោយ ៖ ផន សីហា 

No comments:

Post a Comment