Friday, 26 July 2019

"មាគ៌ាជីវិតរបស់មាលា"


"មាគ៌ាជីវិតរបស់មាលា"
(បទកាកគតិ)
ខ្ញុំបាទធារ៉ា លើកចុងប៉ាកា
ចារជាពាក្យកាព្យ លើករឿងកម្សត់
ទៅជាកំណាព្យ រូបារម្មណ៍ឆក់ឆាប
អន្ទងអ្នកអាន។
រឿងក្បូនជីវិត គួរឱ្យអាណិត
ហួសពីការស្មាន រឿងនាងមាលា
កំព្រាភូមិឋាន ម្តាយចុងសាមាន្យ
ដេញនាងពីផ្ទះ។
ឳពុកតេជ័យ មកផ្ទះភិតភ័យ
ក៏ស្រូតរួតរះ ស្វែងរករូបកូន
ដែលបាត់ពីផ្ទះ ដួងចិត្តស្ទើរស្ទះ
ព្រោះនាងចន្ទី។
ក្រោយចេញពីផ្ទះ មាលារួតរះ
មិននៅញាំញី រស់មួយតាយាយ
សុខគ្រប់នាទី នាងមានសេរី
១០ឆ្នាំកន្លង។
ទោះបីឳពុក ដឹងថានៅស្រុក
យាយតាក៏ប៉ង ឱ្យនាងមកវិញ
ក្នុងគោលបំណង រស់ជំប្អូនបង
ជាមួយពិសី។
មាលាមិនព្រម តាមពាក្យសំណូម
ពាក្យលោកម្តេចក្តី តែបានយាយតា
ត្រាប្រោសប្រណី មាលាចៅស្រី
រស់នៅជាមួយ។
វ័យដប់ប្រាំបី សាច់សល្អខ្ចី
ស្រស់ឯកតែមួយ កំលោះឈូឆរ
អើតឡើមរងួយ កើតចិត្តដេកព្រួយ
ចង់បានមាលា។
ថ្ងៃមួយចំរុង ដើរកាត់បម្រុង
ជួបតាសិលា ក៏បានជួបនាង
ផ្តោះផ្តងសន្ទនា ប្រៀបដូចគុហារ
ដែលមានរាជសីហ៍។
តាទេពសិលា ឆ្លាក់រូបអស្ចារ្យ
ចំរុងស្រដី ឱ្យតារៀបរាប់
ចម្លាក់ល្បាញល្បី មិនត្រូវប្រស្រី
ចិត្តលោកចំរុង។
លោកបានយករូប ឥន្ទ្រីយ៍ទាញស្រូប
នឹមនួនអនង្គ គឺរូបមាលា
សោភាឯកអង្គ ឱ្យតាផ្ចិតផ្ចង់
ឆ្លាក់រូបមាលា។
តាទេពសិលា ខឹងនឹងសម្បា
ចំរុងគួរនា ដូចមើលងាយគាត់
សិល្បៈវិជ្ជា សុំចប់ពណ៌នា
ងាករឿងមាលាវិញ។
ថ្ងៃមួយមាលា បេះផ្កាឯនា
ក្នុងព្រៃស្ងាត់ទ្រិញ នាយអួងខិលខូច
ល្មោភកាមម្តេចមិញ ចង់ចាប់ផលវិញ
ចំរុងប្រដៅ។
នាងបានចំរុង សង្គ្រោះស្រោចស្រង់
ពីមនុស្សឃោរឃៅ ក៏បានស្និទ្ធស្នាល
ស្នេហាជ្រាលជ្រៅ ដំណើរឆ្ពោះទៅ
ឈ្មោះថាសង្សារ។
មិនយូរប៉ុន្មាន ឳពុកក្រោយបាន
យកនាងមាលា មកនៅផ្ទះវិញ
ចិត្តនាងសោកា មួយនឹកសង្សារ
នឹងឃ្លាតទ្រនំសុខ។
ថ្ងៃបុណ្យចម្រើន ព្រះជន្មក្សត្រថ្កើង
សុះសាយទាំងស្រុក ព្រះអង្គឆាយ៉ា
ក្សត្រាប្រមុខ មន្ត្រីគ្រប់ស្រុក
យកកូនចូលគាល់។
ទ្រង់សព្វព្រះទ័យ មាលាក្មេងវ័យ
ទតឃើញអំពល់ ហឫទ័យខ្វាយខ្វល់
ចង់បានមហេសី។
នាងបានប្រកែក មិនព្រមបាក់បែក
ចំរុងម្តេចក្តី ឳពុកខឹងណាស់
គ្មានត្រាប្រណី ដេញឳ្យចុះដី
កាត់កាល់កូនចោល។
ចំរុងដឹងថា រូបអូនមាលា
ត្រូវរស់តែលតោល បាននាំនាងមក
ដានជាប់ស្រមោល ទុក្ខសោកប្រយោល
ជាលើកទីបី។
ពេលនោះនាងក៏ ត្រូវគេបំបរ
អង្គាជីវី ឳពុកចំរុង
បណ្តេញទាំងពីរ ចេញពីប្រថពី
ផ្ទះស្រុកកំណើត។
ចំរុងមាលា ពួកគេនាំគ្នា
ចាប់ផ្តើមកកើត ឧត្តរបុរី
ដូចយប់មួយខ្នើត ចន្រ្ទារះអើត
នៅលើមេឃា។
មិនយូរប៉ុន្មាន ជីវិតក្សាន្តត្រាណ
បានសុខមួយគ្រា តែអកុសល
បានតែពីឆ្នាំ រឿងដែលប្រេះស្រាំ
គូស្នេហ៍មាលា ត្រូវព្រុះបោកបក់
តាមកម្មព្រាត់គ្នា ជីវិតមាលា
កំព្រាឯកា។
ភូរិន្ទអាណិត សង្រ្គោះជីវិត
មាលាបុប្ផា ដោយក្តីស្មោះស្ម័គ្រ
ក៏បានរៀបការ យូរឆ្នាំផ្លែផ្កា
មានកូនប្រាំខែ។
សុខបានមួយគ្រា ជីវិតមាលា
ក្រៀមក្រំព្រោះតែ ចំរុងមកវិញ
មុខនាងខ្មៅអែ ភក្ត្រានាងបែរ
មើលមុខភូរិន្ទ។
ចំរុងដឹងរឿង មុខក្រហមព្រឿង
ស្មានថាសុបិន នេះជាការពិត
ចិត្តចង់ក្ស័យក្សិណ សម្លាប់ភូរិន្ទ
មាលាមកពាំង។
នៅចុងបញ្ចប់ មាគ៌ាត្រឡប់
ជួបគុកឃុំឃាំង ចំរុងបណ្តេញ
ភូរិន្ទនិងនាង បួនដងនាងរាំង
ក្នុងឆាកជីវិត។
នាងប្រាប់ចំរុង ប្រុសស្នេហ៍ឆោមយ៉ុង
មិនរួមស្នេហ៍សិទ្ធិ អូននិងភូរិន្ទ
ជាម្ចាស់ជីវិត អូនមានកូនជិត
គ្រប់ខែហើយបង។
ជីវិតមាលា ភូរិន្ទគាំពារ
មើលថែនួនល្អង លុះជីវិតក្ស័យ
មិនឱ្យមានឆ្គង នេះជាបំណង
មាលាចង់បាន។
សូមចប់ត្រឹមនេះ សេចក្តីសូមស្លេះ
ដល់មិត្តអ្នកអាន រឿងក្បូនជីវិត
សង្ខេបប៉ុន្មាន ប្រិយមិត្តគ្រប់ប្រាណ
ប្រោសត្រាប្រណី។
សូមមើលបន្ថែម ស្នាដៃរសផ្អែម
ដែលលោកល្បាញល្បី លោកទីជីហួត
ចុងក្រោយស្នាដៃ ជូនញាតិប្រុសស្រី
ក្នុងល្ខោនយីកេ ។
សូមលើកហត្ថា បន្លឺវោហារ
តាមរយៈស្មេរ ជូនពរប្រិយមិត្ត
ឱ្យក្លាយជាមេ អ្នកប្រាជ្ញនឹងគេ
ជាស្នូលសង្គម។

1 comment:

  1. Casino Online: What is the Best Casino Online in India?
    Casino online is one 토토 사이트 of the top https://access777.com/ types of https://octcasino.com/ gambling poormansguidetocasinogambling.com games to enjoy. If you enjoy casino games, we can help kadangpintar you to win big.

    ReplyDelete