Monday, 3 September 2018

រឿងគៀវ ជាស្នាដៃឯករបស់លោក ង្វៀន យូ


ស្នាដៃ រឿងគៀវរឿងគៀវជាស្នាដៃឯក ដែលមិនត្រឹមតែចំរាញ់បាននូវអ្វីដែលល្អផូរផង់បំផុតរបស់អ្នកនិពន្ធតែប៉ុណ្ណោះទេ តែវាថែមទាំងចំរាញ់បាននូវប្រពៃណីដ៏ឆ្នើមរបស់ប្រជាជាតិវៀតណាមទៀតផង ។
 រឿងគៀវគឺជារឿងមួយដែលសរសេរជាពាក្យកាព្យរួមមាន ៣២៥៤ ឃ្លាជាភាសាណូម (ភាសាវៀត-ណាមបុរាណ) ។ មានមតិខ្លះនិយាយថា ង្វៀន យូ សរសេរឡើងនេះក្រោយពេលត្រឡប់មកពីធ្វើទូតនៅប្រទេសចិនវិញ (១៨១៤-២០) ។ មានមតិខ្លះនិយាយថា គាត់សរសេររឿងនេះមុនពេលទៅធ្វើទូតនៅប្រទេសចិនប្រ-ហែលជាក្នុងរយៈពេលដែលគាត់ធ្វើជាមន្ត្រី នៅ ក្វាង បិញ (១៨០៤-០៩) ហើយមតិទីពីរនេះ ត្រូវបានមនុស្សជាច្រើនទទួលយល់ព្រម ។
 ក្រោយពេលតែងនិពន្ធចប់ភ្លាម រឿងនេះបានចារឆ្លាក់ទុកនៅទីកន្លែងជាច្រើន និងបានបោះផ្សាយយ៉ាងទូលំទូលាយ ។ អត្ថបទចំណាស់បំផុតនៅសេសសល់មកដល់សព្វថ្ងៃនេះ គឺជាអត្ថបទដែលបានបោះផ្សាយក្នុងរជ្ជ-កាលស្តេច ទឺ ឌឹក ១៨១៧ ។
 សាច់រឿងរបស់ រឿងគៀវគឺជាបញ្ហាដែលស្ថិតនៅជុំវិញជីវិតរសាត់អណ្តែតក្នុងរយៈ ១៥ ឆ្នាំ របស់តួអង្គសំខាន់ឈ្មោះ ធ្វី គៀវ ។ នៅក្នុងសេចក្តីផ្តើមនៃស្នាដៃ ក្រោយពេលដែលបានលើកឡើងនូវហេតុផលក្នុងទ្រឹស្តីស្តីអំពីទំនាស់វិបត្តិរវាង ទេពកោសល្យនិង វាសនាមកអ្នកនិពន្ធបានបង្ហាញពីគ្រួសារ និងតួអង្គនាង ធ្វី គៀវ

  ១. សង្ខេបរឿង ៖ គៀវ ជាយុវនារីម្នាក់ដែលមានទេពកោសល្យ និងរូបសម្បត្តិយ៉ាងវិសេសវិសាល ។ ថ្ងៃមួយក្នុងរដូវផ្ការីក ធ្វី គៀវ និងប្អូនស្រីឈ្មោះ ធ្វី វិន បាននាំគ្នាដើរកំសាន្តលេងក្នុងពិធីបុណ្យប្រក់ផ្នូរ ។ គេបានជួបនឹងនិស្សិតម្នាក់ឈ្មោះ គីម ត្រុង ។ ធ្វី គៀវ និង គីម ត្រុង មិនទាន់បានសារសងគ្នាមួយម៉ាត់មែន ប៉ុន្តែយុវជនទាំងពីររូបនេះសុទ្ធតែដឹងថា គេមានមនោសញ្ចេតនាទៅវិញទៅមករៀងៗខ្លួន ។ គីម ត្រុង ខិតខំស្វែងរកមធ្យោ-បាយដើម្បីឲ្យបានជួបនឹង ធ្វី គៀវ សាជាថ្មី ។ គេបានជួលផ្ទះនៅក្បែរផ្ទះនាង គៀវ ។ ថ្ងៃមួយដោយចៃដន្យ គីម ត្រុង រើសបានដង្គាបសក់របស់ គៀវ ដែលជ្រុះបាត់ ។ ពេលនោះយុវជនទាំងពីរបានជួបគ្នា សារសងជាមួយគ្នា ហើយចាប់ចិត្តស្រឡាញ់គ្នា ។ ចំណងស្នេហារបស់គេទាំងពីរល្អល្អះណាស់ ។ ស្រាប់តែមានអ្នកចោទគ្រួសារ ធ្វី គៀវ ថា ឪពុក និងប្អូនប្រុសនាងជាអ្នកលក់សូត្រខុសច្បាប់រដ្ឋ ។ ពួកមន្ត្រីឥតវិនិច្ឆ័យរកខុសត្រូវឲ្យគ្រួសារ គៀវ ទេ ថែមទាំងប្រើទាហានឲ្យមករឹបអូសយកទ្រព្យសម្បត្តិ ហើយវាយដំ ចាប់ចងឪពុក និងប្អូនប្រុសរបស់ គៀវ យ៉ាងព្រៃផ្សៃទៀតផង ។ ពួកវាបង្ខំឲ្យយកប្រាក់ ៣០០ ដំឡឹងមកសូក ទើបឪពុក និងប្អូនប្រុសរបស់ គៀវ បានរួចខ្លួន។ ពេលនោះ គីម ត្រុង ត្រូវត្រឡប់ទៅស្រុកកំណើត ដើម្បីកាន់ទុក្ខឪពុកមាដែលគ្មានកូនប្រុស ។ ស្ថិតនៅក្នុងសភាពការណ៍ ដែលគ្មានទ្រព្យសម្បត្តិអ្វី អាចលក់បានប្រាក់តាមចំនួនបង្គាប់របស់ពពួកមន្ត្រីត្រួតត្រានោះ គៀវ បង្ខំចិត្តត្រូវតែលក់ខ្លួន ដើម្បីលោះឪពុក និងប្អូន ។ នាងត្រូវក្លាយជាប្រពន្ធចុងរបស់ ម៉ាយ៉ាមសិញ ។ ប៉ុន្តែក្រោយនេះមួយខែ ម៉ាយ៉ាមសិញ បានលក់ គៀវ បន្តទៅឲ្យស្រីម្ចាស់បនម្នាក់ឈ្មោះ ទូបា ដែលជាប្រពន្ធរបស់វា ដើម្បីយកចំនួនទឹកប្រាក់ដែលវាបានទិញ ធ្វី គៀវ មកវិញ ។ គៀវ មិនព្រមទទួលនូវអំពើដ៏អាម៉ាស់នោះឡើយ ហើយនាងត្រូវ ទូបា វាយដោយរំពាត់ខ្សែតីសន្លប់បាត់ស្មារតីអស់មួយថ្ងៃ ។ ទូបា មើលឃើញការប្តេជ្ញាចិត្តរបស់ គៀវ ដូចនេះវាភ័យខ្លាចនាងស្លាប់ នាំឲ្យខាតបង់ទាំងថ្លៃដើមដែលទិញ គៀវ មក និងប្រាក់ចំណេញដែលវាគិតថានឹងអាចជំរិតបានពី គៀវ ទៀតផង ។ ទូបា ក៏ប្រញាប់ប្រញាល់ថែទាំព្យាបាលឲ្យ គៀវ ហើយលួងលោមនាងថា វានឹងរៀបការឲ្យនាងមានប្តីត្រឹមត្រូវ ដើម្បីយកប្រាក់ថ្លៃដើមដែលទិញនាងមកវិញ ។ ក្នុងបននោះ ធ្វី គៀវ បានជួបនឹង សឺខាញ់ ដែលជាជនបោកប្រាស់ ។ វាបញ្ឆោតនាងថា នឹងរកមធ្យោបាយរំដោះនាងឲ្យចេញផុតពីបននោះ ។ ប៉ុន្តែ ធ្វី គៀវ ចាញ់បោក សឺខាញ់ ហើយត្រូវ ទូបា ចាប់ឲ្យត្រឡប់ទៅបនរបស់វាវិញ ។ ក្រោយពីវាយដំច្រំធាក់នាងអស់ចិត្តហើយ ទូបា បានចាប់បង្ខំឲ្យ ធ្វី គៀវ ចេញមុខទទួលភ្លៀវ ។ តាំងពីថ្ងៃនោះមក ធ្វី គៀវ ត្រូវធ្លាក់ខ្លួនទៅក្នុងអំពើយ៉ាងអាម៉ាស់ ដោយក្តីឈឺចាប់ និងនឿយណាយ ។ ក្នុងរយៈពេលនោះ ធ្វី គៀវ បានជួបនឹង ធុក សិញ ដែលជាភ្លៀវថ្មីម្នាក់ មានចិត្តអាណិតស្រឡាញ់នាង លោះនាងយកទៅធ្វើជាប្រពន្ធចុង ។ រស់នៅជាមួយ ធុក សិញ បានមួយឆ្នាំ ធ្វី គៀវ ត្រូវប្រពន្ធដើមរបស់ ធុក សិញ ឈ្មោះ ហ្វាន ធឺ ចាប់ចងធ្វើបាបទៀត ។ គៀវ ត្រូវទៅបម្រើឲ្យ ហ្វាន ធឺ ដោយក្តីឈឺចាប់ និងអាម៉ាស់អស់មួយរយៈ ។ ធុក សិញ ពិគ្រោះជាមួយប្រពន្ធ ដោះលែង ធ្វី គៀវ ឲ្យនាងទៅបួសដោយដូរឈ្មោះថា ត្រាត ទ្វៀន វិញ ។ ថ្ងៃមួយនោះ ឆ្លៀតពេលប្រពន្ធមិននៅផ្ទះ ធុក សិញ បានលួចទៅកាន់ទីវត្ត ជួបសំណេះសំណាល ថ្លែងទុក្ខរបស់ខ្លួនជាមួយ ធ្វី គៀវ ។ ប៉ុន្តែ ហ្វាន ធឺ មកទាន់ឃើញ ធុក សិញ និង ធ្វី គៀវ កំពុងជជែកគ្នា ។ ដោយដឹងថា ហា្វន ធឺ ជាមនុស្ស ត្រជាក់ស៊ីជ្រៅធ្វី គៀវ បានសម្រេចចិត្តគេចចេញពីវត្តនោះទៅនៅទីវត្តផ្សេងទៀត ។ ប៉ុន្តែ ធ្វី គៀវ រស់នៅក្នុងវត្តថ្មីនោះមិនបានប៉ុន្មានផង ក៏មានរឿងហេតុមួយកើតឡើង ធ្វើឲ្យនាងត្រូវតែទៅស្នាក់អាស្រ័យដោយសារផ្ទះពុទ្ធបរិស័ទម្នាក់ត្រកូល បាក់ ។ ប្រពន្ធរបស់ត្រកូលបាក់នេះ ក៏មិនខុសពី ទូបា ដែរ ។ នៅទីបំផុត ធ្វី គៀវ ត្រូវធ្លាក់ខ្លួនទៅក្នុងកណ្តាប់ដៃរបស់ពពួកមនុស្សលក់មនុស្សជាថ្មីម្តងទៀត ។ ក្នុង
ពេលដែលជីវិត គៀវ កំពុងតែទាល់ច្រកនោះ ទឺ ហាយ មកដល់ ។ ទឺហាយ ជាយុទ្ធជនមេបះបោរម្នាក់ មកពីសមរភូមិជាមនុស្សម្នាក់ចម្លែកអស្ចារ្យ ខុសពីពពួកភ្លៀវរបស់បនលក់មនុស្ស ។ ទឺហាយ មានទស្សនៈស្របទៅនឹង ធ្វី គៀវ ។ គេបានលោះ ធ្វី គៀវ ហើយរៀបការជាមួយនាង ។ ធ្វី គៀវ បានរស់នៅយ៉ាងសុខដុមជាមួយ ទឺហាយ ដែលជាយុទ្ធជនម្នាក់ឈ្នះជានិច្ច លើរាល់សមរភូមិ និងមានឱកាសសងគុណអ្នក ដែលធ្វើល្អចំពោះនាង និងផ្តន្ទាទោសពពួកមនុស្ស ដែលធ្លាប់ធ្វើទុក្ខទោសនាងក្នុងនាមជាប្រពន្ធរបស់ស្តេចក្រាញ់ ទឺហាយ ។ ក្នុងខណៈនោះ ហូ តូ ហៀន ជាទីប្រឹក្សានយោបាយដ៏ជំនិតម្នាក់របស់ស្តេចបានទទួលភារកិច្ចទៅបង្ក្រាបការបះបោររបស់ ទឺ ហាយ ។ ប៉ុន្តែ វាមិនអាចឈ្នះ ទឺហាយ ឡើយ ។ វាក៏បែរមកប្រើឧបាយកលបោកបញ្ឆោត ធ្វី គៀវ វិញ ។ ធ្វី គៀវ ក៏បានលួងលោមឲ្យ ទឺហាយ ព្រមចុះចូលនឹងស្តេច ដោយពន្យល់ ទឺហាយ ថា ៖ ការដែល ទឺហាយ តាំងខ្លួនធ្វើជាស្តេចក្រាញ់នៅតំបន់មួយនេះ គឺជាការក្បត់ស្តេចទាំងស្រុង ឯការចុះចូលនឹងស្តេច ហើយបានស្តេចតែងតាំងជាមន្ត្រីវិញ ជាការប្រសើរបំផុត ។ ទឺហាយ បានស្តាប់តាមពាក្យរបស់ គៀវ ហើយយល់ព្រមចុះចូលជាមួយស្តេច ។ ប៉ុន្តែផ្ទុយទៅវិញ ទឺហាយ ត្រូវកងទ័ពស្តេចបាញ់សម្លាប់ ។ ទឺហាយ ស្លាប់ឈរនៅនឹងមួយកន្លែង ។ គៀវ យំបោកខ្លួនដោយយល់ថា គឺរូបនាងជាអ្នកសម្លាប់ ទឺហាយ ។ ហូ តូន ហៀន ចាប់ គៀវ ឲ្យដេញពិណកំដរក្នុងពិធីជប់លៀងអបអរជ័យជំនះ ។ វាឈ្លក់វង្វេងនឹងរូបសម្ផស្សរបស់ គៀវ ហើយចាប់បង្ខំនាងឲ្យស្រឡាញ់វា ។ នៅពេលដែលវាបញ្ជូននាងទៅកាន់ទីតាំងរបស់វាវិញតាមផ្លូវទឹកនោះ ធ្វី គៀវ បានលោតទៅក្នុងទន្លេ ទៀន ឌឿង ដើម្បីបញ្ចប់ជីវិតដែលពោរពេញទៅដោយទុក្ខសោករបស់នាង ។ ទឹកទន្លេបានគួចយក ធ្វី គៀវ ទៅដល់វត្តទីពីរដែលនាងធ្លាប់បួស ។ លោកគ្រូសង្រ្គាជ យ៉ាក យៀន បានហៅអ្នកនេសាទ ៥ នាក់មកបង់សំណាញ់ស្រោចស្រង់ឲ្យនាងរស់រានមានជីវិត ។ នាងក៏បួសនៅទីនោះយ៉ាងសុខសាន្ត ។
 ក្រោយពេលប្រឡងជាប់បានធ្វើជាមន្ត្រី និងរៀបការជាមួយ ធ្វី វិន តាមបណ្តាំរបស់នាង គៀវ ហើយ គីម ត្រុង កាន់តែសោកសៅនឹករលឹកដល់ ធ្វី គៀវ ខ្លាំងឡើង ។ គេបានស្វែងរកនាងគ្រប់ទិសទី ។ ទីបំផុតគេបានជួប ធ្វី គៀវ នៅទីវត្ត ។ គ្រួសារ ធ្វី គៀវ និង គីម ត្រុង បានស្នើឲ្យ ធ្វី គៀវ ចាកផ្នួសដើម្បីមករួមរស់ជាមួយ គីមត្រុង តទៅអនាគត ។ ប៉ុន្តែ ធ្វី គៀវ ដាច់ខាតមិនព្រម ហើយនាងនៅសាងផ្នួសរហូតអស់មួយជីវិត ។

  ២. វិភាគអត្ថន័យ និងតួអង្គសំខាន់ៗក្នុងរឿង ៖ បញ្ហាដ៏សំខាន់ដែលចោទក្នុង រឿងគៀវគឺជាបញ្ហា ទំនាស់វិបត្តិរវាងសិទ្ធិរស់នៅរបស់មនុស្ស ជាពិសេសរបស់នារីក្រោមការសង្កត់សង្កិនរបស់សង្គមសក្តិភូមិ ។ រឿងគៀវគឺជាអត្ថបទ សំណុំទោសរបស់សង្គមដែលបានលាតត្រដាងនៅចំពោះមុខមហាជន ។
 បើនិយាយអំពីវិស័យបង្កើតតួអង្គ ង្វៀន យូ បានទទួលជោគជ័យមួយដែលគ្មានអ្នកនិពន្ធវៀតណាមណាម្នាក់ក្នុងសម័យនោះអាចប្រៀបផ្ទឹមបាន ។ និយាយរួម តួអង្គវិជ្ជមាននៃរឿងភាគច្រើនជាតួអង្គដែលបានអ្នកនិពន្ធឧត្តមគតិនីយកម្ម និងពណ៌នាយ៉ាងរស់រវើក ។ រីឯតួអង្គអវិជ្ជមានវិញ អ្នកនិពន្ធបានកសាងឡើងស្របទៅនឹងតថភាពនៃសង្គមដែលតាងឲ្យវណ្ណៈជិះជាន់សក្តិភូមិសម័យនោះ ។ យើងអាចនិយាយបានថា តួអង្គនីមួយៗគឺជាលក្ខណៈមួយ ដែលបានបំពាក់នូវសារជាតិវណ្ណៈយ៉ាងច្បាស់លាស់ផង និងមានបុគ្គលិកលក្ខណៈលេចធ្លោដោយឡែកផង ។
 ង្វៀន យូ បង្កើតតួអង្គ ធ្វី គៀវ បានជោគជ័យជាងគេបំផុត ។ តួអង្គ ធ្វី គៀវ បានស្តែងឲ្យឃើញច្បាស់អំពីការវិវត្តិក្នុងទស្សនៈសោភ័ណរបស់ ង្វៀន យូ តាំងពីអ្វីដែលជាប្រពៃណី រហូតឈានដល់តថនិយម ។ ធ្វី គៀវ ក្នុង រឿងគៀវមានលក្ខណៈជាតួអង្គតាង ជានិមិត្តរូបមួយតំណាងឲ្យអ្វីដែលល្អប្រសើរថ្លៃថ្លារបស់មនុស្ស ។ ង្វៀន យូ បានឲ្យតួអង្គរបស់គាត់ប្រឡូកក្នុងសង្គមមួយដូចសង្គមដែលគាត់កំពុងតែរស់នៅ ពោលគឺសង្គមនៃយុគសម័យរបស់គាត់ ។ គាត់បានតាមដាន និងធ្វើជាសាក្សីក្នុងបណ្តាឆាកទារុណកម្មដែលមនុស្សត្រូវទ្រាំទ្រ ហើយគាត់យល់ថា ក្នុងពេលដែលសង្គមធ្លាក់ចុះ នោះរាល់តម្លៃដ៏បរិសុទ្ធរបស់មនុស្សត្រូវច្របូកច្របល់ទាំងអស់ ។ តួអង្គ ធ្វី គៀវ ដែលកវីស្រឡាញ់អាណិត និងលើកសរសើរអស់ពីចិត្តនោះ ប្រែក្លាយទៅជាទំនិញមួយសម្រាប់សង្គមនោះលក់ដូររកកំរៃ ជាកម្មវត្ថុមួយសម្រាប់កែកំសាន្ត ជាអ្នកទោសម្នាក់ដែលសង្គមចង់វិនិច្ឆ័យយ៉ាងណាស្រេចតែចិត្ត ។ តាមរយៈតួអង្គនេះ កវីបានបង្ហាញនូវបញ្ហាទាំងឡាយនៃសង្គមនោះយ៉ាងស្មោះសរទៅនឹងសារ-ជាតិរបស់វា ។ អ្នកដែលជាន់ឈ្លី ធ្វី គៀវ នោះពុំមែនជាបុគ្គលណាម្នាក់ឡើយ ។ កម្លាំងដែលជាន់ឈ្លី ធ្វី គៀវ នោះ មានលក្ខណៈតាងឲ្យបណ្តាកម្លាំងក្នុងសង្គមតថៈ ។ ហើយប្រការមួយទៀតដែលយើងយកចិត្តទុកដាក់នោះគឺកម្លាំងទាំងអស់នោះបានឃុបឃឹតគ្នាក្លាយទៅជាអានុភាពមួយ ។ ហេតុនេះហើយបានជាយើងឃើញថា បញ្ហាចោទក្នុង "រឿងគៀវ" គឺជាបញ្ហាសង្គម ។
 តួអង្គសំខាន់ទីពីរគឺ ទឺហាយ ។ រូបភាព ទឺហាយ ដែលលេចឡើងក្នុងរឿងប្រៀបបានទៅនឹងដួងតារាដ៏ចែងចាំងលុបបំបាត់អស់ស្រមោលអន្ធការរបស់បណ្តាមនុស្សកំណាច បោកប្រាស់ រមិលគុណ ហើយលើកសរសើរផ្លូវត្រូវ និងយុត្តិធម៌ ។ ទឺហាយ បានទទួលជោគជ័យយ៉ាងងាយៗលើទ័ពពួកសក្តិភូមិ ។ ង្វៀនយូ បានទុកឲ្យ ទឺហាយ ស្លាប់ព្រោះការឆាប់ជឿស៊ប់ទៅលើសំដីលួងលោមរបស់ ធ្វី គៀវ ដោយមិនគិតឲ្យបានល្អិតល្អន់អំពីឧបា-យកលរបស់ខ្មាំងសត្រូវ ។ ប៉ុន្តែ គាត់ឲ្យតួអង្គរបស់គាត់ស្លាប់ឈរដូចជាបដិមាមួ
យដែលឈរជ្រងោ ដើម្បីនិយាយប្រាប់មនុស្សជាតិទាំងអស់ថា ៖ មនុស្សដែលរក្សាទុកក្នុងចិត្តនូវបំណងប្រាថ្នា និងសេចក្តីសង្ឃឹមចង់បានយុត្តិធម៌ និងសេរីភាពនោះ គឺពុំសំរុះសំរួលឡើយ ។
  ៣. អត្ថរូបនៃរឿង ៖ រឿងគៀវមិនបានធ្វើឲ្យរលួសនូវលក្ខណៈវីណាគិតិយ៉ាងជ្រាលជ្រៅដោយសារតែខ្លឹមសារថ្កោលទោសនោះទេ ។
 ក្នុង រឿងគៀវង្វៀន យូ បានស្តែងឲ្យឃើញនូវបំណងប្រាថា្នដ៏ល្អប្រសើរស្តីអំពីចំណងស្នេហាប្រកបដោយសេរីភាពរបស់យុវជននៅក្នុងសង្គមមួយដ៏តឹងតែង ។ ហើយគាត់បានស្តែងឲ្យឃើញនូវបំណងប្រាថ្នាដ៏ខ្លាំងក្លាស្តីអំពីយុត្តិធម៌ និងសេរីភាពនោះក្នុងសង្គមដែលអយុត្តិធម៌ និងគ្មានសេរីភាព ។ ចំណងស្នេហាដ៏ល្អល្អះរវាង ធ្វី គៀវ និង គីម ត្រុង គឺជាបទចម្រៀងមួយដែលមិនអាចកាត់ថ្លៃបានស្តីអំពីចំណងស្នេហ៍រវាងយុវជន និងយុវនារីដែលផ្ទុយស្រឡះពីទំនៀមទម្លាប់ចាស់ជំរិល ។ វាមិនត្រឹមតែមានលក្ខណៈផ្អែមល្ហែម ទន់ភ្លន់ប៉ុននោះទេ ប៉ុន្តែវាថែមទាំងនាំមកឲ្យមនុស្សនូវជំនឿជាក់មួយថា ទោះបីជាជីវិតតឹងរឹងកៀបត្បៀតខ្លាំងហួសប្រមាណយ៉ាងណាក៏ដោយ ក៏សារធាតុរបស់មនុស្សនៅតែឆ្ពោះទៅរកពិភពនៃសេចក្តីអាណិតស្រឡាញ់ជានិច្ច ។
 ក្រៅពីខ្លឹមសារដ៏សម្បូរបែប និងជ្រាលជ្រៅចេញ រឿងគៀវជាស្នាដៃមួយដែលផ្ទុកទៅដោយអ្វីដែលល្អប្រសើររបស់ភាសានៃប្រជាជាតិវៀតណាម ។ ក្រោមស្លាបប៉ាការបស់ ង្វៀន យូ ភាសាវៀតណាមពិតជាបានសំរិតសំរាំង ល្អផូរផង់ ។ ង្វៀន យូ បានយកភាសាអ្នកប្រាជ្ញមកគួបផ្សំជាមួយភាសាសាមញ្ញធម្មតា ដោយពង្រីកផ្នែកសកម្មរបស់វាដល់កំរិតខ្ពស់បំផុត ។ ឃ្លាកាព្យនៅក្នុង រឿងគៀវបានឈានដល់កំរិតជាគំរូ ។

  ៤. សន្និដ្ឋាន ៖ រឿងគៀវជាវិភាគទានមួយដ៏ធំរបស់អ្នកនិពន្ធ ចំពោះការពង្រីកភាសាអក្សរសិល្ប៍នៃប្រជាជាតិ ។ បើនិយាយអំពីវិធីតែងនិពន្ធវិញ តាមរយៈ រឿងគៀវយើងឃើញថា ង្វៀន យូ បានលុបបំបាត់ចោល នូវគោលការណ៍ជាច្រើននៃសោភ័ណវិជ្ជាប្រពៃណី និងលក្ខណៈស៊ុបទ្រុបនៃខឿនសិល្បៈសក្តិភូមិបូព៌ាប្រ-ទេសដើម្បីឈានទៅរកតថនិយម ។ ប៉ុន្តែដោយសារប្រវត្តិសាស្ត្រមានកំរិត ទើប ង្វៀន យូ នៅតែមិនលុបបំបាត់គោលការណ៍ទាំងអស់ខាងលើនេះបានទាំងស្រុង ហើយនៅតែមិនទាន់អាចឈានទៅដល់តថនិយម បានទាំងស្រុងនៅឡើយ ទោះបីគាត់ជាអ្នកមានថ្វីដៃក៏ដោយ ។
 រឿងគៀវគឺជាស្នាដៃដ៏មហិមារបស់កវី ង្វៀន យូ ហើយក៏ជាស្នាដៃដ៏មហិមាបំផុតនៃអក្សរសិល្ប៍បុរាណវៀតណាម ។ នោះគឺជាលទ្ធផលនៃពលកម្មច្នៃប្រឌិតរបស់បុគ្គលមួយរូប ហើយក៏ជាសមិទ្ធិផលនៃសម័យកាលប្រវត្តិសាស្ត្រមួយនៃសម័យកាលអក្សរសិល្ប៍មួយ ដែលជាសម្លេងឈឺចាប់ ចងគំនុំរបស់មនុស្សដែលត្រូវគេជិះជាន់សង្កត់សង្កិនក្នុងសង្គមជិះជាន់សង្កត់សង្កិន ។ រឿងគៀវមានឥទ្ធិពលជំរុញទឹកចិត្តមនុស្សឲ្យប្រឆាំងតបវិញនូវរាល់អំពើជិះជាន់សង្កត់សង្កិន និងបំប៉នឲ្យមនុស្សមានទឹកចិត្តមនុស្សធម៌ ។
 ជាង ២០០ ឆ្នាំកន្លងមកហើយ រឿងគៀវត្រូវបានគ្រប់ស្រទាប់នៃប្រជាជនវៀតណាមស្រឡាញ់ចូលចិត្ត ហើយបច្ចុប្បន្នកាន់តែត្រូវបានលើកតំកើង ។
 ប្រជាជនវៀតណាមចាត់ទុក រឿងគៀវថាជាកេរ្តិ៍មរតកនៃស្មារតី និងជាស្នាដៃសិល្បៈមួយដែលមិនអាចខ្វះបានក្នុងជីវភាពនៃប្រជាជាតិខ្លួន ៕
ប្រភព៖ http://kh-docs.blogspot.com/2018/06/blog-post.html


No comments:

Post a Comment