ទម្រង់សិល្បៈទី១ ៖ សិល្បៈ ស្ថាបត្យកម្ម ជាសិល្បៈក្នុងការសាងសង់ប្រកបដោយការប្រកបដោយការតុបតែងតាមក្បួនខ្នាតនិងរចនាបថដែលសំដៅទៅលើសិល្បៈក្នុងការសាងសង់ឬតាក់តែងលម្អតាមគំនិតរបស់ព្រះមហាក្សត្រក្នុងការស្ថាបនាប្រាសាទបុរាណ។
នៅក្នុងសម័យបុរាណ សិល្បៈស្ថាបត្យកម្មខ្មែរឡើងដល់កម្រិតកំពូល ហើយគេបានចែករចនាបថ ១៣
បែបផ្សេងគ្នា មានលក្ខណៈពិសេសៗខុសគ្នាទៅ តាមសម័យកាលមួយៗ ។
ត្រង់ពាក្យសិល្បៈស្ថាបត្យកម្មគឺសំដៅទៅលើការសាងសង់ផ្សេង ជំនាញហត្ថកម្មគ្រប់បែបយ៉ាងដែលមានសោភ័ណនិងប្រកបដោយសិល្ប៍
ពោលគឺធ្វើឱ្យមនុស្សគាប់ចិត្ដ គាប់អារម្មណ៍ ចង់មើល ចង់ឃើញ ចង់ស្ដាប់ ជាដើម។
ទម្រង់សិល្បៈទី២ ៖ សិល្បៈចម្លាក់ ជាប្រភេទសិល្បៈចម្លាក់សូន្យរូបដែលមានរូបារម្មណ៍ចេញជារូបរាងនៅក្នុងអាកាសនិងមាឌ។
ហើយភាគច្រើនផ្សារភ្ជាប់ជាមួយនឹងសំណង់ស្ថាបត្យកម្ម។
សិល្បៈចម្លាក់ជាមរតកវប្បធម៌ដែលខ្មែរបានទទួលពីឥណ្ឌា នាដើមស.វទី១នៃគ.ស ការឆ្លាក់
និងបច្ចេកទេសឆ្លាក់រូបរបស់ជនជាតិខ្មែរ គឺជាកត្តាកំណត់ក្នុងការអប់រំ លម្អសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទនិងវត្តអារាមជាដើម។
ចម្លាក់ខ្មែរចែកចេញជា៣ប្រភេទ គឺចម្លាក់លឹប ឬក្រឡោត (Bas-relief),
ចម្លាក់លៀន (Haut-relief),
និងចម្លាក់លោត ឬមូល (Ronde-bose)។ នៅសម័យទំនើបនេះមានសិល្បៈចម្លាក់ឈើ និងគ្រឿងសង្ហារិម
ដែលកំពុងពេញនិយម។ សិប្បកម្មចម្លាក់
និងគ្រឿងសង្ហារិមដែលធ្វើឡើងពីឈើប្រណិតៗក្នុងស្រុកខ្មែរ
គេអាចទៅរកទិញស្ទើរគ្រប់កន្លែង។
ទម្រង់សិល្បៈទី៣៖ សិល្បៈគំនូរ ចែកចេញជាគំនូរមានទម្រតាមលក្ខណៈស្វ័យភាពរបស់ជាងគំនូរ
និងសិល្បៈគំនូរសម្រាប់តុបតែងលម្អគូរភ្ជាប់នឹងសំណង់ស្ថាបត្យកម្ម។ សិល្បៈគំនូរ
ជាសិល្បៈម្យ៉ាងដែលគេនិយម គូរតាងដំណើរសាច់រឿង អច្ឆរិយៈ ហើយបានបង្កប់នូវអត្តសញ្ញាណ
និង អត្ថន័យយ៉ាងជ្រៅទៅតាមគំនិតយល់ដឹងរបស់អ្នកវិភាគ។ សិល្បៈគំនូរមាន គំនូរគូសវាស
គំនូរបៀក គំនូរផាត់ពណ៌ ។ល។
ទម្រង់សិល្បៈទី៤៖ សិល្បៈតន្រ្តី ជាទម្រង់សិល្បៈ១ប្រភេទដែលប្រើប្រព័ន្ធរូបារម្មណ៍កើតចេញឡើងតាមរយៈភាពតំណគ្នាជាពិសេសការបន្លឺសំឡេងប្រកបដោយចង្វាក់ចុះឡើង។
ភ្លេង ឬ តន្រ្តីគឺជាសិល្បៈប្រភេទសំនៀង ជាលទ្ធផលដែលចេញមកពីបញ្ញាពលកម្ម
និងហត្ថពលកម្មរបស់ មនុស្សដោយមានការរៀបចំយ៉ាងត្រឹមត្រូវ
សម្រាប់យកមកបកស្រាយនូវមនោសញ្ចោតនារបស់មនុស្ស និង
ត្រាប់បើសំឡេងធម្មជាតិតាមរយៈបទភ្លេង និង ចង្វាក់ភ្លេង។
ទម្រង់សិល្បៈទី៥៖ សិល្បៈ របាំ ជាទម្រង់សិល្បៈកាយវិការ
អនុវត្តទៅតាមចង្វាក់បទភ្លេងដោយមនុស្សម្នាក់ ឬច្រើននាក់ដើម្បីជាការល្អមើលផង ពីរោះផង។
របាំជាលក្ខណៈពិសេសមួយរបស់វប្បធម៌ខ្មែរ ទាំងជាសកម្មភាពកម្សាន្ត និងជាសញ្ញារបស់វប្បធម៌
ប្រវត្តិសាស្ត្រ និងប្រជាជាតិ ។ ជនជាតិខ្មែរមានដានលំនាំរបាំតាំងពីមុនសម័យអង្គរ
(សតវត្សទី៩-១៤) មកម្ល៉េះ ហើយតែងតែនិយាយពីរបាំថាជា ព្រលឹងនៃប្រជាជន។
យោងទៅតាមសិលាចារឹក ពីសតវត្សទី១២ មាតារបស់ប្រជាជនខ្មែរ គឺឈ្មោះមេរា ដែលជាអប្សរា
(ស្រីសួគ៌)។ របៀបរាំជាច្រើន មានរួមបញ្ចូលទាំងការរាំកម្សាន្តជាក្រុម
របាំប្រពៃណីតាមតំបន់ និងរបាំបុរាណនិងការរាំក្នុងល្ខោន ដែលលេងពីរឿងព្រេងបុរាណ។
នៅក្នុងឯកសារ “ របាំខ្មែរ” របស់អ្នកនិពន្ធ ពេជ្រ ទុំក្រវ៉ិល
ដែលត្រូវបានបោះពុម្ពឡើងនៅក្នុងឆ្នាំ២០០១ បានកត់ត្រាថា របាំខ្មែរមានចំនួនបីប្រភេទគឺរបាំក្បាច់បុរាណខ្មែរ
របាំប្រពៃណីខ្មែរ និងរបាំប្រជាប្រិយខ្មែរ។
របាំក្បាច់បុរាណខ្មែរ គេអាចហៅម៉្យាងទៀតថា
របាំព្រះរាជទ្រព្យ ដែលក្នុងនោះមានដូចជា របាំជូនពរ របាំទេពមនោរម្យ របាំអប្សរា
របាំរាមលក្ម្សណ៍ ជបលក្ម្សណ៍ របាំមុនីមេខឡា និងរបាំសុវណ្ណមច្ឆា ជាដើម។ របាំព្រះរាជទ្រព្យ
ត្រូវបានដាក់បញ្ចូលទៅក្នុងបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិនៃ អង្គការយូនីស្កូ
នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៣។
របាំប្រពៃណីខ្មែរ
គឺសម្គាល់របាំទាំងឡាយណាដែលស្ថិតជាប់នឹងពិធីប្រពៃណី ឬពិធីតំណត្រកូល
ដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ ឬក៏ជនជាតិដទៃទៀតទាំងអស់ ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
របាំប្រពៃណីដែលអ្នកនិពន្ធបានរកឃើញ មានចំនួន៤០
ប្រភេទដែលមានដូចជា របាំត្រុដិ របាំក្ងោកប៉ៃលិននិងរបាំបេះក្រវាញ ជាដើម។
ចំពោះរបាំប្រជាប្រិយខ្មែរវិញ
គឺជាប្រភេទរបាំដែលមានការនិយមជាទូទៅនៅក្នុងប្រទេស ដែលមានដូចជា រាំវង់ រាំក្បាច់
និងសារ៉ាវ៉ាន់ ជាដើម។
ទម្រង់សិល្បៈទី៦៖ អក្សរសិល្ប៍ គឺជាអត្ថបទរឿងដែលតុបតែងឡើងប្រកបដោយ
សិល្ប៍នៃភាពប៉ិនប្រសប់ក្នុងការតាក់តែរបស់អ្នកនិពន្ធ ដែលធ្វើឱ្យអ្នកអាន
អ្នកស្តាប់ចូលចិត្តចាប់អារម្មណ៍ ឬ មានការរំភើបញាប់ញ័រតាមដំណើរនៃសាច់រឿង។
គេចាត់ទុកអក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម។
អក្សរសិល្ប៍មាន៣ផ្នែកធំៗ គឺ ៖
អក្សរសិល្ប៍ប្រជាប្រិយ៍ ៖
គឺជារឿងមួយដែលកើតឡើងដោយសារការនិយាយតគ្នា
ពីមាត់មួយទៅមាត់មួយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីជំនាន់មួយទៅជំនាន់មួយ
គ្មានឈ្មោះអ្នកនិពន្ធ គ្មានកាលបរិច្ឆេទត្រឹមត្រូទេ។ រឿងនេះបង្កើតឡើងដើម្បីអប់រំមនុស្សឲ្យនាំគ្នាសិក្សារៀនសូត្រមានចំណេះគ្រប់គ្រាន់សម្រាប់យកទៅទប់ទល់ជាមួយធម្មជាតិ
ក្នុងបំណងយកឈ្នះធ្វើម្ចាស់លើធម្មជាតិ ។
អក្សរសិល្ប៍បុរាណ ៖
មានឈ្មោះអ្នកនិពន្ធមានកាលបរិច្ឆេទត្រឹមត្រូវ ។ អ្នកនិពន្ធតាក់តែងឡើង
ដើម្បីទាក់ទាញ់មនុស្សឲ្យគោរពទៅលើសាសនាមានជំនឿស៊ប់ទៅលើសាសនា ។
អក្សរសិល្ប៍ទំនើបសម័យ៖
មានឈ្មោះអ្នកនិពន្ធមានកាលបរិច្ឆេទត្រឹមត្រូវ ។
អ្នកនិពន្ធបង្កើតឡើងនៅពេលមានកលយុគមានសង្គ្រាម មានការបែងចែកវណ្ណៈ
មានការរំលោភឈ្លានពានពីប្រទេសណាមួយ។
ក្នុងដំណើរសាច់រឿងអ្នកនិពន្ធមានគោលគំនិតអប់រំឲ្យមនុស្សដែលជាអ្នកអាន អ្នកទស្សនាឲ្យមានអារម្មណ៍ ឈឺចាប់ មានស្មារតីភ្ញាក់រលឹក មានគំនិតរើបម្រាស់ មានគំនិតរួបរួមសាមគ្គី និង ហ៊ានលះបង់អ្វីៗទាំងអស់ ទាំងអាយុជីវិត ទាំងសេចក្តី សុខផ្ទាល់ខ្លួន នាំគ្នារួបរួមក្នុងចលនាតស៊ូប្រឆាំងនឹងខ្មាំសត្រូវ និង បរទេសឈ្លានពានដើម្បីស្វែងរកសិទ្ធ សេរីភាព និង ឯករាជជាតិ ។
ក្នុងដំណើរសាច់រឿងអ្នកនិពន្ធមានគោលគំនិតអប់រំឲ្យមនុស្សដែលជាអ្នកអាន អ្នកទស្សនាឲ្យមានអារម្មណ៍ ឈឺចាប់ មានស្មារតីភ្ញាក់រលឹក មានគំនិតរើបម្រាស់ មានគំនិតរួបរួមសាមគ្គី និង ហ៊ានលះបង់អ្វីៗទាំងអស់ ទាំងអាយុជីវិត ទាំងសេចក្តី សុខផ្ទាល់ខ្លួន នាំគ្នារួបរួមក្នុងចលនាតស៊ូប្រឆាំងនឹងខ្មាំសត្រូវ និង បរទេសឈ្លានពានដើម្បីស្វែងរកសិទ្ធ សេរីភាព និង ឯករាជជាតិ ។
ទម្រង់សិល្បៈទី៧ ៖ ភាពយន្ត កុន ជាសិល្បៈនៃការថតការសម្តែងសម្រាប់យកទៅបញ្ចាំងរូបភាពតាម
ឈុតឆាកនៃដំណើររឿងនីមួយៗ។ សិល្បៈភាពយន្តចែកចេញជាសិល្បៈភាពយន្តគំនូរជីវចលភាពយន្តឯកសារភាពយន្តរឿង។ដោយសារវាជាទម្រង់កូនពៅគេ
នៅលេខរៀងទី៧ បានជាគេហៅថា សិល្បៈទី៧ ដូច្នេះ។ សិល្បៈទី៧
គឺជាការបញ្ចូលគ្នានូវសិល្បៈទាំង៦ទម្រង់ខាងលើ។ ម្យ៉ាងទៀត ទម្រង់សិល្បៈទី៧នេះ
ទើបតែមាននៅក្នុងស.វទី២០។
(ដោយលោក ម៉ៅ
វុត្ថា - Mao Vutha) (24-08-2016)
No comments:
Post a Comment